ក្រុម​សហជីព និង​កម្មករ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឱ្យ​​បើក​លំហ​សិទ្ធិ​សេរីភាព ខណៈ​សហភាព​អឺរ៉ុប​ព្រមាន​ដក EBA

ដោយ នៅ វណ្ណារិន
2023.03.17
Share on WhatsApp
Share on WhatsApp
ក្រុម​សហជីព និង​កម្មករ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឱ្យ​​បើក​លំហ​សិទ្ធិ​សេរីភាព ខណៈ​សហភាព​អឺរ៉ុប​ព្រមាន​ដក EBA (រូបឯកសារ) កម្មករ​នៅ​រោងចក្រ សិន តៃ ហ្គាមែន (zhen Tai Garment) ប្រមូលផ្ដុំគ្នា​តវ៉ា​នៅ​មុខ​រោងចក្រ កាលពី​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២២។
Photo: RFA

ក្រុម​សហជីព និង​កម្មករ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​សិទ្ធិ​សេរី​បញ្ចេញ​មតិ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ខណៈ​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិន​បើ​ការ​បោះឆ្នោត​ខាង​មុខ​នៅ​សេរី​និង​យុត្តិធម៌។ ពួក​គេ​អះអាង​ថា សព្វ​ថ្ងៃ​នេះ​ពិបាក​រក​ការងារ​ធ្វើ​ណាស់​ទៅ​ហើយ​ទម្រាំ​ដក​ប្រព័ន្ធ​បន្ថែម​ទៀត​ជីវភាព​របស់​ពួក​គេ​កាន់​តែ​យ៉ាប់​យ៉ឺន។

ក្រុម​កម្មករ និង​សហជីពព្រួយ​បារម្ភ​ស្រ​ដៀង​គ្នា​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ពួក​គេ​ធ្ងន់ធ្ងរ​នឹង​ប្រឈម​បាត់​បង់​ការងារ។ ពួក​គេ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​ខ្នះខ្នែង​ក្នុង​ដោះ​ស្រាយ​បញ្ហា​នេះ​ដល់​ក្រុម​កម្មករ​ ជា​ជាង​អួត​អាង​តែ​នៅ​មុខ​កម្មករ។

តំណាង​សហជីព​រោង​ចក្រ មេន អួរ ហ្គាមែន (Man Ou Garment) ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា​ថា ការ​ដក​អនុ​គ្រោះ ២០ភាគ​រយ​គឺ​ពិបាក​សម្រាប់​កម្មករ​ណាស់​ទៅ​ហើយ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ។ លោក​បន្ត​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​អនាគត​របស់​កូនៗ លោក ពីព្រោះ​បើ​សិន​ជា​ថៅកែ​រោង​ចក្រ​ទាំង​អស់​បង្វែរ​ការ​វិនិ​យោគ​ទៅ​ប្រ​ទេស​ផ្សេង​វិញ លោក​ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ​ដោយ​សារ​លោក​មាន​វ័យ​ចំណាស់​ហើយ។

«ខ្ញុំ​ក៏​មាន​ការ​អំពាវនាវ​ដែល​សុំ​ឱ្យ​រដ្ឋាភិបាល​របស់​យើង​ព្យាយាម​គោរព​នូវ​លិទ្ធ​ប្រជាធិបតេយ្យ ហើយ​បើក​សិទ្ធិ​សេរីភាព​សម្រាប់​គណបក្ស​នយោបាយ​ផ្សេងៗ​ដើម្បី​ឱ្យ​ខាង​បែក​អឺរ៉ុប​និង​អាមេរិក​ផ្សេងៗ​គេ​ផ្ដល់ EBA មក​ឱ្យ​កម្ពុជា​យើង​វិញ និង GSP ផង​ដែរ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​យើង​គាត់​យល់​នូវ​កាលៈទេសៈ​ដែល​លំបាក​លំបិន​នេះ​ហើយ​ខាងមុខ​នេះ​យើង​នឹង​មាន​បោះឆ្នោត​ហើយ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​នឹង​គោរព​នូវ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ និង​នយោបាយ​ផ្សេងៗ»

