អ្នក​ឃ្លាំមើល​ថា ​គ្រួសារ​លោក ​ហ៊ុន សែន ​កំពុង​កេង​​ចំណេញ​​នយោបាយ​​និង​​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​​កូវីដ​-១៩​

0:00 / 0:00

មន្ត្រីគណបក្សសង្គ្រោះជាតិ​ និង​អ្នកឃ្លាំមើលសង្គម ​លើកឡើងថា​ ប្រសិនបើ​មើលមួយភ្លេត ​ក្រុមគ្រួសារ​លោក ហ៊ុន សែន ​ហាក់ដូចជា​គិតគួរ​សម្បើម​ណាស់​អំពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេលមាន​វិបត្តិ​ជំងឺកូវីដ-១៩នេះ​ ប៉ុន្តែ​បើពិនិត្យឲ្យ​ដិតដល់ ​គឺ​ពួក​គេ​កំពុង​ក្រសោប​យកអំណាច​​ និងផលប្រ​យោជន៍​សេដ្ឋកិច្ច​ជាច្រើន។

តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ​សង្កេតឃើញ​ថា ​មាន​មូល​ហេតុ​ជាច្រើន​ដែល​បង្ហាញថា ​គ្រួសារ​លោក​ ហ៊ុន សែន ​​កំពុង​ប្រើវិបត្តិកូវីដ​ ដើម្បី​កេង​ចំណេញ​នយោបាយ​ និង​សេដ្ឋកិច្ច​នេះ​ ក្នុងនោះ​ដូចជា ​លោក ហ៊ុន សែន​ ​ផ្តល់​ឱកាស និង​សិទ្ធិអំណាច​ខ្ពង់ខ្ពស់​ដល់​កូនប្រុស​ច្បង ​គឺ​លោក​ ហ៊ុន ម៉ា​ណែត​ ដឹក​នាំ​​ក្រុម​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩។ លោកយល់ថា ទង្វើនេះ​ គឺជាការ​ព្យាយាម​លើក​ស្ទួយ​លោក ​ហ៊ុន ម៉ាណែត ​ឲ្យលេចធ្លោ​ ដើម្បី​ត្រៀម​ស្នង​ដំណែង​នៅថ្ងៃ​ខាង​មុខ។ ទន្ទឹមគ្នា​នេះ​ ប្រពន្ធ​និងកូនៗ​ផ្សេងទៀត​របស់​លោក​ ហ៊ុន សែន ​ក៏ឆ្មក់ឱកាស​ឃោសនា​នយោ​បាយ​ក្នុង​ពេល​ចែកអំណោយ​។ ម្យ៉ាងវិញទៀត ​តំណាង​រាស្ត្រ​បក្សប្រឆាំង​រូប​នេះ​ កត់​សម្គាល់​​ថា ​កូនប្រសា​ និង​កូនបង្កើត​របស់លោក ​ហ៊ុន សែន ​មាន​ក្រុមហ៊ុន​ ឬ​មុខជំនួញជាច្រើន​ដែល​រកស៊ីផ្គត់​ផ្គង់​ និង​ចែកចាយ​គ្រឿង​ឧប​ភោគ​បរិភោគ​ក្នុងអំឡុង​ពេល​បិទ​ខ្ទប់​នេះ​ ខណៈ​ពលរដ្ឋ ​ឬអាជីវករ​ភាគច្រើន​​ត្រូវបាន​ហាមឃាត់​ការលក់ដូរ៖ «ការរៀបចំ​កន្លែង​ធ្វើចត្តាឡីស័ក​ និងកន្លែង​ព្យាបាលអ្នក​ជំងឺ​កូវីដជាដើម ​គឺលោក ហ៊ុន ម៉ាណែត ​និងប្រពន្ធ​របស់គាត់​ជាអ្នកចាត់ចែង​ទាំង​អស់ ហើយ​គាត់អត់​មានជំនាញ​ខាងហ្នឹងផង ​និងមិន​មែន​​ជា​មន្ត្រីសុខាភិបាល​ជាន់ខ្ពស់​ផង។ ដល់ពេលចឹង ​មន្ត្រីសុខាភិបាល ​រដ្ឋមន្ត្រីសុខាភិបាល​ រដ្ឋលេខាធិការ​អនុរដ្ឋលេខា​ធិ​ការ ​បែរជាអត់​មានសិទ្ធិចាត់ចែងធំ​ទៅលើរឿងហ្នឹងទៅវិញ​ ដូច្នេះ​មានន័យថា​ អោយលោក ​ហ៊ុន ម៉ាណែត ​បញ្ចេញស្នាដៃ​ដើម្បីឲ្យគាត់​មានប្រជាប្រិយ​ភាពទាំងក្នុង​ជួរបក្ស ទាំងក្នុង​រដ្ឋាភិបាល ​និងក្នុងចំណោមមហាជន​ដើម្បីស្នងដំណែង​លោក​ ហ៊ុន សែន​ នៅពេលអនាគត»។

