លោក​ ​អាត់​ ​ធន់​ ​ថា​រដ្ឋាភិបាល​ផាត់​ពួកគាត់​ចោល​រឿង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ

0:00 / 0:00

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ ​អាត់​ ​ធន់​ ​ថា​រដ្ឋាភិបាល​ ​បាន​ផាត់​ពួកគាត់​ចោល​ ​ដែល​ធ្វើឲ្យ​តំណាង​សហជីព​ ​មិន​មានឱកាស​ចូលរួម​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ ​ជុំវិញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ​សម្រាប់​ឆ្នាំ​ ​២០២២-២០២៧។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ ​អាត់​ ​ធន់​ ​ថា​កាលពី​ដំបូង​ៗ​ ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ខាង​សហជីព​ ​ចូលរួម​ពិភាក្សា​រឿង​នេះ​បាន​ខ្លះ​ដែរ​។​ ​ប៉ុន្តែ​ ​ក្រោយៗ​មក​ ​ពោល​គឺ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាពិសេស​ក្នុង​សម័យ​កូវីដ​-​១៩​ ​ពួក​លោក​ត្រូវ​គេ​ផាត់ចោល​។​

លោក​បន្ត​ថា​ ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​​កាត់​ដេរ​នេះ​ ​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​ចំណែក​កម្ពស់​និរន្តរភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​។​ ​លោក​បន្ថែម​ថា​ ​កន្លងមក​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (​ILO) ​បាន​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​២​០​១​៧​ ​ដោយ​រក​ឃើញ​ថា​ ​បើ​កម្ពុជា​មិន​កែ​ទម្រង់​វិស័យ​កាត់​ដេរ​បច្ចុប្បន្ននេះ​ទេ​ ​នោះ​នឹង​មាន​ផលវិបាក​កើតឡើង​សម្រាប់​កម្មករ​។​ ​លោក​ ​អាត់​ ​ធន់​ ​បន្ថែម​ ​ថា​ផលវិបាក​ធំបំផុត​សម្រាប់​កម្មករ​នោះ​ ​គឺ​ក្នុងរយៈពេល​ ​១​០​ ​ឆ្នាំខាងមុខ​នេះ​ ​កម្ពុជា​នឹង​បាត់បង់​ការងារ​ ​និង​ឱកាស​វិនិយោគ​រហូតដល់​ ​៧០​%​។​

ទោះ​ជា​លោក​សោកស្ដាយ​ដែល​តំណាង​សហជីព​ ​ត្រូវ​រដ្ឋាភិបាល​ផាត់ចោល​យ៉ាងនេះ​ក្ដី​ ​ក៏​លោក​ ​អាត់​ ​ធន់​ ​សាទរ​ចំពោះ​កា​រដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​នេះ​ដែរ​ ​ព្រោះ​លោក​សង្កេតឃើញ​ ​ថា​ខ្លឹមសារ​នៃ​យុទ្ធ​សាស្រ្ត​នេះ​ ​មាន​ចំណុចវិជ្ជមាន​ច្រើន៖ « ក្របខណ្ឌ​គោល​នយោបាយ​ហ្នឹង​ ​គេ​ធ្វើការ​កែ​ទម្រង់​ដើម្បី​លុបបំបាត់​ការិយាល័យ​ធិបតេយ្យ ​ឲ្យ​មានការ​កាត់បន្ថយ​នូវ​ភាព​ស្មុគ​ស្មាញ​នៃ​ការនាំចេញ​នាំចូល​ ​ឬក៏​ការ​ចុះបញ្ជី​ ​និង​លើកទឹកចិត្ត​វិនិយោគ​ឲ្យ​មក​វិនិយោគ​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត​អគ្គីស​នី​ ​ទឹក​ភ្លើង​ជាដើម»។

