សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ១០៣ស្ថាប័ន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ បង្ហាញ​ពី​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ លើ​ពលរដ្ឋ​ប៉ះពាល់​ការ​អភិរក្ស​ព្រៃ​ឡង់

0:00 / 0:00

សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ១០៣ស្ថាប័ន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី២៥ កុម្ភៈ បង្ហាញ​ពី​កង្វល់​ជា​ច្រើន ចំពោះ​ករណី​អាជ្ញាធរ​ហាម​ឃាត់​ពលរដ្ឋ​មូលដ្ឋាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​ពិធី​បុណ្យ​ព្រៃ​ឡង់ ដែល​ជា​ការ​ប៉ះ​ពាល់​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់។ សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​គាំទ្រ​សកម្មភាព​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ដោយ​បញ្ជាក់​ថា ពួក​គេ​មាន​សិទ្ធិ​ការពារ​ព្រៃ​ឈើ និង​ធ្វើ​បុណ្យ​ព្រៃ​ឡង់​តាម​ប្រពៃណី ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។

សេចក្ដី​ថ្លែង​ការណ៍​កម្រាស់ ៣ទំព័រ បាន​បង្ហាញ​ទស្សន​រួម​មួយ ពី​កង្វល់​ជា​ច្រើន ដែល​មន្ត្រី​ឧទ្យានុរក្ស​ប្រដាប់​ដោយ​កាំភ្លើង​របស់​ក្រសួង​បរិស្ថាន រារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ព្រះសង្ឃ និង​ក្រុម​និស្សិត​រាប់​រយ​នាក់ មិន​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ​បំបួស​ដើម​ឈើ ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រៃ​កាល​ពី​ចុង​សប្ដាហ៍​មុន។ ពួក​គេ​ចាត់​ទុក​ទង្វើ​នេះ គឺ​ជា​ការ​រឹតត្បិត​មិន​សម​ហេតុ​ផល​តាម​ទំនើង​ចិត្ត​ទៅ​លើ​សេរីភាព​ដើរហើរ​ និង​រាំង​ខ្ទប់​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃ​ឈើ​របស់​សហគមន៍។

ខ្លឹមសារ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ក៏​បាន​បក​ស្រាយ​ពី​ចំណុច​ស្នូល​មួយ​ចំនួន ដែល​ក្រសួង​បរិស្ថាន​យក​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា ១១ ជា​មូលដ្ឋាន ដើម្បី​ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចូល​តំបន់​ការពារ​ធម្មជាតិ ដោយ​គ្មាន​ការ​អនុញ្ញាត។ ទោះ​ជា​យ៉ាង​ណា មាត្រា ១១ ​សំដៅ​លើ​តំបន់​ដែល​បាន​កំណត់ និង​បែង​ចែក​រួច ដែល​ជា​តំបន់​ស្នូល​ត្រូវ ការពារ​ខ្លាំង​ជាង​គេ​ក្នុងចំណោម​តំបន់​ទាំង​បួន​ខេត្ត​ ដែល​តម្រូវ​ឱ្យ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​សាមី មុន​ពេល​ចូល​ទៅ​កាន់​តំបន់​ការពារ​ធម្មជាតិ។ ក៏​ប៉ុន្តែ​ក្រសួង​បរិស្ថាន មិន​ទាន់​បែង​ចែក​តំបន់​ស្នួល នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ព្រៃ​ឡង់​នៅ​មិន​ទាន់​មាន​ការ​កំណត់ តំបន់​ស្នួល​ដែល​ជា​តំបន់​ហាម​ឃាត់ តឹងរ៉ឹង​នៅ​ឡើយ​ទេ ហើយ​ការ​យក​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ហាម​ឃាត់​សហគមន៍ ព្រះសង្ឃ និង​ក្រុម​និស្សិត​មិន​ឱ្យ​ចូល​ព្រៃ​ឡង់ ជា​រឿង​មិន​ស្រប​តាម​ច្បាប់។ លោក​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​បាន​កំណត់ ឱ្យ​សហគមន៍​មូលដ្ឋាន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ច្បាប់​នេះ​ទេ។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ច្បាស់​ថា សហគមន៍​មូលដ្ឋាន​មាន​សិទ្ធិ​ការពារ​ប្រយោជន៍​សាធារណៈ និង​ធនធាន​ធម្មជាតិ៖ «តំបន់​ព្រៃ​ឡង់ ជា​តំបន់​ការពារ​ធម្មជាតិ​រួម មក​ទល់​ពេល​នេះ​ខ្ញុំ​លើក​ឡើង​ថា មិន​ទាន់​កំណត់​តំបន់​ស្នូល​ទេ ។ ការ​មិន​ទាន់​កំណត់​តំបន់​ស្នូល​មាន​ន័យ​ថា ឋិត​ក្នុង​ពលរដ្ឋ​ដែល​គាត់​អាច​ប្រារព្ធ​ទិវា​បំបួស​ដើម​ឈើ ជា​រៀង​រាល់​ឆ្នាំ​គាត់​តែងតែ​ធ្វើ​បាន។ ឆ្នាំ​នេះ​គាត់​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ ពី​រឿង​ទិវា​បុណ្យ​បំបួស​ដើម​ឈើ ហើយ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ សម្រាប់​គាត់​ទេ។ បើ​គាត់​ជូន​ដំណឹង​ហើយ​មិន​មាន​ការ​ឆ្លើយ​តប មាន​ន័យ​ថា ជា​ការ​យល់​ព្រម។ អ៊ីចឹង​ហើយ​បាន​ដល់​ថ្ងៃ គាត់​ទៅ​ប្រារព្ធ​ទិវា​ហ្នឹង ត្រូវ​បាន​ហាម​ឃាត់ និង​រឹតត្បិត »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង សេចក្ដី​ថ្លែង​ការណ៍​នេះ ក៏​ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ។

