ផល​ប៉ះពាល់​ដល់​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ឆ្នាំ​២០២១

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​រដ្ឋាភិបាល​អូស្ត្រាលី ចេញ​សេចក្តី​ប្រកាស​ពត៌មាន​រួម កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា បញ្ជាក់​ថា វិធានការ​គាំពារ​សង្គម និង​វិធានការ​ស្តារ​សេដ្ឋកិច្ច​ដទៃទៀត​របស់​រដ្ឋាភិបាល គឺជា​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន ក្នុង​អំឡុង​ពេល​រាតត្បាត​សកល​នៃ​ជំងឺ​កូវីដ១៩។

ការ​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នេះ គឺ​ប្រើប្រាស់​ទិន្នន័យ​សេដ្ឋកិច្ច​ជាក់ស្តែង ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច ភាព​ក្រីក្រ ការនាំចេញ​សម្លៀកបំពាក់ វិស័យ​សំណង់ សណ្ឋាគារ ភោជនីយដ្ឋាន និង​សារ​គមនាគមន៍ ជាដើម។

ទោះបីជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លើកឡើង​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើង ផ្នែក​ជីវភាព​រស់នៅ ទាំង​ប្រាក់ចំណូល និង​ការ​ចំណាយ​ប្រចាំថ្ងៃ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ( IDEA) លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ការ​ពិត ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង របស់​ពលរដ្ឋ​នោះ​ឡើយ៖ «នៅក្នុង​ស្ថានភាព​ក​វីដ​នេះ បើ​យើង​មើលឃើញ​ថា កាត់បន្ថយ​ក្រីក្រ ខ្ញុំ​គិតថា អ្នក​វាយ​តម្លៃ​ហាក់ដូចជា​មិនបាន​មើល​ពី​ស្ថានភាព​ពិត នៃ​ការរស់នៅ​របស់​ពលរដ្ឋ។ ពលរដ្ឋ​ជំពាក់​ធនាគារ បើ​និយាយ​ពី​អ្នក​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​សមាជិក​សមាគម ប្រមាណ​៧០ % ក្រៅពី​ហ្នឹង អ្នក​អត់​មាន​លុយ​បង់​ថ្ងៃ​ទឹក​ថ្លៃ​ភ្លើង អ្នក​បាត់បង់​មុខរបរ អត់​បាន​បង្ហាញ​ស្ថានភាព​ពិត​ទេ។ ទាក់ទង​នឹង​ជំនួយ​សង្គម​អ្នក​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​តិចតួច​ទេ»។

ទោះបីជា ក្រសួង​សេដ្ឋកិច្ច កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជាក់​ថា វិធានការ​គាំពារ​សង្គម និង​ការ​ស្តារ​សេដ្ឋកិច្ច​ដទៃ​ទៀត​របស់​រដ្ឋាភិបាល មាន​ប្រសិទ្ធភាព​ក៏ដោយ ក៏​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​ប្រចាំ​កម្ពុជា អ្នកស្រី អាលីហ្សា ចាកឃឺរ (Alissar Chaker) បញ្ជាក់​ថា ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​គួរ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​ជំរុញ​ការ​ស្ដារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​និរន្តរភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។