លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​នឹង​បន្ត​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​រួច​រាល់

ដោយ យ៉ង ចាន់តារា
2024.11.23
លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​នឹង​បន្ត​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​រួច​រាល់ ទិដ្ឋភាពនៅ​​​មាត់​ព្រែក​ជីក ហ្វូណន​តេជោ ជាប់ដង​ទន្លេ​មេគង្គ ត្រង់​​ភូមិ​សាស្ត្រ​ព្រែក​តាកែវ​ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មាន​ភាព​ស្ងប់ស្ងាត់ទុកចោល នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន ម៉ាណែត លើក​ឡើង​ថា ​រដ្ឋាភិបាល​មាន​ថវិកា​គ្រប់​គ្រាន់ ដើម្បី​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ ហើយ​ការ​ជីក​ព្រែក​នេះ​នឹង​បន្ត​នៅ​ពេល​រដ្ឋាភិបាល​ផ្ដល់​សំណង​ដល់ពល​រដ្ឋ​រួច​រាល់។ ការ​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ក្រោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រ៉យទ័រ (Reuters) និង​សារព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត​ថា រដ្ឋាភិបាល​ផ្អាក​សាងសង់​ព្រែក​ជីក ហ្វូណន​តេជោ​ដោយ​ខ្វះ​ថវិកា។

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ចំពោះ​មុខ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ដោយ​ច្រាន​ចោលការ​ឡើង​ថា រដ្ឋាភិបាល​មិន​ថវិកា ដើម្បី​សាង​សង់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។

លោក ហ៊ុន ម៉ាណែត ថា ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត ដែល​ផ្ទុយ​ពី​ស្ថានភាព​របស់​កម្ពុជា ជា​ពិសេស បញ្ហា​ដំណើរ​ការ​ជីក​ព្រែក​ហ្វូណន​តេជោ គឺ​ជា​ការ​រុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ មាន​មន្ទិល​សង្ស័យ​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង។ លោក​ថា រដ្ឋាភិបាល​កំពុង​គិត​គូរ​សំណង​ដល់​ពលរដ្ឋ​ជា​មុន​សិន ហើយ​ការ​សាងសង់​នឹង​រង់ចាំ​នៅ​រដូវ​ប្រាំង​ដើម្បី​ងាយ​ស្រួល​ជីក។

លោក ហ៊ុន ម៉ាណែត«អ៊ីចឹង​ដល់​យើង​អត់​ទាន់​ធ្វើ​អី​ជីក គេ​ថា យើង​អស់​លុយ​ធ្វើ​មិន​ចេញ វាយ​ហើយ​ស្ងាត់ ខ្ញុំ​ករុណា​សូម​ពន្យល់ ហើយ​បញ្ជូន​សារ​ទៅ​វិញ នីតិវិធី​នៃ​ការ​ធ្វើ​គេ​មិន​មែន​សម្ពោធ​ហើយ​គេ​ដាក់​ឈូស​ឆាយ​ទេ អា​ហ្នឹង​បាន​ប្រជាជន​ស្រែក​យំ គេ​ត្រូវ​បង្កើត​និយាម​ការ​ឱ្យ​បាន​ច្បាស់​លាស់​ពិនិត្យ​ឡើង​វិញ កន្លែង​ណា​ត្រាយ​ផ្លូវ​ចុះ​ទៅ​ដោះ​ស្រាយ​ប្រជាជន​កន្លែង​ណា​ប៉ះពាល់ ស្រេច​គ្នា​បាន​យើង​​ដាក់​គ្រឿង​ចក្រ​ទៅ​ជីក អា​ហ្នឹង​បាន​ប្រកប​ដោយ​ធម៌»

ការ​លើក​ឡើង​នេះ ក្រោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​ដក​ស្រង់​ចេញ​ពី​មន្ត្រី​ចិន និង​អ្នក​ពាក់​ព័ន្ធ​នឹង​វិនិយោគទុន​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​មិន​មាន​លុយ​សម្រាប់​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​នោះ​ទេ ហើយ​ប្រទេស​ចិន​ក៏​បាន​រិះគន់​មន្ត្រី​កម្ពុជា ដែល​ប្រកាស​ថា ប្រទេស​ចិន​ជា​អ្នក​ផ្ដល់​ថវិកា​សាង​សង់​ព្រែក​នេះ បើ​ទោះ​ជា​ប្រទេស​ចិន​​មិន​ទាន់​​សម្រេច​យល់​ព្រម​ក៏​ដោយ។

