ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ ការគ្រប់គ្រង​ចំណូល​គ្មាន​តម្លាភាព ពេល​កម្ពុជា​ទាញ​បាន​រ៉ែ​ប្រេងកាត

ដោយ៖​ អាស៊ីសេរី
2020.12.30
ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ ការគ្រប់គ្រង​ចំណូល​គ្មាន​តម្លាភាព ពេល​កម្ពុជា​ទាញ​បាន​រ៉ែ​ប្រេងកាត សកម្មភាព​នៃ​ការអភិវឌ្ឍ​តំបន់​ដែន​សមុទ្រ​ប្រេងកាតប្លុក A របស់​កម្ពុជា
រូូប៖ ទំព័រហ្វេសប៊ុក (Facebook) ក្រសួង​រ៉ែ និង​ថាមពល

ប្រជាពលរដ្ឋ និង​យុវជន​មួយចំនួន​សាទរ​ចំពោះ​ការទាញ​បាន​ដំណក់​ប្រេង​ដំបូង​នៅ​កម្ពុជា​ ប៉ុន្តែ​ពួកគេ​ក៏​ព្រួយ​បារម្ភ​អំពី​ការគ្រប់គ្រង​ថវិកា​ដែល​បាន​មក​ពី​ការ​បូម​ប្រេង​នោះ​ដែរ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​រឿង​អំពើពុករលួយ។ ពួកគេ​ស្នើ​ឲ្យ​​រដ្ឋាភិ​បាល​​គ្រប់គ្រង​​ថវិកា និង​ការបូម​ប្រេង​នេះឲ្យ​បាន​ត្រឹមត្រូវ និង​ទប់ស្កាត់​​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា ផល​ប្រយោជន៍​បាន​មក​​ពី​ការបូម​​ប្រេង​អាច​ផ្ដល់​ប្រយោជន៍​ពិត​ប្រាកដ​ដល់​សង្គមជាតិ។

ប្រជាពលរដ្ឋ និង​យុវជន​មួយ​ចំនួន​លើក​ឡើង​ពីក្តី​បារម្ភ​ដូចៗគ្នា​ជុំវិញ​ការទទួល​បាន​ដំណក់​ប្រេង​ជា​ផ្លូវការ​នៅ​កម្ពុជា​នេះ ដោយ​ពួកគេ​ខ្លាច​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ប្រព្រឹត្តិ​អំពើពុករលួយ កិបកេង​លុយ​ដែល​បាន​មកពី​ការផលិត​ប្រេង និង​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​នាពេល​ខាង​មុខ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល ភី.ឌី.ភី (PDP) យុវជន ហេង គីមហុង ឲ្យ​ដឹងថា លោក​សាទរ​ចំពោះ​ការសម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បូម​ប្រេង​នៅ​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ​លោក​បារម្ភ​ថា បើ​ការ​គ្រប់គ្រង​បច្ចេកទេស​មិនបាន​ល្អ នោះ​នឹង​អាច​ប៉ះពាល់​ដល់​ធនធាន​សមុទ្រ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ថា ការទាញ​យក​ប្រេង​ធម្មជាតិ​នេះ គឺ​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់ ហើយ​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ និង​ផ្តល់​មធ្យោបាយ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​ដំណើរការ​វិនិយោគ​លើ​វិស័យ​ប្រេងកាត ឬ​វិស័យ​ធម្មជាតិ​ផ្សេង​ទៀត​ផងដែរ៖ «ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ឲ្យ​យើង​បាន​ដឹង​ថា​ តើ​ធនធាន​របស់​យើង​ហ្នឹង​កំពុងតែ​ត្រូវ​បាន​វិនិយោគ ឬក៏​រុករក​ដោយ​ក្រុមហ៊ុន​ណាមួយ ហើយ​ក្រុមហ៊ុន​ទាំងអស់​នោះ​ជា​ក្រុមហ៊ុន​ប្រភេទ​ណាហើយ​ការអនុវត្ត​ការរុករក ឬក៏​ទាញ​យក​ផល​របស់​ក្រុមហ៊ុន​ទាំងនោះ... ថាតើ​មាន​ទំហំ​ប៉ុណ្ណា​ដែល​ក្លាយ​ទៅជា​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណា...ដើម្បី​ធានា​ថា នឹង​មិនមាន​អំពើពុករលួយ ហើយ​ក៏​ដូចជា​តម្លាភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​ទាំងអស់​នោះ គាត់​បាន​ដឹង​ថា គាត់​ពិត​ជា​ម្ចាស់​នៃ​ធនធាន​ធម្មជាតិ​ទាំងអស់​ហ្នឹង​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់»

