អ្នក​លក់​ខាង​ក្រៅ​​ផ្សារ​ដើម​គ បារម្ភ​ អាជ្ញាធរ​​បង្ខំ​​ ឲ្យ​​ទៅ​លក់​នៅ​ទីតាំង​ថ្មី លើ​ដី​ផ្ទៃ​បឹង​តា​មោក​

ដោយ យន់ សាមៀន
2019-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្លែ ផ្លែឈើ ដែល​អាជីវករ​ដឹក​តាម​រថយន្ត មក​បោះ​ដុំ​នៅ​តាម​បណ្ដោយ​ផ្លូវ ម្ដុំ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​ឲ្យ​អ្នក​លក់​បន្ត។
បន្លែ ផ្លែឈើ ដែល​អាជីវករ​ដឹក​តាម​រថយន្ត មក​បោះ​ដុំ​នៅ​តាម​បណ្ដោយ​ផ្លូវ ម្ដុំ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ចែកចាយ​ឲ្យ​អ្នក​លក់​បន្ត។
រូបថត៖ ពី​ហ្វេសប៊ុក​របស់ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ

អាជីវករ​លក់​​ដូរ​​តាម​ដង​ផ្លូវ​ នៅ​ផ្សារ​ដើម​គ​ខ្លះ បារម្ភ​ថា អាជ្ញាធរ​អាច​នឹង​ប្រើ​ហេតុផល​ផ្សេងៗ ដើម្បី​ចាប់​បង្ខំ ឬ​បណ្ដេញ​ពួកគេ ឈប់​ឲ្យ​លក់​នៅ​ទីតាំង​ចាស់ នៅ​ផ្សារ​ដើម​គ ក្រោយ​ប្រកាស​ថា ត្រូវ​​រើ​ផ្សារ​បន្លែ​ ទៅ​ទីតាំង​ថ្មី ​ទៅ​ដាក់​លើ​ផ្ទៃ​បឹង​តា​មោក ឬ បឹង​ទំនប់​កប់​ស្រូវ ទំហំ​ ២០​ហិកតារ នៅ​ឯ​​ជាយ​រាជធានី​ភ្នំពេញ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាង​ថា មិន​មាន​ការ​រុះរើ​ផ្សារ​ដើម​គ​ទេ និង​ស្នើ​ឲ្យ​​អាជីវករ ​រក្សា​ភាព​ស្ងប់​ស្ងាត់ ប្រកប​របរ​ទទួល​ទាន​ជា​ធម្មតា និង​ត្រូវ​ជឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ​។

អាជីវករ​លក់​ចេកចៀន​​តាម​ដង​ផ្លូវ នៅ​ផ្សារ​ដើម​គ​ម្នាក់​ អ្នកស្រី ណឹម សឿន ប្រាប់​ថា មិន​ទាន់​មាន​ភាគី​ខាង​ផ្សារ​ ឬ​ អាជ្ញាធរ​ ប្រជុំ​ប្រាប់​​អ្នក​លក់​ ពី​ព័ត៌មាន​នៃ​គម្រោង​រើ​ផ្សារ​បន្លែ​ នៅ​ឡើយ​ទេ គឺ​ឃើញ​​តែ​តាម​​​សារព័ត៌មាន​ចុះ​ផ្សាយ​ប៉ុណ្ណោះ។ អ្នកស្រី​ បន្ត​ថា ក្រុម​អាជីវករ គ្រាន់​តែ​លឺ​​ត​គ្នា​ថា នឹង​មាន​ការ​​បញ្ឈប់ ការ​​បោះ​ដុំ បន្លែ​ ផ្លែឈើ នៅ​ពេល​យប់ ដោយ​ឈប់​ឲ្យ​យក​មក​បោះ​ដុំ​នៅ​ម្ដុំ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស៖ « (អាជ្ញាធរ និង​ប្រធាន​ផ្សារ) អត់​បាន​ដើរ​ប្រាប់​ទេ តែ​គ្រាន់​ថា​អាជីវករ​ឃើញ​តាម​ហ្វេសប៊ុក ឃើញ​តាម​កាសែត​។ សំណួរ៖ ពេល​គេ​ប្ដូរ តើ​ពិបាក​ទិញ​យក​មក​លក់ ឬ ពិបាក​លក់​ទេ? ឆ្លើយ៖ ពិបាក​អូន ពិបាក​ទាំង​អស់​លក់ ទាំង​អ្នក​ទិញ។ តាម​ពិត​ទៅ អ្នកលក់​ក៏​ពិបាក​លក់ អ្នក​ទិញ​ក៏​ពិបាក​គ្នា​ទិញ​ដែរ ព្រោះ​អី​ឆ្ងាយ។ នរណា​ទៅ​ទិញ​ ដី​ឆ្ងាយ​ពី​នេះ ជាង​២០​គីឡូ គេ​មិន​ព្យាយាម​ទៅ​ទិញ​ទេ»

សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៨ តែ​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ នៅ​ដើម​ឆ្នាំ​២០១៩ បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ បាន​យល់​ព្រម​ជា​គោល​ការណ៍ យក​ដី​ចំនួន​២០​ហិកតារ នៅ​បឹង​តា​មោក ដើម្បី​​សាងសង់​ជា​ផ្សារ​ផ្គត់​ផ្គង់ បន្លែ ផ្លែឈើ និង​ជា​ចំណត​រថយន្ត។ របប​ក្រុង​ភ្នំពេញ ក៏​អនុញ្ញាត​ឲ្យ​រើ​ផ្សារ​បន្លែ ពី​ផ្សារ​ដើម​គ ទៅ​​នៅ​ទីតាំង​ផ្សារ​ដែល​នឹង​សាង​សង់​ថ្មី លើ​ផ្ទៃ​បឹង​តា​មោក ​ទំហំ​២០​ហិកតារ។

ក្រោយ​ដំណឹង​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​ក្រុម​អ្នក​បរិស្ថាន ​​ប្រតិកម្ម​ដោយ​បារម្ភ​​ថា ផ្ទៃ​បឹង​​​​ស្ដុក​ទឹក​ចុង​ក្រោយ​បង្អស់​ នៅ​រាជធានី​ភ្នំពេញ​មួយ​​នេះ​ អាច​នឹង​មាន​វាសនា​មិន​ខុស​ពី​​ផ្ទៃ​បឹង​កក់ បឹងត្របែក បឹង​ទំពុន ឬ បឹង​ជើងឯក ដែល​រង​ការ​លុប​ ក្រោម​ហេតុផល​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​ពិត​នៅ​ពី​ក្រោយ​ការ​លុប​បឹង​ទាំង​នោះ គឺ​ដើម្បី​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ឯ​ពលរដ្ឋ​ធ្លាប់​​អាស្រ័យ​ផល មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ទេ។ ចំណែក អាជីវករ​ផ្សារ​ដើម​គ​ខ្លះ បារម្ភ​ថា ពួកគេ ​នឹង​អាច​បាត់​បង់​មុខរបរ​ ដោយ​សារ​ តែ​ការ​ផ្លាស់ប្ដូរ​ទីតាំង​​ថ្មី​នេះ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក នួន ផារ័ត្ន ​កាល​ពី​ថ្ងៃ​ទី​៤ មករា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ដើម្បី​បញ្ជាក់​ខ្លឹមសារ សេចក្ដី​ជូន​ដំណឹង ឬ ស..ណ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា នឹង​មិន​មាន​ការ​រុះរើ​ផ្សារ​ដើម​គ​ទេ។ គេហទំព័រ​ហ្វេសប៊ុក​ (Page facebook) របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្សាយ​បន្ថែម​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​​សារ​ជាថ្មី​ថា ពុំ​មាន​គម្រោង​រុះរើ​ផ្សារ​ដើម​គ ឬ ​តម្រូវ​ឱ្យ​​អាជីវករ​កំពុង​លក់ដូរ​ នៅ​ផ្សារ​ដើម​គ ធ្វើការ​ផ្លាស់​ប្ដូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ទៅ​ទីតាំង​ថ្មី​ណា​មួយ​​ឡើយ។ ដោយឡែក ចំពោះ​គម្រោង​សាងសង់​ផ្សារ​នៅ​ បឹង​តា​មោក គឺ​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់​ផ្គង់​បន្លែ ផ្លែឈើ និង​ជា​ចំណត​រថយន្ត សម្រាប់​បន្ថែម​ជា​ទីតាំង​ផ្សារ​ បោះ​ដុំ​ មួយ​កន្លែង​ផ្សេង​​ទៀត ដើម្បី​កាត់​បន្ថយ និង​លុប​បំបាត់​ការ​រំលោភ​យក​ចិញ្ចើម​ផ្លូវ ទ្រូង​ផ្លូវ​សាធារណៈ ដើម្បី​ធ្វើ​ជា​ទីតាំង​​លក់​បន្លែ​ផ្លែឈើ ដែល​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ ប៉ះ​ពាល់​បរិស្ថាន សណ្ដាប់​ធ្នាប់ និង​អនាម័យ​តាម​ដង​ផ្លូវ។

អភិបាល​រង​រាជធានី​ភ្នំពេញ​​ លោក នួន ផារ័ត្ន បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម ​សម្រាប់​រឿង​នេះ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ អ្នក​នាំ​ពាក្យ​វិញ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន។

