សហជីពនិងកម្មករ ព្រួយបារម្ភបាត់បង់ការងារថែមទៀត ប្រសិនបើសហភាពអឺរ៉ុបផ្ដាច់ទាំងស្រុងប្រព័ន្ធអនុគ្រោះពន្ធ EBA និងសហរដ្ឋអាមេរិកមិនព្រមបន្ត GSP ដោយសារការបោះឆ្នោតនៅកម្ពុជា មិនសេរីត្រឹមត្រូវ និងយុត្តិធម៌។
ការព្រួយបារម្ភនេះ បន្ទាប់ពីដើមឆ្នាំ២០២៣ នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ ខណៈរោងចក្រចំនួន៧១ ព្យួរកិច្ចសន្យាការងារ និងរោងចក្រ ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ដែលនាំឱ្យប៉ះពាល់ដល់កម្មករជាង ៣ម៉ឺន ២ពាន់នាក់ (៣២.០០០) និងច្រើននាក់ទៀតបានបាត់បង់ការងារធ្វើទាំងស្រុងតែម្ដង។
រោងចក្របិទទ្វារ និងព្យួរបន្តបន្ទាប់ ស្របពេលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ២០% និងបានព្រមានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងពីកម្ពុជា បើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅមិនប្រកបដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។ ពួកគេថានឹងមានកម្មករជាច្រើនទៀតប្រឈមមុខបាត់បង់ងារ និងប្រាក់ចំណូល អាចធ្វើឲ្យពលរដ្ឋមួយចំនួនជំពាក់បំណុលគេវ័ណ្ឌក ឈានដល់ចំណាក់ស្រុកខុសច្បាប់ថែមទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ លើកឡើងថា កន្លងមក លោកសោកស្ដាយនៅពេលសហភាពអឺរ៉ុបផ្ដាច់ EBA ២០ភាគរយ ខណៈសហរដ្ឋអាមេរិកនៅមិនទាន់បន្ត ប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជាវិញនៅឡើយទេ ចាប់តាំងពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន។ លោកព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងពីកម្ពុជានាពេលខាងមុខនេះ ធ្វើឱ្យកម្មករបាត់បង់ការងារនិងគ្មានចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ និងគ្មានប្រាក់សងធនាគារ បើប្រទេសធំៗ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាថ្មីៗ នេះ មិនសេរីនិងយុត្តិធម៌នោះ។ លោកស្នើទៅរដ្ឋាភិបាលថ្មី កើតក្រោយបោះឆ្នោតបង្កើតទំនាក់ទំនងល្អជាមួយបណ្ដាលប្រទេសសេរី ដើម្បីជាប្រយោជន៍ជាតិ ជាពិសេស ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលផងដែរ។
លោក អាត់ ធន់៖«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មី ឬក៏អ្នកដឹកនាំថ្មីត្រូវពិនិត្យមើលEBAឡើងវិញ ពីព្រោះភាពអសកម្មផ្សេងៗកន្លងមក អនុវត្តឲ្យបានពេញលេញនូវគោលការណ៍ សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងទីផ្សារសេរីចាប់យកម៉ូឌែលលោកសេរីដើម្បីធ្វើជាការអភិវឌ្ឍន៍ប្រទេសវាជារឿងប្រសើរសម្រាប់ពលរដ្ឋនិងរដ្ឋាភិបាលខ្លួនឯង»។
កម្មកររោងចក្រ ខេនស្ព័តស៊ូ ខេត្តកំពង់ឆ្នាំង លោក កាន សុខវី លើកឡើងថា សព្វថ្ងៃពួកគាត់ព្រួយបារម្ភខ្លាំង ដោយខ្លាចរោងចក្រឈប់ដំណើរនៅកម្ពុជា ដែលធ្វើឲ្យពួកគាត់ជាកម្មករបាត់បង់ការងារធ្វើ បន្ទាប់ពីដឹងថាប្រទេសដែលបញ្ជាទិញទំនិញបានដាក់ទណ្ឌកម្មលើកម្ពុជា។ លោកទទូចទៅរដ្ឋាភិបាលធ្វើយ៉ាងណាត្រូវគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ជាជាងគិតផលប្រយោជន៍ខ្លួនឯង ដោយសារ បច្ចុប្បន្ន ពួកគាត់គ្មានមុខរបរអ្វីក្រៅពីពឹងផ្អែកទៅលើវិស័យកាត់ដេរ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនោះទេ។
លោក កាន សុខវី៖«គិតគូរដល់ប្រជាជនដល់ប្រជារាស្ត្រផងដល់កម្មករផងកុំដូចជិះសេះប្រលែងដៃ សហភាពអឺរ៉ុបគេចាំតែជួយយើងឲ្យតែយើងប្រកាន់គោលជំហរគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យគេចាំតែជួយយើងតើ សូមឲ្យគាត់ជួយគិតគូរដល់ប្រជាជនដល់កម្មករពីព្រោះគាត់ជាម៉ែជាឪ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំធ្វើការអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែកក្កដា ។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា សង់ត្រាល់) លោក មឿន តុលា កត់សម្គាល់ថា កន្លងមករដ្ឋាភិបាលកម្ពុជាមិនបានគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់ទៅដល់សិទ្ធិកម្មករទៅតាមអ្វីដែលបណ្ដាប្រទេសលោកសេរីចង់បាននោះទេ ដែលនេះ អាចធ្វើឲ្យប្រទេសកម្ពុជារងនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរថែមទៀត ពីសហគមន៍អន្តរជាតិ។
លោកគ្មានជំនឿទៅលើរដ្ឋាភិបាលថ្មីថា អាចនឹងស្រោចស្រង់សេដ្ឋកិច្ចប្រទេសកម្ពុជានោះទេ ដោយសារ ការបោះឆ្នោតកន្លងទៅថ្មីៗ នេះ បណ្ដាប្រទេសលោកសេរីគេមើលឃើញថា វាមានភាពមិនប្រក្រតីជាច្រើន ហើយក៏មិនបានគោរពទៅតាមគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
លោក មឿន តុលា ទទូចដល់មេដឹកនាំគណបក្ស ដែលឈ្នះឆ្នោតឲ្យគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដោយកុំគិតតែផលប្រយោជន៍គ្រួសារ និងបក្ខពួកនិយមខ្លួនឯង។
លោក មឿន តុលា៖«វាគួរដល់ពេល ដែលមេដឹកនាំយកប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ ជាជាងប្រយោជន៍បក្ខពួក ជាជាងប្រយោជន៍គ្រួសារ បានយើងអាចទៅស្មើមុខស្មើមាត់ជាមួយគេបាន ពីមុនសេដ្ឋកិច្ចយើងខ្ពស់ជាងវៀតណាម ឥឡូវវៀតណាមគេដើរទៅហើយ ថៃគេដើរទៅហើយ អ៊ីចឹងបើយើងមិនគិតពីប្រយោជន៍ជាតិទេ យើងកាន់តែដើរក្រោយគេ»។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីកន្លងទៅបានប្រកាសជាថ្មីទៀតថា លោកមិនខ្វល់ពីសហភាពអឺរ៉ុបដកអ៊ីប៊ីអេ (EBA) ពីកម្ពុជាឡើយ ដោយលោកសំអាងថា ប្រព័ន្ធអនុគ្រោះពន្ធនេះ គង់តែសហភាពអឺរ៉ុបដកហូតនៅពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ ក្រោយពីសភាអឺរ៉ុបកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអនុម័តជាផ្លូវការ នូវសេចក្ដីសម្រេចថ្មីមួយដោយព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដានេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែកើតមានការរំលោភសិទ្ធិមនុស្សបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។