សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជីវភាព ឈ្នួល​ផ្ទះ ទឹក​ភ្លើង​​ដល់​អ្នក​រងគ្រោះ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2021-06-17
Share
សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជីវភាព ឈ្នួល​ផ្ទះ ទឹក​ភ្លើង​​ដល់​អ្នក​រងគ្រោះ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។
AFP

ក្រុមអង្គការ​សង្គម​ស៊ីវិល​​រួមគ្នា​ស្នើ​រដ្ឋាភិបាល​ពង្រីក​វិសាលភាព​ផ្ដល់ការគាំទ្រ​ទៅ​ដល់​ក្រុមកម្មករ​ទាំង​ក្នុង និង​ក្រៅប្រព័ន្ធ ដោយ​ផ្ដល់​នូវ​តម្រូវការ​មូលដ្ឋាន​ចាំបាច់​មួយចំនួន​ទៅ​ដល់​ពួកគាត់។ តម្រូវការ​ទាំង​នោះរួមមាន​ សេវាសុខភាព​សាធារណៈ ជម្រក ទឹក ភ្លើង និង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ជាដើម។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួនជាង២០​ស្ថាប័ន​បញ្ជាក់​ថា អ្នករងគ្រោះ​ពីវិបត្តិ​ជំងឺកូវីដ-១៩ ដែល​រួមមាន​កម្មករ អ្នកប្រកប​របរ​ផ្លូវភេទ និង​អ្នកធ្វើការ​ផ្នែក​សេវាកម្ម​កម្សាន្ត មិន​ទទួល​បាន​ការគាំពារ​ពេញ​លេញ​ពីរដ្ឋាភិបាល​ឡើយ ដែល​ធ្វើ​ឱ្យ​ពួកគេប្រឈម​នឹង​បញ្ហា​ខ្លាំង​ជាង​មុន។ បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​មាន​ដូចជា៖ ​ត្រូវ​ម្ចាស់ផ្ទះជួល​បណ្ដេញចេញ គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​គ្មានទឹកភ្លើងប្រើប្រាស់​ព្រោះ​គ្មាន​ប្រាក់បង់ រីឯបំណុល​វិញ​​គឺកាន់តែ​កើន​ឡើង​ ទាំងការ ទាំង​ដើម ។ លើស​ពី​នេះ​ពួកគេ​គ្មានប្រាក់​សម្រាប់​ទិញថ្នាំ ព្យាបាល​ជំងឺ និង​ប្រឈម​ការឆ្លងជំងឺកូវីដ-១៩ ព្រោះ​​ពួកគេ​ត្រូវបង្ខំចិត្ត​បន្តប្រកប​មុខរបរ ដើម្បី​ដោះស្រាយ​ជីវភាព និង​បំណុល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូចឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ ជួយ​​ដល់​អ្នករងគ្រោះ ដោយ​សម្រួល​មិន​បង់​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក​ថ្លៃ ភ្លើង ពន្យារ​ពេល​សង​បំណុល​ទាំង​ការ​ទាំង​ដើម ពង្រឹង​​ការ​ផ្ដល់​សេវា​សុខាភិបាលដែល​មិន​បង់​ប្រាក់ ធានា​ស្ថិរភាព​ការងារ​ និង​អត្ថប្រយោជន៍​ទាំង​ឡាយផ្សេង​ទៀត។

ឆ្លើយតប​នឹង​សំណើ​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់​ថា​អ្នករងគ្រោះ​អាច​ទៅ​សុំ​ជំនួយ​ផ្ទាល់​ពី​អាជ្ញាធរ​មូលដ្ឋាន តាម​ទីកន្លែង ដែល​ពួកគាត់​រស់​នៅ។

តែ​ទោះ​ជា​យ៉ាងណា បុគ្គលិក​ផ្នែក​ច្បាប់ និង​តស៊ូមតិ​នៃអង្គការបណ្ដាញ​ការងារ​ស្រ្តី​រួបរួមគ្នា អ្នកស្រី សេន ចន្ធូ អះអាងថា អាជ្ញាធរ​មូលដ្ឋាន​អាចត្រឹមតែ​​ផ្ដល់​ឱ្យ​ត្រឹម​ស្បៀអាហារ​បន្តិចបន្តួច គឺ​​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ ឬដោះស្រាយ​បញ្ហា​ធំៗ​ទាក់ទង​ដល់​តម្លៃ​ផ្ទះ​ជួល ការ​សង​បំណុល ការ​រំលោភបំពាន​លក្ខខណ្ឌការងារ​ជាដើម​នោះ​បាន​ទេ។ អ្នកស្រីថា មាន​តែរដ្ឋាភិបាល​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

ចាប់តាំង​ពី​មាន​វិបត្តិ​ជំងឺកូវីដ-១៩ ​តាំង​ពី​ដើម​ឆ្នាំ២០២០​មក ក្រុមអង្គការ​សង្គម​ស៊ីវិល​តែង​ទទូច​សុំ​ជំនួយ​ទៅ​ដល់​អ្នក​ងាយ​រងគ្រោះ​ពិសេស​អ្នកធ្វើ​ការផ្នែក​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ឡើយ។ ពួកគេ​​ចាត់ទុក​ការព្រងើយ​កន្តើយ​របស់​​រដ្ឋាភិបាល​នេះ​ថា មើលរំលងទុក្ខលំបាក​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល