ក្រុម​យុវជន​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ ៦០ករណី​ថ្មីទៀត ក្នុង​ព្រៃ​ព្រះ​រកា

0:00 / 0:00

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន រក​ឃើញ​បទល្មើស​ព្រៃឈើ ៦០ ករណី​ជាថ្មី​ទៀត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ ក្រោយពី​ពួក​គេ​ចុះ​ស៊ើបអង្កេត បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ រយៈពេល ៣ ថ្ងៃ កាលពី​សប្ដាហ៍​មុន។ បទល្មើស​ព្រៃឈើ​ទាំងនេះ​កើតឡើង​នៅ​កំឡុង​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូវីដ-១៩។

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ប្រទះឃើញ​ដើមឈើ​ទាល ត្រាច ពពេល ផ្តៀក ស្ទៀង និង កកោះ មានមុខ​កាត់ ៤តឹក ដល់​ជាង ១ម៉ែត្រ ត្រូវ​គេ​កាប់​ផ្ដួល​ធ្វើអាជីវកម្ម នៅសល់​តែ​គល់ រាប់​សិប​ដើម ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា។ តំណាង​ក្រុម​យុវជន លោក សាន់ ម៉ា​ឡា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ កក្កដា​ថា ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​រំលំ​នៅ​រយៈ​ពេល ៤សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​ក្រុម​អ្នក​កាប់​ឈើ បាន​ប្រើ​រណា​យន្ត​អារ​ច្រៀក​ឈើ ក្នុង​ព្រៃ​នៅ​ពេល​យប់ និង​ថ្ងៃ។ លោក​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ មាន​គោយន្ត​ជា​ច្រើន​គ្រឿង ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ក្នុង​ស្រុក​ត្បែងមានជ័យ ដោយ​គ្មាន​ការរារាំង ពី​មន្ត្រី​ឧទ្យានុ​រក្ស និង​សមត្ថកិច្ច​នោះ​ទេ ហើយ ក្រុម​ឈ្មួញ នៅតែ​ចាំ​ទទួល​ទិញ​ឈើ ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​ថា ក្រុម​យុវជន​បាន​ផ្តិត​មេដៃ ស្នើ​ឱ្យ​ក្រសួងបរិស្ថាន ស៊ើបអង្កេត​ករណី​បទល្មើស​ព្រៃឈើ​នេះ តែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ៖ « យើង​ក៏​មិន​យល់​ដែរ បើ​ទោះបីជា​ក្រសួង​បរិស្ថាន មានការ​រិះគន់​ច្រើន ពី​កង្វះ​សមត្ថភាព ក្នុង​ការគ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​ពួក​គាត់​មិន​មាន​កំណែទម្រង់ មិន​ដាក់​ចេញ​ផែនការ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​លែង​មាន​ត​ទៅ​ទៀត »

ក្រុម​យុវជន​បាន​ចូលព្រៃ​ព្រះ​រកា កាលពី​ថ្ងៃ​ទី១៥ ដល់​ទី១៧ កក្កដា តាម​ភូមិ​ប្រមេ​រ ឃុំ​ប្រមេ​រ ហើយ​វិលត្រឡប់​មកវិញ តាម​ច្រក​អូរ​ប៉េស មាន​ចម្ងាយ ៥៩ គីឡូម៉ែត្រ និង​បាន​កំណត់​តំបន់ សំបូរ​បទល្មើស​ព្រៃឈើ​ច្រើន គឺ​នៅ​ចំណុច អូរ​តាដុង។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក កែវ ពេជ្រ សង្កេតឃើញ​ថា ដើម​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ ត្រូវ​គេ​កាប់​ផ្ដួល​អស់​ស្ទើរ​ទាំងស្រុង​ហើយ ហើយ​បច្ចុប្បន្ន​នៅសល់​តែ​ដើមឈើ ផលិត​ជ័រទឹក​ប៉ុណ្ណោះ។ លោក​ថា បច្ចុប្បន្ន​ក្រុម​អ្នក​អារ​ឈើ សម្រុក​កាប់​ឈើ​ចម្រុះ ដោយមាន​ការ​ឃុបឃិត​គ្នា ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស៖ « កាប់​ហើយ គេ​អារ​ក្នុង​ព្រៃ​ហ្នឹង គេ​ដឹក​ចេញ ដឹក​ដោយ​គោយន្ត។ ខ្ញុំ​មាន​បារម្ភ​ច្រើន​ដែរ តែ​មិន​ដឹង​ធ្វើ​យ៉ាងណា ? បើ​អ្នកការពារ គេ​រួមដៃ​ជាមួយ​បទល្មើស​ទៅ​ហើយ មិន​ដឹង​ធ្វើ​ម៉េច​ ? បើ​យើង​ចុះ​ល្បាត គេ​ឱ្យ​សុំច្បាប់​ដល់​ក្រសួង មិន​យើង​ចុះ​ល្បាត​ព្រៃ។ អ្នក​កាប់​ឈើ និង​បំផ្លាញ​ឈើ​ដូច​មិន​ពិបាក​សុំច្បាប់​ដល់​ក្រសួង​ទេ »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ដើម្បី​សុំ​ការ​បំភ្លឺ រឿង​នេះ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី២២ កក្កដា។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ទទួលស្គាល់​ថា ទោះបីជា​អាជ្ញាធរ​ខំប្រឹង​ប្រែង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏ដោយ ក៏​បទល្មើស​ទ្រង់​ទ្រាយ​តូចៗ នៅតែ​កើតមាន​នៅឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដោយ​ការទទួលខុសត្រូវ និង​ចាត់វិធានការ​រាល់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់រូប​ភាព។

ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ត្បែង​មានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។ សហគមន៍ និង​ក្រុម​យុវជន​អះអាង​ថា ពួក​គេ​បាន​ដាក់​ញត្តិ និង​ផ្តល់​ព័ត៌មាន ពី​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ជា​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ក្រសួង​បរិស្ថាន​នៅ​តែ​មិន​ទាន់​ទប់ស្កាត់​បទ​ល្មើស​បាន​ដោយមាន​ប្រសិទ្ធភាព និង​អាច​ជឿ​ទុកចិត្ត​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។