អាជីវករ​ត្អូញត្អែរ​​លក់​ដូរ​​មិន​​ដាច់​​អំឡុង​​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ​ស្រប​ពេល​​ជំងឺកូវីដ-១៩ បន្តរាតត្បាត​​ខ្លាំង​

ដោយ ហេង រស្មី
2021-04-15
Share
អាជីវករ​ត្អូញត្អែរ​​លក់​ដូរ​​មិន​​ដាច់​​អំឡុង​​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ​ស្រប​ពេល​​ជំងឺកូវីដ-១៩ បន្តរាតត្បាត​​ខ្លាំង​ អាជីវករ​ត្អូញត្អែរ​​លក់​ដូរ​​មិន​​ដាច់​​អំឡុង​​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ​ស្រប​ពេល​​ជំងឺកូវីដ-១៩ បន្តរាតត្បាត​​ខ្លាំង​។
រូប៖ គេ​ផ្ដល់​ឱ្យ

​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រៀងរាល់ឆ្នាំ អាជីករលក់​​បន្លែ ផ្លែឈើ ផ្កា និង​​ឥវ៉ាន់​ច្រើន​​តែង​តែ​​រីករាយ​​ចំពោះ​​អតិថិជន​ចូលទិញ​​ទំនិញ​​ស្ទើ​លក់​​មិន​ទាន់ ប៉ុន្តែ​​ឆ្នាំ​នេះ​​ទិដ្ឋភាព​​នៃ​ការ​លក់​ដូរ​តាម​​ផ្សារ ប្រែ​​ស្ងាត់​​ខុស​ពី​ធម្មតា​​បន្ទាប់​ពី​ជំងឺកូវីដ១៩ រាតត្បាត​​ខ្លាំង​​ចូល​សហគមន៍។

​អាជីវករ​​នៅ​ផ្សារ​ដេប៉ូ រាជធានីភ្នំពេញ​លោកស្រី សុខ ហួរ ប្រាប់​​អាស៊ីសេរី​ថា រាល់​ឆ្នាំ​​មុន​ថ្ងៃបុណ្យ​​ធំៗ​​មួយ​​សប្តាហ៍​អាជីវករ​​លក់​ដាច់ ដែល​​ធ្វើ​ឱ្យ​​ពួក​គាត់​អាច​​ទទួល​​បាន​​ប្រាក់​​ចំណេញ​​គួរសម​ សម្រាប់​​ទ្រទ្រង់​​ជីវភាព​​គ្រួសារ។ ប៉ុន្តែឆ្នាំនេះ អាជីវករ​លក់​ដូរ​​មិន​សូវ​ដាច់​ទេ ព្រោះ​ប្រជាពលរដ្ឋ​​មិន​​សូវ​ដើរ​​ផ្សារ ហើយអ្នក​ទិញ​​ភាគ​​ច្រើន​​ប្រញាប់​​ត្រឡប់​​ទៅ​ផ្ទះវិញ​ដោយ​ខ្លា​ច​​ឆ្លង​​ជំងឺ​កូវីដ។

ក្រៅពី​នេះលោកស្រី សុខ ហួរ ប្រាប់​ថា ឥវ៉ាន់​ដែល​​យក​​បន្ត​ពី​ថៅ​កែ​​ឡើង​ថ្លៃ​ថែម​ទៀត។ ឧទាហរណ៍ សាច់​ជ្រូក​យក​​ពី​​ថៅ​កែ​តម្លៃ​​ជិត​​ ២​ ម៉ឺន​រៀល​​ក្នុង​មួយ​គីឡូក្រាម ​លោកស្រី​​ត្រូវលក់​​ឱ្យ​អតិថិជន​​តម្លៃជាង ​២ ម៉ឺនរៀល ទៅ ​៣ ​ម៉ឺនរៀលក្នុងមួយ​គីឡូក្រាម តាម​ប្រភេទ​សាច់។ អាជីវករ​រូប​នេះ​ថា ​ស្ថានភាព​នេះ​ធ្វើ​ឱ្យគ្រួសារ​​លោកស្រី​​ជួប​​ប្រទះ​​ទុក្ខ​លំបាក​​ខ្លាំង ប៉ុន្តែ​​លោកស្រី​​ត្រូវ​​​បង្ខំ​​ចិត្ត​​​ចេញ​ទៅលក់ ដើម្បី​​រ​ក​ប្រាក់​​ចំណូល​បន្តិចបន្តួច​​សម្រាប់​​ផ្គត់ផ្គង់​​ជីវភាព​​គ្រួសារ៖ «ណាមួយ​ឥវ៉ាន់​ឡើង​ថ្លៃ​សាច់​ជ្រូកអី ដល់​ពេល​អ៊ីចឹង​ទៅ​រាងកាត់​បន្ថយ​ដែរ​ រក​អត់​បាន និយាយ​ពី​ប៉ះពាល់​កូវីដ​ហ្នឹង តាម​តែ​មាន​លុយមាន​កាក​ហូប​ហ្នឹង​​អត់​ហ៊ាន​​ចេញ​​លក់​ទេ ប៉ុន្តែ​ប្រឈម​មុខ​ បើ​យើង​អត់លក់​បានអី បើ​យើងអត់​លុយ​ត្រៀម​ទុក​​ហូប​ផង គេ​មាន​លុយ​ចេះ​ទិញ​​ទុក​​ពេញៗទូរ ​ដល់​យើង​អ្នក​លក់​ដូរ​​អត់​លុយ​​យ៉ាប់​ដែរ​ ចេះ​តែ​​ប្រឹង​​លក់​ខ្លាច​​ខ្លះ​​អីខ្លះ»។