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​កម្មករ​រោងចក្រ ហ្គូល ហ្វៀម ស្តារ (Gold Fame Star) គឺ​ លោក កែវ បឿន ថ្លែង​ថា បច្ចុប្បន្ន​នេះ​រោង​ចក្រ​ជាច្រើន​បាន​ព្យួរ​ការងារ និង​បិទ​ទ្វារ​ ហើយ​លោក​ជំពាក់​បំណុល​ធនាគារ​ទៀត។ ដូច្នេះ បើ​នៅ​ក្នុង​ស្រុក​មិន​អាច​រក​ការងារ​បាន​លោក​នឹង​អាច​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រ​ទេស។ លោក​បញ្ជាក់​ថា​នេះ​ដោយ​សារ​តែ​កម្ពុជា​មិន​គោរព​សិទ្ធិ​មនុស្ស​ និង​គំរាម​កំហែង​លើ​អ្នក​មាន​មនសិការ​ស្នេហា​ជាតិ។​

លោក កែវ បឿន៖ «ខ្ញុំ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ជជែក​គ្នា​ទ្វេភាគី ដោយ​សន្តិវិធី​ធ្វើ​ម៉េច​កុំ​ឱ្យ​មាន​បញ្ហា​អ៊ីចឹង​បន្ត​ទៅ​ទៀត ហើយ​មួយ​ទៀត ស្នើ​ទៅ​រដ្ឋាភិបាល​អនុគ្រោះ GSP ហើយ​នឹង​សហ​ភាព​អឺរ៉ុប​សូម​មាន​ការ​បញ្ជា​ទិញ​ឱ្យ​ច្រើន​ដូច​មុន​ដដែល​អ៊ីចឹង»

ទន្ទឹម​គ្នា​នេះ​ដែរ​កម្មករ​កំពុង​ព្យួរ​ការងារ​នៅ​រោងចក្រ សិន តៃ ហ្គាមែន (zhen Tai Garment) លោក សុ លាប លើក​ឡើង​ថា ជីវភាព​គ្រួសារ​លោក​កំពុង​ធ្លាក់​ដុន​ដាប​ហើយ​ត្រូវ​ថៅកែ​រោង​ចក្រ​ព្យួរ​ការងារ​ថែម​ទៀត។ លោក​ថា បើ​រោង​ចក្រ​មិន​មាន​អ្នក​បញ្ជា​ទិញ​ទំនិញ​លោក​មិន​ដឹង​រំពឹង​អ្វី​ទៀត​ទេ។

លោក សុ លាប៖ «បើ​តាម​ចិត្ត​ខ្ញុំ​ចង់​ឱ្យ​សម្ដេច​ពុក​ឱ្យ​យល់​តាម​គេ ដូច​ថា យុវជន​ធិបតេយ្យ​ដល់​ពេល​គាត់​គេ​និយាយ​មក​ធ្វើ​អត់​ដឹង​អត់​លឺ​អ៊ីចឹង​គេ​អាច​គាបសង្កត់​គេ​បញ្ជា​បិទ​កន្លែង​បិទ​អ៊ីចឹង​ទៅ​អត់​មាន​អ្នក​បញ្ជា​ទិញ​អត់​មាន​អ្នក​នាំ​ចេញ​នាំ​ចូល​អ៊ីចឹង​ពិបាក​ត្រង់​ហ្នឹង»