​ប្រតិកម្ម​របស់​តំណាង​សហជីព​ឯករាជ្យ​រូប​នេះ​ ​ធ្វើឡើង​ក្រោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃ​ទី​២១ ​ខែ​​មីនា​ ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិ​ស័យ​កាត់​ដេរ​ ​ផលិត​ស្បែកជើង​ ​និង​កាបូប​កម្ពុជា​ ​២​០២២​-​២០២៧​»​។​

​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​អះអាង​ទៀត​ថា​ ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​​កាត់​ដេរ​នេះ​ ​មាន​គោលបំណង​ធ្វើឲ្យ​វិស័យ​កាត់​ដេរ​ ​ទៅជា​ឧស្សាហកម្ម​ ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។​

ក្រសួង​ចាត់​ទុក​វិស័យ​​នេះ​ ​ជា​វិស័យ​អាទិភាព​មួយ​ ​ក្នុង​ការ​រួមចំណែក​យ៉ាងខ្លាំងក្លា​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។​ ​ក្រសួង​បន្ថែម​ថា ​វិស័យ​កាត់​ដេរ​បន្ត​ឈរ​នៅ​លំដាប់​ទីមួយ​ ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ ​ហើយ​ការនាំចេញ​នេះ​ ​គឺ​ដោយសារ​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​។​ ​ក្រសួង​បន្ថែម​ថា​ វិស័យ​កាត់​ដេរ​ ​បាន​ចូលរួម​ទ្រទ្រង់​ជីវភាព​របស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​យ៉ាងហោចណាស់​ពី​ ​២,៥​ ​លាន​ ​ទៅ​ ​៣​លាន​នាក់​ ​ដែល​កំពុង​អាស្រ័យផល​ដោយ​ផ្ទាល់​ ​និង​ដោយប្រយោល​។​

ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ក្រសួង​មិនបាន​បញ្ជាក់​អំពី​យន្ត​ការដំឡើង​ប្រាក់ឈ្នួល​របស់​កម្មករ​ ​ដែល​ខាង​សហជីព​ត្អូញ​ត្អែថា ​នៅ​កម្រិត​តិចតួចស្តួចស្តើង​ ​មិន​សមស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ​នោះ​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ ​បញ្ហា​សិទ្ធិ​ការងារ​ ​និង​សិទ្ធិ​សេរីភាព​របស់​សហជីព​ឯករាជ្យ​ ​ក៏​មិន​មាន​រៀបរាប់​នៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិ​ស័យ​កាត់​ដេរ​នេះ​នោះ​ដែរ​។​

​វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​ ​ជុំវិញ​ការ​មិន​ហៅ​តំណាង​សហជីព​ឯករាជ្យ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ពិក្សា​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​​កាត់​ដេរ​នេះ​ ​និង​បញ្ហា​ប្រាក់ឈ្នួល​ ​និង​សិទ្ធិ​ការងារ​ ​បាន​នៅឡើយ​ទេ​។​

កន្លងមក​ប្រទេស​កម្ពុជា​ ​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ ​ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​២០​% ​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់តាំង​ពី​ខែ​​សីហា​ ​ឆ្នាំ​​២​០២០​ ​ក្រោយ​គណៈកម្មការ​អឺរ៉ុប​រក​ឃើញ​ការរំលោភ​សិទ្ធិមនុស្ស​ ​សិទ្ធិ​ការងារ​ ​និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ជាង​នេះ​ទៅទៀត​ ​សហរដ្ឋអាមេរិក​ ​ដែល​បាន​ថ្កោលទោស​ ​និង​ដាក់ទណ្ឌកម្ម​មន្រ្តី​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ជាបន្តបន្ទាប់​ ​នៅតែ​មិនទាន់​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅឡើយ​ ​ជុំវិញ​ថា​ តើ​អាមេរិក​នឹង​បន្ត​ផ្តល់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ​GSP​ ​ដល់​កម្ពុជា​ ​ឬ​យ៉ាងណា​ ​ក្រោយ​ដាច់​ពីរ​ឆ្នាំ​មក​ហើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។