ស្រដៀង​គ្នា​នេះ​ដែរ​ អាជីវករ​​ម្នាក់​ទៀត​​​នៅផ្សារ​ដើមគ​លោកស្រី ហួត ជីម រៀបរាប់ថា រដូវ​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ដើរ​​ផ្សារ​​តិចតួច​ទំនង​​ជា​​មក​​ពី​​ពួក​គាត់​​មិន​សូវ​​សំបូរ​ប្រាក់ និង​ភ័យ​ខ្លាច​​ឆ្លង​ជំងឺ​កូវីដ១៩ រួមទាំង​ការ​​រឹតបណ្តឹង​ការ​​ធ្វើ​ដំណើរ​ជា​ដើម។ លោក​ស្រី​ថា បញ្ហា​នេះធ្វើ​ឱ្យ​​​លោក​ស្រី​​​លក់​ដូរ​​មិន​សូវ​​​ដាច់​​ឡើយ ហើយ​​​ប៉ះពាល់​​ដល់​​ជីវភាព​​គ្រួសារ​ជា​​ខ្លាំង។ លោកស្រី​ស្នើ​រដ្ឋាភិបាល​ចាត់វិធានការ​​ទប់ស្កាត់​​ជំងឺ​កូវីដ​នេះ ឱ្យ​បាន​ឆាប់​​ដើម្បីជួយ​ដល់​អាជីវករ​​ដែល​កំពុង​​រង​​គ្រោះ​​ដោយ​​សារ​វិបត្តិ​កូវីដ​១៩៖ «ថវិកាយើង​ធ្លាប់​ពី​មុន​លក់​បាន​ដប់ ឥឡូវ​យើង​លក់​បាន​​តែ ៣​ អី​ចឹង​ទៅ កាត់​បន្ថយ​ច្រើន ឆ្នាំ​ទៅ​គ្រាន់​បើ​ អត់​​បិទ​អ៊ីចឹង​ហាស៎ គាត់​មកទិញ​ហូរ​ហែរ​ចឹង​ទៅ ដល់​ឥឡូវ​បិទ​ក្រុង​ទាំង​ស្រុង​ពិបាក​ដែរ ខ្លះ​គ្នា​អត់​ហ៊ានចេញ​សំងំ​នៅផ្ទះ ប្រៀបធៀប​ជាមួយ​ឆ្នាំ​ទៅ​ខុស​គ្នា​ច្រើន»។

ដូចគ្នានេះដែរ អាជីវករ​​លក់​​គ្រឿង​​សមុទ្រ​​នៅ​​ខេត្ត​​​ព្រះសីហនុលោកស្រី អ៊ឹង ឆៃលី ត្អូញ​ត្អែរ​​ថា ចាប់​​តាំង​​ពី​​​អាជ្ញាធរ​​បិទ​​ការ​​​ធ្វើ​ដំណើរ​​​ឆ្លង​ខេត្ត​​ដើម្បី​​ទប់​ស្កាត់​ការ​រីក​រាល​​ដាល​​ជំងឺកូវីដ១៩មក លោក​ស្រី​បាត់បង់​​ចំណូល​​ស្ទើរ​ទាំង​ស្រុង។ លោក​​ស្រី​​ថា ពេល​ខ្លះ​លោកស្រី​​​បង្ខំ​ចិត្ត​លក់​គ្រឿង​​សមុទ្រ​ខាត​ដើម ដើម្បី​ទទួល​​បាន​​ប្រាក់​​មក​​វិញ​​ខ្លះ៖ «ធ្វើមិចជីវិត​អ្នកក្រ​តាមដំណើរ បើទៅ​ថ្ងៃ​ណា​យើង​គិត​ថ្ងៃហ្នឹង ប៉ុន្តែ​សំខាន់​យើង​ត្រូវ​ការ​លុយខ្វះខាត​ក្នុង​គ្រួសារ ផ្ទះ​យើង​អត់​ទៀត គ្រួសារ​ខ្ញុំ​ត្រូវ​ទំនុក​បំរុង ពេល​យើង​អត់​រកវា​ពិក​បាក​ណាស់ អ៊ីចឹង ខ្ញុំ​ត្រូវប្រថុយ​ចេញ​រក​ឆ្នាំ​មុន​រាង​គ្រាន់​បើ​ដែរ ដល់​ឆ្នាំ​នេះ​គេ​បិទ​ផ្លូវ​មុន​ចូល​ឆ្នាំ​ខ្មែរទៀត»។

