ក្រុមអង្គការសង្គមស៊ីវិលរួមគ្នាស្នើរដ្ឋាភិបាលពង្រីកវិសាលភាពផ្ដល់ការគាំទ្រទៅដល់ក្រុមកម្មករទាំងក្នុង និងក្រៅប្រព័ន្ធ ដោយផ្ដល់នូវតម្រូវការមូលដ្ឋានចាំបាច់មួយចំនួនទៅដល់ពួកគាត់។តម្រូវការទាំងនោះរួមមាន សេវាសុខភាពសាធារណៈ ជម្រក ទឹក ភ្លើង និងបញ្ហាជីវភាពប្រចាំថ្ងៃជាដើម។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួនជាង២០ស្ថាប័នបញ្ជាក់ថា អ្នករងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ដែលរួមមានកម្មករ អ្នកប្រកបរបរផ្លូវភេទ និងអ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត មិនទទួលបានការគាំពារពេញលេញពីរដ្ឋាភិបាលឡើយ ដែលធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាខ្លាំងជាងមុន។ បញ្ហាដែលពួកគេជួបប្រទះមានដូចជា៖ ត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញ គ្មានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានទឹកភ្លើងប្រើប្រាស់ព្រោះគ្មានប្រាក់បង់ រីឯបំណុលវិញគឺកាន់តែកើនឡើង ទាំងការ ទាំងដើម ។ លើសពីនេះពួកគេគ្មានប្រាក់សម្រាប់ទិញថ្នាំ ព្យាបាលជំងឺ និងប្រឈមការឆ្លងជំងឺកូវីដ-១៩ ព្រោះពួកគេត្រូវបង្ខំចិត្តបន្តប្រកបមុខរបរ ដើម្បីដោះស្រាយជីវភាព និងបំណុល។
ក្រុមអង្គការសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ជួយដល់អ្នករងគ្រោះ ដោយសម្រួលមិនបង់ថ្លៃបន្ទប់ជួលថ្លៃទឹកថ្លៃ ភ្លើង ពន្យារពេលសងបំណុលទាំងការទាំងដើម ពង្រឹងការផ្ដល់សេវាសុខាភិបាលដែលមិនបង់ប្រាក់ ធានាស្ថិរភាពការងារ និងអត្ថប្រយោជន៍ទាំងឡាយផ្សេងទៀត។
ឆ្លើយតបនឹងសំណើនេះអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថាអ្នករងគ្រោះអាចទៅសុំជំនួយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន តាមទីកន្លែង ដែលពួកគាត់រស់នៅ។
តែទោះជាយ៉ាងណាបុគ្គលិកផ្នែកច្បាប់ និងតស៊ូមតិនៃអង្គការបណ្ដាញការងារស្រ្តីរួបរួមគ្នា អ្នកស្រី សេន ចន្ធូ អះអាងថា អាជ្ញាធរមូលដ្ឋានអាចត្រឹមតែផ្ដល់ឱ្យត្រឹមស្បៀអាហារបន្តិចបន្តួច គឺមិនអាចឆ្លើយតបនឹងតម្រូវការ ឬដោះស្រាយបញ្ហាធំៗទាក់ទងដល់តម្លៃផ្ទះជួលការសងបំណុលការរំលោភបំពានលក្ខខណ្ឌការងារជាដើមនោះបានទេ។ អ្នកស្រីថា មានតែរដ្ឋាភិបាលទេ ដែលអាចដោះស្រាយបញ្ហានេះបាន។
ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០មក ក្រុមអង្គការសង្គមស៊ីវិលតែងទទូចសុំជំនួយទៅដល់អ្នកងាយរងគ្រោះពិសេសអ្នកធ្វើការផ្នែកក្រៅប្រព័ន្ធ ប៉ុន្តែពុំទទួលបានលទ្ធផលជាដុំកំភួនអ្វីឡើយ។ ពួកគេចាត់ទុកការព្រងើយកន្តើយរបស់រដ្ឋាភិបាលនេះថា មើលរំលងទុក្ខលំបាករបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។