ទាំង​កម្មករ និង​សហ​ជីព ស្នើ​ទៅ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ​បើក​លំហ​សេរីភាព​ឱ្យ​ពល​រដ្ឋ​ចូល​រួម​បញ្ចេញ​មតិ​បាន​ពេញលេញ និង​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដោយ​យុត្តិធម៌​ និង​តម្លាភាព​ ដើម្បី​អាច​ធានា​ថា​កម្ពុជា​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សហ​ភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​វិញ។ ដូច្នេះ​នេះ​ជា​កាតព្វកិច្ច​ដែល​រដ្ឋ​គួរ​តែ​បំពេញ​ឱ្យ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) និង GSP ពី​សហរដ្ឋ​អាមេរិក។

ជុំវិញ​រឿង​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ មាន​ប្រសាសន៍​ ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ជីវភាព​របស់​កម្មករ ពីព្រោះ​នៅ​កម្ពុជា​បន្ទាប់ពី​វិស័យ​យក​កសិកម្ម​គឺ​ពល​រដ្ឋ​រំពឹង​លើ​ការ​ធ្វើ​ការងារ​រោងចក្រ ដូច្នេះ​បើ​រោងចក្រ​បន្ត​បិទ​ទ្វារ និង​ប្ដូរ​ទី​តាំង​រោងចក្រ​អាច​បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​ស្ដារ​លិទ្ធ​ប្រជាធិបតេយ្យ ដើម្បី​ធានា​ដល់​ការ​រស់នៅ​សម​រម្យ​ជូន​កម្មករ។

លោក អាត់ ធន់៖ «បើ​អាច​ទៅ​រួច​បង្កើត​ការងារ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​វិស័យ​កសិកម្ម​ដូចជា​រៀប​ចំ​ឱ្យ​មាន​ការ​កែច្នៃ​ដំណាំ​របស់​យើង​ដែល​មាន​ស្រាប់​ដើម្បី​ដាក់​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ហើយ​និង​បង្កើត​ការងារ​ឡើង​វិញ​រៀបចំ​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ឱ្យ​បាន​ល្អ ហើយ​ធ្វើ​ម៉េច​ឱ្យ​តុលាការ​ឯករាជ្យ​ដែល​ធ្វើ​អ្នក​បញ្ជា​ទិញ​ ឬ​ក្រុម​ហ៊ុន​វិនិយោគ​គេ​ទុកចិត្ត​ ជា​ពិសេស គឺ​ធ្វើ​យ៉ាង​ថា លុប​បំបាត់​ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ​ទាំង​ឡាយ​ដែល​ប៉ះ​ពាល់​ដល់​អ្នក​វិនិយោគ»

Ath_Thorn_Labor_Ministry_FB_110420.jpg
លោក អាត់ ធន់ ប្រធាន​សហភាពការងារ​កម្ពុជា ក្នុងកិច្ចប្រជុំនៅក្រសួងការងារថ្ងៃ​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ហ្វេសប៊ុកក្រសួងការងារ 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​សហ​ជីព​ និង​កម្មករ ​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​ ការ​ប្រើ​ហិង្សា​គ្រប់រូប​ភាព​មក​លើ​កម្មករ សហជីព សកម្មជន​សង្គម​ និង​សកម្មជន​នយោបាយ​ ហើយ​ត្រូវ​ងាក​មក​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ជុំវិញ​ឱ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ពង្រឹង​នូវ​ការ​អនុវត្តន៍​ច្បាប់។

កាល​ពី​ឆ្នាំ២០២០ សហភាព​អឺរ៉ុប ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា លើ​តម្លៃ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១ពាន់​លាន​ដុល្លារ។ នេះ​គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​និង​រៀបចំ​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​ជាតិ ដែល​រង​នូវ​ការ​រិះគន់​ថា ជា​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» «បង្គ្រប់​កិច្ច» កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨ កន្លង​ទៅ។

របាយការណ៍​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់​ថា (UNDP) ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០ ​​បង្ហាញ​ថា​នៅ​ឆ្នាំ២០១៨ មាន​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​ទៅ ៣៥% ឬ ៥លាន ៦សែន​នាក់​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។