ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររៀងរាល់ឆ្នាំ អាជីករលក់បន្លែ ផ្លែឈើ ផ្កា និងឥវ៉ាន់ច្រើនតែងតែរីករាយចំពោះអតិថិជនចូលទិញទំនិញស្ទើលក់មិនទាន់ ប៉ុន្តែឆ្នាំនេះទិដ្ឋភាពនៃការលក់ដូរតាមផ្សារ ប្រែស្ងាត់ខុសពីធម្មតាបន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាតខ្លាំងចូលសហគមន៍។
អាជីវករនៅផ្សារដេប៉ូ រាជធានីភ្នំពេញលោកស្រី សុខ ហួរ ប្រាប់អាស៊ីសេរីថា រាល់ឆ្នាំមុនថ្ងៃបុណ្យធំៗមួយសប្តាហ៍អាជីវករលក់ដាច់ ដែលធ្វើឱ្យពួកគាត់អាចទទួលបានប្រាក់ចំណេញគួរសម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែឆ្នាំនេះ អាជីវករលក់ដូរមិនសូវដាច់ទេ ព្រោះប្រជាពលរដ្ឋមិនសូវដើរផ្សារ ហើយអ្នកទិញភាគច្រើនប្រញាប់ត្រឡប់ទៅផ្ទះវិញដោយខ្លាចឆ្លងជំងឺកូវីដ។
ក្រៅពីនេះលោកស្រី សុខ ហួរ ប្រាប់ថា ឥវ៉ាន់ដែលយកបន្តពីថៅកែឡើងថ្លៃថែមទៀត។ ឧទាហរណ៍ សាច់ជ្រូកយកពីថៅកែតម្លៃជិត ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម លោកស្រីត្រូវលក់ឱ្យអតិថិជនតម្លៃជាង ២ ម៉ឺនរៀល ទៅ ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម តាមប្រភេទសាច់។ អាជីវកររូបនេះថា ស្ថានភាពនេះធ្វើឱ្យគ្រួសារលោកស្រីជួបប្រទះទុក្ខលំបាកខ្លាំង ប៉ុន្តែលោកស្រីត្រូវបង្ខំចិត្តចេញទៅលក់ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៖ «ណាមួយឥវ៉ាន់ឡើងថ្លៃសាច់ជ្រូកអី ដល់ពេលអ៊ីចឹងទៅរាងកាត់បន្ថយដែរ រកអត់បាន និយាយពីប៉ះពាល់កូវីដហ្នឹង តាមតែមានលុយមានកាកហូបហ្នឹងអត់ហ៊ានចេញលក់ទេ ប៉ុន្តែប្រឈមមុខ បើយើងអត់លក់បានអី បើយើងអត់លុយត្រៀមទុកហូបផង គេមានលុយចេះទិញទុកពេញៗទូរ ដល់យើងអ្នកលក់ដូរអត់លុយយ៉ាប់ដែរ ចេះតែប្រឹងលក់ខ្លាចខ្លះអីខ្លះ»។
ស្រដៀងគ្នានេះដែរ អាជីវករម្នាក់ទៀតនៅផ្សារដើមគលោកស្រី ហួត ជីម រៀបរាប់ថា រដូវបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះប្រជាពលរដ្ឋដើរផ្សារតិចតួចទំនងជាមកពីពួកគាត់មិនសូវសំបូរប្រាក់ និងភ័យខ្លាចឆ្លងជំងឺកូវីដ១៩ រួមទាំងការរឹតបណ្តឹងការធ្វើដំណើរជាដើម។ លោកស្រីថា បញ្ហានេះធ្វើឱ្យលោកស្រីលក់ដូរមិនសូវដាច់ឡើយ ហើយប៉ះពាល់ដល់ជីវភាពគ្រួសារជាខ្លាំង។ លោកស្រីស្នើរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ជំងឺកូវីដនេះ ឱ្យបានឆាប់ដើម្បីជួយដល់អាជីវករដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ១៩៖ «ថវិកាយើងធ្លាប់ពីមុនលក់បានដប់ ឥឡូវយើងលក់បានតែ ៣ អីចឹងទៅ កាត់បន្ថយច្រើន ឆ្នាំទៅគ្រាន់បើ អត់បិទអ៊ីចឹងហាស៎ គាត់មកទិញហូរហែរចឹងទៅ ដល់ឥឡូវបិទក្រុងទាំងស្រុងពិបាកដែរ ខ្លះគ្នាអត់ហ៊ានចេញសំងំនៅផ្ទះ ប្រៀបធៀបជាមួយឆ្នាំទៅខុសគ្នាច្រើន»។
ដូចគ្នានេះដែរ អាជីវករលក់គ្រឿងសមុទ្រនៅខេត្តព្រះសីហនុលោកស្រី អ៊ឹង ឆៃលី ត្អូញត្អែរថា ចាប់តាំងពីអាជ្ញាធរបិទការធ្វើដំណើរឆ្លងខេត្តដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩មក លោកស្រីបាត់បង់ចំណូលស្ទើរទាំងស្រុង។ លោកស្រីថា ពេលខ្លះលោកស្រីបង្ខំចិត្តលក់គ្រឿងសមុទ្រខាតដើម ដើម្បីទទួលបានប្រាក់មកវិញខ្លះ៖ «ធ្វើមិចជីវិតអ្នកក្រតាមដំណើរ បើទៅថ្ងៃណាយើងគិតថ្ងៃហ្នឹង ប៉ុន្តែសំខាន់យើងត្រូវការលុយខ្វះខាតក្នុងគ្រួសារ ផ្ទះយើងអត់ទៀត គ្រួសារខ្ញុំត្រូវទំនុកបំរុង ពេលយើងអត់រកវាពិកបាកណាស់ អ៊ីចឹង ខ្ញុំត្រូវប្រថុយចេញរកឆ្នាំមុនរាងគ្រាន់បើដែរ ដល់ឆ្នាំនេះគេបិទផ្លូវមុនចូលឆ្នាំខ្មែរទៀត»។
