ធនាគារ​ពិភពលោកទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ពី៤%​មក​​នៅ​​ត្រឹម​២,២%នៅ​ឆ្នាំ២០២១​

0:00 / 0:00

ធនាគារ​ពិភពលោកថា សេដ្ឋកិច្ច​កម្ពុជា​កើន​តិច​ជាង​ការរំពឹងទុក។ ធនាគារ​ពិភពលោកបាន ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២១​នេះ ពីក្នុង​រង្វង់ ៤% មកនៅត្រឹម​ជាង ២% វិញ។

ការកែសម្រួល​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មកនៅ​ត្រឹម​ជាង ២% វិញ​នេះ គឺ​ដោយសារតែ​កម្ពុជា​កំពុង​ប្រឈមនឹង​ការកើនឡើង​វិញ​នូវ​ករណី​ឆ្លងជំងឺកូវីដ-១៩ ជាពិសេស​ការរាលដាល​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)។ ធនាគារ​ពិភពលោកពន្យល់​ថា ហេតុការណ៍​នេះ បាន​ធ្វើឱ្យ​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា មាន​ភាពយឺតយ៉ាវ ជាពិសេសវិស័យ​សេវាកម្ម សំណង់ និង​អចលនទ្រព្យ។ រីឯវិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ ដែល​ធ្លាប់​ផ្តល់​ការងារធ្វើ​ប្រមាណ ២លាន​កន្លែង​នៅ​អំឡុងពេល​មុន​ការរាតត្បាត​នៃ​ជំងឺកូវីដ-១៩ ក៏ត្រូវបាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ដែរ។ ទន្ទឹមនឹងនេះ ការបាត់បង់​ការងារធ្វើ មានកាន់តែ​ច្រើន​ដោយសារតែ​កំណើន​​នៃ​ពលករ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ។

ការកែសម្រួល​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ ធ្វើឡើង​នៅ​ក្នុង​ របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២១ ដាក់ចំណងជើងថា «កូវីដ​យូរអង្វែង» ឬ (Long COVID) ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី២៧ ខែកញ្ញា។

ធនាគារ​ពិភពលោក​ព្រមានថា ទោះបីជា​មាន​ការជឿនលឿន​នៃ​ការចាក់វ៉ាក់សាំង​យ៉ាងណាក៏ដោយ ក៏​ហានិភ័យ​ផ្ទុះឡើង​នៃ​ការឆ្លង និង​ការរាំងស្ទះ នៅតែ​មាន​កម្រិតខ្ពស់​ដដែល​ដោយសារ​ករណីឆ្លង និង​ស្លាប់ បន្ត​មាន​ចំនួនច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។