អ្នក​នាំ​ភ្ញៀវ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​រិះគន់​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ថា មិន​សូវ​គិតគូរ​ដល់​អ្នក​ប្រកប​របរ​​វិស័យ​ទេសចរណ៍

0:00 / 0:00

ប្រជាពលរដ្ឋ​ធ្វើ​ការងារ​​ក្នុង​វិស័យ​ទេសចរ​នៅ​ខេត្ត​សៀមរាប រិះគន់ មន្ត្រី​ក្រសួង​​ទេសចរ​​ថា ខំប្រឹង​បង្ហាញ​តែ​លទ្ធផល​ការងារ​ដែល​ខុស​ពី​ការ​ពិត ដោយ​ពុំ​បាន​យក​ចិត្ត​ដាក់​ជួយ​ដល់​អ្នក​ប្រក​របរ​ក្នុង​វិស័យ​នេះ​ឡើយ។ អ្នកនាំ​ភ្ញៀវ​ទេសចរ​ទាំង​នោះ អះអាង​ថា ​បច្ចុប្បន្ន​ចំនួន​អ្នក​ទេសចរ​នៅ​តំបន់​ប្រាសាទ​អង្គរ​វត្ត​កំពុង​ថយ​ចុះ​ខ្លាំង ស្រប​ពេល​​ដែល​សណ្ឋាគារ​​មួយ​ចំនួន​ក៏បាន​បិទទ្វារ​បណ្ដើរៗ ហើយ។

អ្នក​នាំ​ភៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប លោក អាង ឆាល ថ្លែង​នៅ​ថ្ងៃ​ទី​២មីនាថា អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ មួយ​ចំនួន​ចាប់​ផ្ដើម​អត់​ការងារ​ធ្វើ​បណ្ដើរៗ ហើយ ​និង​ខ្លះ​ទៀត បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​ ៥០ភាគរយ ដោយសារ​គ្មាន​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្ត​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត។ លោក​​បញ្ជាក់​ថា ប៉ះពាល់​ខ្លាំង​ចាប់​ពី​ខែ​ដើម​ខែ​កុម្ភៈ​មក ហើយ​ពុំ​មាន​អាជ្ញាធរ​​ណា​ចុះ​មក​ជួយ​ដល់​ពួកគាត់​នៅ​ឡើយ​ទេ ជាពិសេស​កម្មករ​បម្រើ​ការងារ ក្នុង​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ជួប​ការ​លំបាក​ជាង​គេ៖ «អីចឹង​បាន​ថា​នៅ​ខេត្ត​សៀមរាប​វា​អត់​ទាន់​មាន​ការ​អនុវត្ត​ជាក់​ស្ដែង​ណា​មួយ​កើត​ទេ។ ក្នុង​កាលៈទេសៈ​បែប​នេះ បើ​សិន​គ្រាន់​តែ​និយាយ​ឱ្យ​ល្អ​មើល ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​អីចឹង​ជា​រឿង​គ្មាន​ប្រយោជន៍​ព្រោះ ប្រជាពលរដ្ឋ​មាន​ហ្វេសប៊ុក មាន​ព័ត៌មាន​នៅ​ហ្នឹង​ដៃ​ វា​ជា​រឿង​មួយ​វា​គួរ​ឱ្យ​អាម៉ាស់​មែនទែន ។ពីព្រោះ​ប្រជាជន​ដែល​មាន​បញ្ហា​នៅ​តែ​ជួប​ដដែល ព្រោះ​ការ​និយាយ​បែប​ហ្នឹង​ជា​រឿង​មួយ​ឥតប្រយោជន៍​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តែ​ជួប​ការ​លំបាក​ដដែល​ហ្នឹង »

ចំណែក​អ្នក​នាំ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​អង្គរវត្ត​ម្នាក់ទៀត លោក ជា តុង់ហាន់ ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​មាន​ទេសចរ អន្តរជាតិ​ប្រមាណ​ពី ២៥ ទៅ​ ៣០​ភាគ​​រយ​ប៉ុណ្ណោះ ដែល​ចូល​​ទៅ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប។ លោក​បញ្ជាក់​ទៀត​ថា ចំនួន​អ្នក​ទេសចរ​ថយ​ចុះ​នេះ​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​​របស់​លោក៖ «បាទ​អត់​សូវ​មាន​ចំណូល​ទេ ចំណូល​តិចតួច​ណាស់​សម្រាប់​អ្នក​នាំ​ភ្ញៀវ​ឬ​អ្នក​រត់​ម៉ូតូ​កង់​បី អ្នក​ទេសចរ​អី​នោះ សណ្ឋាគារ​ខ្លះ​ធ្លាប់​ទទួល​ភ្ញៀវ​ ៤០០​ទៅ​ ៥០០​នាក់ ឥឡូវ​មាន​ភ្ញៀវ​តែ​ ១០០​នាក់​ទេ ហើយ​សណ្ឋាគារ​ខ្លះ​គាត់​មាន​បុគ្គលិក​៥០​នាក់​អីចឹង​ទៅ វា​ពិបាក​មែន​ទែន​ក្នុង​ការ​រក្សា​បុគ្គលិក ហើយ​អាច​ហ្នឹង​មាន​ការ​រំសាយ​បុគ្គលិក​ចេញ​ពី​សណ្ឋាគារ​ខ្លះ​ទៀត បើ​សិន​ជា​វិស័យ​ទេសចរ​នៅ​តែ​ធ្លាក់​ដដែល​នោះ »