លោក ​អ៊ំ សំអាន ​យល់ថា ​ទង្វើ​កេងចំណេញ​នយោបាយ​ និង​ផលប្រយោជន៍ផ្នែក​សេដ្ឋកិច្ច​របស់​គ្រួសារលោក​ ហ៊ុន សែន នេះ​ គឺជារឿង​មិនត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​ពាក់ព័ន្ធ​នឹង​អំពើពុក​រលួយ ​និងការ​រំលោភ​អំណាច​ជាដើម។ ​លើសពីនេះ ​លោកបារម្ភថា ​ទង្វើបែបនេះ ​ក៏មិនអាច​ទប់ស្កាត់ជំងឺកូវីដ ​និង​ដោះស្រាយ​ទុក្ខលំបាក​ប្រ​ជា​ពលរដ្ឋឲ្យ​មានប្រសិទ្ធិភាព​បាន​ឡើយ៖ «លោក ហ៊ុន សែន គាត់ផ្តល់តួនាទីទៅឲ្យលោក ហ៊ុន ម៉ាណែត​នេះ​ ដែល​លោក ​ហ៊ុន ម៉ាណែត ​ផ្កាយ៣តែគ្រប់គ្រង​រហូតដល់​ផ្កាយ៤ ក្នុង​អនុគណៈ​កម្មការផ្នែក​សន្តិសុខនេះ ។ ​យើងឃើញថា ​រំលោភអំណាច​ផង​ រំលោភទៅលើ​ឋានា​នុក្រមនៅក្នុង​ជួរកងកម្លាំង​ប្រដាប់អាវុធដែរ ​ដូច្នេះគេ​ចំណេញ​ទាំងផ្នែក​នយោបាយ ​ទាំងផ្នែកសេដ្ឋ​កិច្ច»។

Leng_Navatra_Kith_Meng_Tycoons.jpg
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧកញ៉ាមហាសេដ្ឋីខ្មែរលោក គិត ម៉េង និងលោក ឡេង ណាវ៉ាត់ត្រា។

