សហជីព​រំពឹង​ថា ការ​វាយ​តម្លៃ និង​ដាក់​លក់​សម្ភារៈ​ក្នុង​រោងចក្រ ២កន្លែង​នៅ​ក្រុង​តាខ្មៅ​នឹង​អាច​ដោះស្រាយ​បញ្ហា​ជូន​កម្មករបាន

ដោយ ឡេង ម៉ាលី
2020.11.23
កម្មករ Dignity Knitter កម្មករ Dignity Knitter យាម​ខាង​មុខ​រោងចក្រ​រង់ចាំ​ដំណោះស្រាយ​​ពី​ថៅកែ ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

នៅ​សល់ ៣ថ្ងៃ​ទៀត ក្រុមហ៊ុន​​អចល​ទ្រព្យ​អន្តរជាតិ​មួយ នឹង​បញ្ចប់​ការ​វាយ​តម្លៃ និង​​ដាក់​ឲ្យ​ដេញ​ថ្លៃ​សម្ភារៈ​ជា​ច្រើន​ក្នុង​រោងចក្រ​ចំនួន​ពីរ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​​មាន​វិវាទ​ការងារ​អូស​បន្លាយ​ជិត ១ឆ្នាំ រវាង​កម្មករ​ជាង ១ពាន់​នាក់ ​និង​ថៅកែ​ចិន​ហុងកុង។ មន្ត្រី​សហជីព និង​កម្មករ​រំពឹង​ថា លទ្ធផល​ដែល​ចេញ​ពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់នោះ អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ការងារ​ជូន​កម្មករ​បាន។

មន្ត្រី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ លោក ស៊ាង យ៉ូត ឲ្យ​ដឹង​ថា ក្រុមហ៊ុន អ៊ីឃ្វីប​ណែត (E-Quiptnet) នឹង​បញ្ចប់​ការ​បូក​សរុប​តម្លៃ​ទំនិញ និង​សម្ភារៈ​ជា​ច្រើន​ក្នុង​រោងចក្រ (Dignity Knitter Limited) និង​រោងចក្រ អេខូ បេស (Eco Base) ត្រឹម​ថ្ងៃ​ទី២៦ វិច្ឆិកា​ខាង​មុខ ហើយ​តុលាការ​ខេត្ត​កណ្ដាល​ក៏​នឹង​ចេញ​នីតិវិធី​មួយ ដើម្បី​បើក​ឲ្យ​មាន​ការ​លក់​ដេញ​ថ្លៃ​របស់​ទាំង​អស់​នោះ ដើម្បី​យក​ប្រាក់​បើក​ឲ្យ​កម្មករ​ជាង ១ពាន់​នាក់។

លោក​ បន្ត​ថា ទំហំ​ទឹក​ប្រាក់​សរុប​នៃ​ការ​វាយ​តម្លៃ​របស់​ក្នុង​ក្រុមហ៊ុន​នៅ​ទាន់​ដឹង​ឡើយ​ ប៉ុន្តែ​ចំពោះ​ទឹក​ប្រាក់​សរុប​ ដែល​ត្រូវ​បើក​ឲ្យ​កម្មករ​សរុប​ទាំង​អស់ ១.១២៦នាក់ គឺ​ប្រមាណ​ជាង ២លាន ២០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មន្ត្រី​សហជីព​រូប​នេះ​រំពឹង​ថា ទឹក​ប្រាក់​ដែល​នឹង​បាន​មក​ពី​ការ​លក់​សម្ភារៈ​នៅ​ពេល​ខាង​មុខ នឹង​អាច​បើក​ឲ្យ​កម្មករ​បាន ព្រោះ​មាន​សម្ភារៈ​ជា​ច្រើន​នៅ​ក្នុង​រោងចក្រ ដែល​ថៅកែ​មិន​បាន​ដឹក​បញ្ជូន​ចេញ​ទៅ​ក្រៅ ដូច​ជា​រោងចក្រ​ផ្សេង​ទៀត​នោះ​ទេ៖ «ការ​រាប់​ជាមួយ​គ្នា ជាមួយ​តុលាការ និង​តំណាង​កម្មករ​ហ្នឹង ឃើញ​ថា​ទ្រព្យ​សម្បត្តិ​ហ្នឹង គឺ​ច្រើន បើ​សិន​ជា​លក់​ទឹក​ប្រាក់​ហ្នឹង គឺ​អាច​យក​មក​បើក​ឲ្យ​បង​ប្អូន​កម្មករ​បាន អាច​នឹង​បាន​គ្រប់។ យើង​ឃើញ​ថា ទ្រព្យ​សម្បត្តិ​គឺ​ច្រើន​ ហើយ​ឥវ៉ាន់​សុទ្ធ​តែ​មាន​តម្លៃ​គួរ​សម​ដែរ។ អ៊ីចឹង! អាច​យក​ហើយ យក​ប្រាក់​មក​បើក​ឲ្យ​បងប្អូន​កម្មករ​បាន​គ្រប់»

