កម្មករ​​រោងចក្រ សិន តៃ ហ្គាមែន ទទូច​​ឱ្យ​​ថៅកែ​​ទទួល​​យក​​កម្មករ​ចូល​​ធ្វើការ​​វិញ

0:00 / 0:00

កម្មករ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទទូច​ឱ្យ​ថៅកែ​ទទួល​យក​កម្មករ ចូល​ធ្វើការ​វិញ ក្រោយថៅកែ​បន្ត​ព្យួរ​ការងារ​កម្មករ​ជា​រយៈពេល​៣​ខែ។ ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីស្ថាប័ន​ពាក់ព័ន្ធ​ពុំ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នេះ​ជាង​៣ខែ​ហើយ។

ក្រុម​កម្មករ​ជិត ៦រយនាក់ (៥៦៥) លើក​ឡើង​ថា រយៈ​ពេល​៣ខែ​មក​នេះ​ពួកគេ​មាន​ជីវភាព​ខ្វះខាត និង​គ្មាន​លទ្ធភាព​ដោះស្រាយ​បំណុល​ធនាគារ​នោះ​ទេ។ ក្រុម​កម្មករ​សោកស្ដាយ ដែល​ថៅកែ​រោងចក្រ​មិន​ទទួល​ពួកគេ​ចូល​ធ្វើ​ការងារ​វិញ ដោយ​សារ​ការ​ប្រកាន់​បក្ខពួក និង​រើសអើង​សហជីព។

ប្រធាន​សហជីព​ស្មារតី​កម្មករ​កម្ពុជា លោក កឹម សុភេន ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៩ ខែកុម្ភៈ ថា លោក​មាន​ជីវភាព​ខ្វះខាត​ខ្លាំង និង​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​ធនាគារ បន្ទាប់​ពី​ថៅកែ​រោងចក្រ​មិន​ព្រម​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ។ ប្រធាន​សហជីព​រូប​នេះ​អះអាង​ថា ថៅកែ​រោងចក្រ​មាន​ចេតនា​បំបែក​សំឡេង​សហជីព មិន​ឱ្យ​ធ្វើ​ការ​នៅ​រោងចក្រ​បន្ត ដោយសារ​សហជីព​តែង​ចេញ​តវ៉ា​នៅ​ពេល​ថៅកែ​បញ្ឈប់​កម្មករ៖

«ខ្ញុំ​ស្នើសុំ​ដល់​លោក​ថៅកែ សិន តៃ បើសិនជា​លោក​នៅ​តែ​បន្ត​ការ​អូស​បន្លាយ​ក្នុង​ការ​ព្យួរ​ការងារ​បងប្អូន​កម្មករ​ដដែលៗ​ហើយ​អ្នក​ធ្វើ​នៅ​តែ​ធ្វើ​លោក​ធ្វើ​អ៊ីចឹង​មិន​ត្រឹម​ត្រូវ​ទេ លោក ពិចារណា​ជួយ​សម្រួល​ជីវភាព​ដល់​បងប្អូន​កំពុង​ព្យួរ​ការងារ​ផង​គាត់​លំបាក​ណាស់​វេទនា​ខ្លាំង​ណាស់​ហើយ​បើ​លោក ធ្វើ​បែប​នេះ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់​បងប្អូន​ដែល​ព្យួរ​ការងារ»។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​បម្រើ​ការ​នៅ​រោងចក្រ សិន តៃ លោកស្រី ផល ចាន់ថន រៀបរាប់​ថា លោក​ស្រី​គ្មាន​ប្រាក់​ឱ្យ​កូន​ទៅ​រៀន​នោះ​ទេ ដោយ​សារ​ថៅកែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ត្រឹម​តែ៣០ដុល្លារ​ក្នុង​មួយ​ខែ ដែល​មិន​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ជួល​ផ្ទះ​ផង។ លោកស្រីបន្ត​ថា កម្មករ​ដែល​មិនមែន​ជា​សមាជិក​សហជីព​ថៅកែ​ទទួល​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ប៉ុន្តែ​កម្មករ​ជា​សមាជិក​សហជីព​នៅ​តែ​បន្ត​ព្យួរ​ការងារ ដោយ​ថៅកែ​​លើក​ឡើង​ថា​ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្មាន​អ្នក​បញ្ជាទិញ៖

«សូម​ផ្ដែផ្ដាំ​ទៅ​ថៅកែ​រោងចក្រ ក៏ដូចជា​ម្ចាស់​គ្រប់គ្រង​សហគ្រាស​ហ្នឹង ​សូម​ឱ្យ​គាត់​ហ្នឹង​ធ្វើ​ការ​បង្វែរ​ផ្លាស់ប្ដូរ​ឱ្យ​បាន​ពួកខ្ញុំ​ចូល​ធ្វើការ​ដើម្បី​សម្រួល​ជីវភាព​ខ្ញុំ​ក៏​ដូចជា​កម្មករ​ផ្សេងៗ​ទៀត»។

ទោះ​ជា​បី​ជា​យ៉ាង​ណា កាល​ពី​ដើម​ខែកុម្ភៈ ថៅកែ​រោងចក្រ សិន តៃ ហ្គាមែន រូប​នេះ​ធ្លាប់ព្យួរ​កម្មករ​ចំនួន២ខែ​រួច​មក​ហើយ ក្រោម​ហេតុផល​ថា ​គ្មាន​អ្នក​បញ្ជា​ទិញ​ទំនិញ និង​ខ្វះខាត​សម្ភារៈ​ដើម្បី​ដំណើរ​ការ​ចង្វាក់​ផលិតកម្ម។ ក្រុម​កម្មករ​ភាគ​ច្រើន​ជា​ស្ត្រី​ចាត់​ទុក​ថា ​ថៅកែ​រោងចក្រ​ប្រកាន់​បក្ខពួក​ រើសអើង​សហជីព និង​មាន​ចេតនា​បង្ខំ​ឱ្យ​សហជីព​ឈប់​ធ្វើ​ការ​ដោយ​ខ្លួនឯង។រោងចក្រ​នេះ​មាន​កម្មករ​ធ្វើ​ការ​សរុបជាង៣ពាន់នាក់ (៣.០៨៥) ក្នុង​នោះ ​ជាង២ពាន់​នាក់ (២.៥២០) កំពុង​ធ្វើ​ការ និង​ជិត ៦រយនាក់ (៥៦៥) ទៀត​ត្រូវ​បាន​ព្យួរ​ការងារ។

វិទ្យុអាស៊ី​សេរី​មិន​អាច​ទាក់ទងអគ្គ​លេខាធិការ​រង នៃ​គណៈកម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារលោក ទេស រុក្ខាផល និង​ប្រធាន​រដ្ឋបាល​រោងចក្រ សិន តៃ ហ្គាមេន អ្នកស្រី អ៊ុន សុភា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅថ្ងៃទី១៩ ខែកុម្ភៈ។

ទាក់ទិន​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក លើកឡើង​ថា ក្រសួង​ការងារ​គួរ​ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ជាជាង​ការពារ​ប្រយោជន៍​ដល់​ថៅកែ​រោងចក្រ ហើយ​ក្រសួង​ក៏​ជា​អាជ្ញាកណ្ដាល​ដែរ ដូច្នេះ​ត្រូវ​ធ្វើ​ការ​ដោយ​គោរព​ទៅ​តាម​ច្បាប់។ លោក​បញ្ជាក់​ថា បើ​ក្រសួង​ការងារ​នៅ​តែ​បន្ត​ការពារ​ថៅកែ​រោងចក្រ​បែប​នេះ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ និង​ធ្វើ​ឱ្យ​ពួកគាត់ ប្រឈម​នឹង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក៖

«សូម​កម្មករ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​ការ​ព្យួរ​ការងារ​ឬ​ក៏​ការ​បិទ​រោងចក្រ​ជា​ពិសេស​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ថៅកែ​សូម​កុំ​អស់​សង្ឃឹម យើង​ជ្រើសរើស​មេ​ដឹក​នាំ​ខុស​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​យ៉ាង​ខ្លាំង ហើយ​និង​ការ​រស់នៅ​របស់​ពួកគាត់​អ៊ីចឹង​ហើយ​ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​គឺជា​ការ​បោះឆ្នោត​តំណាងរាស្ត្រ​កម្មករ​ក៏ដូចជា​សហជីព​ត្រូវ​មើល​ឱ្យ​ច្បាស់​ថា​តើ​បក្ស​ណាមួយ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​កម្មករ​សហជីព»។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ខាង​អធិការ​ការងារ​ចុះ​មក​សម្របសម្រួល​វិវាទ​ការងារ​នេះ​ម្ដង​រួច​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ។ ភាគី​កម្មករ​ស្នើសុំ​ថៅកែ ៤ចំណុច ទី១​ស្នើ​ឱ្យ​ព្យួរ​ការងារ​កម្មករ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​គ្នា​ម្ដង​ម្នាក់ ទី២​ថៅកែ​ត្រូវ​ផ្ដល់​ប្រាក់​ចំនួន២សែនរៀល (២.០០០.០០) បន្ថែម​ដល់​កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ ទី៣.ស្នើ​ឱ្យ​ក្រុមហ៊ុន​កុំ​ព្យួរ​ការងារ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ទី៤.​ស្នើ​ឱ្យ​ថៅកែ​កុំ​មានការ​រើសអើង​​កម្មករ​សហជីព។ បើ​ទោះ​ជា​យ៉ាង​ណា​ ថៅកែ​រោងចក្រ​រូប​នេះ​ច្រានចោល​សំណើ​ទាំង​នេះ ដោយ​ទទូច​ឱ្យ​អធិការ​ការងារ​សម្រេច​ព្យួរ​ការងារ​កម្មករ​បន្ត​ទៀត។

កម្មករ និង​សង្គម​ស៊ីវិល​អំពាវ​នាវ​ដល់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​ឆាប់រហ័ស ដើម្បី​ឱ្យ​ពួកគាត់​មាន​ជីវភាព​សមរម្យ ហើយ​លើក​ទឹកចិត្ត​ឱ្យ​ពួកគាត់​ធ្វើ​ការងារ​ក្នុង​ស្រុក​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។