ក្រុមហ៊ុនផលិតផលម៉ាកយីហោល្បីៗ ទាមទារឱ្យរបបលោក ហ៊ុន សែន ឆ្លើយតបទៅនឹងសំណើរបស់ពួកគេជុំវិញការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលពួកគេបានលើកឡើងកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។ ក្រុមហ៊ុនទាំងនោះព្រួយបារម្ភថា កម្ពុជានឹងបាត់បង់ប្រយោជន៍ពីការអនុគ្រោះពន្ធនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅតែយ៉ាប់យ៉ឺនដូចពេលបច្ចុប្បន្ននេះ។ សហជីពឯករាជ្យថា សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបញ្ជាទិញធំៗ នេះ គឺជារឿងមួយដ៏គួរឱ្យព្រួយបារម្ភ។
ក្រុមហ៊ុនធំៗ ដែលបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា ព្រមានថា ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ កំពុងរុញច្រានកម្ពុជា ឱ្យជួបប្រទះនឹងហានិភ័យនៃការបាត់បង់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មពីទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនបញ្ជាទិញធំៗ អះអាងបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបប្រកាសពីដំណើរការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ” ឬ EBA។ ចំណែកឯសមាជិកសភាសហរដ្ឋអាមេរិកវិញ ក៏បានស្នើច្បាប់ដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬGSP ពីកម្ពុជាដែរ។ ពួកគេថ្លែងទៀតថា រឿងទាំងអស់នេះកើតឡើងដោយសារតែការមិនគោរពស្តង់ដារការងារ និងបញ្ហាផ្សេងទៀតទាក់ទងនឹងការមិនគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមហ៊ុនធំៗ ទាំងនោះ មានដូចជា អាឌីដាស (Addidas) ណៃគី (Nike) ហ្គែប (Gap Inc.) លីវ៉ាយ (Levi Strauss & Co.) ញូបាលែន (New Balance) អាន់ឌើ អាមើរ (Under Armour) និង វីអេហ្វ (VF) ព្រមទាំងក្រុមហ៊ុនទិញសំលៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរពីកម្ពុជាផ្សេងទៀត សរុបទាំងអស់ ចំនួន ២០ក្រុមហ៊ុន។
ការក្រើនរំឭករបស់ក្រុមហ៊ុនបញ្ជាទិញទាំងនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នាមួយ នៅថ្ងៃទី២ ឧសភា ជូនចំពោះមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន។ ក្រុមហ៊ុនបញ្ជាទិញទាំងនោះ បញ្ជាក់ថា ពួកគេបានលើកឡើងពីក្ដីបារម្ភនេះប្រាប់ទៅរបបក្រុងភ្នំពេញជាច្រើនដងមកហើយ ហើយក៏មានភ្ជាប់មកជាមួយនូវសំណើចង់ឃើញការកែប្រែស្ថានភាពនេះដែរ ក៏ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនបានទទួលការឆ្លើយតបណាមួយពីរបបក្រុងភ្នំពេញឡើយ។
ក្រុមហ៊ុនបញ្ជាទិញធំៗ អះអាងថា ពួកគេនៅតែរង់ចាំការឆ្លើយតបពីរបបក្រុងភ្នំពេញ ហើយក៏រង់ចាំធ្វើការជាមួយរបបនេះផងដែរ ដើម្បីធានាអនាគតដ៏ភ្លឺស្វាងរបស់កម្មករខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការឆ្លើយតបទៅនឹងកង្វល់របស់ក្រុមហ៊ុនបញ្ជាទិញទាំងនេះបានឡើយ នៅថ្ងៃទី៣ មេសា ដោយពួកលោកមិនលើកទូរស័ព្ទ។ ចំណែកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ វិញ បដិសេធផ្ដល់សម្ភាស ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនអាចព្រងើយកន្តើយចំពោះកង្វល់របស់ក្រុមហ៊ុន ទាំងនេះឡើយ ព្រោះពួកគេជាអ្នកបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា ក្នុងទ្រង់ទ្រាយធំ ដែលមានទឹកប្រាក់ដល់រាប់ពាន់លានដុល្លារអាមេរិក។ លោកបន្តថា ប្រសិនបើពួកគេបញ្ឈប់ការបញ្ជាទិញ នោះកម្មកររាប់សែននាក់នឹងអត់ការងារធ្វើ ដូច្នេះលោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានការណ៍សិទ្ធិមនុស្ស និងសិទ្ធិការងារ ឱ្យបានប្រសើរឡើងវិញ តាមអនុសាសន៍របស់ក្រុមហ៊ុនបញ្ជាទិញ និងសហភាពអឺរ៉ុប៖ «ក្រុមហ៊ុនអ្នកបញ្ជាទិញ ប្រសិនបើគេឈប់បញ្ជាទិញហើយ យើងមិនអាចនាំចូលទៅបានទេ។ ពេលហ្នឹងកម្ពុជាយើងត្រូវចប់តែម្ដង ហើយកម្មករជាង ៨០ម៉ឺននាក់ អត់មានការងារធ្វើ ហើយអ្នកដែលទទួលផលប្រយោជន៍តាមរយៈកម្មករហ្នឹង រាប់លាននាក់នឹងមានផលប៉ះពាល់។ អ៊ីចឹងយើងមើលឃើញថា វាមានទំហំធំណាស់។ រដ្ឋាភិបាលត្រូវតែគិតឡើងវិញ ជុំវិញបញ្ហាការលើកឡើងរបស់ក្រុមហ៊ុនអ្នកបញ្ជាទិញនេះ»។
