សហជីពកម្មករជំរុញរដ្ឋាភិបាលឱ្យបញ្ឈប់រាល់ការរំលោភបំពានសិទ្ធិពលករចំណាកស្រុក ហើយត្រូវផ្ដល់លទ្ធភាពគ្រប់គ្រាន់អោយពួកគេអាចអនុវត្តពេញលេញសិទ្ធិសេរីភាពចូលរួមក្នុងនយោបាយ។ កាលពីថ្ងៃទី២៨ តុលា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះប្រជុំទីភ្នាក់ងារឯកជន ដែលជ្រើសរើសពលករ ដើម្បីចាត់វិធានការតាមដានពលករណា ដែលហ៊ានសុំច្បាប់ឈប់សម្រាក ឬមិនធ្វើការក្នុងអំឡុងពេល ដែលលោក សម រង្ស៊ី គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថាការរឹតត្បិតសិទ្ធិសេរីភាពពលករចំណាក ដោយមន្រ្តីរដ្ឋាភិបាលនឹងធ្វើអោយពួកគេកាន់តែឈឺចាប់ ដ្បិតពួកគេគួរតែទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់ ចូលរួមកិច្ចការនយោបាយប្រទេសជាតិ នៅពេលពួកគេត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើត និងពីក្រុមគ្រួសារ។
លោក រ៉ុង ឈុន បន្តថា រដ្ឋាភិបាលគួរតែបំពេញតួនាទីអោយបានល្អការពារសិទ្ធិពលករចំណាកស្រុកពីការរំលោភបំពានសិទ្ធិពួកគេនៅតាមកន្លែងការងារ នៅក្នុងប្រទេស ដែលពួកគេកំពុងធ្វើការនោះ ប្រសើជាងរួមចំណែក ឬបន្ថែមការរំលោភបំពានសិទ្ធិរបស់ពួកគេតទៅទៀត៖ « យើងមិនចាំបាច់ទៅណែនាំ គាត់ឬមិនចាំបាច់ចង្អុលបង្ហាញទេចំពោះពលករក៏ដូចជាពលរដ្ឋខ្មែរគាត់យល់ដឹងច្បាស់ណាស់ថាអ្នកណាថាអ្នកណាបម្រើជាតិពិតប្រាកដ អ្នកណាមិនបានបម្រើជាតិ។ គាត់វាយតម្លៃហើយគាត់ធ្វើការសម្រេចចិត្ត » ។
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដោយអគ្គនាយកការងារ លោក សេង សក្ដា កាលពីថ្ងៃទី២៨ ខែតុលា បានកោះប្រជុំទីភ្នាក់ងារឯកជន ដែលជ្រើសរើសពលករទៅធ្វើការនៅក្នុងប្រទេសចំនួន៣រួមមានប្រទេសម៉ាឡេស៊ី ជប៉ុន និងប្រទេសថៃ ដើម្បីចាត់វិធានការតាមដាន ពលករណា ដែលហ៊ានសុំច្បាប់ឈប់សម្រាក ឬមិនធ្វើការក្នុងអំឡុងពេល ដែលលោក សម រង្ស៊ី គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ។
កំណត់ហេតុកិច្ចប្រជុំក្រសួងការងារ ដែលអាស៊ីសេរីទទួលបាន បង្ហាញក្រសួងការងារណែនាំឲ្យទីភ្នាក់ងារជ្រើសរើសពលករទាំងនោះពង្រឹងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ។ នៅក្នុងប្រទេសថៃ ក្រសួងការងារនែនាំអោយភ្នាក់ងារទាំងអស់ទាក់ទងទៅអ្នកគ្រប់គ្រងពលករនៅតាមរោងចក្រអោយតាមដានដែលស្នើសុំច្បាប់ និងអ្នកមិនទៅធ្វើការនៅថ្ងៃទី៧ ៨ និង ៩ វិច្ឆិកា។ តំណាងភ្នាក់ងារនៅតាមព្រំដែនត្រូវប្រាប់តៗ ទៅពលករពីការដាក់កម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងណែនាំកុំអោយគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី។ នៅប្រទេសជប៉ុន ភ្នាក់ងារត្រូវក្ដាប់ព័ត៌មានក្រុមប្រឆាំង ដែលគ្រោងធ្វើបាតុកម្ម។ ចំណែកនៅក្នុងប្រទេសម៉ាឡេស៊ីក្រសួងណែនាំអោយភ្នាក់ងារជ្រើសរើសពលរករត្រូវរៀបចំមជ្ឈមណ្ឌលតំណាង២កន្លែង កសាងសមាជិកភាពគណបក្ស និងបង្កើតអនុសាខាគណបក្ស។
លើសពីនេះភ្នាក់ងារជ្រើសរើសពលករត្រូវធ្វើវីដេអូឃ្លីបខ្លីៗ ដែលមានរយៈពេល ១នាទី ទៅ ១នាទីកន្លះ ដោយឲ្យពលករ និយាយអំពីការមិនគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី។ ម្យ៉ាងទៀត ទីភ្នាក់ងារ ត្រូវផលិតវីដេអូនេះ ដោយមួយក្រុមហ៊ុន ត្រូវផលិតវីដេអូ ២ ឃ្លីប បើមិនអាចធ្វើបាន ត្រូវផ្តល់លុយ ដើម្បីជួយថ្លៃផលិតវីដេអូទាំងនេះ។ តំណាងក្រសួងការងារ តម្រូវឲ្យក្រុមហ៊ុនទាំងនេះ ធ្វើវីដេអូទាំងនេះ ផ្ញើមកក្រសួងការងារឲ្យបាន ៤ ថ្ងៃមុនថ្ងៃលោក សម រង្ស៊ី វិលចូលស្រុកខ្មែរ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបបន្ថែមពីមន្រ្តីក្រសួងការងារ លោក សេង សក្ដាបាននៅឡើយទេកាលពីថ្ងៃទី២៩ ខែតុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
លោក រ៉ុង ឈុន បន្តទៀតថា រដ្ឋាភិបាលគួរតែងាកមកកែប្រែស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីអោយពលរដ្ឋបានចូលរួមក្នុងដំណើរការបោះឆ្នោត ដែលជាការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយ៖ « អ្នកដែលបាត់បង់ផលប្រយោជន៍ អ្នកដែលទទួលផលប៉ះពាល់គឺ ប្រជាពលរដ្ឋខ្មែរយើងតែម្ដង ហើយជម្រើសល្អបំផុតធ្វើអោយប្រទេសជឿនលឿនប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក៏ដូចក្នុងពិភពលោក គឺមានតែគោរពតាមគោលការណ៍ប្រជាធិបតេយ្យ ហើយយកកម្មវិធីបោះឆ្នោតជាគោល។ អ្នកដែលចាញ់ធ្វើជាបក្សប្រឆាំង អ្នកដែលឈ្នះឡើងដឹកនាំទៅដូរវេនគ្នាទៅហ្នឹងវាចប់ហើយ។ ហើយអ្នកនយោបាយហ្នឹងត្រូវតែមានការលះបង់ខ្ពស់ ចៀសវាងយើងផាត់ចោលក្រុមមួយ ទុកក្រុមមួយពេលហ្នឹងប្រទេសយើងអត់បានសុខទេ។ ពេលប្រទេសអត់បានសុខពេលហ្នឹងប្រជាពលរដ្ឋនឹងរងគ្រោះ » ។
សហជីពកម្មករនៅតែទទូចដល់រដ្ឋាភិបាលអោយពិចារណាឡើងវិញ ក្នុងការកែប្រែស្ថានការណ៍ឡើងវិញ ដើម្បីផលប្រយោជន៍របស់កម្មករនៅពេល ដែលកម្ពុជាប្រឈមមុខនឹងដំណើការរបស់សហភាពអឺរ៉ុបក្នុងការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។