អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ត្អូញត្អែរ​ថា​ អាជ្ញាធរ​ថៃ​តឹងតែង​ខ្លាំង​ចំពោះ​ខ្មែរ​ឆ្លងដែន​ទៅ​មើល​តូប​ក្នុង​ដី​ថៃ

0:00 / 0:00

ក្រុម​អាជីវក​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ប្រទេស​ថៃ អះអាង​ថា អាជ្ញាធរ​ថៃ​ត្រួតពិនិត្យ​តឹងតែង​ខ្លាំង​ចំពោះ​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​ទៅ​មើល​តូប​របស់​ខ្លួន​ក្នុង​ផ្សារ​ថៃ។​ពួក​គាត់​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​ធ្វើ​បែប​នេះ​ជា​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​កាន់តែ​ឈឺចាប់​ខ្លាំង អំឡុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក សុខ ឆៃ​លី ថ្លែង​នៅ​ថ្ងៃ​ទី២០ កក្កដា​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យ​រថយន្ត​អាជីវករ​ខ្មែរ​ចូល​ទៅដល់​ប្រទេស​ថៃ​មួយ​ថ្ងៃ ៥០គ្រឿង​មក លោក​ទើបតែ​ចូល​ទៅ​មើល​តូប​របស់​គាត់​នៅ​ផ្សារ​រ៉ុងក្លឿ​បាន ១ម្ដង​ប៉ុណ្ណោះ។ អាជីវករ​ខ្មែរ​ផ្សារ​នៅ​រ៉ុង​ក្លឿ​រូប​នេះ បញ្ជាក់​ថា ប៉ូលិស និង​ទាហាន​ថៃ​ជាច្រើន​នាក់​យាមកាម​យ៉ាង​តឹងតែង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញក្រៅ​តូប​របស់​ខ្លួន​នោះ​ឡើយ។ លោក​បន្ត​ថា លោក​មិន​ពេញចិត្ត​ចំពោះ​វិធាន​កា​របស់​អាជ្ញាធរ​ថៃ​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កាន់តែ​ឈឺចាប់​ខ្លាំង៖ « មិន​មាន​ប្រសើរ​អី​ផង​ខ្ញុំ​ថ្ងៃនេះ​ផ្ទាល់ ខ្ញុំ​ថាទៅ​រក​ទិញ​ទឹក​សុទ្ធ ៣០យូរ គេ​មិន​ឱ្យ​ចេញ ហើយ​អ្នក​ដឹក​ទឹក​សុទ្ធ​ហ្នឹង​ក៏​គេ​ឱ្យ​ចូល និយាយ​ឱ្យ​ចំ​គេ​មិន​ឱ្យ​ក្នុង​ផ្សារ​គេ​ដេញ​អ្នក​ដែល​លួច​លក់​អី​ហ្នឹង​គេ​ដេញចេញ​បី​ផ្សារ​ដើម្បី​គេ​ខ្លាច​ថា​យើង​ចំណូល​ថ្មី​វា​មាន​កូវីដ​ទៅ​ឆ្លង​ខាង​គេ។ យើង​បានតែ​ទៅ​ក្នុង​ផ្សារ​ហ្នឹង​ទេ វា​អត់​បាន​ដើរ​ទៅ​ណា​ទេ ហើយ​គេ​យាម​រហូត មួយថ្ងៃ​គេ​ឱ្យ​តែមួយ​ផ្សារ​ហ្នឹង​ទេ បើ​ទៅ​ផ្សារ​គេ​ចាត់​របៀប​តាម​ផ្សារ​ហ្នឹង។និយាយ​ឱ្យ​ចំ​គេ​មិន​ឱ្យ​យើង​ចូល​ផ្សារ​ហ្នឹងហើយ​គេ​មិន​ឱ្យ​យើង​ដើរចេញ​ពី​ផ្សារ​បាន »

លោក​បន្ថែម​ថា តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុង​ក្លឿ​ទាំង​អស់​ត្រូវ​បាន​បិទ​ទ្វារ​ ដោយ​ពុំ​មាន​ការ​លក់ដូរ​នោះ​ទេ ហើយ​ព្រមទាំង​មាន​ទាហាន​ថៃ​យាម​ការពារ​គ្រប់​ទីកន្លែង​ទៀត​ផង។

ចំណែក​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ម្នាក់ទៀត លោក ឌិន ពុទ្ធិ មានប្រសាសន៍​ថា ចាប់តាំង​អាជ្ញាធរ​ថៃ​បើក​ឱ្យ​រថយន្ត​ខ្មែរ​ចូល​ទៅ​ផ្សារ​រ៉ុងក្លឿ​មក ក្រុម​អាជីវករ​ឆ្លងដែន​បាន​ថយ​ចុះ​ជាបន្តបន្ទាប់ ។លោក​បន្ថែម​ថា កាលពី​ថ្ងៃ​ទី១៩ កក្កដា​មាន​រថយន្ត​របស់​ខ្មែរ​ប្រមាណ ៦គ្រឿង​ប៉ុណ្ណោះ​បាន​ឆ្លងដែន​ទៅ​ផ្សារ​រ៉ុងក្លឿ ដោយសារ​ពួក​គាត់​ធុញទ្រាន់​នឹង​អាជ្ញាធរ​ថៃ​ត្រួតពិនិត្យ​តឹងតែង​តាំងពី​ច្រក​ទ្វារ​ព្រំដែន​រហូតដល់​ផ្សារ​រ៉ុងក្លឿ៖ « និយាយ​ថា​ គេ​រឹតត្បិត​យើង​មែនទែន អត់មាន​បាន​ប្រយោជន៍​អី​ទេ​ចូល​ទៅ​ហ្នឹង វា​នៅតែ​មានការ​តឹងរ៉ឹង​ខ្លាំង​ណាស់ ហើយ​ឥឡូវ​ជីវភាព​របស់​យើង​វា​កាន់តែ​យ៉ាប់​ទៅ។ចង់និយាយ​ថា​ផល​ប៉ះពាល់​អ្នក​ដែល​រស់នៅ​ជាយដែន​ហ្នឹង​គឺ ១០០​ភាគ​រយ​តែម្ដង បានន័យ​ថា​ពេលមុន​យើង​រក​ប្រាក់ចំណូល​បាន​ឥឡូវហ្នឹង​អត់មាន​ប្រាក់ចំណូល​ទាល់តែសោះ »