ចំណែក ពលរដ្ឋ​​ខេត្ត​សៀមរាប លោក ពុយ លេខ លើកឡើង​ថា លោក​ព្រួយ​បារម្ភ​អំពី​ការគ្រប់គ្រង​ចំណូល​បាន​មក​ពី​ការបូម​ប្រេង ដោយសារតែ​មាន​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​សំណូមពរ​​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការគ្រប់គ្រង​ប្រេង​នេះ និង​ការបែងចែក​ថវិកា​ទាំងនោះ​ឲ្យ​មាន​តម្លាភាព ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ៖ «ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុកដាក់​ដោយសារ​គ្រប់គ្រង​ប្រេង​ហ្នឹង ថាតើ​យុវជន​ខ្មែរ​យើង​ហ្នឹង​គាត់​អាច​ទទួល​ផល​​ដែល​បាន​ពី​ដំណក់​ប្រេង​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង​ឬក៏​អត់រដ្ឋាភិបាល​យើង​ហ្នឹង​យកចិត្ត​ទៅ​លើ​ការគ្រប់គ្រង​ប្រេង​ហ្នឹង​ឲ្យ​មាន​តម្លាភាព​ព្រោះ​អាហ្នឹង​ជា​ធនធាន​របស់​ជាតិ​យើង អញ្ចឹង​ប្រជាជន​ទាំងអស់​ហ្នឹង​គាត់​សង្ឃឹម​ទៅ​លើ​រដ្ឋាភិបាល»

ដោយឡែក ពលរដ្ឋ​ខេត្ត​ព្រះសីហនុ លោក សុន សុផាត មាន​ប្រសាសន៍​ថា ក្រសួងរ៉ែ និង​ថាមពល​ គួរ​ប្រកាស​ពី​ចំណូល​បាន​មក​ពី​ការ​ទាញ​យក​ប្រេង​នេះ ឱ្យ​បាន​ទៀងទាត់ ក្នុង​រយៈពេល​១ខែម្តង ដើម្បី​​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​គ្រប់គ្រង​។ ម្យ៉ាង​ទៀត លោក​ស្នើឱ្យ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លើ​ក្រុម​ហ៊ុន​ដែល​វិនិយោគ​លើ​វិស័យ​ប្រេង​កាត​នេះ ជៀស​វាង​ការ​កេងប្រវ័ញ្ច​លើ​ធនធាន​ជាតិ ឬ​ការ​ប្រើ​បច្ចេក​ទេស​មិន​ត្រឹម​ត្រូវ​ប៉ះពាល់​ដល់​សមុទ្រ និង​ធន​ធាន​ផ្សេង​ទៀត​របស់​កម្ពុជា៖ «ចង់ឲ្យ​អាជ្ញាធរ​ប្រេងកាត​ទាំងអស់​ហ្នឹង អ្វី​ដែល​គាត់​ជីក​បាន​ប៉ុន្មាន​ចឹង ហើយ​ក៏ឲ្យ​ក្រុមហ៊ុន​ហ្នឹង ដែល​មាន​ចំណែក​ចេញ​មក​ឲ្យ​ផ្តល់​មក​ប៉ុន្មាន​ភាគរយ​មក​ដល់​រដ្ឋាភិបាល ហើយ​ខាង​អាជ្ញាធរ​ប្រេង​ហ្នឹង​ត្រូវតែ​ប្រកាស​ថា លុយ​ដែល​ទទួល​បាន​ហ្នឹង គឺ​ទទួល​បាន​មក​ពី​ប្រេងកាត​ហ្នឹង ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​ក៏​មួយខែ​អី​អញ្ចឹង ហើយ​ទទួល​បាន​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ​អីចឹង​ទទួល​បាន​ប៉ុន្មាន​រយលាន​ចឹង​មក។ យើង​ព្រួយបារម្ភ​ថា បើសិន​ជា​គាត់​មិន​ប្រកាស​ទេ លុយ​ទាំងនោះ​គឺ​ចាយវាយ​គឺ​អត់មាន​តម្លាភាព​ទៀត»

រីឯ យុវជន​នៅ​រាជធានី​ភ្នំពេញ លោក កំសត់ ថ្លែង​ថា ប្រេងកាត​ដែល​កម្ពុជា​ជីក​នេះ គឺ​ជា​ធនធាន​ធម្មជាតិ​ដែល​មាន​ជា​យូរ​ឆ្នាំ ហើយ​ជា​កម្មសិទ្ធិ​រួម​របស់​ពលរដ្ឋ​ខ្មែរ ​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​នរណា​ម្នាក់​នោះទេ។ លោក​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្រប់គ្រង​អំពើពុករលួយ​មិន​បាន​ទេ នោះ​នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ដោយ​មាន​គម្លាត​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ ការ​កេងប្រវ័ញ្ច​សម្បត្តិ​ធនធាន​ធម្មជាតិ​ក៏​កាន់​តែ​រីករាល​ដាល​ជាងមុន។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវ​បង្ហាញ​របាយការណ៍​នៃ​ការទាញ​យក​ប្រេង​ធម្មជាតិ​នេះ​ឲ្យ​មាន​តម្លាភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ៖«ខ្ញុំ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​គាត់​ចាត់ចែង​ទុកជា​កញ្ចប់​មួយ​សម្រាប់​អ្នកជំនាន់​ក្រោយ ព្រោះអី​ប្រេងកាត​ហ្នឹង​វាជា​សម្បត្តិ​យើង​ទាំងអស់គ្នា។ ចឹង​ធ្វើ​ឲ្យ​វិស័យ​ឬក៏​តំបន់​ណាមួយ​វា​រីកចម្រើន​សម្រាប់​ឲ្យ​យុវជន​ក៏​ដូចជា​ប្រជាពលរដ្ឋ កូនចៅ​ជំនាន់​ក្រោយ​គេ​បាន​ឃើញ​ថា សមិទ្ធផល​នៃ​ប្រេងកាត​ហ្នឹង​វា​បាន​ផល​ល្អ​សម្រាប់​ពួក​គាត់​ដែរ មិនមែន​មាន​ន័យ​ថា អ្នកមុន​គឺ​ស៊ី​អស់​របស់​អ្នកក្រោយ ហើយ​ដល់​ពេល​អ្នកក្រោយ​កើត​មក​ក៏​អត់​មាន​អីស៊ី ហើយ​អ្នក​ក្រោយ​គឺជា​អ្នក​ដោះ​បំណុល​សម្រាប់​អ្នកជំនាន់​មុន។ តែ​ខ្ញុំ​អត់ចង់​ឲ្យ​អញ្ចឹង ហើយ​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល ក៏​ដូចជា​រដ្ឋាភិបាល​យើង​ថា ឲ្យ​យើង​កុំ​រវល់​វក់​ទៅ​ហ្នឹង​សម្បត្តិ​ដែល​ដូនតា​យើង​បន្សល់​ទុក​ឲ្យ ហើយ​យើង​គួរតែ​តាម​ដាន ក៏ដូចជា​យើង​មើលថា ការបែងចែក​របស់​រាជរដ្ឋាភិបាល​របស់​យើង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង»

កង្វល់​របស់​ប្រជាពលរដ្ឋ និង​យុវជន​នេះ កើតមាន​ឡើង​ក្រោយ​ពីរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប្រេង បាន​ប្រកាស​ពី​ការ​ទាញ​បាន​ដំណក់​ប្រេង​ដំបូង​ក្នុង​ដែន​សមុទ្រខ្មែរ កាល​ពីថ្ងៃទី២៩ ធ្នូ។

ក្រុមហ៊ុន គ្រីស អេនើជី (Kris Energy) ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ប្រេង​ពី​រដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា ដំណក់​ប្រេង​ដំបូង​នេះ​ត្រូវ​បាន​បូម​ចេញ​ពី​អណ្តូង​អប្សរា​ទីមួយ (A-01D) កាលពី​ថ្ងៃទី២៨ ធ្នូ។ ក្រុមហ៊ុន​ឱ្យដឹង​ទៀតថា នៅ​ពេល​កម្មវិធី​ខួង​យក​ប្រេង​​ដំណើរការ​​ពេញលេញ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ២០២១ នោះ​ការ​ផលិត​ប្រេង​នឹង​មាន​ប្រមាណ​៧ពាន់​៥រយ​ធុង (.៥០០bopd) ក្នុង​មួយថ្ងៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺ​ជា​ពរជ័យ​សម្រាប់​កម្ពុជា។ លោក​បន្តថា នេះ​ជា​ការចាប់ផ្តើម​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា ឆ្ពោះ​ទៅ​បង្កើត​បាន​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា។ លោក​ថ្លែង​ទៀត​ថា ចំណូល​ដែល​បាន​មក​ពី​ប្រេង នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ចំណូល​ពិត​ប្រាកដ​​ដែល​នឹង​ត្រូវ​​ទទួល​បាន​ពី​ការទាញ​យក​ប្រេង​នេះ​នៅឡើយ​ទេ។

ទោះជា​បែបនេះក្តី អង្គការ​សង្គមស៊ីវិល និង​គណបក្ស​សង្គ្រោះជាតិ លើកឡើង​ថា ប្រសិន​បើ​របប​លោក ហ៊ុន សែន គ្រប់គ្រង​ចំណូល​បាន​មក​ពីការ​បូម​ប្រេង​នេះ​មិនបាន​ត្រឹមត្រូវ​ទេ នោះ​ផលិតកម្ម​ប្រេង​នេះ​នឹង​ក្លាយ​ជា​បណ្តាសា​ មិនមែន​ជា​ពរជ័យ​សម្រាប់​កម្ពុជា​ឡើយ។ ពួកគេ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រឹងប្រែង​ទប់ស្កាត់​អំពើ​ពុករលួយ និង​បង្ហាញ​តម្លាភាព​រាល់​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម​ប្រេង ជា​ពិសេស​តម្លាភាព​នៃ​ការគ្រប់គ្រង​ចំណូល ដើម្បី​ធានា​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពិត​ប្រាកដ និង​ពេញលេញ​ពី​អាជីវកម្ម​ប្រេង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។