អ្នក​ប៉ោយប៉ែត​ទទូច​ឲ្យ​អាជ្ញាធរ​ធ្វើ​រនាំង​ការពារ ​កុំ​ឲ្យ​គ្រោះថ្នាក់​ដោយសារ​ធ្វើ​​ដំណើរ​ឆ្លង​ផ្លូវ​រថភ្លើង

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រួយបារម្ភ​ថា ខ្សែ​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត ដែល​រដ្ឋ​បើក​ដំណើរការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤មេសានោះ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​សត្វ​ដែល​ឆ្លង​កាត់​ផ្លូវ​រថភ្លើង ដោយសារ​គ្មាន​ស្លាក​សញ្ញា និង​រនាំង​ការពារ​សុវត្ថិភាព​នៅ​ទីតាំង​​ផ្លូវ​ ដែល​មាន​រថភ្លើង​ឆ្លងកាត់​ជា​ប្រចាំ។

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ធ្វើ​រនាំង​ការពារ​នៅ​លើ​ផ្លូវ​ដែល​មាន​​រថភ្លើង​​ឆ្លង​កាត់​ឲ្យ​ឆាប់​ ព្រមទាំង​ឲ្យ​​មាន​សមត្ថកិច្ច​ប្រចាំការ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់​ផ្លូវ​ទទួល​បាន​​​សុវត្ថិភាព។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ លោក សៀន វី រៀបរាប់​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​រដ្ឋ​បើក​ដំណើរការ​ឲ្យ​ខ្សែ​រថភ្លើង​ជា​លើក​ដំបូង​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ក្រុង​សិរីសោភ័ណ​រត់​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មេសា​នោះ។ ពលរដ្ឋ​រូប​នេះ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ខ្សែ​រថភ្លើង​ដែល​ដំណើរ​ការ​ថ្មី​នេះ គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត​​មនុស្ស ​និង​សត្វ​ ដែល​ឆ្លង​កាត់​នៅ​ពេល​ខាង​មុខ ព្រោះ​រដ្ឋអំណាច​មិន​បាន​ដាក់​សញ្ញា ឬ​ធ្វើ​ជា​រនាំង​ការពារ​តាម​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ៖ « ខ្ញុំ​ព្រួយបារម្ភ​នៅ​ពេល​រថភ្លើង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ ព្រោះ​ប្រជាពលរដ្ឋ​អត់​បាន​ដឹង​ថា​រថភ្លើង​ចេញ​ដំណើរ​ពីម៉ោង​ណា​ដល់​ម៉ោង​ណា​នោះ​ទេ​។ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ដូច​ជា​កូន​ក្មេង​រត់​កាត់​ផ្លូវ​រថភ្លើង​ ឬ​មួយ​មាន​សត្វ​ដែល​ក្មេង​ឃ្វាល​ហើយ​ពួកគាត់​មិន​ដឹង​ ហើយ​គាត់​ដេញ​កាត់​ផ្លូវ​ទៅ​ជួល​កាល​អាច​រទេះ​ភ្លើង​បុក ស្លាប់​បាន​ដែរ »

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគ​ច្រើន​ចង់​សាកល្បង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ព្រំដែន​ថៃ​ទៅ​ក្រុង​សិរីសោភ័ណ ប៉ុន្តែ​ពលរដ្ឋ​រូប​នេះ​ក៏​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរ​ ដែល​អាច​នឹង​កើត​មាន​ដោយសារ​រថភ្លើង​មួយ​ខ្សែ​នេះ៖ « នៅ​ក្រុង​ប៉ោយប៉ែត​ឃើញ​មាន​រនាំង​ការពារ​ខ្លះ​ ចំណែក​នៅ​សង្កាត់​កណ្ដាល​មិន​មាន​រនាំង​ការពារ​ទេ ដល់​អីចឹង​ខ្ញុំ​គិត​ថា​វា​អាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ដែរ ព្រោះ​បើ​យើង​អត់​មាន​រនាំង​ការពារ​ផង​ គឺ​វា​មិន​ទៀត​ទេ »

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មេសា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​ខ្សែ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ គឺ​ប្រវែង ៤៨​គីឡូម៉ែត្រ ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ឥត​បង់​ប្រាក់​រយៈ​ពេល ៣​ខែ។

លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា អ្នក​កាសែត​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​ដល់​ពលរដ្ឋ ដើម្បី​ការពារ​កុំ​ឲ្យ​ពួកគាត់​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយសារ​រថភ្លើង​ឆ្លង​កាត់​ផ្លូវ​ នៅ​តំបន់​ដែល​ពួកគាត់​រស់​នៅ​នោះ៖ « ផ្លូវ​រថភ្លើង​ដំណើរ​ការ​ហើយ​ ម្យ៉ាង​ទៀត​គេ​ដាក់​បារ៉ាស់​សុំ​ឈប់​ឡាន​ខ្លះ​បើក​លឿន​ជាង​រទេះ​ភ្លើង ហើយ​រទេះ​អត់​មាន​បង្អន់​ល្បឿន​កើត​ទេ ដូច្នេះ​សុំ​បងប្អូន​ប្រយ័ត្នប្រយែង​ឲ្យ​មែន »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា អ្នក​យក​ព័ត៌មាន​មិន​អាច​ផ្សព្វផ្សាយ​ដំណឹង​ដល់​ពលរដ្ឋ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ​ នៅ​ពេល​រថភ្លើង​ឆ្លង​កាត់​​​បាន​នោះ​ទេ។ លោក​បន្ថែម​ថា បញ្ហា​នេះ គឺ​មាន​តែ​រដ្ឋអំណាច​ទេ​ដែល​អាច​ធ្វើ​រនាំង​ការពារ​​សុវត្ថិភាព​ជូន​ពលរដ្ឋ​បាន៖ « ដូច្នេះ​ត្រូវ​រៀបចំ​បង្ការ។ អ្នក​កាសែត​គ្រាន់​តែ​ផ្សាយ​ថ្ងៃ​នេះ គឺ​ស្អែក​ឡើង​ភ្លេច​អស់​ហើយ។ យើង​ត្រូវ​តែ​រាំង​ត្រូវ​តែ​អី ដើម្បី​ឲ្យ​ដឹង​ថា រថភ្លើង​មក​ម៉ោង​ប៉ុន្មាន យើង​ត្រូវ​តែ​មាន ព្រោះ​កន្លង​មក​យើង​ឃើញ​នៅ​ខាង​ខេត្ត​កំពង់ឆ្នាំង​អី​មាន​គ្រោះ​ថ្នាក់​ចរាចរ​ដោយសារ​រថភ្លើង​នឹង​ជា​រឿយៗ។ អីចឹង​ហើយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បញ្ហា​នឹង​កើត​ឡើង​ គួរ​តែ​រៀបចំ​ការពារ​បង្ការ​ទុក​ជា​មុន »

ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​វិញ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា A.D.B និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល។ ផ្លូវ​ដែក​មួយ​ខ្សែ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ខែ​កក្កដា ឆ្នាំ​២០១៨។ចំណែក​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​នេះ ចាប់​ចេញ​ដំណើរ​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៥​រសៀល និង​មាន​ស្ថានីយ​ចំនួន ៦ រួមមាន ស្ថានីយ​សិរីសោភ័ណ ស្ថានីយ​ទឹកថ្លា ស្ថានីយ​សាលា​សំរោង ស្ថានីយ​សូភី ស្ថានីយ​កូប និង​ស្ថានីយ​ប៉ោយប៉ែត ដោយ​ប្រើ​ពេល ១​ម៉ោង និង ១៥​នាទី។ រថភ្លើង​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រមាណ ១០០​នាក់ ហើយ​ក្នុង​ជំហាន​ដំបូង​នេះ​ គឺ​ចេញ​ដំណើរ​មួយ​ថ្ងៃ ៣​ជុំ គឺ​ស្មើនឹង ៦​ជើង។

ថ្មីៗ នេះ របប​លោក ហ៊ុន សែន ក៏​​បើក​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ របស់​សាលា​រាជធានី​ភ្នំពេញ មិន​បាច់​បង់​ប្រាក់​ដែរ ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ លេខ ៣ លេខ ៤ លេខ ៥ និង​លេខ ៦។

ការ​ផ្តល់​​​សេវា​​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេលនេះ ត្រូវ​បាន​​​ប្រធាន​សម្ព័ន្ធ​សហជីព ​ស៊ីខៅឌូ (C-CAWDU) លោក អាត់ ធន់ ចាត់​ទុក​ថា ជា​ការ​ឃោសនា​មុន​ការ​បោះឆ្នោត ដើម្បី​ទាក់ទាញ​ឱ្យ​ប្រជា​ពលរដ្ឋ ឬ​កម្មករ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។