នៅសល់តែ ៣ថ្ងៃទៀតទេ គិតត្រឹមថ្ងៃទី៩ កុម្ភៈ ដែលគណៈកម្មការអឺរ៉ុបនឹងសម្រេចចិត្តចុងក្រោយ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ។ បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់អវិជ្ជមាននានា លើប្រព័ន្ធសេដ្ឋកិច្ចជាតិ វិបត្តិសង្គម ចំណាកស្រុក និងជោគវាសនា របស់កម្មករនិយោជិតរាប់សែននាក់ ដែលនឹងប្រឈមបាត់បង់ការងារ បើសិនជាគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា។
ស្របជាមួយគ្នានេះ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និង ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីលោក បណ្ឌិត កែម ឡី បានចេញសេចក្តីថ្លែងថ្មីមួយ បង្ហាញពីក្ដីកង្វល់រួម លើបញ្ហានេះ និងស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ។
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមការងារ ១០០រាត្រី បានបង្ហាញទស្សនាទានរួមមួយ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃទី៩ កុម្ភៈ ស្តីពីដំណើរការព្យួរជាផ្លូវការ នៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms (EBA) របស់សហភាពអឺរ៉ុប។ ខ្លឹមសារសេចក្ដីថ្លែងការណ៍នោះ ផ្ដោតសំខាន់ពីប៉ះពាល់ធំធេង ដល់ប្រយោជន៍កម្មករនិយោជិតជិត ១លាននាក់ នឹងប្រឈមបាត់បង់ការងារធ្វើ ប៉ះពាល់ការអភិវឌ្ឍជាតិ ប្រាក់ចំណូលពលរដ្ឋ និងប៉ះពាល់វិស័យវាយនភណ្ឌកាត់ដេរ ឬវិស័យឧស្សាហកម្មយ៉ាងហោចណាស់ ៣លាននាក់។
សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ឃីម សុខុម ថ្លែងថា សេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងធ្លាក់ចុះស្រាប់ ប្រសិនបើសហគមន៍អឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ នឹងបង្កផលប៉ះពាល់កាន់ធ្ងន់មួយកម្រិតទៀត លើជីវភាពប្រជាជន ប្រព័ន្ធសេដ្ឋកិច្ចជាតិ ជាពិសេសជោគវាសនាការងាររបស់កម្មករនិយោជិតរាប់សែននាក់ ដែលកំពុងធ្វើការក្នុងវិស័យកាត់ដេរ។ លោកថា ក្រុមកម្មករនិយោជិត អាចនឹងលំបាកបង្វែរទិសដៅរកការងារថ្មីជំនួស ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះស្រាប់ ហើយពួកគេនឹងបង្ខំចិត្តធ្វើចំណាកស្រុករកការងារធ្វើ ដើម្បីដោះបំណុលធនាគារ។ លោកបន្ថែមថា ក្រុមយុវជនព្រួយបារម្ភខ្លាំងពីភាពមានៈរបស់រដ្ឋាភិបាល មិនបន្ទន់ឥរិយាបថ ស្ដារប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហានេះទេ៖ «យើងមើលថ្នាក់ដឹកនាំយើង គាត់ហាក់ដូចជា មិនអើពើរឿងហ្នឹង គាត់មានជំហររបស់គាត់មួយគឺ ទោះជាផ្ដាច់ EBA ក៏ផ្ដាច់ទៅ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់ប្អូននៅតែសង្ឃឹមថា ថ្នាក់ដឹកនាំត្រូវតែគិតពិចារណាឡើងវិញ។ មិនត្រូវធ្វើអី ដើម្បីប្រយោជន៍បក្ខពួកខ្លួនឯង ផលប្រយោជន៍មួយក្រុម ហើយធ្វើឱ្យពលរដ្ឋយើងវេទនា ព្រោះក្នុងនាមជាថ្នាក់ដឹកនាំ គួរតែយកចិត្តទុកដាក់ខ្លាំង លើបញ្ហាពលរដ្ឋមិនមែនជាបញ្ហាបុគ្គលមួយក្ដាប់តូចប៉ុណ្ណឹងទេ » ។
ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ក្រុមយុវជន ទាមទារឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បើកលំហសិទ្ធិនយោបាយ និងលំហសិទ្ធិសេរីភាពជាមូលដ្ឋានពលរដ្ឋឡើងវិញ និងទម្លាក់បទចោទប្រកាន់ទាំងឡាយចេញពីលោក កឹម សុខា។ លើសពីនេះ អ្នកនយោបាយគួរតែពិចារណាចរចាដោះស្រាយបញ្ហានេះផ្អែកលើគោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋាន អនុលោមតាមរដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់ភាពអឺរ៉ុប និងបញ្ចៀសទណ្ឌកម្មអន្តរជាតិ។