ចាប់តាំងពី​ផ្ទុះជំងឺកូវីដ-១៩ ​ក្នុង​សហគមន៍​ជាលើកទី​៣មក ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​មិនបានចេញ​ពី​ផ្ទះចុះជួប​ និង​ចែកអំណោយ​ដោយផ្ទាល់​ដៃ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នោះទេ​។ មេដឹកនាំ​ដែល​ធ្លាប់មើលស្រាល​ជំងឺកូវីដ​រូបនេះ ​​ផ្តល់​ឱកា​ស​ឲ្យកូន​ៗរបស់​លោកស្ទើរគ្រប់គ្នា​ដើរ​តួនាទី​ជំនួស​លោក​ និង​មន្ត្រី​កំពូលៗ​ដទៃទៀត។​ ជាក់ស្តេង ​កូនប្រុស​ច្បង​របស់លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ ត្រូវបាន​តែងតាំង​ជា​​ប្រ​ធាន​​អនុ​គណៈកម្មការ​​គ្រប់គ្រង​​សន្ដិសុខ​​ ​និង​​សណ្ដាប់​ធ្នាប់​​នៅ​​តាម​​គោលដៅ​​​និង​​តំបន់​​ច​ត្តាឡី​ស័ក​​​។ រីឯ​​ភរិយា​​របស់​លោក​​​ហ៊ុន ម៉ាណែត ​គឺអ្នកស្រី​ ពេជ្រ ច័ន្ទមុនី ​ដឹកនាំ​​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រចិត្ត​សម្តេចតេជោ​ ដើម្បី​ព្យាបាល​អ្នកកើត​ជំងឺកូវីដ។ ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​នេះ ​មានកម្លាំង​រាប់​សិប​នាក់​ និង​ហាក់មានធនធាន​សម្ភារៈ​គ្រប់គ្រាន់​ ដោយសារតែ​លោក ​ហ៊ុន សែន​ យកចិត្ត​​ទុកដាក់ខ្លាំង​ជាង​មន្ទីរពេទ្យ​រដ្ឋ​តាំងតែ​ពី​ដើមមក។ ជាមួយ​​គ្នានេះ​ លោក​ ហ៊ុន សែន ​ព្យាយាម​លើក​សរសើពី​កូនប្រុសច្បង​របស់​លោក​ជាបន្តបន្ទាប់ និង​ថែមទាំង​អួតប្រាប់​មេដឹក​នាំ​វៀតណាមថា​ លោក ហ៊ុន ម៉ាណែត ​កំពុងប្រឹងប្រែង​សម្រាល​ទុក្ខ​លំបាក​ និងផ្តល់ក្តី​សង្ឃឹម​ដល់​ពលរដ្ឋកម្ពុជា​ ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការរីករាលដាល​ជំងឺកូវីដ-១៩ ​យ៉ាងពេញទំហឹង។ ​ចំណែក​ស្ថាប័ន​កាកបាទក្រហមកម្ពុជា​ ​ស្ថិតក្រោម​ដឹកនាំ​របស់​ភរិយាលោក​ ហ៊ុន សែន ​គឺអ្នកស្រី ប៊ុន រ៉ានី វិញ ​ក៏រង​ការ​រិះគន់ថា ​ហាក់​មិន​សូវ​សកម្ម​ចែកអំណោយ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់ពី​វិបត្តិ​កូវីដ​នេះ​ទេ​ ប៉ុន្តែ​បើ​ចុះចែក​កន្លែងណា ​តែងផ្ញើសារកន្លែងនោះ​​ឲ្យពលរដ្ឋ​ដឹងគុណ​ដល់​ក្រុមគ្រួសារ​របស់​លោក ហ៊ុន សែន។ កូនៗ​មួយចំនួន​ទៀត ​ក៏ដើរ​តួនាទីយក​​អំណោយ​ដែល​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ​និងភរិយា ​ចែក​តាមវត្ត ​និង​ចែកពលរដ្ឋ​ ​ទោះបីជា​អំ​ណោយ​មួយ​ចំ​នួន​ជារបស់​រដ្ឋក្តី។

ក្រៅពីនេះ ​អ្នកឃ្លាំមើល​ពិនិត្យឃើញថា ​ក្រុមហ៊ុន​ ឬមុខ​ជំនួញ​ជាច្រើន​របស់​​សមាជិក​គ្រួសារ​ត្រកូលហ៊ុន ​ក៏ជាអ្នក​រកស៊ីបោះដុំ​ស្បៀងអាហារ​ ឬគ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ដល់អាជ្ញាធររដ្ឋាភិបាល ​ដើម្បី​យកធ្វើ​ជាអំណោយ​ចែកជូន​ដល់ពលរដ្ឋ​ ក្នុងអំឡុង​ពេល​បិទខ្ទប់​នេះ​ដែរ។ ​ក្រុមហ៊ុនទាំងនោះ ​មានដូចជា​ក្រុមហ៊ុន​ផលិតទឹក​បរិសុទ្ធវីតាល់​របស់​អ្នកស្រី​ ហ៊ុន ម៉ាណា ​និង​ក្រុមហ៊ុន​សោមា ​គ្រុប ​(SOMA​ Group) ​ក្រោម​ការគ្រប់គ្រងរបស់កូន​ប្រសារលោក​ ហ៊ុន សែន ​គឺលោក សុខ ពុទ្ធិវុទ្ធ ​ដែល​​រកស៊ី​ចែកចាយរាប់​តាំងពី​ស៊ុត ​សាច់គោ ​អង្ក ​ទឹកពិសារ និង​ថាមពលអគ្គិសនី​ជាដើម។ សមា​ជិក​គ្រួសា​របស់លោក ​ហ៊ុន សែន​ ក៏មាន​ក្រុមហ៊ុនលក់​ថ្នាំពេទ្យ​ផងដែរ។

