ក្រុមអាជីវករលក់ដូររបរកំប៉ិកកំប៉ុកតាមចិញ្ចឹមផ្លូវនៅរាជធានីភ្នំពេញ និងតាមខែត្ររអ៊ូរទាំថា លក់មិនដាច់ ក្រោយពេលដែលស្ថានភាពនយោបាយកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេស្នើឲ្យអ្នកនយោបាយស្រុះស្រួលគ្នាឲ្យបានឆាប់ ដើម្បីជីវភាពពលរដ្ឋបានប្រសើរឡើងវិញ។
អាជីវករលក់ទូរស័ព្ទដៃបោះដុំនៅតាមផ្សារម្នាក់ ឈ្មោះ ទ្រី ម៉េងស្រ៊ុង អះអាងថា ចាប់តាំងពីមានវិបត្តិនយោបាយក្រោយពេលលោក កឹម សុខា ត្រូវបានចាប់ខ្លួនមក ការលក់ដូររបស់លោកចេះតែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ លោកដាក់ការសង្ស័យថា អ្នកទិញអាចលែងសូវសំបូរលុយដូចមុន៖ «អ្ហើយ! អ្នកលក់ឥឡូវស្ងាត់ឈឹង! ចង់ដាច់បាយអស់ហើយ គ្មានអ្នកណាទិញដូរអី ជាទូទៅហើយ អ្នកលក់ឥឡូវស្ងាត់តែម្ដង។ នៅពេលរញ៉េរញ៉ៃអ៊ីចឹង អ្នកលក់ឥឡូវខ្សត់ខ្សោយណាស់ និយាយទៅលក់មិនដាច់តែម្ដង»។
វិបត្តិនយោបាយក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមកើតឡើងខ្លាំងក្រោយពេលរដ្ឋាភិបាលបំបាត់សំឡេងឯករាជ្យ ហើយកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីកណ្ដាលយប់ថ្ងៃទី៣ កញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិតាមបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់មកក៏មានការរំលាយគណបក្សប្រឆាំង ហាមឃាត់សកម្មភាពក្បាលម៉ាស៊ីនបក្សប្រឆាំងជាង ១០០នាក់ធ្វើនយោបាយ ៥ឆ្នាំ និងចុងក្រោយគឺការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរី ពីររូប ចោទពីបទផ្ដល់ព័ត៌មានអន្ដរាយជាតិទៅឲ្យរដ្ឋបរទេស ព្រមទាំងការស៊ុមគ្រលុំគ្នាយកអាសនៈតំណាងរាស្ត្រ និងអាសនៈថ្នាក់ក្រោមជាតិ ទៅបែងចែកឱ្យគ្នា និងបក្សពួកខ្លួនដោយមិនខ្វល់ពីសំឡេងរិះគន់ និងថ្កោលទោស។
អ្នកលក់អង្ករនៅម្ដុំផ្សារសំណង់១២ និងជាអ្នកលក់អីវ៉ាន់តាមអនឡាញ (Online) ឈ្មោះ ទន់ គឹមហួយ អះអាងស្រដៀងនឹងអាជីវករផ្សេងទៀតដែរ ពីការធ្លាក់ចុះអតិថិជន។ អ្នកស្រី ទន់ គឹមហួយ មើលឃើញថា នៅពេលប្រទេសជាតិជួបវិបត្តិ អ្នកនយោបាយមិនត្រូវគ្នា គឺភ្ញៀវទេសចរអន្តរជាតិនឹងធ្លាក់ចុះ បណ្ដាលឲ្យលុយដែលហូរចូលតាមរយៈភ្ញៀវទេសចរនឹងត្រូវបាត់បង់ដែរ៖ «ស្នើសុំឲ្យរាជរដ្ឋាភិបាលពិចារណាឡើងវិញចំពោះនយោបាយនៅក្នុងប្រទេសកម្ពុជា... កាលណាកម្មករគាត់អត់មានប្រាក់ ហើយអ្នកទេសចរណ៍ក៏គាត់អត់មកលេង ចលនាសាច់ប្រាក់អត់ដើរ។ នាងខ្ញុំដែលជំពាក់ធនាគារក៏អត់មានលុយសម្រាប់សងធនាគារ អត់មានលុយសម្រាប់ចិញ្ចឹមកូនចៅ ក្រុមគ្រួសារតទៅមុខទៀត។ ដូច្នេះរដ្ឋាភិបាលជាមួយគណបក្សប្រឆាំង សម្របសម្រួលគ្នា ដើម្បីប្រទេសយើងទាំងមូល ព្រោះបើយើងអត់មានលុយទេ ក៏យើងមិនអាចទៅធ្វើអ្វីបានដែរ នាងខ្ញុំអាជីវករតូចតាច លក់ដូរជារឿងសំខាន់»។