ពលរដ្ឋ​ អាជីវករ អ្នក​​ឃ្លាំ​មើល​សង្គម បញ្ញវន្ត បាន​នាំ​គ្នា​ផ្ដល់​យោបល់​ជាច្រើន តាម​​បណ្ដាញ​សង្គម (facebook)។ ​អ្នក​ខ្លះ ផ្ដល់​យោបល់ ឲ្យ​​អាជ្ញាធរ សាង​សង់​ផ្សារ​ដើម​គ ឲ្យ​ច្រើន​ជាន់​ទៅ​លើ ឬ ជ្រើស​រើស​ ទី​តាំង​ផ្សេង​ក្រៅ​ពី បឹង​តា​មោក ដើម្បី​រើ​ផ្សារ​បន្លែ ផ្លែឈើ និង ចំណត​ឡាន។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​សន្យា​ជាមួយ​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី២ ​ស្ដីពី​ការ​ការ​ពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ កាលពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៧ ថា ​ផ្ទៃ​បឹង​តា​មោក​ ត្រូវ​អនុញ្ញាត​ឲ្យ​លុប​កន្លែង​​​ណា ដែល​​បង្ក​ឲ្យ​មាន​មូស​ខ្លា​ ហើយ​ផ្ទៃ​បឹង​​ទាំង​មូល​ នឹង​​ត្រូវ​អភិរក្ស ជីក​ឲ្យ​ជ្រៅ ដើម្បី​ឲ្យ​ធារ​ទឹក (ដំណើរ​ហូរ​ចុះ) កាន់​តែ​ជ្រៅ​ថែម​ទៀត៖ «តា​មោក (ផ្ទៃ​បឹង) មិន​ត្រូវ​ឲ្យ​បាត់​ទេ ព្រោះ​តា​មោក​ជា​ធារ​ទឹក​មួយ គឺ​មាន​តែ​ធ្វើ​ឲ្យ​ជ្រៅ​ថែម។ អ៊ីចឹង​ទេ ជីក​​ឲ្យ​ជ្រៅ​ថែម កុំ​ឲ្យ​បាត់​បង់​បឹង​តា​មោក។ អា​ហ្នឹង​វា​​ជា​ចំណុច​ដែល​យើង (របប​ក្រុង​ភ្នំពេញ) បាន​ខិតខំ។ ឯ​កន្លែង​ខ្លះ វា​គ្រាន់​តែ​ជា​កន្លែង កន្លែង​ខ្លះ វា​មិន​មែន​ជា​កន្លែង​តម្កល់​ធារ​ទឹក​ទេ។ វា​ក្លាយ​ទៅ​ជា​តំបន់​ដែល​បញ្ចេញ​មូស​ខ្លា។ អ៊ីចឹង​ទេ អា​តំបន់​ហ្នឹង លុប​វា​ចោល​ទៅ លុប​វា​ចោល​ទៅ»

អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក សៅ ពឿន គាំទ្រ ​ប្រសិន​បើ​​គ្មាន​​ការ​​បង្ខំ​ឲ្យ​អាជីវករ ដែល​មិន​មាន​​តូប​​ក្នុង​ផ្សារ​ ឬ​អ្នក​លក់​​ដូរ ​នៅ​ខាង​ក្រៅ​ផ្សារ ​ត្រូវ​រើ​ទៅ​ទីតាំង​ថ្មី។ លោក សៅ ពឿន បន្ត​ថា បើ​មាន​ការ​តម្រូវ​ឲ្យ​អាជីវករ​​រុះរើ អាជ្ញាធរ​ត្រូវ​​មាន​សំណង​សម្រាប់​ការ​ខូចខាត​លើ​មុខរបរ​របស់​អាជីវករ​ទាំងនោះ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា សង្គម​ស៊ីវិល​​​ធ្វើ​ការ​ជាមួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ ផ្ដល់​យោបល់​ថា ជម្រើស​ដ៏​ល្អ​មួយ​ទៀត គឺ​អាជ្ញាធរ​គួរ​​​​អភិវឌ្ឍន៍​ នៅ​ហ្នឹង​កន្លែង​តែ​ម្ដង៖ «ផ្សារ​នេះ (ផ្សារដើមគរ) ជា​របស់​រដ្ឋ ហើយ​មិន​ដឹង​ថា ដល់​ពេល​គេ​ដោះ​ដូរ​ទៅ (អាច​ផ្នែក​ខ្លះ) តើ​គេ​លក់​ឲ្យ​ឯកជន ឬ​ក៏​យ៉ាង​ម៉េច? យើង​អត់​ទាន់​ដឹង​នៅ​ឡើយ​ទេ ហើយ​បើ​សិន​ ជា​លក់ ឲ្យ​ឯកជន​ដូច​កន្លង​មក​អី គួរតែ​មាន​សំណង់​ឲ្យ​ពួកគាត់​(ក្រុម​អាជីវករ) ឲ្យ​បាន​តម្លៃ​ទីផ្សារ​អ៊ីចឹង ទៅ»

សង្គម​ស៊ីវិល​រូប​នេះ យល់​ថា​ បើ​ទោះ​ ត្រូវ​បង្កើត​ផ្សារ​បន្លែ ផ្លែ​ឈើ និង​ចំណត​រថយន្ត​ថ្មី ប៉ុន្តែ​ មិន​គួរ​លុប​បឹង​ ដើម្បី​បង្កើត​ផ្សារ​ទេ គឺ​គួរ​បង្កើត​នៅ​ទីតាំង​ផ្សេង ហើយ​រក្សា​បឹង​ទុក​ស្ដុក​ទឹក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល