សហជីព​ទទូច​ឱ្យ​ម៉ាក​ល្បីៗ​​ដោះស្រាយ​បញ្ហា​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​​កម្មករ​​អំឡុង​ពេល​បិទ​ខ្ទប់

ដោយ ខែ សុណង
2021-07-25
Share
សហជីព​ទទូច​ឱ្យ​ម៉ាក​ល្បីៗ​​ដោះស្រាយ​បញ្ហា​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​​កម្មករ​​អំឡុង​ពេល​បិទ​ខ្ទប់ កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។
AFP

សហជីព​ទទូច​ឱ្យ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ជួយ​ដោះស្រាយ​បញ្ហា​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​របស់​កម្មករ​រោងចក្រ​អំឡុង​ពេល​បិទ​ខ្ទប់ ដើម្បី​ធាន​នូវ​ជីវភាព​រស់​រស់នៅ​សមរម្យ​សម្រាប់​កម្មករ អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​ក្រុម​សហជីព​រក​ឃើញ​ថា កម្មករ​បាន​បាត់បង់​ប្រាក់​ឈ្នួល​ជាង ១០០​លាន​ដុល្លារ (១០៩) ដោយសារ​ការ​កេងប្រវ័ញ្ច​របស់​ក្រុម​ថៅកែ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ (CENTRAL) សហព័ន្ធ​សហជីព​កម្ពុជា (CATU) រួម​ទាំង​សហជីព និង​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជាង​២​រយ​ស្ថាប័ន (២៣០) អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​នៅ​កម្ពុជា ទូទាត់​ប្រាក់​ឈ្នួល​ពេញលេញ​ដល់​កម្មករ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​រក​ឃើញ​ថា កម្មករ​រង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

របាយការណ៍​របស់​ក្រុម​សហជីព​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​ឱ្យ​ដឹង​ថា កម្មករ​ធ្វើការ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ស្បែកជើង និង​ឧស្សាហកម្ម​ស្បែក​ជើង​បាន​បាត់បង់​ប្រាក់​ឈ្នួល​ប្រមាណ ១០៩​លាន​ដុល្លារ​អាមេរិក​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ និង​ការ​បិទ​ខ្ទប់​ចន្លោះ​ខែមេសា និង​ខែ​ឧសភា ដោយសារ​និយោជក​មិន​ផ្តល់​ប្រាក់​ឈ្នួល​ទាំងនោះ​ឱ្យ​ពួកគាត់​។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​និង​ប្រាក់​អតីតភាព​ការងារ​រយៈពេល​១៣​ខែ​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​និយោជក​ជំពាក់​កម្មករ​ផង ការខាតបង់​សម្រាប់​កម្មករ​មាន​រហូត​ដល់​ជិត ៤​រយ​លាន​ដុល្លារ (៣៩៣) ។ ក្រុម​កម្មករ​ដែល​ខាតបង់​អត្ថប្រយោជន៍​នោះ ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ដែល​ផ្គត់​ផ្គត់​ផលិតផល​សម្រាប់​ម៉ាក​យីហោ​ល្បីៗ​ដូចជា អាឌីដាស់ (Adidas) វីហ្វេស​(VF) ថាហ្គេត (Target) ណៃគី (Nike) និង​ហ្គេប (Gap) ជាដើម។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា របាយ​ការណ៍​នេះ​បង្ហាញ​កម្មករ​បាត់បង់​ប្រាក់​ឈ្នួល និង​រង​ការ​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​ការងារ​ផ្សេងទៀត​ក្រោម​រូបភាព​បិទ​ខ្ទប់​និង​វិបត្តិ​កូវីដ។ លោក​ថា ទំហំ​ប្រាក់​ឈ្នួល​ដែល​បាត់បង់​នេះ​បាន​រាំងស្ទះ​ដល់​ជីវភាព​រស់​ពួកគាត់ ក្នុង​អំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ១៩។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៤ កក្កដា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក ខេន លូ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​មិន​ឆ្លើយតប​នឹង​របាយការណ៍​សហជីព​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា ថៅកែ​រោងចក្រ​បាន​បាន​អនុវត្ត​តាម​ច្បាប់​ហើយ។

ទោះជា​យ៉ាងនេះ​ក្តី កម្មករ​រោងចក្រ​កាត់​ដែរ ឌីន ហាន (Din Han) លោកស្រី ជា ស៊ីណែត ថ្លែង​ថា​ថៅកែ​រោងចក្រ​របស់​លោក​ស្រី មិនបាន​បើ​ប្រាក់​ឈ្នួល​ពេញ​ជូន​កម្មករ​នោះ​ទេ អំឡុង​ពេល​ផ្ទុះ​រាលដាល​ជ​ងឺ​កូ​វីដ១៩ ក្នុង​រោងចក្រ និង​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​ឱ្យដឹង​ទៀត​ថា​បច្ចុប្បន្ន​ថៅកែ​រោងចក្រ​ក៏​ពុំ​ទាន់​បើក​ប្រាក់​អត្ថប្រយោជន៍​ពេញលេញ​ដល់​កម្មករ​ដែរ ដោយ​ខាង​រោងចក្រ​មិន​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។ កម្មករ​រូប​នេះ​ថា ស្ថានភាព​បែបនេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​ជា​ខ្លាំង។ «»

ជុំវិញ​រឿង​នេះ មន្ត្រី​សិទ្ធិ​ការងារ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍ ក្រុមហ៊ុន​ម៉ាក​ល្បីៗ និង​ថៅកែ​រោងចក្រ​គួរតែ​មាន​ទំនួល​ខុសត្រូវ​សង្គម ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ទូទាត់​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ឱ្យ​បាន​ពេញលេញ​។ លោក​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ និង​ថៅកែ​គួរ​ស្វែងរក​កម្មវិធី​ឧបត្ថម្ភ​សាច់​សាច់ប្រាក់​ជួយ​កម្មករ​ដែល​ព្យួរការងារ ដើម្បី​ធានា​នូវ​ជីវភាព​របស់​កម្ម​ករ​រស់នៅ​សមរម្យ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩។«»

មន្ត្រី​សិទ្ធិ​ការងារ​រូបនេះ​ថា​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​ដែល​កម្មករ​ខាតបង់​នេះ នឹង​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់ ។ លោក​ជំរុញ​រដ្ឋាភិបាល​គួរ​ធ្វើ​អធិការកិច្ច​ដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​ដើម្បី​ស្វែងរក​ថៅកែ​ដែល​គេចវេះ​ឱ្យ​ទទួល​ខុសត្រូវ ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ និង​ធានា​ថា​ពួកគាត់​អាច​រស់​នៅ​បាន​ដោយ​សមរម្យ​អំឡុង​ពេល​ស្ថានភាព​លំបាក​នេះ​។ ជាមួយ​គ្នា​នេះ លោក​ទទូច​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ និង​ម៉ាក​យីហោ​ល្បីៗ​ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​របស់​កម្មករ​នេះ​ផង ព្រោះ​កន្លងទៅ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​មិនបាន​ជួយ​ដោះស្រាយ​ករណី​រំលោភសិទ្ធិ​ការងារ​នេះ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល