ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​​បាន​ប្រាក់​​ជាង​៧​សែន​ដុល្លារ ​ហើយ​ថា ការ​​រឹត​បន្តឹង​ច្បាប់​ដំណើរ​​​​បាន​ល្អ

ប៉ូលិស​ចរាចរណ៍ ផាក​ពិន័យ​បាន​ប្រាក់​ ពី​ពលរដ្ឋ​ បាន​ជាង ៧សែន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល ១ខែ​ដំបូង​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ ទន្ទឹម​នឹង​នេះ​មេ​ប៉ូលិស​ចរាចរណ៍​ អះអាង​ថា ដំណើរ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​រយៈ​ពេល​ពេញ ១ខែ ឧសភា​ ដំណើរ​ការ​​​ល្អ ​និង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ហ៊ឹម យ៉ាន លើក​ឡើង​ថា ការ​រឹត​បណ្ដឹង​ការ​អនុវត្ត​ច្បាប់ ​ចរាចរណ៍​ផ្លូវគោក​រយៈ​ពេល​ខែ​ដំបូង​ដំណើរការ​ល្អ​ប្រសើរ ហើយ​បាន​កាត់​បន្ថយ​គ្រោះថ្នាក់ បាន ១៣០​ករណី​ បើ​ធៀប​នឹង​ខែ​ឧសភា ឆ្នាំ២០១៩។ ចំនួន​អ្នក​ស្លាប់ ក៏​ថយ​ចុះ ពី ១៥៥​នាក់ នៅ​ខែ​ឧសភា ឆ្នាំ២០១៩ មក​នៅ ១១៣នាក់។ អ្នក​របួស​ថយ​ចុះ ១៦២​នាក់ គឺ​ពី ៥០៤​នាក់ មក​នៅ ៣៤២​នាក់។ បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ២០១៩ ឬ​ពេល​ផ្សេង ក៏​មាន​ការ​ថយ​ចុះ​ជាង​មុន​ដែរ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី១ មិថុនា​ មេ​ប៉ូលិស​រូប​នេះ អះអាង​ថា អ្នក​បើកបរ​ច្រើន​លើសលប់​ បាន​ចូល​រួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ និង​​បើកបរ ដោយ​មាន​ការ​យោគយល់​អធ្យាស្រ័យ ​មាន​សណ្ដាប់ធ្នាប់​ល្អ។ ទន្ទឹម​នឹង​នេះ នគរបាល​ជាតិ បាន​ដាក់​ពិន័យ​ដល់​កម្លាំង​ចំនួន​៥នាក់ ដោយ​សារ​អនុវត្ត​​ការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍​ថ្មី លើស​គោលការណ៍​ណែនាំ៖ « បើ​ទោះ បី​ជា​ក្នុង​ខែ​ឧសភា កន្លង​ទៅ​នេះ មាន​ភាព​កាន់​តែ​​ល្អ​ប្រសើរ​ក្ដី ប៉ុន្តែ​ករណី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​មាន​តួលេខ​គួរ​ឲ្យ​​បារម្ភ​។ ជា​ពិសេស​អត្រា​ខ្ពស់ នៃ​គ្រោះ​ថ្នាក់​ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ និង​អត្រា​ខ្ពស់ នៃ​ការ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ពេល​មាន​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​កើត​មាន​។ ប្រការ​ទាំង​នេះ ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប បន្ត​យក​ចិត្ត​ទុក​ដាក់ ពង្រីង​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ និង​ត្រូវ​អនុវត្ត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក»

ទោះ​ជា​យ៉ាង​ណា សម្រាប់​អ្នក​ឃ្លាំមើល និង​ពលរដ្ឋ​វិញ បារម្ភ​ពី​គុណ​ភាព​នៃ​ការ​ប្រមូល​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​របស់​អាជ្ញាធរ មិន​អស់។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ សាទរ​ការ​រឹត​បន្តឹង​ច្បាប់​​ថ្មី​ បើ​តួលេខ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អាជ្ញាធរ​ គឺ​ជា​ការ​ពិត​។ លោក សង្កេត​ឃើញ​ថា ​គ្រាន់​តែ​ផ្លូវ​ជាតិ​លេខ​៥​​មួយ​ខ្សែ លោក ឃើញ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ យ៉ាង​តិច ៦ករណី ក្នុង​មួយ​ថ្ងៃ​។ លោក គង់ រតនៈ បារម្ភ​ថា ការ​ប្រមូល​ព័ត៌មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​អស់។