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ថា សមាជិក​បណ្ដាញ​ព្រៃ​ឡង់ និង​សមាគម​អង្គការ​សង្គម​ស៊ីវិល ក្រោម​ការ​ឃ្លាំមើល​ដោយ​អង្គការ លីកាដូ បាន​ព្យាយាម​ចូល​ទៅ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ដែល​ជា​តំបន់​សំបូរ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី សត្វ​ព្រៃ​គ្រប់​ប្រភេទ ដែល​ត្រូវ​ហាម​ឃាត់ អនុលោម​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។ លោក​ថា ក្រសួងបរិស្ថាន​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ឥរិយាបថ​បំពាន​ច្បាប់ ម្ដង​ហើយ​ម្ដង​ទៀត របស់​ក្រុម​សមាជិក​បណ្ដាញ​ព្រៃ​ឡង់ ដែល​បណ្ដាញ​ខ្លួន​ឯង​មិន​មាន​ការ​ចុះ​បញ្ជី​ស្រប​ច្បាប់​ត្រឹមត្រូវ និង​ថែម​ទាំង​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

លោក នេត្រ ភក្ត្រា អះអាង​ថា មាត្រា ១១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ការ​ចេញ​ចូល​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ជា​តំបន់​គ្រប់គ្រង​តឹងរ៉ឹង សម្រាប់​ការ​អភិរក្ស​ប្រភេទ​សត្វ រុក្ខជាតិ​កម្រ​ជិត​ផុត​ពូជ​ទទួល​រង​គ្រោះ មាន​ប្រព័ន្ធ​អេកូឡូ​ស៊ី​ផុយ​ស្រួយ ត្រូវ​ហាម​ឃាត់ លើកលែង​តែ​មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ៖ «បណ្ដាញ​ព្រៃ​ឡង់​គាត់​ចូល​ទៅ​នេះ គាត់​ចូល​ទៅ​តំបន់​ស្នូល ចូល​ទៅ​នេះ​យើង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទេ ដោយសារ​វា​ប៉ះពាល់​សត្វ​ផ្សេងៗ។ បណ្ដាញ​ព្រៃ​ឡង់ ដែល​គាត់​ធ្វើ​សកម្មភាព​នេះ គឺ​ជា​សកម្មភាព​មួយ មិន​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ទេ ដោយសារ​តែ​បណ្ដាញ​ព្រៃ​ឡង់​ដែល​គាត់​ចងក្រង​នេះ ជា​បណ្ដាញ​មួយ​ដែល​ខុស​ច្បាប់ ដែល​មិន​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ ឬ​ស្នើសុំ​ទទួល​ស្គាល់​ណា​មួយ ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទេ »

តែ​ទោះ​យ៉ាង​ណា ​អ្នក​សិក្សា​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ជា​ប្រធាន​កម្មវិធី​ នៃ​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ចាត់ទុកថា ការ​លើក​ឡើង​របស់ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មិន​បាន​បញ្ជាក់​មូលហេតុ និង​ហេតុផល​សមរម្យ​តាម​ច្បាប់​នោះ​ទេ ក្នុង​ការ​ហាម​ឃាត់​សកម្មភាព​សហគមន៍​ព្រៃ​ឡង់។ លោក​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ធ្លាប់​លើក​ឡើង​ថា សហគមន៍​មូលដ្ឋាន​មិន​តម្រូវ​ឱ្យ​ចុះ​បញ្ជី​នោះ​ទេ ហើយ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ការងារ​ជា​សមូហភាព​ការពារ​ទ្រព្យ​សាធារណៈ និង​ធនធាន​ធម្មជាតិ​បាន​ទូលំទូលាយ។ ហេតុ​នេះ ការ​លើក​ឡើង​របស់​លោក នេត្រ ភត្ត្រា ដែល​ចោទ​សហគមន៍​ព្រៃ​ឡង់​ថា ជា​បណ្ដាញ​ក្រៅ​ច្បាប់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់៖ «មក​ដល់​ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ឯកសារ​ជា​ផ្លូវ​ការ​ដែល​បញ្ជាក់​ដោយ​ក្រសួង​បរិស្ថាន​មាន​ការ​បែងចែក​ច្បាស់លាស់ ពី​តំបន់​ស្នូល និង​តំបន់​ទ្រនាប់ ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​នោះ​ទេ។ អ៊ីចឹង​ការ​ហាម​ឃាត់​របស់​ក្រសួង​បរិស្ថាន​ហ្នឹង មិន​បាន​បញ្ជាក់​ពី​មូលដ្ឋាន​សមស្រប ហាម​ឃាត់​សិទ្ធិ​របស់​គាត់ រៀបចំ​ពិធី​បុណ្យ​ព្រៃ​ឡង់។ ហេតុផល​ផ្អែក​តាម​ច្បាប់​នេះ មិន​បាន​សំអាង​មូលហេតុ​ច្បាស់លាស់ ត្រឹមត្រូវ និង​ច្បាស់លាស់ ក្នុង​ការ​បិទ​សិទ្ធិ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែរ »

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ​ លោក ហឿន ​សុភាព​ ថ្លែង​ថា កាល​ពី​ឆ្នាំ​មុនៗ សហគមន៍​អាច​ចូល​ទៅ​ព្រៃ​ឡង់​ដោយ​សេរី ដើម្បី​ធ្វើ​សកម្មភាព​ការពារ​ព្រៃ​ឡង់ ក៏​ប៉ុន្តែ​ប៉ុន្តែ​ថ្មីៗ នេះ ពួក​គេ​កំពុង​ជួប​ការ​លំបាក ដោយសារ​ក្រសួង​រឹតត្បិត​សកម្មភាព​មិន​ឱ្យ​ចុះ​ល្បាត៖ «នាយក​រដ្ឋមន្ត្រី​គួរ​តែ​ចុះ​ស្រាវជ្រាវ ហើយ​ឯកឧត្ដម សាយ សំអាល់ ជា​រដ្ឋមន្ត្រី​ផ្ទាល់​គួរ​តែ​ចុះ​ស្រាវជ្រាវ​ដែរ ព្រោះថា មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក កំពុង​មាន​ការ​ឃុបឃិត​ចូល​ដៃ​ជើង​ជាមួយ​បទ​ល្មើស​ហើយ។ ព្រៃ​ឈើ​មិន​ត្រូវ​មាន​ការ​កាត់​បន្ថយ នៃ​ការ​កាប់​បំផ្លាញ​ទេ កំពុង​តែ​មាន​ការ​កាប់​បំផ្លាញ ជា​រៀង​រហូត រលាយ​ហិនហោច​នៅ​ពេល​ខាង​មុខ​នេះ។ ប្រសិន​បើ​លោក​មិន​មាន​វិធានការ។ ខ្ញុំ​គិត​ថា ពួក​មូលដ្ឋាន​គឺ ស៊ុមគ្រលុំ​តែ​ជា​មួយ​ពួក​រក​ស៊ី​ព្រៃ​ឈើ​ទេ »

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ទាំង​បួន​ខេត្ត​រួម​មាន ខេត្ត​ស្ទឹងត្រែង​ ព្រះវិហារ ក្រចេះ និង​ខេត្ត​កំពង់ធំ លើ​ផ្ទៃ​ដី​ទំហំ​ជាង ៤៣ម៉ឺនហិកតារ។ សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​នោះ មាន​សមាជិក និង​ក្រុម​ស្នូល​សរុប​ជាង ៦០០នាក់ ដែល​ជា​អ្នក​ឃ្លាំមើល មាន​ភាព​ក្លាហាន​ចុះ​ល្បាត និង​តស៊ូ​មតិ​អស់​រយៈពេល​ជាង ២០ឆ្នាំ​កន្លង​ទៅ​ហើយ។ ក្រុម​សហគមន៍​ព្រៃ​ឡង់ បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពី​កម្មវត្ថុ និង​បំណង​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ ប្រចាំ​ឆ្នាំ ២០២០ ក៏​មន្ត្រី​ក្រសួង​បរិស្ថាន​មិន​បាន​ឆ្លើយ​តប​សំណើ​របស់​ពួក​គេ​នោះ​ទេ បែរជា​ហាម​ឃាត់​សហគមន៍​​មិន​ឱ្យ​ចូល​ព្រៃ​ឡង់ ដោយ​មិន​បាន​ផ្ដល់​អំណះអំណាង​ត្រឹម​ត្រូវ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។