សហជីពតំណាងកម្មករ ថា បើទោះបីជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ក្ដី ក៏ជីវភាពរបស់កម្មករនៅកម្ពុជា មានកម្រិតទាបជាងកម្មករប្រទេសដទៃ។ ពួកគាត់ស្នើរដ្ឋាភិបាល លើកស្ទួយជីវភាពកម្មករ ដោយយកប្រទេសអភិវឌ្ឍធ្វើជាគំរូ។
ក្រុមសហជីពកម្មករ លើកឡើងថា ការយកប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្ពុជា ទៅប្រៀបធៀបជាមួយនឹងកម្មករប្រទេសក្នុងតំបន់មួយចំនួន ដែលក្រីក្រខ្លាំង មិនអាចវាយតម្លៃ ឬវាស់ស្ទង់ពីកម្រិតជីវភាពការរស់នៅជាក់ស្ដែងរបស់កម្មករបានឡើយ។
ប្រធានសហជីពស្មារតីកម្មករនៃរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) លោក គឹម សុភេន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ កញ្ញា ថា បើក្រឡេកមើលទៅលើចំនួនប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនៅកម្ពុជា ហាក់មានចំនួនច្រើនជាងកម្មករប្រទេសក្នុងតំបន់ពិតមែន ប៉ុន្តែ បើពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងវិញ កម្មកររោងចក្រភាគច្រើន រស់នៅក្នុងជីវភាពលំបាក និងខ្វះខាតនៅឡើយ។
លោក គឹម សុភេន៖«យើងទៅប្រៀបធៀបប្រទេសគេ និងប្រទេសយើង អ៊ីចឹង យើងយកប្រទេសយើងទៅប្រៀបធៀបជាមួយសហគមន៍ផ្សេងៗ ប្រទេស ដែលគាត់មានប្រាក់ខែខ្ពស់ជាងយើងមើល។ បើយើងមានឆន្ទៈដោះស្រាយជូនបងប្អូនកម្មករយើងពិតប្រាកដ យើងយកប្រទេស ដែលមានប្រាក់ខែខ្ពស់ជាងយើងមកប្រៀបធៀប។ តែបើយើងយកអ្នកទាបមកប្រៀបធៀប អ៊ីចឹងមានន័យថា យើងមិនសូវជាឱ្យតម្លៃលើកម្មករប៉ុន្មានទេ»។
ការលើកឡើងនេះ បន្ទាប់ពីសារព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយ ដោយដកស្រង់របាយការណ៍ពីអង្គការអន្តរជាតិខាងការងារ (ILO) ថា កម្ពុជាមានប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរខ្ពស់ជាងប្រទេសចំនួន ៥ផ្សេងទៀតនៅក្នុងតំបន់។ របាយការណ៍បង្ហាញថា ឆ្នាំ២០២៣ វៀតណាម (Vietnam) មានប្រាក់ឈ្នួលចន្លោះពី ១៣៨ដុល្លារ ទៅ ១៩៨ដុល្លារ ស្រីលង្កា (Sri Lanka) ៣៩ដុល្លារ បង់ក្លាដែស (Bangladesh) ៧៤ដុល្លារ ឡាវ (Lao) ៧៥ដុល្លារ និងមីយ៉ាន់ម៉ា (Myanmar) ចំនួន ៦៩ដុល្លារជាដើម។
ការចុះផ្សាយនេះ ក្រោយពេលក្រសួងការងារ បានកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យវាយនភណ្ឌ ឆ្នាំ២០២៤ ចំនួន ២០៤ដុល្លារ។ ទោះជាយ៉ាងណាក្ដី កម្មកររោងចក្រភាគច្រើន មិនពេញចិត្ត ចំពោះការសម្រេចនេះឡើយ ព្រោះការដំឡើងចំនួនប្រាក់ឈ្នួលដ៏តិចតួចបែបនេះ នឹងធ្វើឱ្យជីវភាពកម្មករកាន់តែលំបាក បើប្រៀបធៀបនឹងកំណើនអតិផរណា និងការឡើងថ្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ។
