សហជីព និង​កម្មករ​ស្នើ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​រឿង​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ភ្លើង

0:00 / 0:00

មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សម្រួល​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​តំបន់​បិទ​ខ្ទប់។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ផ្អាក​យក​ថ្លៃ​បន្ទប់​ជួល ជា​បណ្ដោះអាសន្ន​ព្រមទាំង​ស្នើសុំ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដល់​កម្មករ​ក្នុង​តំបន់​បិទ​ខ្ទប់​ផង។

មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​មួយចំនួន​លើក​ឡើង​ថា សារ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់​ម្ចាស់​ផ្ទះ​ជួល អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុ​ជា មិន​អាច​មាន​ប្រសិទ្ធភាព​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ច្បាស់លាស់​ទេ​នោះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា រដ្ឋាភិបាល​គួរតែ​តម្រូវ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ផ្អាក​យក​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​ជា​បណ្ដោះអាសន្ន​ពី​កម្មករ​រោងចក្រ​ក្នុង​តំបន់​បិទ​ខ្ទប់ ព្រោះ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ជា​ប្រភេទ​ក្រុមហ៊ុន​ស្វយ័ត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ។ ចំពោះ ការ​ស្នើ​សុំ​ផ្អាក ឬ​បញ្ចុះតម្លៃ​បន្ទប់​ជួល​វិញ លោក​យល់​ថា ទំនងជា​ម្ចាស់​ផ្ទះ​ជួល​ភាគច្រើន​មិន​ឯកភាព​ឡើយ ព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​អ្នក​រក​ស៊ី​ឯកជន និង​ជំពាក់​បំណុល​ធនាគារ​ជាដើម​។ មេដឹកនាំ​សហជីព​រូប​នេះ យល់​ថា ជា​ជម្រើស​ល្អ គឺ​រដ្ឋាភិបាល គួរតែ​មាន​កញ្ចប់​ថវិកា ជួយសង្គ្រោះ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​និង​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម ដូច​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​៖ «នៅ​ពេល​​ស្នើ​​ថា អត់​ឱ្យ​ដក​យក​ថ្លៃ​ក្នុង​អំឡុង​ពេលនេះ ខ្ញុំ​គិតថា វា​អាច​ដែរ ប៉ុន្តែ​មិន​ច្រើន​ទេ ព្រោះ​ម្ចាស់​ផ្ទះ​ជួល​មួយចំនួន​ដែល​យើង​ដឹង គឺ​គាត់​ទិញ​សម្ភារៈ​អី​ថ្លៃ ហើយ​គាត់​ជំពាក់​ធនាគារ​​ដែរ។ អ្វី​ដែល​យើង​ស្តាប់​គាត់​និយាយ​។ ប៉ុន្តែ​រឿង​មួយ​ដែល​សត្យានុម័ត​គឺ​មិន​ងាយ​ទេ អ្នក​ដែល​ធ្វើ​មនុស្សធម៌​ហ្នឹង គឺ​មិន​ងាយ​ទេ​ដូច​ថៅកែ​រោងចក្រ​ចឹង គាត់​ចំណេញ​ច្រើន​​ក៏​ដោយ អំឡុង​ពេល​បិទ​ខ្ទប់​ (Lockdown)​ នេះ ខាង​ក្រសួង​ខាង​និយោជក​ថា គាត់​អត់​បាន​អី​ទេ ដូច្នេះ ទម្រាំ​ម្ចាស់ផ្ទះ​ទៀត គាត់​ពិបាក​ណាស់»។

កម្មការិនី​រោងចក្រ​មួយ​រូប​រស់នៅ​បន្ទប់​ជួល​ស្ថិត​ក្នុង​តំបន់​ក្រហម នៅ​សង្កាត់​ស្ទឹងមានជ័យ​២ លោកស្រី ហ៊ាង សាំងម៉េង រៀបរាប់​ថា សារ​អំពាវនាវ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ មិន​អាច​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ​បាន​ឡើយ​។ កម្មការិនី​ដែល​មាន​កូនខ្ចី​រូប​នេះ ត្អូញត្អែរ​ថា លោកស្រី និង​កម្មករ​ផ្សេង​ទៀត នៅតែ​បង់ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​តម្លៃ​ពេញៗ​ជា​រៀងរាល់​ខែ​ដដែល ដោយ​គ្មាន​ការលើកលែង​ឡើយ ទោះបីជា​ពួកគាត់​ជាប់​ធ្វើ​ចត្តាឡីស័ក និង​បាត់បង់​ការងារ​ក៏​ដោយ៖ «និយាយ​រួម​ទៅ ខ្ញុំ​គិតថា វា​មិន​អាច​ទេ ព្រោះ​ម្ចាស់ផ្ទះ​គាត់​ពិបាក​ដែរ គាត់​បង់​គេ​រាល់​ខែ គាត់​មានកូន​ត្រូវ​ចិញ្ចឹម​ត្រូវ​អី​ដែរ ដូច្នេះ​មិនអាច​ទេ​។ តាម​ខ្ញុំ​គិតថា បើ​តាមតែ​គាត់​ ( លោក ហ៊ុន សែន ) ថា ថ្លៃ​នេះ​ផ្អាក​ ថ្លៃ​នោះ​ផ្អាក គឺ​គ្មាន​ប្រសិទ្ធភាព​ទេ បើសិន​ជា​មាន​ប្រសិទ្ធភាព គាត់​គួរតែ​ឧបត្ថម្ភ​ជា​ប្រាក់ ​ឬក៏​ជា​ស្បៀង អាហារ​គឺ​វា​ល្អ​ជាង ព្រោះ​យើង​បាន​លុយ​​បាន​​របស់​មកដល់​ដៃ​យើង ស្រណុក​យើង​ចាត់ចែង​ផ្ទាល់​ហ្មង។ បើ​តាមតែ​គាត់​ថា​អ៊ីចឹង​មិន​ងាយ​ទេ ២០​ម្ចាស់​ផ្ទៃ​អី គឺ​មាន​តែ​ម្នាក់​​ទេ ដែល​គេ​អនុគ្រោះ​ក្រៅ​ពី​នោះ​ គឺ​​កម្រ​ណាស់​​ណាស់»។

មេ​សហជីព និង​កម្មករ​លើកឡើង​បែប​នេះ ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​ជា​សំឡេង ជិត ​៣០​នាទី នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែឧសភា ដោយ​ទទូច​ជាថ្មី​ទៀត ​សុំ​ឱ្យ​ម្ចាស់​ផ្ទះ​ជួល បញ្ចុះតម្លៃ ឬ​ផ្អាក​យក​តម្លៃ​បន្ទប់​ជួល​ពី​កម្មករ​-​កម្មការិនី​នៅ​តំបន់​បិទ​ខ្ទប់​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ពិចារណា​ពិនិត្យ​លទ្ធភាព​ជួយ​សម្រួល​ថ្លៃ​ថាមពល​អគ្គិសនី និង​ទឹក​សម្រាប់​កម្មករ​-​កម្មការិនី​នៅក្នុង​តំបន់​បិទ​ខ្ទប់​ផង​ដែ​៖ «ខ្ញុំ​អង្វរ​ក​ម្ចាស់ផ្ទះ និង​បន្ទប់​ជួល​ទាំងឡាយ សូម​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​យក​ប្រាក់​ឈ្នួល​ពី​កម្មករ កម្មការិនី ក្នុង​ពេល​កម្មករ កម្មការិនី មិនទាន់​បាន​បើកប្រាក់​ឈ្នួល​ពី​ថៅកែ​នៅឡើយ​។ ហើយ​បើសិន​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ អាច​នឹង​ធ្វើ​ទៅ​បាន​រួម​គ្នា​ធ្វើ ដើម្បី​ជួយ​ដល់​កម្មករ កម្មការិនី​របស់​យើង»។

សារ​អំពាវនាវ​របស់​លោក ហ៊ុន សែន រឿង​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​នៅ​ពេល​នេះ គឺ​ផ្ទុយ​ពី​ការ ប្រកាស​សន្យា​របស់​លោក​កន្លង​មក​។ កាលពី​ថ្ងៃទី​១០ ខែមេសា លោក ហ៊ុន សែន បាន​សន្យា​​ថា រដ្ឋ នឹង​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​កូវីដ រយៈពេល​៣​ទៅ​ ៥​ខែ។ ចំពោះ​ពលរដ្ឋ​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក និង​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​វិញ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​រយៈពេល​ពីរ​ខែ ព្រមទាំង​ជួយ​ថវិកា​ ៣០​ម៉ឺន​រៀល​និង​ស្បៀងអាហារ​ជាដើម​។ ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង រដ្ឋាភិបាល​បាន​ប្រកាស​ប្តូរ​ពី​ការ​ផ្តល់​លុយ ​៣០ម៉ឺន​រៀល​ទៅជា​ផ្តល់​ស្បៀងអាហារ​ជំនួស​វិញ​។ លើស​ពី​នេះ អគ្គិសនី​កម្ពុជា នៅតែ​ទាមទារ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​ទូទាត់​ថ្លៃ​ភ្លើង​តាមរយៈ​ធនាគារ ឬ​តាម​ទីតាំង​បង់ប្រាក់​ណាមួយ​ដែល​នៅ​ជិត​បំផុត​។ ចំណែក​ពលរដ្ឋ​មួយចំនួន​វិញ ពួកគាត់​បាន​ផ្ទុះ​ការ តវ៉ា​ដោយសារ​មិន​ទទួល​បាន​ជំនួយ​ពី​អាជ្ញាធរ​ទាន់​ពេល​វេលា។