ជាង​នេះ​ទៅ​ទៀត អ្នក​ឃ្លាំមើល​រូប​នេះ ​​ចង់​ឲ្យ​​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​​ពិន័យ នៅ​ខែ​ថ្មី​នេះ ឲ្យ​ទាប​ជាង​នៅ​ខែ​ឧសភា​។ លោក ថា​ ត្បិត​តែ​ពលរដ្ឋ​ខ្លះ អត់​ហ៊ាន​បញ្ចេញ​មតិ​ពី​ការ​ផាក​ពិន័យ​ដូច​មុន តែ​លោក​ទទួល​ប្រតិកម្ម​ពី​ពលរដ្ឋ​ថា ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដូច​សព្វ​ថ្ងៃ​​ បណ្ដាល​​ឲ្យ​​ពួកគេ​ ​ជួប​វិបត្តិ​សេដ្ឋកិច្ច កាន់​តែ​លំបាក​ ព្រោះ​​គ្មាន​ប្រាក់​ចំណូល​ដូច​មុន​ និង​ប្រឈម​បញ្ហា​ជំពាក់​បំណុល​ធនាគារ​។ លោក ថា ពលរដ្ឋ​ខ្លះ ទ្រាំ​មិន​ហ៊ាន​និយាយ​ទេ​។

លោក បន្ត​ថា ចំពោះ​នីតិវិធី​ផាក​ពិន័យ និង​ឥរិយាបថ​របស់​ប៉ូលិស​ចរាចរណ៍​ទន់​ភ្លន់​ជាង​មុន តែ​ពលរដ្ឋ​ នៅ​តែ​មិន​សប្បាយ​ចិត្ត​ ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​។ លោក អះអាង​​ទៀត​ថា ពលរដ្ឋ​កែប្រែ​ឥរិយាបថ បើកបរ​ តែ​នៅ​មុខ​សមត្ថកិច្ច​​ប៉ុណ្ណោះ។ ឯ​នៅ​តាម​​ផ្លូវ តាម​ភ្លើងស្តុប​ ឬ​កន្លែង​ផ្សេង​ទៀត ​ដែល​គ្មាន​ប៉ូលិស​ចរាចរណ៍ អ្នក​បើកបរ​នៅ​តែ​​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដដែ៖ « ជា​រួម​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា យន្ត​ការ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ហ្នឹង ជា​រឿង​ល្អ ប៉ុន្តែ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​យើង គឺ​យើង​ចង់​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​ពិន័យ។ មិនមែន​​ឲ្យ​អត់​មាន​ការ​​រឹត​បន្តឹង​ច្បាប់​ទេ។ ការ​រឹត​បន្តឹង​ច្បាប់​ត្រូវ​តែ​ធ្វើ​ ក៏​ប៉ុន្តែ​ដោយសារ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន លោក​ប៉ះពាល់​ នឹង​វិបត្តិ​កូវីដ​១៩​ហ្នឹង គឺ​យើង​ចង់​ឲ្យ​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​ពិន័យ​ ទៅ​កម្រិត​មួយ​ដែល​ទាប ដែល​វា​មិន​ប៉ះពាល់​ខ្លាំង ដល់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ»

របាយការណ៍​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​ថា រយៈ​ពេល ១ខែ​ឧសភា ជា​ខែ​ដំបូង នៃ​ការ​បង្កើន​ការ​ផាក​ពិន័យ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​បាន​យានយន្ត ៤៤.៧៦៥​គ្រឿង ក្នុង​នោះ ម៉ូតូ ៣២.៧២៦​គ្រឿង និង​​រថយន្ត​គ្រប់​ប្រភេទ ១២.០៣៩​គ្រឿង។ រីឯ​ប្រាក់​ផាក​ពិន័យ ១ខែ​ដំបូង​នេះ បាន​ជាង ៣ពាន់​លាន​រៀល ស្មើ​ប្រមាណ ៧សែន​ដុល្លារ។ ប្រាក់​ដែល​បាន​ពី​ការ​ផាក​ពិន័យ​នេះ គឺ​ចំនួន ៩៥ភាគ​រយ ត្រូវ​ចែក​ឲ្យ​ប៉ូលិស​គ្រប់​អង្គភាព ដោយ​ចាត់​ទុក​ថា ជា​ប្រាក់​រង្វាន់ និង ៥ភាគ​រយ នៅ​សល់​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។