ក្រុមហ៊ុនដែលបានសម្ដែងកង្វល់ ភាគច្រើនសុទ្ធតែជាអ្នកបានបញ្ជាទិញផលិតផលវាយនភ័ណ្ឌ តាំងតែវិស័យកាត់ដេរកម្ពុជា ចាប់កំណើតឡើងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ហើយកាលពីឆ្នាំមុន ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេជាមួយក្រុមហ៊ុនផ្គត់ផ្គង់នៅកម្ពុជា មានតម្លៃជាទឹកប្រាក់ដល់ទៅ ៩,៥ពាន់លានដុល្លារអាមេរិក (USD $9.5 billion)។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ក្រុមហ៊ុនបញ្ជាទិញនឹងមិនបញ្ឈប់ការទាមទារនេះឡើយ ដរាបណាអនុសាសន៍របស់ពួកគេដែលចង់ឃើញភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា មិនត្រូវបានអនុវត្តទេនោះ។ លោកមើលឃើញថា ក្រុមហ៊ុនដែលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នានេះ សុទ្ធសឹងតែជាក្រុមហ៊ុន ដែលបានបញ្ជាទិញផលិតផលពីកម្ពុជា ក្នុងចំនួនដ៏ច្រើន និងមានតម្លៃថ្លៃ មិនមែនជាក្រុមហ៊ុនធម្មតានោះឡើយ។ លោកបន្តថា ជាទូទៅ ក្រុមហ៊ុនច្រើនតែផ្ដោតទៅលើប្រាក់ចំណេញ និងឱកាសវិនិយោគកាន់តែច្រើន ក៏ប៉ុន្តែក្នុងករណីកម្ពុជា ក្រុមហ៊ុនទាំងនោះក៏ត្រូវផ្ដោតលើការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារជាចម្បងផងដែរ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ពួកគេ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ព្យាយាមរកដំណោះស្រាយយ៉ាងណា ឱ្យកម្ពុជានៅតែទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធលើទីផ្សារអឺរ៉ុប និងអាមេរិក តទៅទៀត៖ «នេះជាឥរិយាបថមួយល្អបំផុតហើយ ដែលគេបង្ហាញឱ្យយើងឃើញ ព្រោះអ្នកបញ្ជាទិញខ្លះ គេមិនទាំងបង្ហាញផង។ នៅពេលគេដក ដកគ្រឹប ពេលគេដាក់ ដាក់គ្រឹប។ អ៊ីចឹងអាហ្នឹងពិបាកវិញទេ។ ខ្ញុំមើលទៅ គឺពួកគេដូចជានៅតែមានមនោសញ្ចេតនាក្នុងការបន្តការងារ ឬក៏វិនិយោគនៅស្រុកខ្មែរតទៅទៀត។ អ៊ីចឹងបានថា ឱកាសនេះ បើយើងមាន EBA និង GSP បន្តទៀតល្អ មានន័យថា ខាងគេកាន់តែគំហុកមកស្រុកយើងកាន់តែច្រើន។ តែបើអត់មាន មានន័យថា គេអាចនឹងពិចារណា ឬយើងអាចនឹងប្រឈមអ្វីផ្សេង ដែលយើងមិនអាចទស្សន៍ទាយដឹងថា ទំហំយ៉ាងម៉េចទេ»។
កាលពីចុងឆ្នាំ២០១៨ កន្លងទៅ តំណាងក្រុមហ៊ុនបញ្ជាទិញធំៗ បានអំពាវនាវឱ្យរបបលោកក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់បែបនយោបាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព។ បន្ថែមពីលើនេះ ពួកគេបានជំរុញឱ្យរបបលោក ហ៊ុន សែន ធ្វើវិសោធនកម្មច្បាប់សហជីព និងបទបញ្ញត្តិទាំងឡាយ ដែលរារាំងកម្មករមិនឱ្យបង្កើត និងចូលរួមជាមួយសហជីពបានដោយសេរី។ ពួកគេក៏បានដាស់តឿនរបបក្រុងភ្នំពេញឱ្យអនុវត្តសិទ្ធិការងារឱ្យបានល្អប្រសើរផងដែរ ដើម្បីឱ្យចំណែកទីផ្សារកម្ពុជាអាចរីកចម្រើនឡើង និងមាននិរន្តភាព។ ពួកគេបានព្រមានចំៗ ថា ប្រសិនបើកម្ពុជាពិតជាចង់រក្សាទំនុកចិត្តរបស់ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗ មែននោះ របបនេះត្រូវតែគោរពឱ្យបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ជាច្រើនខែមកនេះ របបក្រុងភ្នំពេញមិនបានឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះសំណើទាំងនេះឡើយ ហើយអ្វីដែលរបបនេះកំពុងធ្វើនោះ គឺការអនុវត្តកំណែទម្រង់ទាក់ទាញចិត្តអ្នកវិនិយោគទៅវិញ។ ក្រៅពីនេះ របបក្រុងភ្នំពេញក៏បានស្វះស្វែងរកអន្តរាគមន៍ពីប្រទេសចិន ដើម្បីឱ្យជួយទប់ទល់នឹងស្ថានភាពដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុបផងដែរ។
សហជីពឯករាជ្យ និងអ្នកឃ្លាំមើលសង្គមយល់ឃើញស្របគ្នាថា ប្រទេសចិននឹងមិនមានលទ្ធភាពស្រោចស្រង់ស្ថានការណ៍ដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។ ពួកគេថា ដំណោះស្រាយតែមួយគត់ដែលត្រូវធ្វើនោះ គឺការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ប្រសិនបើរបបក្រុងភ្នំពេញ ឱ្យតម្លៃលើផលប្រយោជន៍ជាតិជាធំ និងគិតគូរវែងឆ្ងាយដល់អនាគតរបស់ពលរដ្ឋខ្លួនឯងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។