កម្ពុជា​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ធ្លាក់ចុះ​ស្ទើរ​១០០% រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០២១

0:00 / 0:00

ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ ក្នុង​អំឡុងពេល ​៣​ខែ ដើមឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​ស្ទើរតែ ​១០០% បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

គ្រឹះស្ថាន​អង្គរ​ឱ្យ​ដឹង​ថា ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ចាប់ពី​ខែ​មករា ដល់​ខែមីនា គឺ​មាន​សរុប ៤.៤៨២នាក់ដែល​គិត​ជា​ប្រាក់​ មាន​ចំនួន ១៨៥.០៧៩នាក់ដែល​បរិមាណ​នេះ ធ្លាក់ចុះ​ជិត ៩៩% (៩៨,៩៧) បើ​ធៀប​រយៈពេល​ ៣​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។

ចាប់​ពី​មាន​ការ​រីក​រាលដាល​សកល​នៃ​ជំងឺ​កូ​វីដ​១៩ មក វិស័យ​ទេសចរណ៍​រង​ផល​ប៉ះពាល់​ខ្លាំង ក្នុង​នោះ​អាជីវកម្ម​រាប់ពាន់​កន្លែង ត្រូវ​បាន​បិទទ្វារ​ទាំងស្រុង​។ បន្ថែម​ពី​នេះ ការ​រាលដាល​ជំងឺ​កូវីដ​១៩ នៃ​សហគមន៍ ​២០ កុម្ភៈ បណ្តាល​ឱ្យ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ថែមទៀត ដោយសារ​រដ្ឋាភិបាល​ប្រកាស​បិទ​រមណីយដ្ឋាន​ទាំងអស់​ទូទាំង​ប្រទេស។

របាយការណ៍​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ ១.២៦៧.៨៩០នាក់ដែល​លាក់ចុះ​ជាង​ ៧៦% បើ​ធៀប​នឹង​រយៈពេល ១០​ខែ​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៩ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៥.២៩៦.០៨៨នាក់។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រសួង​ទេសចរណ៍​សង្ឃឹម​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន កាន់តែ​ច្រើន​នឹង​មក​ទស្សនា​កម្ពុជា​ឡើងវិញ ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន និង​ក្រោយ​ដែល​កម្ពុជា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋ​ជា​ទ្រង់ទ្រាយ​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។