អ្នកលក់ណែមនៅម្ដុំរូបសំណាកលោកតាដំបងគ្រញូង ក្នុងខែត្របាត់ដំបង ម្នាក់ លោក ព្រាប ឃុនសុជាតិ ត្អូញត្អែរថា ចាប់តាំងពីមានវិបត្តិនយោបាយកើតឡើងមក អីវ៉ាន់ចេះតែកើនឡើង ចំណែកការលក់ដូរវិញ លែងដាច់ដូចមុន។ លោកប្រាប់ថា ភ្ញៀវទេសចរដែលមកលេងនៅខែត្របាត់ដំបង បច្ចុប្បន្ន លែងសូវចូលទិញណែមលោកដូចមុនទៀតហើយ៖ «បញ្ហាសេដ្ឋកិច្ច យើងជាប្រជាពលរដ្ឋ ដូចជាខ្ញុំនេះផ្ទាល់ដែរ សពថ្ងៃមានការពិបាកក្នុងការរកស៊ីមួយចំនួន ដូចជាការទិញអីវ៉ាន់ឡើងថ្លៃ ការលក់ដូរមិនបានចំណេញច្រើន មានការពិបាកក្នុងការលក់ដូរ ដូច្នេះសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសូមឲ្យខាងរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ និងខាងគណបក្សនយោបាយដែលមានវិបត្តិនយោបាយផ្ទាល់នេះ ឲ្យពួកគាត់សម្របសម្រួលគ្នាដើម្បីកុំឲ្យមានវិបត្តិដូច្នេះ»។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកនាំពាក្យគណបក្សកាន់អំណាច ឬអស់លោកអ្នកធំក្នុងជួររដ្ឋាភិបាល ស្រែកបន្ទរគ្នាអះអាងថា ប្រទេសកម្ពុជា គ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមានវិបត្តិតែប៉ុណ្ណោះ។ សង្គមស៊ីវិល និងអ្នកតាមដាននយោបាយ ហៅការសម្រេចចិត្តបន្តឹងស្ថានការណ៍នយោបាយកម្ពុជា លែងដើរផ្លូវកណ្ដាល ហើយងាកទៅរកប្លុកកុម្មុយនិស្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការធ្វើនយោបាយប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ឬឈានដល់ចំណុចគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យគណបក្សប្រឆាំង ទទួលខុសត្រូវនៅពេលបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការធ្វើឲ្យស្ថានភាពនយោបាយឡើងកំដៅនេះ ថាជាយុទ្ធសាស្ត្ររក្សាសន្តិភាព និងបង្ការកុំឲ្យកម្ពុជា មានបដិវត្តពណ៌។
អាជីវករលក់ស្លាម្លូរនៅខែត្រកំពង់ចាម ម្នាក់ ស្នើសុំមិនបញ្ចេញឈ្មោះ សម្ដែងក្ដីបារម្ភចំពោះកូនដែលកំពុងរៀនសូត្រនៅក្រុងភ្នំពេញ ខណៈដែលស្ថានការណ៍នយោបាយកាន់តែឡើងកំដៅពីមួយថ្ងៃទៅមួយថ្ងៃ៖ «អ្នកនៅតាមខេត្តដឹងស្រាប់ហើយ គាត់ឮដំណឹងហ្នឹង គាត់ភ័យខ្លាច គាត់បារម្ភ ហើយកូនគាត់អត់ហ៊ានទៅណាមកណា និយាយទៅក្ដីបារម្ភរបស់គាត់ហ្នឹងគឺចំពោះហ្នឹង។ មួយទៀត បើកាលណាសិស្សសាលា ហើយអ្នករកស៊ី បើកាលណាអត់បានចេញប្រកបរបររកស៊ី គ្រួសារហ្នឹងម៉េចរកបានចំណូល ហើយមិនត្រឹមតែប៉ុណ្ណឹងទេ អាចធ្វើឲ្យប្រទេសមួយចំនួនហ្នឹងកាត់ជំនួយពីប្រទេសយើងផងដែរ ហើយបើសិនកាត់ជំនួយហើយ ធ្វើឲ្យប្រទេសយើងហ្នឹងកាន់តែលំបាក ហើយប្រឈមនឹងភាពអត់មានការងារធ្វើ»។
អាជីវករព្រមានថា ប្រសិនបើស្ថានភាពនយោបាយដ៏តានតឹងនេះ មិនបានវិលត្រឡប់ទៅរកភាពប្រសើរទេ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនឹងកើតមានសម្រាប់កម្ពុជា ពីសំណាក់បណ្ដាប្រទេសដែលបញ្ជាទិញផលិតផលពីស្រុកខ្មែរ។ នៅពេលដែលមានទណ្ឌកម្ម អាជីវករបារម្ភថា ជីវភាពរបស់ពួកគេនឹងកាន់តែធ្លាក់ដុនដាបជាងនេះទៀត។ ពួកគេយល់ថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលត្រូវកែសម្រួលបរិយាកាសនយោបាយ និងរក្សាទំនាក់ទំនងការទូតឱ្យបានប្រសើរឡើងវិញជាមួយបណ្ដាប្រទេសដែលជាដៃគូរអភិវឌ្ឍន៍របស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។