ចាប់​តាំង​​ពី​​ផ្ទុះ​ព្រឹត្តិការណ៍​​សហគមន៍​​​២០ កុម្ភៈ អាជ្ញាធរ​​​បាន​​​ដាក់​​ចេញ​​វិធានការ​​តឹង​រ៉ឹង​​​ជា​​បន្ត​បន្ទាប់ មាន​​ដូច​​ជា បម្រាម​​លើ​ការ​​ធ្វើដំណើរ ការ​​បិទ​​ខ្ទប់​តំបន់​មួយ​​ចំនួន និង​បម្រាម​​​​រៀប​​ចំ​កម្មវិធី​ដែល​​ប្រមូល​ផ្តុំ​​មនុស្ស​​​ច្រើន​​នាក់ជាដើម។ វិធាន​ការ​​ទាំងនេះ​​​មិន​​មាន​​ការ​​លើក​លែង​​​សម្រាប់​​ពិធីបុណ្យ​​​ចូល​ឆ្នាំ​ថ្មី​នោះទេ ផ្ទុយ​ទៅ​វិញ​​អាជ្ញាធរ​​បាន​​លើក​​ទឹក​ចិត្ត​​ដល់​ពលរដ្ឋ​​ទាំងអស់​ឱ្យ​​ប្រារព្ធ​ពិធីបុណ្យ​​ចូល​​ឆ្នាំខ្មែរ​​នៅតាម​ផ្ទះ​រៀងៗ​ខ្លួនដើម្បី​ការពារ​ខ្លួន​​ពី​​ជំងឺ​កូវីដ-១៩។

ជុំវិញ​​​ការ​​ត្អូញត្អែរ​​​របស់​​ក្រុម​​​អាជីវករ​នេះ​​ ប្រធាន​​អង្គភាព​​​អ្នក​នាំពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាល​កំពុង​​ស្វះ​ស្វែង​​រក​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩​ ដើម្បី​​ចាក់​​ជូន​​ប្រជាពលរដ្ឋ។ លោកថា តួនាទី​​របស់​​ប្រជាពលរដ្ឋ​ពេលនេះ​គឺសហការ​​ចូលរួម​ចាក់វ៉ាក់​​សាំងកូវីដ១៩ដើម្បី​គោរព​សិទ្ធិ​​រស់រាន​​មាន​ជីវិត​​របស់​​អ្នក​ដទៃ។ លោកអះអាងថា រដ្ឋាភិបាល​មិ​ន​​បណ្តោយ​​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដាច់​​បាយ​នោះទេ៖ «ទឹកភ្លើង​អាហ្នឹង​មិន​ពិបាកណាស់ បើខ្លួនឯង​ដឹង​ថា ​ប្រើ​ភ្លើង​អស់​​លុយ​​កុំប្រើ​ច្រើន​​ទៅ ទឹកចឹងដែរ ប្រើទឹក​ច្រើន​វា​អស់​លុយ​កុំ​ប្រើ​ទៅ ក៏ប៉ុន្តែ​អ្នក​កើតជំងឺ​ ទឹក​ភ្លើង​គេ​អ្នក​សម្រួល​ឱ្យ​តើ វិធាន​គឺ​មាន​ បើក្រ​គេ​មិន​ឱ្យយើង​ដាច់​បាយ​ស៊ី​ទេ យើង​​ទាក់ទង​ជា​មួយ​មូល​ដ្ឋាន ប្រាប់​គេ​ថា ខ្ញុំក្រ អាហ្នឹង​គេ​យក​អង្ករ​ទៅ​ឱ្យ​ហូប គេ​ឱ្យ​លុយ​ឱ្យ​អី​ហើយ បើសិន​យើង​ជាប់​បញ្ហា​បង់ថ្លៃផ្ទះ បង់​ថ្លៃ​អី​យើង​ទាក់ទង​នឹង​ម្ចាស់​បំណុល​គេ​មាន​វិធានការ​ហើយ បើថាបើក​លុយ​ យក​លុយ​ឱ្យ​ទាំង​កញ្ចប់ៗ​រដ្ឋ​មាន​លុយ​ណា»។