ទាក់ទិនរឿងនេះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានថ្លែងបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាថា ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤ដុល្លារហើយ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ក៏នឹងចាត់វិធានការ ដើម្បីរកវិធីកាត់បន្ថយការចំណាយរបស់កម្មករដែរ។
លោក ហេង សួរ៖«ដូចដែលសម្ដេចធិបតី មានមតិនៅក្នុងអង្គពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតយើងអ៊ីចឹង។ ការដំឡើងប្រាក់ឈ្នួលអប្បបរមា គឺមិនមែនជាដំណោះស្រាយតែមួយទេ។ ការខិតខំកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត វាជារឿងទីពីរ ដែលយើងត្រូវធ្វើ។ ពីព្រោះប្រសិនបើយើងដំឡើង ហើយមិនកាត់បន្ថយទេ មានន័យថា អត្ថប្រយោជន៍បងប្អូន គឺវាអាចតិច។ អ៊ីចឹងហើយបានជាយើង ជាមួយនឹងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើម៉េច អាចកាត់បន្ថយការចំណាយរបស់បងប្អូនរបស់យើង»។
ទោះជាបែបនេះក្ដី វិធានការជួយដល់កម្មករឱ្យកាត់បន្ថយការចំណាយ ដែលលោក ហេង សួរ លើកឡើងនេះ ហាក់មិនមានប្រសិទ្ធភាពនោះទេ ព្រោះតម្លៃទំនិញនៅលើទីផ្សារ នៅតែឡើងថ្លៃ ខណៈប្រាក់ចំណូលរបស់កម្មករកាន់តែធ្លាក់ ដោយសារការព្យួរការងារ និងកាត់បន្ថយម៉ោងធ្វើការ ដែលធ្វើឱ្យកម្មករមួយចំនួន កាត់បន្ថយការចំណាយលើម្ហូបអាហារ និងរកការងារធ្វើបន្ថែម ខណៈដែលបំណុលធនាគារ ក៏កំពុងហ៊ុមព័ទ្ធកម្មករស្ទើរគ្រប់គ្នា។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការប្រៀបធៀបប្រាក់ឈ្នួលរបស់កម្មករ គេមិនអាចវាស់ពីកម្រិតជីវភាពរបស់កម្មករនៅតាមបណ្ដាប្រទេសនីមួយៗ បានទេ។ លោកបន្តថា ទោះបីជាប្រាក់ខែគោលរបស់កម្មករនៅប្រទេសក្នុងតំបន់មួយចំនួន តិចជាងកម្មករកម្ពុជាក្ដី ក៏កម្មករនៃប្រទេសទាំងនោះ ទទួលបានប្រាក់ឧបត្ថម្ភរបបសន្តិសុខសង្គមខ្ពស់ និងមានតម្លៃទំនិញថោកជាងទីផ្សារកម្ពុជា។
លោក អាត់ ធន់៖«ប្រទេសកម្ពុជា ប្រាក់ឈ្នួល ២០០ដុល្លារ នាំទៅអឺរ៉ុបដូចគ្នា។ អីវ៉ាន់ដូចគ្នាដែរ គេផលិតនៅសាំងហ្គាពួរ ឬនៅហុងកុង គឺថា ប្រាក់ខែជាង ១ពាន់ដុល្លារ ប៉ុន្តែ គេនាំទៅដូចគ្នា។ ហេតុអីបានប្រាក់ឈ្នួលនៅខាងនោះខ្ពស់ជាង ហើយផលិតម៉ូដម៉ាកដូចគ្នា ហើយនាំចេញទៅហើយនៅចំណេញ។ មានន័យថា អ្នកដែលធ្វើវិនិយោគនៅផ្នែកនេះ គេផ្ដល់ប្រាក់ឈ្នួល វាអាស្រ័យទៅលើស្ថានភាព ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅប្រទេសនោះ។ ប្រសិនជាការផ្ដល់ឱ្យទាបជាងការរស់នៅ មានន័យថា អយុត្តិធម៌ ដូចជាការធ្វើទណ្ឌកម្មទៅលើពលរដ្ឋ នៃប្រទេសនោះ»។
សហជីពតំណាងឱ្យកម្មករ ស្នើរដ្ឋាភិបាល ឱ្យលើកស្ទួយជីវភាពរបស់កម្មករឱ្យបានល្អប្រសើរ ដូចបណ្ដាប្រទេសអភិវឌ្ឍ ជាជាងយកចំនួនប្រាក់ខែកម្មករទៅប្រៀបធៀបជាមួយប្រទេសដទៃ ដែលមានវិស័យវាយនភណ្ឌ អន់ថយជាងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។