កម្មការិនី​ផ្នែក​ដេរ​រោងចក្រ អេខូ បេស (Eco Base) លោកស្រី ឡេង ស្រី ថ្លែង​ថា វិវាទ​ការ​ងារ​ជាមួយ​ភាគី​ថៅកែ​ ដែល​អូស​បន្លាយ​ជិត​ ១ឆ្នាំ​មក​នេះ គឺ​ល្មម​ដល់​ពេល​ដោះស្រាយ​បញ្ចប់​ឲ្យ​កម្មករ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​ថវិកា​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ និង​ស្វែង​កន្លែង​ការ​ងារ​ធ្វើ​ថ្មី។

លោកស្រី​ស្នើ​ដល់​ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​យ៉ាង​ណា ឲ្យ​ការ​ដាក់​ដេញ​ថ្លៃ​នៅ ពេល​ខាង​មុខ​ ទទួល​បាន​ចំណូល​សមរម្យ ដើម្បី​យក​ទៅ​បែង​ចែក​ឲ្យ​កម្មករ​បាន​គ្រប់ៗ គ្នា៖ «របស់​ទាំង​ហ្នឹង បង​សុំ​ឲ្យ​គាត់​លក់​ទៅ​ ព្រោះ​របស់​២​រោងចក្រ​ហ្នឹង វា​ច្រើន​ដែរ។ វា​អាច​ទូទាត់​ឲ្យ​កម្មករ​បាន​គ្រប់​ចំនួន​ហើយ បើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ។ ខ្ញុំ​សំណូម​ពរ​ ប៉ុន​ហ្នឹង ព្រោះ​របស់​របរ​ច្រើន​ដែរ​តើ។ បើក​ឲ្យ​គ្រប់​ជូន​កម្មករ​មក អាណិត​គ្នា ព្រោះ​គ្នា​ចាំ​យូរ​ខែ​ដែរ​ហើយ»

ឆ្លើយ​តប​រឿង​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា រឿង​ដាក់​លក់​ដេញ​ថ្លៃ​ឥវ៉ាន់​នៅ​ក្នុង​រោងចក្រ​ទាំង​ពីរ​នេះ គឺ​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ដំណោះ​ស្រាយ​ជូន​កម្មករ​ឲ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក​បញ្ជាក់​ថា នៅ​ពេល​តុលាការ​បញ្ចប់​នីតិវិធី ហើយ​ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ នឹង​មាន​ការ​ចូល​រួម​ពិនិត្យ​តាមដាន​ពី​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ដំណើរ​ការ​រឿង​នេះ គឺ​ត្រឹម​ត្រូវ និង​អាច​ទទួលយក​​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​អស់។ លោក​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ចូល​រួម​​ដេញ​ថ្លៃ​ទិញ​យក​ឥវ៉ាន់​ក្នុង​រោងចក្រ​ទាំង​ពីរ​នេះ ក្នុង​តម្លៃ​មួយ​សមរម្យ៖ «ខ្ញុំ​ជំរុញ​រឿង​ហ្នឹង​ជាប់ សូម​ធ្វើ​ឲ្យ​បាន​លឿន​តាម​នីតិវិធី។ អ៊ីចឹង​ហើយ! ខ្ញុំ​ប្រើ​វិធី​មួយ សូម​ឲ្យ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​កម្មករ​ទាំង​អស់​នៅ​អង្គុយ​មើល​បង​ប្អូន​គ្រប់​គ្នា។ បង​ប្អូន​ធ្វើ​ត្រឹម​ត្រូវ​ គាត់​សាទរ​សប្បាយ​ហើយ តែ​បើ​ធ្វើ​មិន​ត្រឹមត្រូវ បង​ប្អូន​ជាប់​ប្រឡាក់​នឹង​រឿង​ហ្នឹង​ហើយ។ ហើយ​អង្គភាព​លោក​អង្គុយ​ត្រួត​ពិនិត្យ​មើល។ អ៊ីចឹង! ត្រូវ​លឿន បាន​ការ​លក់​ឡាយឡុង បាន​លុយ​បាន​កាក់​ដល់​ពួក​គាត់​ នូវ​អ្វី​ដែល​ប្រាក់​ត្រូវ​ទទួល​បាន»

កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Knitter Limited) និង​រោងចក្រ អេខូបេស (Eco Base) បាន​ផ្ទុះ​ការ​តវ៉ា កាលពី​​ខែ​ធ្នូ ឆ្នាំ២០១៩ ដោយសារ​ថៅកែ​រោងចក្រ​បិទ​រោងចក្រ​ភ្លាមៗ ដោយ​មិន​ទូទាត់​សំណង​តាម​ច្បាប់​ការងារ ដូច​ជា មិន​ព្រម​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ​ជាដើម។

រោងចក្រ​ទាំង​ពីរ មាន​ថៅកែ​តែមួយ​ជា​ជនជាតិ​ចិន​ហុងកុង និង​មាន​ទីតាំង​ជាប់​គ្នា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២១ ក្នុង​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ។ រោងចក្រ​ទាំងពីរ​នេះ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្រោមជើង ដូច​គ្នា គឺ​ប្រភេទ​ចាក់ និង​តម្បាញ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប ១.១២៦នាក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។