សហជីព ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​មាន​វិធានការ​ច្បាស់លាស់​ជួយ​ដល់​វិស័យ​កាត់ដេរ

សហជីព និង​កម្មករ​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​មាន​វិធានការ​ច្បាស់លាស់​ជួយ​ដល់​វិស័យ​កាត់ដេរ ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សមាគម​ថៅកែ​រោងចក្រ​ អះអាង​ថា មាន​រោងចក្រ​ចំនួន ១៨០បាន​ព្យួរ​ការងារ ហើយ​កំពុង​ប៉ះពាល់​ដល់​កម្មករ​ជាង ១៥ម៉ឺន​នាក់ ដោយ សារ​គ្មាន​អ្នក​បញ្ជា​ទិញ​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC ចេញ​លិខិត​អំពាវនាវ​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​ជា​ថ្មី​នេះ គឺ​បង្ហាញ​កាន់តែ​ច្បាស់​អំពី​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​សម្រាប់​ក្រុមហ៊ុន​អ្នក​ផលិត និង​ក្រុម​កម្មករ។

លោក អាត់ ធន់ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដូចជា​ណែនាំ​ឲ្យ​រោងចក្រ គ្រាន់​តែ​ព្យូរ​ការងារ​កម្មករ កុំ​ឈាន​ទៅ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ ហើយ​ធានា​ថា រោងចក្រ និង​រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ ដែល​ព្យូរ​ការងារ​ទាំង​នោះ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល គួរ​ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជា​មួយ​សហគមន៍​អន្តរជាតិ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ពី​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំៗ ទាំង​នោះ​ឡើង​វិញ។ ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ ក៏​ស្នើសុំ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ឱ្យ​គោរព​កិច្ចសន្យា និង​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀង​គ្នា ជាមួយ​ក្រុមហ៊ុន​ផលិត​នៅ​កម្ពុជា​ផង​ដែរ៖ « ស្នើសុំ​ដោយ​ទទូច​ដល់​រដ្ឋាភិបាល​ទី១ ត្រូវ​បន្ត​ផ្ដល់​ថវិកា​ជូន​ដល់​កម្មករ​និយោជិត​ឲ្យ​បាន ៦០ភាគ​រយ​នៃ​ប្រាក់ខែ​គោល និង ៧០ដុល្លារ​ទៅ​តាម​លទ្ធភាព របស់​រដ្ឋាភិបាល​ទៅ​ដល់​ដៃ​កម្មករ​គ្រប់ៗ គ្នា ហើយ​បើ​អាច​ពង្រីក​ដល់​វិស័យ​ផ្សេងៗ ទៀត ដែល​ជា​កម្មករ​ដូច​គ្នា​ដែរ តែ​មិន​ទាន់​បាន គឺ​ជា​ការ​ល្អ។ ទី២ បើ​អាច​ជជែក​ពិភាក្សា​មិន​ឲ្យ​ក្រុមហ៊ុន​បិទ បាន​ឬ​ក៏​មិន​ឲ្យ​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ គឺ​ត្រឹមតែ​ព្យួរ​ការងារ គឺ​ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ ដើម្បី​រក្សា​កម្លាំង​ពលកម្ម និង​ទំនុក​ចិត្ត។ ទី៣ រដ្ឋាភិបាល ត្រូវ​ពិនិត្យ​មើល​ទៅ​លើ ទំនាក់ទំនង​ជា​មួយ​អ្នក​បញ្ជា​ទិញ និង​អ្នក​មាន​ឥទ្ធិពល ឲ្យ​បាន​ខ្លាំង​ជាង​មុន ដើម្បី​ទាក់ទាញ​ទំនុក​ចិត្ត​ព្រោះ​ធម្មតា នៅ​ពេល​គេ​អត់​បាន​សប្បាយ​ចិត្ត​គេ​ដក​ចេញ​វិញ​អ៊ីចឹង។ យើង​ក៏​ស្នើសុំ​ទៅ​ក្រុមហ៊ុន​ដែរ ទោះ​បី​ជា​ក្នុង​ស្ថានភាព​ពេល​នេះ​លំបាក ប៉ុន្តែ​ក្រុមហ៊ុន ក៏​បាន​ចំណេញ​ច្រើន​ពី​វិស័យ​នេះ​រាប់​សិប​ឆ្នាំ​មក​ហើយ ដូច្នេះ​គួរ​តែ​ផ្ដល់​បន្ត​ដល់​ការ​រស់​របស់​កម្មករ​របស់​ខ្លួន ដើម្បី​រក្សា​កម្លាំង​ពលកម្ម »

កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា GMAC បាន​ចេញ​លិខិត​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ឲ្យ​គោរព​លក្ខ​ខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ ដែល​បាន​ទទួល​រួច​ហើយ និង​ទំនិញ​ដែល​កំពុង​ដឹក​ទៅ​ឲ្យ​អ្នក​បញ្ជា​ទិញ។ GMAC អះអាង​ថា រោងចក្រ​នៅ​កម្ពុជា​កំពុង​រង​គ្រោះ​ពី​ការ​លុប​ចោល​ការ​បញ្ជា​ទិញ​ជា​ច្រើន និង គ្មាន​ការ​បញ្ជា​ទិញ​ថ្មីៗ។