អ្នក​ប្រកប​របរ​ក្នុង​វិស័យ​​ទេសចរ​ទាំង​នេះ បាន​រិះគន់​របាយការណ៍​របស់​មន្ត្រី​នៃ​ក្រសួង​ទេសចរ​ថា ខំប្រឹង​អួតអាង​​ តែ​អំពើ​ល្អ​របស់​ខ្លួន​ ដែល​ខុស​ពី​ការ​ពិត ពីព្រោះ​ភ្ញៀវ​ទេសចរ​កំពុង​ធ្លាក់​ចុះ​ខ្លាំង ហើយ​ក្រសួង​ក៏​ពុំ​ទាន់​មាន​វិធានការ​ណា​មួយ​ជួយ​ដល់​ពួកគាត់​ ដែល​ប្រឈម​នឹង​បាត់បង់​ការងារ​នៅ​ឡើយ​ទេ។

ប្រតិកម្ម​របស់​អ្នក​នាំ​ភ្ញៀវ​ទេសចរ​នេះ បន្ទាប់​ពី​ក្រសួង​ទេសចរ បាន​បង្ហាញ​របាយការណ៍​ជា​ថ្មី​ទៀត​ថា ចំនួន​អ្នក​ទេសចរ​​នៅ​កម្ពុជា បាន​ថយ​ចុះ​ប្រមាណ​ ១៥​ភាគរយ អំឡុង​ពេល​ពិភពលោក​កំពុង​រាល​ដាន​ជំងឺ​កូវិដ១៩ នោះ (Corvid-19)។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរ លោក ទិត្យ ចន្ថា ថ្លែង​នៅ​ក្នុង​ពិធី​សន្និសីទ​សារ​ព័ត៌មាន ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​បន្ត​ការងារ​បន្ត​របស់​ក្រសួងទេសចរណ៍» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី២ មីនា​ថា បើ​ទោះ​បី​ជា​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​នេះ កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក​ក្ដី ក៏​អ្នក​ទេសចរ​នៅ​តែ​មក​ទស្សនា​កម្ពុជា​ដដែល គឺ​គ្រាន់​តែ​ថយ​ចុះ​អ្នក​ទេសចរ​ប្រមាណ ១៥​ភាគ​រយ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១៩។ លោក​បញ្ជាក់​​ទៀត​ថា ​រហូត​មក​ទល់​ពេល​នេះ ទើប​តែ​មាន​សណ្ឋាគារ​ចំនួន៧កន្លែងទេ ដែល​បាន​បិទ​ទ្វារ​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ក្រសួង​​ក៏​មាន​វិធានការ និង​បាន​អនុវត្ត​បណ្ដើរៗ ហើយ​ដែរ ដើម្បី​ជួយ​សម្រាល​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​ឱ្យ​ពួក​គាត់​អាច​បន្ត​អាជីព​របស់​ខ្លួន​ទៅ​មុខ​ទៀត​បាន៖ «ក្នុង​ករណី​ថា​មាន​ការ​បិទ​ឬ​ផ្អាក ឬ​ការ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ការ​អី​ជា​ដើម អីចឹង​រដ្ឋាភិបាល​មាន​វិធានការ ដើម្បី​ជួយ​ក្នុង​សម្រាល​ការ​លំបាក ដូច​ជា​ការ​ឱ្យ​ទៅ​សិក្សា បន្ថែម មាន​ការ​ឧបត្ថម្ភ​ធនធាន​ថវិកា​ខ្លះ​សម្រាប់​សម្រួល​ដល់​ការ​បន្ត​ការ​រស់​នៅ​ទោះ​បី​ថា​មិន​មាន​ប្រាក់​ខែ ។ក្នុង​នោះ​ផ្នែក​ឯកជន​ រដ្ឋាភិបាល​ក៏​បាន​ជួយ​មួយ​ផ្នែក ហើយ​សំខាន់​មែនទែន គឺ​បង្វែរ​ពួក​គាត់​ឱ្យ​ទៅ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត »

លោក​បន្ថែម​ថា នៅ​ឆ្នាំ២០១៩ មាន​អ្នក​ទេសចរ​បរទេស ប្រមាណ ៦លាន ៦សែន​នាក់ (៦.៦០០.០០០) មក​ទស្សនា​នៅ​កម្ពុជា។ មន្ត្រី​ដដែល ​ប៉ាន់​ប្រមាណ​ថា ចំនួន​ទេសចរ​មក​កម្ពុជា​អាច​នឹង​ថយ​ចុះ​ប្រមាណ ១០រយ​ភាគ នៅ​ក្នុង​ឆ្នាំ២០២០ នេះ។

របាយការណ៍​គ្រឹះស្ថាន​អង្គរ​ឱ្យ​ដឹង​ថា នៅខែមករាដើមឆ្នាំ២០២០ នេះ​ ចំនួន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទិញ​សំបុត្រ​ចូល​តំបន់​អង្គរ ចំនួន​ជាង ២៣ម៉ឺន​នាក់ (២៣៤.៩៣៧នាក់) គឺ​ថយ​ចុះ​ជាង ២៦% បើ​ធៀប​កាល​ពី​ខែ​មករា​ឆ្នាំ២០១៩ នោះ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​សហព័ន្ធ សហជីព កម្មករ​និយោជិត​ វិស័យ​ទេសចរ​សេវាកម្ម កម្ពុជា លោក​ ម៉ម រិទ្ធី កត់សំគាល់ ថា ចំនួន​អ្នក​ទេសចរ​នៅ​តំបន់​អង្គ ថយ​ចុះ​ចន្លោះពី៦០​ទៅ​៧០​ភាគរយ អំឡុង​ពេល​ផ្ទុះ​មេរោគ​កូវីដ-១៩ (Corvid-19) ហើយ​ចំនួន​នេះ​ ​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ដែល​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរ ជា​ពិសេស កម្មករ​ធ្វើ​ការ ​តាម​សណ្ឋាគារ និង​ ផ្ទះសំណាក់ ចាប់ផ្ដើម​បាត់បង់​ការងារ​បណ្ដើរៗ ហើយ ដោយសារ​អាជីវកម្ម​ទាំង​នោះ ​បិទ​ទ្វារ និង​ខ្លះ​ទៀត កាត់​បន្ថយ​បុគ្គលិក​ធ្វើ​ការ៖ «ខ្ញុំ​គិត​ថា ក្រសួង​គួរតែ​បង្ហាញ​យុទ្ធសាស្ត្រ​និង​វិធីសាស្ត្រ ឱ្យ​បាន​ច្បាស់លាស់ ហើយ​ធ្វើ​ឱ្យ​ឃើញ​ភាព​ជាក់​ស្ដែង បើ​ចង់​ឱ្យ​គេ​ជឿ​វា​ទាល់​តែ​យើង​ធ្វើ​ឱ្យ​មាន​ភាព​ជាក់ស្ដែង បង្ហាញ​ណា​មួយ​មក​ថា​យើង​បាន​ធ្វើ​នៅ​កន្លែង​នេះ ហើយ​ជួយ​បាន​កម្មករ​ហ្នឹង​ប៉ុន្មាន​នាក់ ហើយ​គាត់​ទទួល​បាន​អី​នៅ​ពេល​អំឡុង​ធ្វើ​ហ្នឹង​ ហើយ​បើ​យើង អត់​មាន​ឃើញ​កម្មករ​ណា​ទទួល​បាន​អី​ផង ហើយ​អត់​មាន​ឃើញ​សកម្មភាព​ជួយ​អី​ឱ្យ​គេ​ជឿ​ម៉េច​បាន គ្រាន់​តែ​ការ​និយាយ​ហ្នឹង គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ហ្នឹង​ការ​ធ្វើ​វា​អត់​មាន »

លោក​បន្ថែម​ថា រហូត​មក​ពេល​នេះ​មិន​ទាន់​ឃើញ​ក្រសួង​ទេសចរ​ចុះ​ទៅ​ជួយ​ដល់​ក្រុម​កម្មករ​ទាំង​នោះ​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​ពួកគាត់​កំពុង​តែ​ព្រួយបារម្ភ​គ្មាន​ប្រាក់​បង់​ធនាគារ ដែល​បាន​ខ្ចី​ប្រាប់​គេ​ប្រកប​ក្នុង​វិស័យ​មួយ​នេះ។ លោក​ថា ដើម្បី​ស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​គួរ​តែ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា ទៅ​ប្រទេស​ដែល​ពុំ​មាន​ផ្ទុះ​ជំងឺ​កូវីដ-១៩ ដើម្បី​ឱ្យ​បរទេស​មក​ទស្សនា​កម្ពុជា​​ឱ្យ​បាន​ច្រើន​ឡើង​វិញ និង​ត្រូវ​ដោះស្រាយ​វិបត្តិនយោបាយ​ក្នុង​ស្រុក​ឱ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។