Ministry_of_Commerce_Sel_goods.jpg
ក្រសួងពាណិជ្ជកម្មបានបង្កើតស្តង់លក់ស្បៀងឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលអាជ្ញាធរអះអាងថា លក់ក្នុងតម្លៃក្រោមទីផ្សារ។

អ្នកវិភាគនយោបាយលោក គឹម សុខ ​ថ្លែងថា ​គ្រួសារ​លោក ហ៊ុន សែន ​បានប្រើ​វិបត្តិកូវីដនេះ ​កេងចំណេញ​ផលប្រយោជន៍​ច្រើន​ទាំងការ​ប្រមូលផ្តុំអំណាច​ទាំង​សេដ្ឋកិច្ច ​តាមមធ្យោបាយ​ផ្សេងៗ ​ដើម្បី​ត្រៀម​ឲ្យលោក ហ៊ុន ម៉ាណែត ​ឡើងស្នង​ដំណែង​បន្ត​ពី​លោក។ ទោះជាយ៉ាងណា​ លោក ​យល់ថា ​កិច្ចខិតខំរបស់​លោក ​ហ៊ុន សែន ​ក្នុងការ​លើកបន្តុប​លោក​ ហ៊ុន ម៉ា​ណែ​ត នេះ​ ទំនងជាមិន​ទាន់​រៀបរយ​ទាំងស្រុង​នោះទេ ​ព្រោះ​ផ្ទៃក្នុង​បក្ស​កាន់អំណាច​ ក្រុមឈ្មួញធំៗ​មួយចំនួន​ រួមទាំង​ពលរដ្ឋមួយភាគធំផង ​មិន​​ទាន់​ពេញ​ចិត្ត​នៅឡើយ​៖ «លោក ហ៊ុន សែន ​ក្លាយជាអ្នក​ប្រមូលទ្រព្យ​ពីអ្នកមាន ​ពួក​ឧកញ៉ា ​នៅក្នុងឈ្មោះ​ប្រមូលទាន​មនុស្សធម៌ផង​ ហើ់យសំខាន់បំផុត​ក្លាយ​ទៅ​ជាអ្នកប្រមូល​អំណាច​ឲ្យមូលក្នុងដៃគ្រួសារហ៊ុន ​តែម្តង ​គឺដូចជា​ក្រុមគ្រួសារហ៊ុន ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយថ្មី​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​អំណាច​ពីលោក ហ៊ុន សែន ​ទៅកូន​ប្រុស​ ហ៊ុន ម៉ាណែត ។ នេះជាការ​ពង្រឹងអំណាច​គ្រួសារ​ហ៊ុន ​និងទ្រព្យ​គ្រួសារ​ហ៊ុន​ ក្នុងពេល​រីករាលដាល​​ជំងឺកូវីដនេះ»។

ទាក់ទងករណីនេះ ​អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជាលោក សុខ​ ឥសាន ​ឆ្លើយតប​ថា​ ការចោទ​ប្រកាន់ទាំងនេះ ​គឺជាចេតនា​នយោបាយ​មូលបង្កាច់បង្ខូចក្រុម​គ្រួ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក ​អះអាងថា ​អាជ្ញាធររាជធានីភ្នំពេញ ​និងតាម​បណ្តាខេត្ត​ សុទ្ធតែ​មានភារកិច្ច​ និងការទទួលខុសត្រូវ​រៀងៗខ្លួន​ក្នុងការ​ទប់​ស្កាត់​ជំងឺកូវីដ​ និង​ចាត់ចែង​អំ​ណោ​យជូនដល់​ប្រជាពលរដ្ឋដែល​រងផលប៉ះពាល់ ​មិន​មែនមាន​ភារកិច្ច​ផ្តាច់​មុខតែ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ ហ៊ុន សែន ​នោះទេ៖ «ក្នុងការ​ចែកអំណោយនេះ ​ក៏វាជា​គុណសម្បត្តិ​របស់​អ្នកចែក មិនថា ​គណបក្សនយោបាយនេះ ​ជាគណបក្សនយោបាយណាទេ ​ហើយ​មាន​គណ​បក្សជាង៤០ប្លាយ ​តើមានអ្នកណា​មានអង្ករ​មានស្រូវ​មានស្បៀង​ទៅចែក​ប្រជាជន ដូច្នេះកុំថា គេបិទសេរីភាព ​បើយើង​អត់ចែក​យើងអត់​មាន​ប្រជាប្រិយ​ភាព។ ​ប៉ុន្តែបើយើង​ទៅចែក​យើង ​ត្រូវបង្ហាញថា​ គណបក្សប្រជាជន​និងរាជរដ្ឋាភិបាល​ ដឹកនាំដោយ​គណបក្ស​ប្រជាជនគេ ចែក​ ដូច្នេះ​ប្រជាជនគេ​ដឹងតើ​ អ្នកណា​ដែល​ផ្តល់​ឲ្យប្រជាជន ​ហើយ​អ្នកណា​ដែល​បានតែ ថា​បានតែនិយាយ»។

ទន្ទឹមគ្នានេះ ​លោក សុខ ឥសាន ​បន្តអះអាងថា​ មូលហេតុ​ដែល​រដ្ឋាភិបាលហាម​អ្នកលក់ដូរ​តូចតាច​ ព្រោះ​ខ្លាចឆ្លង​ជំងឺកូវីដ​ ប៉ុន្តែរដ្ឋាភិបាល​មិនបាន​ហាម​ក្រុមហ៊ុនធំៗ​មិន​ឲ្យ​លក់ចែក​ចាយ​នោះទេ។ លោក ​ថ្លែងការពារថា ​ក្រុមហ៊ុនធំៗ​មួយចំនួន ​​រួមទាំង​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រីផង ​មិនអាច​កេងចំណេញ​អ្វី​ក្នុង​វិបត្តិកូវីដ​នេះបាន​ឡើយ ​ព្រោះ​សុទ្ធតែ​លក់ក្រោម​តម្លៃ​ទីផ្សារ៖ «អ៊ីចឹងទេ ក្រុមហ៊ុនអ្នកដទៃ ​មិនថា​ តែក្រុមហ៊ុន​នៅក្នុង​ក្រុមគ្រួសាររបស់​កូនៗ​សម្តេច​នាយករដ្ឋមន្ត្រីទេ ​ក៏លក់ថោកជាងទីផ្សារ ​តើប្អូនឯង​ទៅ ចោទថា ​ចំណេញម៉េច​។ឥឡូវនេះ​វាអត់មាន​ចំណេញទេ​ វាមានតែខាត​ ប៉ុន្តែយើងត្រូវ យល់ថា ​វាជាទឹកចិត្តសប្បុរសធម៌​លក់ក្នុង​តម្លៃមួយ​ដែលថោកជាងទីផ្សារ​ ហើយ​បើលក់ថ្លៃជាង​ទីផ្សារសួរថា​ អ្នកណាគេទិញ»។

Hun_manet_His_wife_03_05_2021.jpg
លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក គឺពេជ្រ ច័ន្ទមុនី ​ដឹកនាំ​​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រចិត្ត​សម្តេចតេជោ​ ដើម្បី​ព្យាបាល​អ្នកកើត​ជំងឺកូវីដ។

កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ​ត្រកូល "ហ៊ុន" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​កម្ពុជា ​ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។ អង្គការអន្តរជាតិមួយនេះ ​រក​ឃើញ​ថា សែស្រ​ឡាយ​ត្រ​កូល ហ៊ុន មាន​ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន១១៤​ក្រុមហ៊ុន និង​មាន​ទុន​វិនិ​យោគ​ជាង២០០​លាន​ដុល្លារ​អាមេរិក។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​១១៤ ​នេះ មាន​ដល់​ទៅ១០៣​ក្រុមហ៊ុន​ទៅ​ហើយ​ដែល​សែស្រឡាយ​ត្រកូល ​ហ៊ុន ​មាន​តួនាទី​ធ្វើ​ជា​ប្រធាន ​ជា​នាយក​ក្រុមហ៊ុន ឬ​មាន​ហ៊ុន​លើស​ពី២៥​ភាគរយ​ឡើង​ទៅ។​ ក្រុមហ៊ុន​ទាំង​អស់​នោះ​ជា​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ​ហិរញ្ញវត្ថុ ​បដិសណ្ឋារកិច្ច ​និង​ការ​កម្សាន្ត ​ទេសចរណ៍ ​សំណង់​ និង​អចលនទ្រព្យ ​ថាមពល​ រុករករ៉ែ​ ព័ត៌មាន​ កីឡា ​កសិកម្ម​ ទូរគមនាគមន៍ ​ល្បែង ​សន្តិសុខ ​តំបន់​សេដ្ឋកិច្ច​ពិសេស ​វាយនភ័ណ្ឌ ​រុក្ខាប្រមាញ់ ​និង​ថ្នាំ​ពេទ្យ​ជាដើម​។

