តំណាងសហជីពលើកឡើងថា កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាលមិនគោរពលក្ខខណ្ឌរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធបន្ត EBA ទេនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងអំពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានដាក់របាយការណ៍ឆ្លើយតបទៅនឹងកង្វល់របស់គណៈកម្មការអឺរ៉ុបជុំវិញដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBAកាលពីថ្ងៃទី១២ ធ្នូ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងជាអតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា បើសិនជារដ្ឋាភិបាលកម្ពុជាគោរពតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលទាមទារឲ្យស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឲ្យល្អប្រសើរវិញនោះ គឺរដ្ឋាភិបាលអាចរក្សានិរន្តរភាពអំណាចបានយូរអង្វែងទៅមុខទៀត ផ្ទុយទៅវិញ បើសិនជារដ្ឋាភិបាលមិនអនុវត្តតាមការកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបទេ គឺរបបក្រុងភ្នំពេញប្រឈមនឹងវិបត្តិសង្គមជាច្រើន។
( លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា)
លោក រ៉ុង ឈុន សង្កត់ធ្ងន់ថា បើសិនជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នោះ មិនត្រឹមតែបាត់បង់ប្រាក់ចំណូលប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់សង្គមកម្ពុជាជាប្រព័ន្ធ ដូចជា ការប៉ះពាល់លើកម្មករផ្ទាល់ ដែលគ្មានការងារធ្វើ ឪពុកម្ដាយបងប្អូនរបស់កម្មករ និងអ្នកវិនិយោគ ជាដើម ហើយនៅពេលនោះ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ អស្ថិរភាពសង្គម និងអាចមានកលិយុគជាច្រើនកើតឡើង៖ «»
សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវរក្សាទុក ឬដកការអនុគ្រោះពន្ធពីកម្ពុជា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ក៏ប៉ុន្តែសហភាពអឺរ៉ុបបានរំលឹកប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ជាច្រើនដងរួចហើយថា មានតែការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ ទើបជាលក្ខខណ្ឌដែលកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធនេះបន្តទៅទៀត។
ឆ្លើយតបនឹងបញ្ហានេះ លោក ហ៊ុន សែន សរសេរក្នុងបណ្ដាញសង្គម Facebook ដោយនៅតែអះអាងថា កម្ពុជាប្រមូលពន្ធបានច្រើនលើសពីការរំពឹងទុក ហើយមានទុនបម្រុងផ្សេងទៀតដែលអាចប្រើប្រាស់បាន។ លោកបញ្ជាក់ថា គិតត្រឹមដើមខែធ្នូ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ និងពន្ធដារ ប្រមូលចំណូលបានជាង ៥ពាន់លានដុល្លារអាមេរិក ពោលគឺលើសផែនការជាង ១ពាន់លានដុល្លារ។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលមានសាច់ប្រាក់ប្រមាណ ៣ពាន់ ៥រយលានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ និងទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ ព្រមទាំងមាសសុទ្ធ ៣០តោនថែមទៀត។ សាររបស់លោក ហ៊ុន សែន ត្រង់ចំណុចនេះ ទំនងជាលោកចង់បញ្ជាក់ជាថ្មីទៀតថា លោកមិនបារម្ភរឿង EBA ឡើយ ព្រោះកន្លងទៅ លោកធ្លាប់អះអាងថា កម្ពុជាមានធនធានទាំងអស់នេះដើម្បីត្រៀមទប់ទល់នឹងកាត់បាត់បង់ការអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប។
ទោះបីជាយ៉ាងនេះក្ដី ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក ដូចជា ធនាគារពិភពលោកជាដើម បានព្រមានរួចហើយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរការអនុគ្រោះពន្ធ EBA។
របបលោក ហ៊ុន សែន បានគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ឬ FTA ជាមួយប្រទេសពាក់ព័ន្ធ ជាពិសេស ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសក្នុងតំបន់អាស៊ីអឺរ៉ុប។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចង់ធ្វើចុះកិច្ចព្រមព្រៀងនេះជាមួយប្រទេសជប៉ុន និងប្រទេសជិតខាង គឺថៃ និងវៀតណាមដែរ ដែលអ្នកវិភាគមើលឃើញថា របបក្រុងភ្នំពេញចង់ទប់ទល់ជាមួយEBA។
មន្ត្រីជាន់ខ្ពស់អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន ឬប្រទេសនៅក្នុងតំបន់មិនអាចទៅរួចទេ ពិសេសទៅទៀត លោកអះអាងថា ចិនក៏ទទួលបានផលប្រយោជន៍ពីប្រពន្ធអនុគ្រោះពន្ធនេះដែរ ដោយសារតែចិនក៏វិនិយោគច្រើននៅកម្ពុជាលើវិស័យកាត់ដេរនេះ៖ «»
លោក រ៉ុង ឈុន អះអាងថា បើសិនជាកម្ពុជាមិនទទួលបានប្រព័ន្ធអនុគ្រោះពន្ធបន្តទេ គឺពលរដ្ឋកម្ពុជាជាច្រើននឹងអត់ការងារធ្វើ ហើយនៅពេលនោះ ទោះបីជារដ្ឋាភិបាលបញ្ចេញកម្លាំងមកទប់ទល់ក៏មិនអាចបង្ក្រាបបានដែរ៖ «»
ទោះបីជាយ៉ាងណាក៏ដោយ លោក រ៉ុង ឈុន សម្ដែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលកម្ពុជានឹងគោរពតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធបន្ត ពីព្រោះថា ការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញនោះ មិនមែនធ្វើឲ្យរដ្ឋាភិបាលប្រឈមនឹងការបាត់បង់អំណាចទេ ផ្ទុយទៅវិញធ្វើឲ្យកម្ពុជាមានស្ថិរភាពនយោបាយ និងសង្គមទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។