ទោះជាយ៉ាងនេះក្តី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​​សង្កេត​​ឃើញ​ថា មកដល់​​ពេល​​នេះ រដ្ឋាភិបាល​​មិន​ទាន់​​បង្ហាញ​​សញ្ញា​ណា​មួយ​​ដែល​​អាច​​គ្រប់គ្រ​ង​​ស្ថានភាព​រីក​រាល​​ដាល​ជំងឺនេះ​ឱ្យ​ច្បាស់លាស់​​នៅឡើ​យ​ទេ ហើយ​​ពលរដ្ឋ​​នៅ​​តែ​ប៉ះពាល់​​ខ្លាំង​​​ផ្នែក​​ជីវភាព។

អ្នក​តាម​ដា​ន​ការ​​អភិវឌ្ឍ​សង្គមបណ្ឌិត សេង សារី មាន​​ប្រសាសន៍​ថា ការរាតត្បាត​​ជំងឺកូវីដ១៩ បាន​​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្នាតតូច និងមធ្យម ជាពិសេស​ក្រុម​អ្នក​​រត់ម៉ូតូឌុប អ្នករត់តុកតុក និងអាជីវករជាដើម។ លោកថា ប្រសិន​បើ​អាជ្ញាធរ​រឹត​បណ្តឹង ឬ​បិទខ្ទប់​តំបន់​ណាមួយដែល​ប៉ះពាល់​ដល់​​មុខ​របរ​ប្រជាពលរដ្ឋ​ រដ្ឋាភិបាល​​ត្រូវ​តែ​​​គិត​គូរ​​​​ពី​​​ជីវភាពនិង​​ការ​រស់​​នៅ​​របស់​​ពួក​គាត់៖ «ខ្ញុំបាន​លើក​អ៊ីចឹង​ថា​យន្ត​ការ​សេដ្ឋកិច្ច​អាច​ជួយ​បាន និយាយ​ឱ្យ​ងាយ​ទៅ​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​ណា​មួយ ដើម្បី​ធ្វើមិច ធានាការ​រស់​នៅ​ប្រចាំថ្ងៃ​ ព្រោះ​ឥឡូវ​នេះ​អត់​មាន​ត្រូវ​ទំលាក់​លុយសម្រាប់​វិនិយោគ​អី​ទេ ដំណាក់​កាល​នេះ មិនមែន​ជា​ពេល​វេលា​ដែល​ត្រូវពិចារ​ណា​ការ​រៀប​ចំការ​ធ្វើជំនួញ​ថ្មី​អី​ដែរ ស្ថាន​ភាព​នេះ​គឺ​ធ្វើ​មិច​ធានា​សុវត្ថិភាពអាហារ​សម្រាប់​ពលរដ្ឋ»។

កាល​​ពី​​ពេល​​ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​សន្យា​ថា រដ្ឋាភិបាល​​នឹង​ជួយ​បង់​ទឹក​ភ្លើង  ផ្តល់​​ថវិកា​​មួយ​​ចំនួន ផ្តល់​​ជំនួយ​​ឧបត្ថម្ភ​​ផ្សេង​ទៀត ព្រម​ទាំង​ជួយ​សម្រួល​​បញ្ហ​​កម្ចី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដល់​គ្រួសារ​​​អ្នក​​ស្លាប់​​​ដោយ​​សារ​​​ជំងឺ​​កូវីដ-១៩ អ្នកឆ្លង​​ជំងឺ​​កូវីដ និង​​អ្នក​​ធ្វើ​ចត្តា​ឡីស័ ។ ​​​​​ទោះជា​យ៉ាងនេះក្តី ប្រជាពលរដ្ឋ និង​​អង្គការសង្គម​​ស៊ីវិល​​ស្នើ​​ឱ្យ​រដ្ឋាភិបាល​​ពង្រីក​ជំនួយ​​ទាំង​នេះ​​ឱ្យ​​បាន​ទៅ​ដល់​​ពលរដ្ឋ​​​កាន់​​តែ​ច្រើន​ថែម​​ទៀត ដើម្បីធានា​​ថា គ្មាន​ពលរដ្ឋ​​ណា​​ម្នាក់​​ត្រូវ​​បាន​​ទុក​​ចោល​​ឱ្យ​​នៅ​​ដោយ​​ឡែក​​នោះ​ទេ ពី​ព្រោះ​គ្រប់​​គ្នា​​សុទ្ធ​តែ​រង​​ផល​​ប៉ះពាល់​​ពី​​វិបត្តិ​​ជំងឺកូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល