អ្នកឃ្លាំមើល​ចង់​ឃើញ​មេដឹកនាំ​របប​ភ្នំពេញ​ទប់​ស្កាត់​អំពើពុករលួយ​ដើម្បី​ផ្ដល់​ចំណូលដល់​ថវិកា​ជាតិ

0:00 / 0:00

របប​ក្រុងភ្នំពេញ​បាន​សន្និដ្ឋាន​ថា ថវិកា​ជាតិ​ឆ្នាំ​២០២០ ខាងមុខនេះ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម និង​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ជាតិ និង​ប្រជាពលរដ្ឋ​បាន។ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម​យល់ថា រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​ចំ​គោលដៅ​បញ្ហា​នៅ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​ចង់​ឃើញ មេដឹកនាំ​របប​ក្រុងភ្នំពេញ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​ជំរុញ​ការ​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ ដែល​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រទេស ជាជាង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​ទប់​ស្កាត់​បញ្ហា​អំពើពុករលួយ និង​ប្រើ​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​គ្រង​ធនធានធម្មជាតិ ទើប​ជា​ការ​ផ្ដល់​ប្រយោជន៍​ធំ​ដល់​ប្រជាពលរដ្ឋ ហើយ​និង​អាច​ផ្ដល់​ចំណូល​ចូលជាតិ​បាន​ច្រើន​ថែមទៀត៖ «យើង​មើល​ទំហំ​នៃ​ប្រាក់​បៀវត្ស​ដែល​ជាប់​ពន្ធ ចំនួន​អ្នក​ដែល​មាន​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​នោះ​ក៏​មិន​ច្រើន​ដែរ ទោះបីជា​ជាប់​ពន្ធ ក៏ដោយ​អ្នកមាន​ប្រាក់​បៀរ​វត្ស​ច្រើនជាង ៣​រយ​ដុល្លារ​យោង​តាម​គោលការណ៍​បច្ចុប្បន្ន​នេះ បើ​គេ​មាន​ប្រាក់​បៀវត្ស ៤​រយ​ដុល្លារ​អត្រា​នៃ​ការ​ជាប់​ពន្ធ​តែ​១​រយ​ដុល្លារ​ទេ ហើយ​សិន​ជា​កាត់​លើ​ពន្ធ​កូន ប្រពន្ធ​ទៀត ក៏​ជាប់​ពន្ធ​តិច​ដែរ។ យើង​មើល​ឃើញ​ថា វិធានការ​របៀប​នេះ ហាក់បីដូចជា​មានការ​ទាក់ទាញ​ការចាប់អារម្មណ៍​តិចតួច។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ទី ២៥ តុលា បាន​អនុម័ត​«​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០» ជាង ៨​ពាន់​លាន​ដុល្លារ (៨.២២៣) កើន​ឡើង​ជិត​២៣​ភាគរយ (២២.៧%) បើ​ប្រៀបធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩។ របប​លោក ហ៊ុន សែន បាន​បង្កើន​ថវិកា​លើ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​របៀបរៀបរយ​សង្គម ប្រមាណ​ជាង ១០​ភាគរយ ស្មើនឹង​ទឹកប្រាក់​ជិត​ពីរ​ពាន់​លាន​ដុល្លារ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា​ដល់​មន្ត្រី​រាជកា​រ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​រួច​ផុត​ពី​កាតព្វកិច្ច​បង់ពន្ធ នៅ​ឆ្នាំ​២០២០។

លោក ហ៊ុន សែន ថ្លែង​ថា នឹង​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កម្មករ និយោជិក ហើយ​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​បៀវត្ស​ដែល​ស្ថិត​ក្នុង​ក​ម្រឹត​អប្បបរមា រួម​ទាំង​ប្រកាស​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ដែល​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ​ឡើយ​។ លោក​បញ្ជា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើក​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដោយ​មិន​រំលេច​នូវ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ និង​អត្រា​ពន្ធ ដើម្បី​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​កំណត់​កាតព្វកិច្ច​បង់ពន្ធ​ដោយ​អនុក្រឹត​វិញ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​មន្ត្រី​រាជការ និង​កម្មករ និយោជិក៖ «រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នឹង​មិន​យកពន្ធ​លើ​ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ និង​កម្មករ និយោជិក ដែល​ស្ថិត​ក្នុង​កម្រិត​អប្បបរមា​ជា​រៀង​រហូត ជាមួយ​នឹង​គោល​នយោបាយ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ដែល​បង្ក​បង្កើន​ផល ជា​លក្ខណៈ​គ្រួសារ​ដែល​គណបក្ស​ប្រជាជន​បាន​នឹង​កំពុង​អនុវត្តន៍​តាំង​ពី​ដើម​រៀង​រហូត​មកដល់​បច្ចុប្បន្ន ហើយ​និង​បន្ត​អនុវត្ត​តទៅ​ទៀត ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល។

ប៉ុន្តែ​លោក សន ជ័យ ថា អ្នក​មាន​កាតព្វកិច្ច​ជាប់​ពន្ធ​គឺជា​អ្នក​ដែល​មាន​ប្រាក់ខែ​លើស​ពី ៣០០​ដុល្លារ​ឡើង​ទៅ ដូច្នេះ​ការពិចារណា​ទម្លាក់​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ខែ គឺ​មាន​ផលប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ដោយសារ​បរិបទ​ស្ថានភាព​ប្រាក់ចំណូល​របស់​ពលរដ្ឋ​បច្ចុប្បន្ន គឺ​អ្នកមាន​ប្រាក់ខែ​ក្រោម​៣០០​ដុល្លារ មាន​ចំនួន​ច្រើនជាង​។ រីឯ​អ្នកមាន​ប្រាក់ខែ​លើស​ពី​៤០០​ដុល្លារ ចំនួន​ទឹកប្រាក់​ដែល​ជាប់​កាតព្វកិច្ច​បង់​គឺ​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ការ​លើក​កម្ពស់ និង​គិត​ពី​វិស័យ​កសិកម្ម ដោយ​ឱ្យ​ប្រជាកសិករ​អាច​រៀន​ជំនាញ​ថ្មី និង​ការ​គិតគូរ​រក​ទីផ្សារ​កសិផល​នៅ​លើ​ទីផ្សារ​ពិភពលោក រួម​ទាំង​ការ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​EBA គឺជា​រឿង​សំខាន់។

លោក សន ជ័យ ក៏​ចង់​ឃើញ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ នេះ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​របប​សន្តិសុខ​សង្គម​ដើម្បី​ធានា​ថា រាល់​កាតព្វកិច្ច​ដែល​សហគ្រាស​បាន​បំពេញ បាន​រួម​ចំណែក​ដល់​សុខភាព​របស់​និយោជិក បង្កើន​គុណភាព​សេវា​សុខាភិបាល ដើម្បី​ឱ្យ​អ្នក​ក្រីក្រ​មានឱកាស​ទទួល​បានការ​ថែទាំ ការ​ព្យាបាល​ឱ្យ​បាន​ពេញលេញ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មណ្ឌល​សុខភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។