ម្ចាស់​ផ្ទះ​ជួល​ក្នុង​តំបន់​លឿងទុំ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ លោកស្រី ឃុត ស្រីអូន ថ្លែង​ថា ដោយសារ​ក្តី​អាណិត​ចំពោះ​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​នោះ លោកស្រី​បាន​សម្រេច​បញ្ចុះតម្លៃ​បន្ទប់​ជួល​ចំនួន​ ៥០​ភាគរយ​។ លោកស្រី​បន្ត​ថា លោកស្រី​មិនអាច​ផ្អាក​យក​ថ្លៃ​បន្ទប់​ជួល​ទាំងស្រុង​បាន​​ឡើយ ព្រោះ​លោកស្រី កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ខ្ចី​សម្រាប់​សាងសង់​បន្ទប់​ជួល​កន្លង​មក​៖ « ដូច​ខ្ញុំ បើ​ឱ្យ​ខ្ញុំ​អត់​យក​ថ្លៃឈ្នួល​បង់​ផ្ទះ​ទាំងស្រុង មានតែ​ឱ្យ​ខ្ញុំ​ងាប់​វិញ​ល្អ​ជាង​ ព្រោះ​អី​ខ្ញុំ​ត្រូវ​អត់បាយ​ដែរ ខ្ញុំ​នៅ​បង់​ធនាគារ ខ្ញុំ​មានកូន រៀន​តាម​អនឡាញ (Online) ត្រូវ​បង់​ត្រូវ​អី​ដែរ ហើយ​ណាមួយ​ខ្ញុំ​ក៏​មិនទាន់​ធ្វើការ ប្រាក់ខែ​មិនដឹង​នៅ​ណា​ណី ហើយ​ប្តី​ក៏​នៅផ្ទះ កូន​ក៏​ផ្ទះ​គ្រប់​តែ​គ្នា​អ៊ីចឹង។ អ៊ីចឹង ខ្ញុំ​សុំ​ឱ្យគាត់​ ( រដ្ឋាភិបាល​ )​ គិត​គួរ​ថា បើ​ឱ្យ​ម្ចាស់ផ្ទះ​អត់​យក​ទាំងស្រុង​ហ្មង វា​អត់​កើត​ព្រោះ​អី​ជួប​បញ្ហា​ដូចគ្នា ហើយ​ចំពោះ​បើ​អត់​យក​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ទាល់តែ​ខាង​អគ្គិសនី​អត់​យក​ពី​ខ្ញុំ​ដែរ ហើយ​បើ​គេ​យក​ពី​ខ្ញុំ​ដែរ តើ​ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច»។

ក្រៅ​ពី​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ និង​បញ្ហា​ទឹក​ភ្លើង​នោះ លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ ឈប់​បំភ័យ​កម្មករ​ថា ទាល់តែ​ចាក់​វ៉ាក់សាំង ទើប​អាច​ធ្វើ​ការងារ​បាន​ឡើងវិញ​។ លោក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ពេលនេះ មិន​ទាន់​អាច​អនុវត្ត​នូវ​ការ​កំណត់​លក្ខខណ្ឌ​ឱ្យ​កម្មករ​ចាក់​វ៉ាក់សាំង ទើប​ឱ្យ​ចូល​ធ្វើ​ការងារ​បានទេ ព្រោះ​កម្ពុជា​នៅ​មិនទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​គ្រប់គ្រាន់​នៅឡើយ​។ ក្រសួង​ការងារ ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ភ្លាមៗ​ដល់​រោងចក្រ​សហគ្រាស ឱ្យ​អនុវត្ត​ទៅតាម​អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​ហើយ​មន្ត្រី​ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​រឿង​នេះ​។ ម្យ៉ាងវិញទៀត ក្រសួង​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស ឱ្យ​ចាប់ផ្តើម​បើកប្រាក់​ឈ្នួល​សម្រាប់​ខែមេសា ចំនួន ៥០% និង​ប្រាក់ឧបត្ថម្ភ​នានា​ដែល​បាន​ពន្យារពេល​នៅក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​កន្លង​ទៅ ជូន​កម្មករនិយោជិត​មិន​ឱ្យ​ហួស​ពី​ថ្ងៃទី​១៤ ខែ​ឧសភា​ខាង​​មុខ​​នេះ​​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។