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ អាជ្ញាធរបានដាក់ចេញវិធានការតឹងរ៉ឹងជាបន្តបន្ទាប់ មានដូចជា បម្រាមលើការធ្វើដំណើរ ការបិទខ្ទប់តំបន់មួយចំនួន និងបម្រាមរៀបចំកម្មវិធីដែលប្រមូលផ្តុំមនុស្សច្រើននាក់ជាដើម។ វិធានការទាំងនេះមិនមានការលើកលែងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនោះទេ ផ្ទុយទៅវិញអាជ្ញាធរបានលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩។
ជុំវិញការត្អូញត្អែររបស់ក្រុមអាជីវករនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលកំពុងស្វះស្វែងរកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ លោកថា តួនាទីរបស់ប្រជាពលរដ្ឋពេលនេះគឺសហការចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីគោរពសិទ្ធិរស់រានមានជីវិតរបស់អ្នកដទៃ។ លោកអះអាងថា រដ្ឋាភិបាលមិនបណ្តោយឱ្យប្រជាពលរដ្ឋខ្មែរដាច់បាយនោះទេ៖ «ទឹកភ្លើងអាហ្នឹងមិនពិបាកណាស់ បើខ្លួនឯងដឹងថា ប្រើភ្លើងអស់លុយកុំប្រើច្រើនទៅ ទឹកចឹងដែរ ប្រើទឹកច្រើនវាអស់លុយកុំប្រើទៅ ក៏ប៉ុន្តែអ្នកកើតជំងឺ ទឹកភ្លើងគេអ្នកសម្រួលឱ្យតើ វិធានគឺមាន បើក្រគេមិនឱ្យយើងដាច់បាយស៊ីទេ យើងទាក់ទងជាមួយមូលដ្ឋាន ប្រាប់គេថា ខ្ញុំក្រ អាហ្នឹងគេយកអង្ករទៅឱ្យហូប គេឱ្យលុយឱ្យអីហើយ បើសិនយើងជាប់បញ្ហាបង់ថ្លៃផ្ទះ បង់ថ្លៃអីយើងទាក់ទងនឹងម្ចាស់បំណុលគេមានវិធានការហើយ បើថាបើកលុយ យកលុយឱ្យទាំងកញ្ចប់ៗរដ្ឋមានលុយណា»។
ទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមសង្កេតឃើញថា មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់បង្ហាញសញ្ញាណាមួយដែលអាចគ្រប់គ្រងស្ថានភាពរីករាលដាលជំងឺនេះឱ្យច្បាស់លាស់នៅឡើយទេ ហើយពលរដ្ឋនៅតែប៉ះពាល់ខ្លាំងផ្នែកជីវភាព។
អ្នកតាមដានការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី មានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីដ១៩ បានប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងមធ្យម ជាពិសេសក្រុមអ្នករត់ម៉ូតូឌុប អ្នករត់តុកតុក និងអាជីវករជាដើម។ លោកថា ប្រសិនបើអាជ្ញាធររឹតបណ្តឹង ឬបិទខ្ទប់តំបន់ណាមួយដែលប៉ះពាល់ដល់មុខរបរប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវតែគិតគូរពីជីវភាពនិងការរស់នៅរបស់ពួកគាត់៖ «ខ្ញុំបានលើកអ៊ីចឹងថាយន្តការសេដ្ឋកិច្ចអាចជួយបាន និយាយឱ្យងាយទៅរដ្ឋាភិបាលត្រូវប្រើប្រាស់កញ្ចប់ថវិកាណាមួយ ដើម្បីធ្វើមិច ធានាការរស់នៅប្រចាំថ្ងៃ ព្រោះឥឡូវនេះអត់មានត្រូវទំលាក់លុយសម្រាប់វិនិយោគអីទេ ដំណាក់កាលនេះ មិនមែនជាពេលវេលាដែលត្រូវពិចារណាការរៀបចំការធ្វើជំនួញថ្មីអីដែរ ស្ថានភាពនេះគឺធ្វើមិចធានាសុវត្ថិភាពអាហារសម្រាប់ពលរដ្ឋ»។
កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា រដ្ឋាភិបាលនឹងជួយបង់ទឹកភ្លើង ផ្តល់ថវិកាមួយចំនួន ផ្តល់ជំនួយឧបត្ថម្ភផ្សេងទៀត ព្រមទាំងជួយសម្រួលបញ្ហកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដល់គ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ អ្នកឆ្លងជំងឺកូវីដ និងអ្នកធ្វើចត្តាឡីស័ ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលពង្រីកជំនួយទាំងនេះឱ្យបានទៅដល់ពលរដ្ឋកាន់តែច្រើនថែមទៀត ដើម្បីធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលឱ្យនៅដោយឡែកនោះទេ ពីព្រោះគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។