លោក​ គឹម សុខ​ មើលឃើញថា​ ការណ៍ដែល​លោក ហ៊ុន សែន ​ព្យាយាម​​ប្រមូលផ្តុំ​អំណាច ​និងសេដ្ឋកិច្ច​សម្រាប់​គ្រួសារ​របស់​លោក​បែបនេះ​ នឹងធ្វើឲ្យ​វិធានការ​ទប់​ស្កាត់​ជំងឺកូវីដ ​មិនសូវមាន​ប្រសិទ្ធិភាព​ឡើយ​។ លោក ​បន្តថា ​លទ្ធផលអាក្រក់​បង្ហាញ​ឲ្យឃើញ​ថា ​ចំនួន​​អ្នកស្លាប់​និង​អ្នកឆ្លង​ជំងឺ​កូវីដ ​នៅតែ​បន្តកើន​ឡើង​ ​ហើយ​ប្រជា​ពល​រដ្ឋ ​ក៏ផ្ទុះការ​តវ៉ាទាមទារ​ស្បៀងអាហារ​ជាបន្ត​បន្ទាប់ជាដើម៖ «កាលណា​លោក ហ៊ុន សែន ​តែងតាំង​កូនប្រុស​របស់​គាត់ក្នុង​គណៈកម្មការដឹកនាំ​ កូនប្រសារ​របស់គាត់​ក្នុង​គណៈកម្មការ​បច្ចេកទេស​សុខា ភិបាល​ វារឹតតែ​អត់មាន​ប្រសិទ្ធិភាព​ការងារ​ ពីព្រោះ​មន្ត្រីក្នុង​គណៈកម្មការនេះ ​អត់​ហ៊ាន​និយាយ​អ្វីប៉ះពាល់ដល់ការ​សម្រេចិត្តខុស​ឬការចាត់ចែងខុស​របស់​លោក ហ៊ុន សែន ​ ឬកូនប្រុស​របស់​លោក ហ៊ុន សែន ​ព្រោះកាលណា​គេនិយាយទៅ ​ធ្វើឲ្យគ្រួសារ លោក ​ហ៊ុន សែន ​ខឹងសម្បារ ​ម្លោះហើយ​គណៈកម្មការនេះ​គ្រាន់តែ​ជា​គណៈ​កម្មការសម្តែង​ទេ»។

មន្ត្រីគណបក្ស​សង្គ្រោះជាតិ​ និង​អ្នកឃ្លាំមើលសង្គម ​លើកឡើងថា ​នៅពេល​សមាជិកគ្រួសារ​របស់​លោក ​ហ៊ុន សែន ​ជាអ្នកធ្វើការងារ​រាជការផង ​ជាអ្នកចែក​អំណោយផង​ និង​ជាអ្នក​រកស៊ីផង​ក្នុង​លក្ខណៈ​វិលជុំ​បែបនេះ ​គឺ​ប្រាកដជាអាច​ពាក់ព័ន្ធនឹង​អំពើ​ពុក​រលួយ ទំនាស់​ផល​ប្រយោជន៍ ​​​រំលោភបំពាន​អំណាចជាដើម។​ ពួកគេ​បន្តថា​ បញ្ហាទាំង នេះ ​ក៏មិនអាច​ជួយឲ្យ​គ្រួសារ​លោក ហ៊ុន សែន​ ឬគណបក្ស​កាន់អំណាច​បង្កើន​ប្រជាប្រិយ​ភាព និងមិនអាច​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្រកប​ដោយ​កិត្តិយស​បាន​​​នោះឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។