សមាជិកក្រុមការងារ ១០០រាត្រី ម្នាក់ទៀត គឺលោក សុត បាន យល់ថា រដ្ឋាភិបាល គឺជាអ្នកទទួលខុសត្រូវចម្បងបញ្ហានេះ ប្រសិនបើសហគមន៍អឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ។ លោកថា ប្រព័ន្ធអនុគ្រោះពន្ធ ជាដង្ហើមសេដ្ឋកិច្ចរបស់កម្មករនិយោជិត និងជាផលប្រយោជន៍រួមរបស់ពលរដ្ឋ ប្រសិនបើរដ្ឋាភិបាលមានស្មារតីស្នេហាជាតិពិតប្រាកដ គួរតែរក្សាឱ្យគង់វង្ស និងត្រូវស្ការប្រជាធិបតេយ្យ តាមការចង់បានរបស់ពលរដ្ឋខ្មែរ និងសហគមន៍អឺរ៉ុប៖ «រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវទាំងស្រុងតែម្តង ទៅលើការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផលប្រយោជន៍ពលរដ្ឋ ជាផលប្រយោជន៍រួមរបស់ប្រទេសជាតិ អ្នកឯងយកអំណាចបក្ខពួករបស់អ្នកឯងមកកាន់ផ្ដាច់មានន័យថា អ្នកឯងកំពុងបំផ្លាញប្រជាធិបតេយ្យដូចអឺរ៉ុបគេបានចោទប្រកាន់អ៊ីចឹង។ រដ្ឋាភិបាលទប់មិនឈ្នះទេ ប្រសិនបើពលរដ្ឋរហូតដល់ ៨សែននាក់ បាត់បង់ការងារធ្វើ ដូច្នេះហើយចំណាកស្រុកកាន់តែច្រើន ពលរដ្ឋក្នុងស្រុកកាន់តែវេទនាទៅ » ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការព្រួយបារម្ភរបស់យុវជន គឺជាជំងឺព្រួយក្នុងសតិអារម្មណ៍ ដែលកើតមានយូរណាស់មកហើយ។ លោកអះអាងថា រដ្ឋាភិបាលបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ក្នុងករណីដែលសហគមន៍អឺរ៉ុបផ្ដាច់ EBA ផ្នែកណាមួយ ឬផ្ដាច់ទាំងស្រុងពីកម្ពុជានោះ។ ទោះយ៉ាងណា លោកមិនអធិប្បាយលម្អិតថា រដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិបែបណាខ្លះនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ទៅតាមស្ថានភាពជាក់ស្ដែង៖ «គាត់កើតជំងឺព្រួយ ព្រួយយូរហើយ អ៊ីចឹងសរុបមកវិញ ដូចជា មិនមានអ្វីចាប់អារម្មណ៍ទេ។ ឥឡូវការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនក្នុងលក្ខណៈ ញុះញង់ ក្នុងលក្ខណៈបំភាន់មតិសាធារណៈជាតិ និងអន្តរជាតិឱ្យយល់ច្រឡំ ព្រោះការឃោសនារបស់គេ ការព្រួយរបស់គេមានលក្ខណៈដូចការឃោសនានយោបាយអ៊ីចឹង។ ពីព្រោះយើងដឹងថា EBA មិនមែនជាបាត់ទីផ្សារទេ EBA គ្រាន់តែជាការជាប់ពន្ធ បើកាលណានាំទំនិញពីកម្ពុជាទៅ តែប៉ុណ្ណឹងទេ » ។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមយុវជន ជារឿងត្រឹមត្រូវ ដែលរដ្ឋាភិបាលត្រូវតែគិតពិចារណាដោះស្រាយបញ្ហានេះ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានា ដល់សង្គម និងការងាររបស់កម្មករនិយោជិត ចៀសវាងរកលេសឆ្លើយដោះសាគេចពីការទទួលខុសត្រូវ។ លោក វន់ ពៅ ក៏បង្ហាញក្តីព្រួយបារម្ភលើប្រព័ន្ធអនុគ្រោះពន្ធនេះដែរ ដោយសារតែរដ្ឋាភិបាលហាក់ព្រងើយកន្តើយ មិនដោះស្រាយបញ្ហានេះ ខណៈដែលជោគវាសនាការងារកម្មករនិយោជិត និង ប្រព័ន្ធសេដ្ឋកិច្ចជាតិកំពុងប្រឈមធ្លាក់ចុះ៖ «យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរត្រូវគិតពីបញ្ហាសេដ្ឋកិច្ចជាតិសំខាន់ ត្រូវគិតពីបញ្ហាការអត់ការងារធ្វើរបស់ពលរដ្ឋខ្មែរវាជារឿងសំខាន់ ហើយចំណុចទាំងអស់នេះហើយ ខ្ញុំក៏មានការព្រួយបារម្ភខ្លាំងផងដែរ ពីបញ្ហានេះ។ ខ្ញុំឃើញរយៈកន្លងទៅនេះ ហាក់ដូចជារដ្ឋាភិបាលព្រងើយកន្តើយមិនសូវខ្វាយខ្វល់លើបញ្ហា EBA ទាល់តែសោះ អាហ្នឹងហើយដែលជាក្តីព្រួយបារម្ភរបស់ខ្ញុំផងដែរ» ។
មន្ត្រីសង្គមស៊ីវិល ក្រុមយុវជន និងពលរដ្ឋបារម្ភថា ប្រសិនបើសហគមន៍អឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ វិបត្តិសង្គមនឹងផ្ទុះឡើង ការធ្វើចំណាកស្រុកនឹងកើនឡើង ការអភិវឌ្ឍជាតិយឺតយ៉ាវ ពលរដ្ឋប្រឈមធនាគាររឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង និងដីស្រែចម្ការ ហើយកម្ពុជានៅតែបន្តធ្លាក់ចុះប្រជាធិបតេយ្យ ការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនឹងកើនឡើងជាដើម។ ពួកគេអះអាងថា អ្នកដែលទទួលខុសត្រូវចម្បងរឿងនេះ គឺលោក ហ៊ុន សែន ហើយប្រព័ន្ធអនុគ្រោះពន្ធក៏ឋិតក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។