អាជីវករ និងក្រុមហ៊ុនដែលដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នាពិធីបុណ្យអុំទូកឆ្នាំនេះ រំពឹងថា នឹងមានមនុស្សរាប់ម៉ឺននាក់មកចូលរួម ព្រមទាំងចាប់អារម្មណ៍ផលិតផលទាំងនោះ។
គិតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ នៅតាមកន្លែងសំខាន់ៗ គិតចាប់ពីរមណីយដ្ឋានវត្តភ្នំ បរិវេណសួនច្បារវត្តបទុមវតី ក្បែរព្រះបរមរាជវាំង ពិសេសបរិវេណទីក្រុងរណបកោះពេជ្រ នារាជធានីភ្នំពេញ ត្រូវបានអាជីវករ និងក្រុមហ៊ុនឯកជនជាច្រើនបានរៀបចំត្រៀមស្តង់តាំងពិព័រណ៍ ដើម្បីដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិធីបុណ្យអុំទូកបីថ្ងៃនេះ។
តំណាងក្រុមហ៊ុន ជីង ថៃ លក់ខ្នើយ និងកម្រាលពូក អ្នកស្រី អេង លាង និយាយថា អ្នកស្រីបានជួលស្តង់រយៈពេលបីថ្ងៃ ក្នុងតម្លៃ ៥០០ដុល្លារ។ អ្នកស្រីរំពឹងថា នឹងមានប្រជាពលរដ្ឋទាំងតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ មកចូលរួម ហើយចាប់អារម្មណ៍ផលិតផលតាំងពិព័រណ៍ច្រើន បន្ទាប់ពីកម្ពុជា បានផ្អាកពិធីបុណ្យនេះជាច្រើនឆ្នាំ៖ «ឆ្នាំនេះខ្ញុំរំពឹងថា មនុស្សច្រើនជាង ព្រោះឆ្នាំនេះយើងអុំទូក រាល់ឆ្នាំយើងអត់ដែលអុំទូកទេ សង្ឃឹមថា ប្រហែលលក់ដាច់ ព្រោះអីវ៉ាន់ទាំងនេះ ខ្ញុំនាំមកផ្ដាច់មុខពីប្រទេសចិន និងហុងកុង ហេតុនេះខ្ញុំជឿថា គេអត់មានលក់ដូចខ្ញុំនោះ»។
ទន្ទឹមគ្នានេះដែរ ជាម្ចាស់ស្តង់លក់នាឡិកាដៃ លោក សុខ ភាព នាមជ្ឈមណ្ឌលកោះពេជ្រ ឲ្យដឹងដែរថា លោកនឹងដាក់លក់ចំនួន ៤ថ្ងៃ។ លោកថា ផលិតផលដែលដាក់លក់សម្រាប់បុណ្យអុំទូក លោកនាំចូលពីប្រទេសថៃ និងសិង្ហបុរី។ លោកក៏រំពឹងថា នឹងរកចំណូលបានច្រើនពីការតាំងពិព័រណ៍នេះ។ លោកក៏អំពាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ទាំងសម្ភារៈ និងលុយកាក់នាឱកាសចូលរួមពិធីបុណ្យនេះ៖ «ពេលមកលេងបុណ្យអុំទូក យើងគួរណាប្រុងប្រយ័ត្ន ដូចជាកុំដើរប្រជ្រៀតគ្នា កុំច្រានគ្នា កុំឲ្យកើតមានបញ្ហាដូចឆ្នាំមុនទៀត»។
ចំណែកម្ចាស់ស្តង់ពិព័រណ៍លក់សម្ភារៈផ្ទះបាយ លោក មាស សុវណ្ណារ៉ា មិនរំពឹងថា នឹងរកចំណូលបានច្រើនពីពិធីតាំងពិព័រណ៍នេះប៉ុន្មាននោះទេ។ លោកយល់ថា ប្រជាពលរដ្ឋអាចនឹងនៅភ័យខ្លាចព្រឹត្តិការណ៍ស្លាប់មនុស្សនៅស្ពានពេជ្រ កាលពីឆ្នាំ២០១០ ខណៈកសិករជាច្រើនជួបវិបត្តិធ្លាក់ថ្លៃស្រូវ និងរកចំណូលមិនបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកអំពាវនាវឲ្យអាជ្ញាធរត្រៀមកម្លាំងការពារឲ្យបានតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពពលរដ្ឋដែលចូលរួមពិធីបុណ្យនេះ។
