ក្រុម​យុវជន​ជំរុញ​ឱ្យ​លុប​បំបាត់​អំពើពុករលួយ និង​ពង្រឹង​សន្តិសុខ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

0:00 / 0:00

ក្រុម​យុវជន​លើកឡើង​ថា ក្រសួង​ទេសចរណ៍​គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​ពី​តំបន់​អេកូ​ទេសចរណ៍​នៅក្នុង​ស្រុក​ជាមុន​សិន ជា​ជាង​ស្នើ​ជំនួយ​ពី​បណ្ដា​ប្រទេស​ផ្សេង ព្រោះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់​ពី រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​គាំទ្រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍។

ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​រដ្ឋាភិបាល​បរទេស ប៉ុន្តែ​ការ​បង្កើន​ឱ្យ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​បាន​គឺ​ទាល់តែ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ និង​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព​ឱ្យ​បាន​ខ្ពស់។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ កញ្ញា ថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ទេសចរណ៍​នៅ​មិន​ទាន់​ខំ​ខិត​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ធម្មជាតិ​នៅឡើយ​ទេ ពីព្រោះ​នៅក្នុង​គេហទំព័រ​របស់​ក្រសួង​ពុំ​សូវ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ធម្មជាតិ​ឡើយ​ទេ។

លោក លី ចាន់ដារ៉ាវុត៖ «បើទោះជា​យើង​ខិតខំ​យ៉ាងណាក៏ដោយ​ទៅ​ជួប​ភាគី​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ​បើ​យើង​មិន​ធ្វើ​ឱ្យ​ក្នុង​ប្រទេស​យើង​ឱ្យ​មាន​សន្តិសុខ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​កាត់បន្ថយ​អំពើពុករលួយ​តាម​ព្រំដែន​នៅ​ពេល​ដែល​គេ​ឆ្លង​ចូល​មក​ហ្នឹង​ទេ យើង​នឹង​មិន​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទេ ភ្ញៀវ​ទេសចរ​មកលេង​នៅ​ប្រទេស​កម្ពុជា គេ​យក​លុយ​មក​ចាយ​នៅ​ប្រទេស​កម្ពុជា​អ៊ីចឹង​នៅ​ពេល​គេ​ចូល​មក​កម្ពុជា​ប្រឈម​នឹង​ការ​ចាប់​ជំរិត ការ​ឆក់ ការ​ប្លន់​អី​ជាដើម​ហ្នឹង គ្មាន​អ្នកណា​គេ​ចង់​ចូល​មក​លេង​ទេ»។

ស្រដៀង​គ្នា​នេះ យុវជន​សកម្ម​ការងារ​សង្គម លោក នី ចាន់ដា ថ្លែង​ថា លោក​ហាក់​គ្មាន​ជំនឿ​ទៅលើ​កិច្ច​សហប្រតិបត្តិការ​នេះ ពីព្រោះ​កន្លង​មក​រដ្ឋមន្ត្រី​ទេសចរណ៍ និង​រដ្ឋមន្ត្រី​បរិស្ថាន​ក្ដី មិន​លើកកម្ពស់​ធនធាន​ដែល​មាន​ស្រាប់​នោះ​ទេ ។ លោក​បន្ត​ថា បើ​ចង់​អភិវឌ្ឍន៍​កន្លែង​ណាមួយ​ជា​តំបន់​អេកូ​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ និង​លើកកម្ពស់​យុវជន​ឱ្យ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ។

ប្រតិកម្ម​របស់​យុវជន​នេះ​គឺ​បន្ទាប់ពី រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្មី​គឺ លោក សុខ សូកេន ជួបពិភាក្សា​ជាមួយ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា អ្នកស្រី ដេវីនី កូប្រាហ្គាដេ (Devyani Khobragade) កាលពី​ថ្ងៃទី​២២ កញ្ញា លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​៣​ចំណុច ទី​១​ការអភិវឌ្ឍ​កម្មវិធី​លើ​វិស័យ​ទេសចរណ៍​ផ្សព្វផ្សាយ​ពី​តំបន់​អេកូ​ទេសចរណ៍ ទី​២​លើកកម្ពស់​សកម្មភាព​អេកូ​ទេសចរណ៍​នៅក្នុង​សហគមន៍​ផាត់​សណ្ដាយ នៅ​ខេត្ត​កំពង់ធំ និង​លើកកម្ពស់​សកម្មភាព​អេកូ​ទេសចរណ៍​បឹង​ស្នេហ៍​នៅក្នុង​សហគមន៍​ខេត្តព្រៃវែង។ លើស​ពី​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ និង​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើន​ជើង​ហោះហើរ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ញូដេលី​របស់​ឥណ្ឌា​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ជំនួប​ទ្វេភាគី​នេះ​មិន​អាច​ជួយ​ស្ដារ​មុខមាត់​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ធំៗ​បាន​នៅឡើយ​នោះ​ទេ។

លោក យង់ គិមអេង៖ «ខ្ញុំ​គ្រាន់តែ​សង្ឃឹម និង​រំពឹង​ថា រដ្ឋាភិបាល​ហ្នឹង​ពិចារណា​ជុំវិញ​បញ្ហា​នេះ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​នេះ​ក្លាយទៅជា​វិស័យ​ស្នូល​សំខាន់​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​ហើយ​មាន​ភាព​រីកចម្រើន​ច្រើន​ទាំង​សេដ្ឋកិច្ច​រដ្ឋ​ទាំង​គ្រួសារ​ពីព្រោះ​វិស័យ​ទេសចរណ៍​នេះ​សំខាន់ ហើយ​ការ​ពង្រឹង​តម្លាភាព​កាត់​បន្ថយ​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​និង​ស្ថាប័ន​សាធារណៈ​ផ្សេងទៀត​នេះ​ជា​រឿង​សំខាន់»។

ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន បដិសេធ​មិន​បកស្រាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ទេ។

កន្លងទៅ​ប្រជាពលរដ្ឋ​រស់នៅ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​ការ​បាត់បង់​ចំណូល និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។ ពួកគាត់​យល់​ថា បញ្ហា​នេះ​ដោយសារតែ កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស អំពើពុករលួយ​ជា​ប្រព័ន្ធ ការ​ជួញដូរ​មនុស្ស អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាយ (Online) ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មួយចំនួន​បាត់បង់​ទំនុកចិត្ត និង​ខ្លាចរអា​មិន​ហ៊ាន​មក​កម្សាន្ត​នៅ​កម្ពុជា។

របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន ៥​សែន​នាក់ (២.៥០០.០០០) ។ ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ងាក​មក គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។