សហជីព និង​អ្នក​ជំនាញ​ថា ការ​អនុគ្រោះ​ពន្ធ EBA សំខាន់​ជាង​រឿង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន

0:00 / 0:00

សហជីព និង​អ្នក​ជំនាញ​ខាងសេដ្ឋកិច្ច​យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ប្រឹងប្រែង​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ជា​ជាង​ពន្លឿន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ឱ្យ​បាន​មុន​ថ្ងៃ​ទី១២ សីហា ពោល​គឺ​មុន​សហភាព​អឺរ៉ុប​ដក EBA ផ្នែក​ខ្លះ​ពី​កម្ពុជា​ជា​ផ្លូវ​ការ។

តំណាង​ខាង​សហជីព​ជឿ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន មិន​អាច​ប៉ះប៉ូវ​ការខាតបង់ និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច កើត​ចេញពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ឡើយ ព្រោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ទំនិញ​ដែល​កម្ពុជា​នាំទៅ​សហភាព​អឺរ៉ុប។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​អាស៊ី​សេរី​ថា សហភាព​អឺរ៉ុប​នៅតែ​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា ហើយ​គន្លឹះ​សំខាន់​នៃ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ គឺ​អាស្រ័យ​លើ​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះឯង។ លោក​ថា ការ​មិន​ខ្វាយខ្វល់​រឿង​បាត់បង់ EBA ហើយ​ទៅ​ស្រវា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ដូច​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ៖ « បើ​កម្ពុជា​ប្រលែង​ចោល​ទីផ្សារ​អឺរ៉ុប ទីផ្សារ​អាមេរិក ហើយ​ចាប់​ទីផ្សារ​មួយ​ដែល​មិន​មាន​សក្ដានុពល​នាំចេញ​ផលិតផល​របស់​យើង ខ្ញុំ​គិត​ថា វា​ដូចជា​មិនទាន់​ត្រឹមត្រូវ​ទេ។ ទីផ្សារ​អាមេរិក ទីផ្សារ​អឺរ៉ុប នៅតែ​ជា​កន្លែង​សំខាន់​នៅ​ឡើយ​ទេ ព្រោះ​លើ​ពិភពលោក គឺ​មាន​តែ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​អាមេរិក​ហ្នឹង ដែល​នាំចូល ហើយ​ក្នុង​តម្លៃ​ថ្លៃ ដែល​ទិញ​ច្រើន​ជាង​គេ »

ក្រោយ​ដំណើរការ​ចរចា​ដ៏​ខ្លី របប​ក្រុង​ភ្នំពេញ និង​របប​ក្រុង​ប៉េកាំង បាន​ព្រមព្រៀង​គ្នា​លើ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃ​ទី២១ កក្កដា។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង អះអាង​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ធ្វើឡើង​មុន​ថ្ងៃ​ទី១២ សីហា គឺ​មុន​ពេល​សហភាព​អឺរ៉ុប​សម្រេច​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា។ លោក​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​នៅ​ប្រទេស​ចិន។ ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​ស្រង់​សម្ដី​លោក ហោ ណាំ​ហុង ទៀត​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន និង​ជា​សារ​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា កម្ពុជា​មាន​ច្រក​សេដ្ឋកិច្ច​ពិសេស​មួយ​ទៀត ក្រៅពី​សហភាព​អឺរ៉ុប។

ផ្ទុយពី​ការ​អះអាង​បែប​នេះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ឱ្យ​ភាគី​ចិន ព្រោះ​ចិន​នាំ​ទំនិញ​មក​កម្ពុជា ច្រើនជាង​កម្ពុជា​នាំទៅ​ចិន។ លោក​ទទួលស្គាល់​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​មួយ​ចំនួន ដូចជា កំណើន​នាំ​ចេញ​ផលិតផល​ទៅ​ប្រទេស​ចិន និង​ការ​ថយ​បន្ទុក​ចំពោះ​វត្ថុធាតុ​ដើម ​ដែល​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន ប៉ុន្តែ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ចំណូល​ពន្ធគយ​រាប់​លាន​ដុល្លារ​ពី​កិច្ច​ព្រមព្រៀង​នេះ។ លោក ង៉ែត ជូ បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​មក​ពន្លឿន​ការ​ចរចា​រឿង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ឡើយ ប៉ុន្តែ​គួរតែ​ប្រឹងប្រែង​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​ស្រាប់​នោះ​ទៅ​វិញ ព្រោះ​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​នៅ​សហភាព​អឺរ៉ុប៖ « សេដ្ឋកិច្ច​របស់​កម្ពុជា យើង​មាន​ឱនភាព​ច្រើន ហើយ​យើង​នៅ​មាន​ឱនភាព​ថវិកា​ជាតិ​ទៀត អ៊ីចឹង​យើង​គួរ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​សិន ចាំ​យើង​រៀបចំ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​បាន​រឹងមាំ​ត​ទៀត។ ខ្ញុំ​ទទួលស្គាល់​ថា EBA នឹង​បាត់ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​នេះ បូក​នឹង​កូវីដ​ទៅ​ទៀត​ហ្នឹង គឺថា​ការ​បាត់បង់ EBA ដោយ​ផ្នែក​ហ្នឹង វា​ជា​បន្ទុក​ធំ​របស់​រដ្ឋាភិបាល​ហើយ »

ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​ទំហំ​ជាង ៧ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០១៩។ កម្ពុជា​នាំទៅ​ចិន​បាន​ត្រឹមតែ​ជិត ៩រយ​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ចិន​នាំមក​កម្ពុជា​វិញ មាន​ជាង ៦ពាន់​លាន​ដុល្លារ។

ដោយឡែក ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចេញទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ២០១៧ វិញ គិតជា​ទឹកប្រាក់​ជាង ៦ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​កម្ពុជា​រួច​កាតព្វកិច្ច​ពន្ធ​ជិត ៧រយ​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រាន់តែ​ទឹកប្រាក់​ដែល​កម្ពុជា​ចំណេញ​ពី​ការ​មិន​បង់ពន្ធ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​មាន​ចំនួន​សឹងតែ​ស្មើនឹង​ទំហំ​ទំនិញ​របស់​កម្ពុជា​នាំទៅ​ប្រទេស​ចិន។ ទោះ​ជា​យ៉ាង​ណា កម្ពុជា​កំពុង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA នេះ ចំនួន ២០​% ដោយសារ​តែ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​ដោយ​របប​លោក ហ៊ុន សែន។ សេចក្ដី​សម្រេច​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី១២ សីហា ខាង​មុខ ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិនព្រម​ស្ដារ​ស្ថានភាព​យ៉ាប់យ៉ឺន​ផ្នែក​សិទ្ធិមនុស្ស​នេះ​ទេ។

មេ​ដឹក​នាំ​សហជីព លោក អាត់ ធន់ សង្កត់ធ្ងន់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​គន្លឹះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដូច្នេះ​បើ​បាត់បង់ EBA នោះ បរិមាណ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​សហភាព​អឺរ៉ុប​ក៏​នឹង​ត្រូវ​ថយ​ចុះទៅ​តាម​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។