គិតចាប់ពីរមណីយដ្ឋានវត្តភ្នំ បរិវេណសួនច្បារវត្តបទុមវតី ក្បែរព្រះបរមរាជវាំង ពិសេសបរិវេណនាទីក្រុងរណបកោះពេជ្រ នារាជធានីភ្នំពេញ មានស្តង់ពិព័រណ៍ផលិតផលប្រើប្រាស់ រួមមានសំលៀកបំពាក់ គ្រឿងសំអាង ម្ហូបអាហារ ព្រមទាំងឧបករណ៍ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ ប៉ុន្តែស្តង់ពិព័រណ៍ផលិតផលស្រាបៀរ បានតាំងបង្ហាញមានលក្ខណៈលេចធ្លោធំដុំ និងមានចំនួនច្រើនជាងគេរហូតមានការប្រគំតន្ត្រី និងផ្ដល់ជារង្វាន់ ថែមទាំងបញ្ចុះតម្លៃចំពោះផលិតរបស់ខ្លួនថែមទៀត។ ករណីនេះ ត្រូវបានពលរដ្ឋ និងសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះសុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋដែលចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះ។
ករណីនេះត្រូវបានប្រធានអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ បានប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ ខែវិច្ឆិកា ថា ជាការកត់សម្គាល់ក្នុងពិធីបុណ្យជាតិម្ដងៗ លោកតែងឃើញក្រុមហ៊ុនស្រាបៀរដាក់តាំងពិព័រណ៍ និងឃោសនាផ្សព្វផ្សាយផលិតផលស្រាបៀររបស់ខ្លួនតាមរូបភាពផ្សេងៗ និងចំណាយធំដុំលើសកម្មភាពនេះ។ លោកថា បញ្ហានេះដោយសារកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។
លោកអំពាវនាវឲ្យអាជ្ញាធរគួរត្រៀមកម្លាំងចុះរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសជាង ៩០% កើតឡើងមកពីបើកបរមិនគោរពច្បាប់ក្នុងល្បឿនលឿន និងក្រោមឥទ្ធិពលគ្រឿងស្រវឹង៖ «នៅក្នុងអំឡុងពេលបុណ្យអុំទូកហ្នឹង បើសិនជាមានការដាក់គោលដៅ រឹតបន្តឹងច្បាប់ ពិសេសការបើកបរនៅក្នុងឥទ្ធិពលគ្រឿងស្រវឹងនេះ នោះជាវិធានការបឋមនៅក្នុងការទប់ស្កាត់»។
ឆ្លើយតបនឹងការតាំងពិព័រណ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី មិនបានបញ្ជាក់ច្បាស់ពីចំនួនក្រុមហ៊ុនតាំងពិព័រណ៍មានប៉ុន្មាន និងមានផលិតផលអ្វីខ្លះនាពិធីបុណ្យនេះនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះថា រាល់ការតាំងពិព័រណ៍ផលិតផលស្រាបៀរ គឺជាទម្លាប់ និងដើម្បីអបអរពិធីបុណ្យធំៗប៉ុណ្ណោះ មិនមែនក្រសួងពាណិជ្ជកម្មជាអ្នកបើកដៃឲ្យតាំងពិព័រណ៍នោះទេ។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ស្នើឲ្យពលរដ្ឋរាយការណ៍ព័ត៌មានទៅសមត្ថកិច្ចភ្លាមៗ នៅពេលមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើងក្នុងពិធីបុណ្យអុំទូក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។