ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ ​១៤,៨ភាគរយ​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

សង្គម​ស៊ីវិល និង​ភ្នាក់ងារ​ទេសចរណ៍​អះអាង​ថា ការ​​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស នៅ​ឧទ្យាន​បុរាណ​អង្គរ​សៀមរាប ដោយសារ ក្តី​បារម្ភ​ពី​ជម្លោះ​នយោបាយ និង​ការ​យក​កម្រៃ​សេវា​ផ្សេងៗ​កើន​ឡើង​ថ្លៃ។ ប៉ុន្តែ​មន្ត្រី​ក្រសួង​ទេសចរណ៍ ប្រកាស​ថា ភ្ញៀវ​ទេសចរ​បរទេស​ថយ​ចុះ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ពិភពលោក។

ប្រធាន​សមាគម​មគ្គទេសក៍​អង្គរ​ខេត្ត​សៀមរាប លោក ខៀវ ធី បាន​ប្រាប់​អាស៊ីសេរី​ថា ភ្ញៀវ​ទេសចរ​ចិន​មានការ​ថយ​ចុះ​ច្រើន​នៅ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​សៀមរាប ព្រោះ​ពួកគេ​ភាគច្រើន​ទៅលេង​នៅ​ក្រុងព្រះសីហនុ​វិញ។

លោក​បាន​កត់សម្គាល់​ថា ឆ្នាំមុន​មាន​យន្តហោះ​ចុះចត​នៅ​ខេត្ត​សៀមរាប យ៉ាងហោចណាស់​មាន​៣​គ្រឿងក្នុង​​មួយថ្ងៃ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ​មានតែ​មួយ​គ្រឿង​ហើយ​ថ្ងៃ​ខ្លះ​អត់​មានតែ​ម្ដង៖ «ភ្ញៀវ​ជនជាតិ​ចិន​ទៅលេង​ក្រុង​កំពង់សោម​ច្រើន។ បើ​ភ្ញៀវ​មកលេង​តំបន់​សៀមរាប​អង្គរ យើង​អត់​សូវ​ឃើញ​ច្រើន​ទេ ហើយ​ស្ងាត់​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ គឺ​ឆ្នាំនេះ​ស្ងាត់​ណាស់​នៅ​សៀមរាប​យើង»។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​ចិន​មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​ពួកគេ​ច្រើន​មក​ជា​ក្រុម មាន​ចំនួន​ច្រើន ហើយ​ត្រូវការ​មគ្គទេសក៍ និង​អ្នកបើកបរ​ខ្មែរ​មាន​ចំនួន​តិចតួច។

ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ មករា នេះ​ថា ឧទ្យាន​បុរាណវិទ្យា​អង្គរ​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ពីរ​លាន ពីរ​សែន​នាក់ (២,២) ក្នុង​ឆ្នាំ ២០១៩ គឺ​ធ្លាក់​ចុះ ១៤,៨ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន។

ក្រសួង​បន្ត​ថា តំបន់​បេតិកភណ្ឌ​ពិភពលោក​រក​ចំណូល​បាន ៩៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ការ​លក់​សំបុត្រ​ក្នុង​ឆ្នាំ​២០១៩ ចំនួន​នេះ​បាន​ធ្លាក់​ចុះ ១៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន។

អ្នកទេសចរ​មកពី​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង នៅតែ​ជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​ទស្សនា​នៅ​ឧទ្យាន​បុរាណ​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន កត់សំគាល់​ថា ការ​ថយ​ចុះ​អ្នកទេសចរ​នេះ ដោយសារ​ការ​ចេញ​ទិដ្ឋាការ​យឺតយ៉ាវ។