Funan_Canal_112224_7.JPG
ផ្ទះពលរដ្ឋនៅ​មាត់ព្រែក ដែល​នឹង​ប៉ះពាល់​ដោយ​គម្រោង​ព្រែកជីកហ្វូណន

អស់​រយៈ​ពេល​ជាង ៣ខែ​មក​ហើយ គម្រោង​នេះ​នៅ​មិន​ទាន់​បាន​ដំណើរ​នៅ​ឡើយ​នោះ​ទេ ដោយ​គិត​ត្រឹម​ពី​ចំណុច​ចាប់​ផ្ដើម​នៃ​ព្រែក​ជីក ដោយ​ត​ភ្ជាប់​ពី​ដង​ទន្លេ​មេគង្គ ស្ថិត​ក្នុង​ភូមិ​ព្រែក​តាកែវ​ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ រដ្ឋាភិបាល​​​​បាន​ជីក​ព្រែក​​​ដោយ​មាន​ទទឹង​ចំនួន ១៥ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៤រយ​ម៉ែត្រ និង​មិន​មាន​គ្រឿងចក្រ និង​កម្មករ​ធ្វើ​ការ​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​តំបន់​មាត់​ព្រែក​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​លើក​ឡើង​ថា មាន​មន្ត្រី​មួយ​ក្រុម​បាន​ចុះ​វាស់ និង​កត់​ចំនួន​ដំណាំ​របស់​លោកស្រី​កាល​ពី​ខែសីហា​មក​ម្ល៉េះ ប៉ុន្តែ​លោក​ស្រី​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​ថា ទំហំ​ដី​ជាង ៦រយ​ម៉ែត្រ​ការ៉េ​របស់​លោក​ស្រី​នឹង​ទទួល​បាន​សំណង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។ ស្ត្រី​រូប​នេះ​ថា កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ថា រដ្ឋាភិបាល​នឹង​ចុះ​ជួប​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​នៅ​ខែមករា ឆ្នាំ​ក្រោយ។

លោកស្រី​ថា«ខ្ញុំ​ថា ដឹង​យក​លក់​យក​ធ្វើ​អី សម្រេច​ចិត្ត​ទ្រាំ​នៅ​ហ្នឹង​ទៅ។ អង្គការ​ត្រូវ​ការ​ព្រែក​ជីក​ហើយ ជីក​ទៅ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ប៉ុណ្ណឹង​ទេ។ លក់ ១០ម៉ឺន​មិន​ដឹង​យ​ក​ទៅ​ទិញ​ណា ដី​វា​ថ្លៃ ហើយ​យើង​ធ្លាប់​នៅ​ទី​ណា នៅ​ទី​ហ្នឹង​ទៅ។ ហូប​ត្រី​អាំងៗ ទៅ អត់​ចង់​រក​សាច់​ទេ»

ចំណែក​កសិករ​ដាំ​បន្លែ​នៅ​ភូមិព្រែកតាកែវ២ លោក សំអាន ថា លោក​នៅ​តែ​ព្រួយ​បារម្ភ ចំពោះ​សំណង ដែល​រដ្ឋាភិបាល​សន្យា​នឹង​ផ្ដល់​ឱ្យ ប៉ុន្តែ​លោក​ថា រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ពន្យល់​ប្រាប់​ពលរដ្ឋ​ឱ្យ​ជាក់លាក់​ឡើយ​ទេ។ លោក សំអាន ថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀត ស្នើសុំ​សំណង​ដូច​នឹង​តម្លៃ​តាម​ទីផ្សារ គឺ ១៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក សំអាន ថា ការ​ស្នើសុំ​របស់​ពលរដ្ឋ​ក្នុង​តម្លៃ​នេះ គឺ​ដោយសារ​ទីតាំង​បច្ចុប្បន្ន អាច​ឱ្យ​ពលរដ្ឋ​ធ្វើ​កសិកម្ម​នៅ​តាម​ដង​ព្រែក​បាន ហើយ​លោក​នឹង​ពិបាក​រក​ទិញ​ដី​នៅ​ទី​តាំង​ថ្មី ក្នុង​ឃុំ​របស់​លោក ព្រោះ​តម្លៃ​ដី​បាន​ឡើង​តម្លៃ​ចាប់​តាំង​ពី​មាន​​​ការ​ប្រកាស​សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​មក។

