កម្មកររោងចក្រទាមទារដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ ខណៈ​​ក្រសួង​ការងារ​​គ្រោង​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា

ដោយ មាន ឫទ្ធិ
2024.08.13

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នឹង​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ សំលៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០២៥ ចាប់​ពី​ថ្ងៃ​ទី១៤ ខែសីហា។

កិច្ច​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ មាន​ការ​ចូលរួម​ដោយ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ៥១រូប មក​ពី​តំណាង​ភាគី​រាជរដ្ឋាភិបាល​ តំណាង​ភាគី​កម្មករ និង​តំណាង​ភាគី​ថៅកែ​រោងចក្រ។ ​​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​ដំឡើង​ចំនួន​២០៤ ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤។

ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​រោងចក្រ​ខេនស្ព័តស៊ូ (Can Sports Shoes) ​ខេត្ត​កំពង់ឆ្នាំង លោក កាន សុខវី ថា​ប្រាក់ខែ​​ដែល​លោក និង​កម្មករ​រោងចក្រ​ផ្សេង​ទៀត​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​មិន​ទាន់​អាច​ធ្វើ​ឱ្យ​ជីវភាព​បាន​ល្អ​ប្រសើរ​បាន​នៅ​ឡើយ​ទេ។ លោក​ថា​មាន​កម្មករ​ជា​ច្រើន​នៅ​មិន​មាន​លទ្ធភាព​រក​អាហារ​ដែល​មាន​ជីវជាតិ​ និង​ផ្គត់ផ្គង់​ការ​សិក្សា​កូនៗ​របស់​ពួក​គាត់​បាន​នៅ​ឡើយ​ទេ ហើយ​លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​គិត​គូរ​ពី​បញ្ហា​ទាំង​នេះ។

លោក កាន សុខវី «ចង់​ឱ្យ​បង​ប្អូន​កម្មករ​​កម្មការិនី​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ វិស័យ​ស្បែក​ជើង​ឱ្យ​បាន​ប្រាក់​ខែ​គ្រប់​២៥០ ដុល្លារ​ទៅ​ដើម្បី​ឱ្យ​បាន​ជីវភាព​គាត់​សមរម្យ​​ទី​មួយ​ ទី​ពីរ​ឱ្យ​គាត់​ចំណាយ​លើ​ម្ហូប​អាហារ​ ទីបី​ចំណាយ​​លើ​កូន​រៀន​ ការ​សិក្សា​របស់​កូន​​ ហើយ​ទី​បួន​នោះ​គាត់​ជំពាក់​អង្គការ​ក្នុង​មាន​ម្នាក់ៗ​ចូល​៩០ ទៅ​៩៥​ភាគរយ​ហើយ​ដែល​ជំពាក់​អង្គការ​នោះ​ ដូច្នេះ​បើ​ប្រាក់​ខែ​គោល​ដូច​សព្វថ្ងៃ​នេះ​គាត់​ស៊ី​មិន​គ្រប់​មិន​គ្រាន់​ទេ​ ​»

គិត​ត្រឹម​ឆ្នាំ​២០២៣​មាន​កម្មករ​រោង​ចក្រ​កាត់​ដេរ​សំលៀកបំពាក់​ និង​ស្បែក​ជើង​ជាង​៧សែន​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។ កម្មករ ត្អូញត្អែរ​ថា ពួកគាត់​បាន​ខិតខំ​ធ្វើការ​ដោយ​ទទួល​បាន​កម្រៃ​តិចតួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។  សហភាព​​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)  ចំនួន ២០​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ​សហរដ្ឋអាមេរិក​បាន​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន និង​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែង​ជើង។ ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នេះ​គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បន្ត​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។