លោក​ថា ការ​យក​កម្រៃ​សេវា​ទេសចរ​ខ្ពស់​ពេក ហើយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ក៏​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ឧទ្យាន​បុរាណ​អង្គរ​ផង​ដែរ៖ «ខ្ញុំ​មើល​ឃើញ​ចំណុច​មួយ​ទៀត​ថា មកពី​បញ្ហា​នយោបាយ​យើង​មួយ​ដែរ ដែល​ធ្វើ​ឱ្យ​កត្តា​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ដោយសារ​ធម្មតា​បើ​នយោបាយ​វា​មិន​ហ្នឹង​ន៎ មានន័យថា​ភ្ញៀវ​គេ​មិន​ចង់​ទៅ​ប្រទេស​ណា​ដែល​មាន​នយោបាយ​ស្ថិត​ក្នុង​ភាព​មិន​ហ្នឹង​ន៎​ទេ»។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​ឧទ្យាន​បុរាណ​អង្គរ​នេះ បាន​ចាប់ផ្ដើម​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​ប្រឆាំង និង​មានការ​ចាប់ខ្លួន​អ្នកគាំទ្រ​មួយ​ចំនួន​ដាក់​ក្នុង​ពន្ធនាគារ ហើយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មកពី​បណ្ដា​ប្រទេស​អឺរ៉ុប​មាន​ការ​ភ័យខ្លាច។

ឆ្លើយតប​ទៅ​នឹង​ការយល់ឃើញ​របស់​សង្គម​ស៊ីវិល អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរ​លោក តុប សុភ័ក មាន​ប្រសាសន៍ថា ជម្លោះ​នយោបាយ មិនមែន​ជា​មូលហេតុ​ចម្បង​នោះ​ទេ។ លោក​ថា កត្តា​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប គឺ​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​នៅ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មិន​ចង់​ធ្វើដំណើរ​កម្សាន្ត​នៅ​ខាងក្រៅ​ប្រទេស​ឡើយ។ លោក​បញ្ជាក់​ថា ហេតុផល​នៃ​ការ​ថយចុះ​ភ្ញៀវ​ទេសចរ គឺ​ដោយសារ ការ​ត​ភ្ជាប់​ជើង​ហោះហើរ​មិនទាន់​រៀបចំ​បាន​ល្អ ហើយ​ផលិតផល​ទេសចរ​នៅ​ខេត្ត​សៀមរាប មិន​ទាន់​មាន​គុណភាព​ល្អ​នៅឡើយ ប៉ុន្តែ​លោក​សង្ឃឹមថា​ភ្ញៀវ​ទេសចរ និង​មកលេង​នៅ​ខេត្ត​សៀមរាប ច្រើន​នៅ​ឆ្នាំ​ថ្មី​នេះ៖ «យើង​បាន​ខិតខំ​ធ្វើ​កិច្ចការ​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​ភាព​អវិជ្ជមាន​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​។ ក្រសួង​ទេសចរ​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ យើង​រួមគ្នា​រក​ដំណោះស្រាយ»។

របាយការណ៍​ក្រសួងទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជាង​ពីរ​លាន​នាក់​ក្នុងចំណោម​ទេសចរ​បរទេស​សរុប ចំនួន ៥​លាន ២​សែន ៩​ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយ​:​ពេល ១០​ខែ ដើម​ឆ្នាំ​២០១៩។

របាយការណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ចិន​កើន​ឡើង ​២៤,៤​ភាគរយ ហើយ​ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើង ​៩,៧​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។

សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​នៅ​ឧទ្យាន​បុរាណ​អង្គរ​ខេត្ត​សៀមរាប មាន​តម្លៃ ៣៧​ដុល្លារ សម្រាប់​ដំណើរ​ទស្សនា​មួយថ្ងៃ និង​តម្លៃ​ ៦២ដុល្លារ​សម្រាប់​ការ​ឆ្លងកាត់ ៣ថ្ងៃ ព្រមទាំង ៧២ដុល្លារ​​សម្រាប់​ការ​ឆ្លង​កាត់​រយៈពេល​មួយ​សប្ដាហ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។