កាលពី​ថ្ងៃ​ទី១៥ កក្កដា​អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឱ្យ​រថយន្ត​អាជីវករ​ខ្មែរ​ចំនួន ៥០គ្រឿង​ក្នុង​មួយថ្ងៃ និង​មនុស្ស ២នាក់​ក្នុង​រថយន្ត​មួយ​គ្រឿង ចូល​ទៅ​មើល​តូប​លក់ដូរ​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ ចាប់ពី​ម៉ោង ៨ព្រឹក​ដល់​ម៉ោង ១រសៀល។ ក្រុម​អាជីវករ​ខ្មែរ ឱ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​មិន​មានប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង២ ឱ្យ​បាន​ឆាប់ ដើម្បី​ពួក​គាត់​បាន​លក់ដូរ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​លោក វួច អូន ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ថៃ​ពិនិត្យ​តឹងតែង​នៅ​ផ្សារ​រ៉ុង​ក្លឿ​នេះ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​មិន​អាច​សម្រួល​ឱ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ប្រទេស​ថៃ​បានទេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩៖ « បើ​យើង​យក​ជំងឺឆ្លង​ឱ្យ​ស្រុក​គេ ហើយ​គេ​យក​ជំងឺឆ្លង​មក​ស្រុក​យើង​តើ​ពេញចិត្ត​ដែរ​ ? អីចឹង​គេ​អត់​ពេញ​ចិត្ត​ទាំង​អស់​គ្នា​ហ្នឹង។ អីចឹង​គ្រា​នេះ​គេ​សង្គ្រោះ​អ្នក​ទៅ​មើល​ទំនិញ និង​រំដោះ​ទំនិញ​មកដល់​កន្លែង​ដែល​យើង​ពេញចិត្ត។ ប៉ុន្តែ​គោលបំណង​របស់​បងប្អូន​យើង​គាត់​ចង់បាន​អីចឹង គាត់​ចង់តែ​បើក​តូប​លក់ដូរ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាលរងខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ការងារ​ព្រំដែន លោក ង៉ោ ម៉េ​ងជ្រួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បន្ថែម​ទៀត ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ពុំ​មាន​អ្នកទទួល។មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍​ថា ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បាត់បង់​ប្រាក់​ចំណូល​បណ្ដាល​មក​ពី​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​និង​ថៃ ។ លោក សង្កេតឃើញ​ថា កម្មករ​អូស​រទេះ អ្នក​រត់​ម៉ូតូឌុប និង​ក្រុម​អាជីវករ​ផ្សារ​រ៉ុងក្លឿ ប៉ះពាល់​ខ្លាំង​ជាងគេ ពីព្រោះ​ពួក​គាត់​ពឹងផ្អែក​ទៅ​ការ​ប្រាក់​ចំណូល​នៅ​តំបន់​ព្រំដែន​នេះ៖ « បាទ​អាជ្ញាធរ​អាច​ចរចា​គ្នា​បង្ហាញ​អំពី​ការ​តាំង​ចិត្ត​ថា កម្ពុជា​ហ្នឹង​ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​ខ្លាំង​ប្រទេស​ថៃ ត្រង់ថា​ទាក់ទង​ទៅលើ​ជីវភាព។ អីចឹង កម្ពុជា​ហ្នឹង​ត្រូវ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​គេ​ជឿជាក់​បាន ឧទាហរណ៍​ពាក់​ម៉ាស់ លាងដៃ​ហ្នឹង​អាល់កុល​ហើយ នៅ​គំលាត​ពី​គ្នា​ប៉ុណ្ណា​មិន​ប្រមូលផ្ដុំ​អី​ប៉ុណ្ណា​ឱ្យ​គេ​ជឿជាក់​មក គេ​ព្រម​ធ្វើ​ទៅតាម​ហ្នឹងហើយ។ប៉ុន្តែ​យើង​វា​អត់មាន​ចំណុច​ណាមួយ​ឱ្យ​គេ​ជឿជាក់ អីចឹង​ប្រទេស​ដែលគេ​ស្រលាញ់​ប្រជាពលរដ្ឋ គេ​យកចិត្ត​ដាក់​ពលរដ្ឋ​គេ គេ​ខ្លាច​ប្រជាពលរដ្ឋ​គេ​ឈឺ​ហើយ »

អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃ​ទី២៣មីនា​រហូត​មក ដើម្បី​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វិដ១៩។ ចាប់​តាំង​ពី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​នេះ​មក អាជ្ញាធរ​ថៃ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុង​ក្លឿ​នោះ​ទេ ហើយ​រហូត​មកទល់​ថ្ងៃ​ទី២០ កក្កដា រដ្ឋាភិបាល​ថៃ​មិនទាន់​កំណត់​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា និង ថៃ ឡើងវិញ​ថ្ងៃ​ណា​នៅឡើយ​ទេ៕