យុវជនខ្មែរថាវរៈអះអាងថា ព្រៃនៅក្នុងតំបន់អារ៉ែងធំតូចទាំងអស់ដែលមានទំហំ៥ហិកតារ នៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានក្រុមមន្ត្រីបរិស្ថានស្រុកថ្មបាំងកាប់រំលំទាំងអស់ ក្នុងគោលបំណងឈូសឆាយដើម្បីដីព្រៃនេះ ទៅធ្វើជាទ្រព្យសម្បត្តិឯកជន។ សកម្មជនបរិស្ថាន យល់ឃើញថា ព្រៃឈើនៅតំបន់អារ៉ែងកំពុងប្រឈមការបាត់បង់ ដោយសារតែដីនៅក្នុងតំបន់នោះកំពុងហក់ឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ហើយពួកគេស្នើសុំរដ្ឋាភិបាលទប់ស្កាត់ការជួញដូរដីព្រៃតំបន់នេះជាបន្ទាន់។
សកម្មជនក្រុមខ្មែរថាវរៈ លោក ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ តុលា ថា ព្រៃឈើនៅក្នុងតំបន់អារ៉ែង នៅតាមផ្លូវឡើងទៅតំបន់ម្រេញកង្កែប នៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ដែលមានទំហំជាង៥ហិកតារ ត្រូវបានមន្ត្រីបរិស្ថាននៅក្នុងស្រុកថ្មបាំងកាប់ផ្ដួលរំលំទាំងអស់ កាលពីចុង ខែកញ្ញា កន្លងទៅ។ លោក ស្វាយ សំណាង បន្ថែមថា ព្រៃឈើនៅតំបន់អារ៉ែង កំពុងប្រឈមក្នុងការបាត់បង់យ៉ាងខ្លាំង បន្ទាប់ពីដីនៅតំបន់នេះមានតម្លៃកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកស្នើសុំឱ្យអភិបាលខេត្តកោះកុង មានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ៖ «ខ្ញុំសុំសំណើទៅអភិបាលខេត្តកោះកុង ជួយអន្តរាគមន៍ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញរុករានដីនេះបន្តទៀត ពីព្រោះអីករណីនេះ វាទើបតែចាប់ផ្ដើមពិតមែន តែទៅថ្ងៃខាងមុខខ្ញុំជឿជាក់ថា ប្រាកដថា មានការកើនឡើងការកាប់ទន្ទ្រាននេះ បន្តបន្ទាប់ទៀត ហើយជាពិសេសអភិបាលខេត្ត គួរតែស្ដារមុខមាត់ឡើងវិញ ទាក់ទងជាមួយនឹងការ ធ្វើការងារមួយចំនួនដែល មើលឃើញថា ធ្វើឱ្យមន្ត្រីមូលដ្ឋានថ្នាក់ក្រោមមួយចំនួននៅប្រព្រឹត្តិអំពើពុករលួយនៅតាមមូលដ្ឋាន ទាក់ទងជាមួយការបទល្មើសព្រៃឈើនៅតំបន់អារ៉ែងនេះ»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់វិទ្យុអាស៊ីសេរីថា ដីព្រៃដែលគេកាប់ទន្ទ្រានជាង៥ហិកតារនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិឯកជនរបស់ជំទប់ទី២ ឃុំជំនាប់ ហើយអ្នកស្រីក៏បានចាត់វិធានការឱ្យមន្ត្រីបរិស្ថានខេត្ត ចុះស៊ើបអង្កេតពីការកាប់ព្រៃឈើទាំងនោះហើយដែរ។ អ្នកស្រី មិថុនា ភូថង បន្ថែមថា ព្រៃនៅតំបន់អារ៉ែងគឺស្ថិតនៅក្នុងតំបន់ការពារ ហើយការកាត់ដីព្រៃទាំងនេះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ធ្វើទៅបាន លុះត្រាតែមានការកាត់ឆ្វៀលដីព្រៃពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាយ៉ាងណា អ្នកស្រីថា អ្នកស្រីកំពុងពិនិត្យមើលថា ការកាប់ដីព្រៃទាំងនេះ មានការស្នើសុំពីអភិបាលស្រុកថ្មបាំងដែរឬក៏អត់ទេ៖ «ជាទូទៅគឺយើងសុំទៅសម្ដេចទេ យើងអត់មានសិទ្ធិសុំត្រឹមខ្ញុំទេ ស្នើទៅសម្ដេច គឺយើងមានការកាត់ឆ្វៀលហើយ ប៉ុន្តែបើគាត់ត្រូវការអភិវឌ្ឍដី ចាំមើលខ្ញុំត្រូវឆែកទៀត។ គាត់ត្រូវស្នើនៅក្នុងនាម នៅក្នុងប្លង់កម្មសិទ្ធិគាត់ប៉ុន្មានដែលបានកាត់ឆ្វៀលឱ្យហ្នឹង គឺគាត់ត្រូវស្នើទៅស្រុក កន្លែងនេះខ្ញុំត្រូវប្រាកដថា គាត់បានស្នើទៅស្រុកឬនៅ នូវការធ្វើការអភិវឌ្ឍដីរបស់ខ្លួនឯង ដែលជាកម្មសិទ្ធិដែលបានកាត់ឆ្វៀលជូនហ្នឹង ពីព្រោះជាជាងកាប់លើស កាប់អី ពីព្រោះច្បាប់អត់ឱ្យមានការកាប់លើសទេ។
ព្រៃឈើតំបន់អារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុងដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើស្រស់ត្រកាល បន្សល់ចុងក្រោយនៅកម្ពុជា។ តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជងជាង ១ ពាន់ ៥រយនាក់ (១.៥០០) កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិស្រស់បំព្រង នៅតាមបណ្ដោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅរួមមាន សត្វក្រពើភ្នំ ត្រីនាគ និងដំរីធំៗជាដើម។
ជុំវិញរឿងនេះដែរ ស្ថាបនិកអង្គការមាតាធម្មជាតិ គឺលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) យល់ឃើញថា ការកាប់ទន្ទ្រានដីព្រៃឈើទាំងនេះធ្វើឡើងទៅបាន ដោយសារមានអំពើពុករលួយជាប្រព័ន្ធពីសំណាក់មន្ត្រីរដ្ឋាភិបាលនៅក្នុងខេត្តកោះកុង និងនៅក្នុងស្រុកថ្មបាំង។ លោក អាឡិច បន្ថែមថា តំបន់អារ៉ែងទាំងមួលគួរត្រូវបានអភិរក្ស នឹងមិនត្រូវបើកឱ្យមានការជួញដូរដីនៅក្នុងតំបន់នេះឡើយ ព្រោះវាធ្វើឱ្យបាត់អត្តសញ្ញាណ ជនជាតិដើមភាគតិចផង និងនាំឱ្យមានវិនាសកម្មព្រៃឈើតំបន់នេះទាំងមូល។
ក្រុមយុវជនខ្មែរថាវរៈ កាលពីខែមេសា ក៏ធ្លាប់បានធ្វើពិធីបំបួសដើមឈើនៅក្នុងតំបន់អារ៉ែងបាន៣០ដើម ដោយកាលនោះមានការចូលរួមពីព្រះសង្ឃ និងប្រជាសហគមន៍ចំនួនជាង៥០នាក់/អង្គ។ នេះគឺជាលើកទីមួយហើយ ដែលព្រៃនៅក្នុងតំបន់អារ៉ែងទំហំរហូតដល់ជាង៥ហិកតារ ត្រូវកាប់ទន្ទ្រាន និងចង់យកធ្វើជាកម្មសិទ្ធិឯកជន ខណៈក្នុងពេលបច្ចុប្បន្ននេះ ដើមគគីរ និងដើមឈើទាល តាមបណ្ដោយដងស្ទឹងអារ៉ែង ដែលជាអត្តសញ្ញាណប្រពៃណី ជនជាតិដើមភាគតិចជងនៅតំបន់នោះជាច្រើន កំពុងរងការកាប់បំផ្លាញ និងប្រឈមមុខការបាត់បង់ទាំងស្រុងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។