លោក សំអាន៖ «គាត់​មើល​ស្រាប់ ហើយ​ប្រជាពលរដ្ឋ​មាន​តែ​ប៉ុណ្ណឹង​ទេ ប្រសិនបើ​អត់​មាន​សំណង​ប្រជាពលរដ្ឋ ក៏​មិន​ដឹង​ទៅ​ណា ប្រសិនបើ​មាន​សំណង​ប្រជាពលរដ្ឋ​មិន​ពិបាក​នឹង​ចេញ ប្រសិនបើ​មាន​សំណង​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ការ​គាំទ្រ ប្រសិនបើ​បាន​ធ្វើ​ចាប់ៗ ទៅ​យើង​ដឹង​ថា ទៅ​គោលដៅ​កន្លែង​ណា»

កសិករ​នៅ​ភូមិ​ព្រែក​តាកែវ២ លោក អឿន សុជាតិ រំពឹង​ថា រដ្ឋាភិបាល​នឹង លុប​ចោល​គម្រោង​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ ព្រោះ​លោក​បារម្ភ​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ផ្សេង​ទៀត​អាច​រង​ការ​បណ្ដេញ​ចេញ ឬ​មិន​ទទួល​បាន​សំណង​សមរម្យ​ដូច​ករណី ដែល​ធ្លាប់​កើត​ឡើង​នា​ពេល​កន្លង​មក។

លោក អឿន សុជាតិ៖ «បើ​គេ​អត់​ទិញ​ល្អ​ហើយ បើ​គេ​អត់​ជីក​ល្អ​ហើយ បើ​យើង​លក់​បើ​គេ​ឱ្យ​សំណង​ថោក យើង​យក​លុយ​ទៅ​វិញ​គេ​មិច​បាន»

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា​​​ការ​អូស​បន្លាយ​នៃ​ការ​សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ពី​ប្រភព​ថវិកា និង​គម្រោង​សាងសង់​នេះ​ទៅ​កាន់​សាធារណជន ដើម្បី​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មិន​គួរ​ចោទ​សារព័ត៌មាន​ថា ផ្សាយ​ញុះញង់ ហើយ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​ពន្លឿន​ការ​សាងសង់​គម្រោង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​រក្សា​មុខមាត់​ប្រទេស​ជាតិ និង​ជា​ពិសេស ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

លោក សេង វណ្ណលី៖ «ឱ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​យ៉ាង​ណា​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​គម្រោង​ហ្នឹង​ឱ្យ​បាន​ជោគជ័យ ប្រសិន​ជា​បរាជ័យ​ទេ ខ្ញុំ​គិត​ថា វា​អាច​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ជា​ពិសេស ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ អតីត​លោក​នាយក​រដ្ឋមន្ត្រី និង​លោក​នាយក​រដ្ឋមន្ត្រី យើង​មើល​ទៅ​គម្រោង​ហ្នឹង ចាប់​ផ្ដើម​ឡើង​ហាក់​បី​ជា​មាន​សន្ទុះ​កៀរគរ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ជា​ដើម​ធំ​ដុំ​ណាស់»

រដ្ឋាភិបាល​តែង​អះអាង​ថា ព្រែក​ជីក​ហ្វូណន​តេជោ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន រួម​មាន កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេល​វេលា និង​ចម្ងាយ ការ​ខូចខាត​ផ្លូវ​ថ្នល់ ការ​កក​ស្ទះ​ចរាចរណ៍​ គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា កាត់​បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុង​ការ​ឆ្លង​កាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការ​អភិវឌ្ឍ​ផែ​រណប​​ថ្មីៗ ជា​ច្រើន ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា ជួយ​បង្កើន​ផល​ត្រី​ទឹក​សាប​នៅ​តាម​ព្រែក និង​ការ​វិនិយោគ​ផ្សេងៗ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សហគមន៍​ជាតិ និង​អន្តរជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​លើ​ការ​អនុវត្ត​គម្រោង​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។