លិខិត​អំពាវនាវ​របស់ GMAC ទៅ​កាន់​អ្នកបញ្ជា​ទិញ​ឲ្យដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​ឧសភា មាន​រោងចក្រ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ចំនួន ១៨០​បាន​ព្យួរ​ការងារ ហើយ​ក៏​មាន​រោងចក្រ​ចំនួន ៦០​ផ្សេង​ទៀត​នឹង​ឈាន​ទៅ​ព្យួរ​បណ្ដោះ​អាសន្ន​ដែរ។ ស្ថានភាព​នេះ​កំពុង​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​កម្មករ​ជាង ១៥​ម៉ឺន​នាក់។ GMAC អះអាង​ទៀត​ថា ការ​ព្យួរ​ការងារ​នៅ​ក្នុង​វិស័យ​នេះ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​​នឹង​អាច​បន្ត​ការងារ​ឡើងវិញ​បាន​នៅ​ពេល​ណា​ឡើយ ហើយ​កម្មករ ដែល​ត្រូវ​ព្យួរ​ការងារ​អាច​នឹង​កើន​ដល់​ជិត ២០ម៉ឺន​នាក់​នា​ពេល​ខាង​មុខ។ GMAC​ថា ​ផល​ប៉ះ​ពាល់​មិន​ត្រឹម​តែ​កើត​មាន​នៅ​លើ​កម្មករ​ទេ ប៉ុន្តែ​គឺ​ថែម​ទាំង​ទៅដល់​សមាជិក​គ្រួសារ​ប្រមាណ ២លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ពួកគេ។

អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា លោក ហេង សួរ បាន ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ទាក់ទង​នឹង​សំណើ​របស់​សមាគម​ថៅកែ​រោងចក្រ​នេះ មិន​ចាំបាច់​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​នោះ​ទេ ដោយ​លោក​អះអាង​ថា ពាណិជ្ជកម្ម​អន្តរជាតិ បាន​កំណត់​កាតព្វកិច្ច​របស់​ភាគី​ជាប់​កិច្ចសន្យា​រួច​ហើយ។

ចំណែក​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​វិញ។ លោក ផៃ ស៊ីផាន គ្រាន់តែ​បញ្ជាក់​ថា ប្រសិន​បើ​កម្មករ​គ្មាន​ការងារ​ធ្វើ​អាច​ទាក់ទង​ទៅ​ក្រសួង​ការងារ ឬ​មន្ទីរ​ការងារ​តាម​បណ្ដា​ខេត្ត ដើម្បី​ស្វែង​រក​ការងារ​ថ្មី ។ ដោយ​ឡែក ចំពោះ​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ ដែល​ព្យួរ​ការងារ​នោះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ ក៏​មិន​អាច​ឆ្លើយ​តប​បាន​ដែរ៖ «ដូច​បាន​ប្រាប់​ក្នុង​សន្និសីទ​កាសែត​កាល​មុន​ថា រដ្ឋាភិបាល បាន​សម្របសម្រួល​មិន​ឲ្យ​បិទ​ទេ ដោយ​ការ​ព្យួរ​ការងារ គឺ​រោងចក្រ​នេះ ត្រូវ​តែ​បន្ថែម​លុយ​ជា​មួយ​រាជ រដ្ឋាភិបាល​ដើម្បី​ដំណើរ​ការ។នេះ​ជា​ចំណុច​ទី១ ហើយ​ទី២ រាជ​រដ្ឋាភិបាល បាន​សម្របសម្រួល​ជា​មួយ​អ្នក​បញ្ជា​ទិញ ដើម្បី​ឲ្យ​គេ​យក​ឥវ៉ាន់​ពី​យើង​ទៅ ឬ​ក៏​បន្ត​ការ​ទិញ​ត​ទៅ​ទៀត។ យើង​បាន​ធ្វើ​របៀប​នេះ​ហើយ ប៉ុន្តែ​សួរ​ទៅ​ឯកឧត្តម ហេង សួរ លម្អិត​ជាង»។

មន្ត្រី​សហជីព និង​ក្រុម​កម្មករ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​គ្មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ ជួយ​ដល់​កម្មករ​នោះ​ទេ។ ពួក​គេ​លើក​ឡើង​ថា មាន​រោងចក្រ​មួយ​ចំនួន​បាន​ឆ្លៀត​ពេល​នេះ បញ្ឈប់ កម្មករ​ដោយ​មិន​ទូទាត់​សំណង់​សមរម្យ​ទៅ​តាម​ច្បាប់ ហើយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ​នោះ​ទេ។ លើស​ពី​នេះ សូម្បី​តែ​ការ​សន្យា​របស់​រដ្ឋាភិបាល ថា នឹង​ជួយ​ផ្ដល់​ប្រាក់ ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ព្យូរ​ការងារ​លើក​ទី១ ចំនួន ២០ភាគ​រយ និង​លើក​ទី២ ចំនួន ៤០ដុល្លារ​នោះ ក៏​មិន​ទាន់​បាន​ដល់​ដៃ​កម្មករ​នោះ​ដែរ ខណៈ​ដែល​ភាគី​រោងចក្រ​ភាគ​ច្រើន បាន​បំពេញ​កាតព្វកិច្ច ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​រួច​ហើយ។ មន្ត្រី​សហជីព និង​ក្រុម​កម្មករ អះអាង​ទៀត​ថា ចំពោះ​វិធានការ​​របស់​រដ្ឋាភិបាល​ដែល​ណែនាំ​ឱ្យ​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុវត្ត​ឥណទាន​រៀបចំ​ឡើងវិញ ឬ​ពន្យារពេល​សង​បណ្ដោះអាសន្ន ដើម្បី​សម្រាល​ការ​លំបាក​ដល់​​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ក្នុង​វិស័យ​ចំនួន៤ រួម​មាន ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹក​ជញ្ជូន ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ។ ក្រុម​កម្មករ​អះអាង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​បន្ត​ឲ្យ​ពួក​គេ​សង​ទាំង​ការ​ប្រាក់ និង​ប្រាក់​ដើម​ជា​ទៀងទាត់​ដូច​មុន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។