អាដហុក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មណ្ឌលគិរី​ឈប់​ដោះ​លែង​ជនជាតិ​វៀតណាម​កាប់​ឈើ​ក្នុង​ដី​ខ្មែរ

0:00 / 0:00

ជនជាតិ​វៀតណាម នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ចំណែក​សមត្ថកិច្ច ចាត់​វិធានការ​ផ្លូវ​ច្បាប់​កម្រិត​ស្រាល ទាក់ទិន​អំពើ​ល្មើស​ច្បាប់​របស់​ពលរដ្ឋ​វៀតណាម ទាំង​នោះ។ ករណី​នេះ ធ្វើ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នៅ​តែ​បន្ត​កើត​មាន។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឈប់​សម្រប​សម្រួល​ដោះ​លែង​ជនជាតិ​វៀតណាម ដែល​លួច​ឆ្លង​ដែន និង​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដី​ខ្មែរ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ចាប់​បាន​ពលរដ្ឋ​វៀតណាម ៣​នាក់ ឆ្លង​ដែន​តាម​ប៉ុស្តិ៍​ព្រំដែន​វៀតណាម ចំណុច​អូរកាយ៉ា ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​លេខ​៤​ចាស់ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា។ ជនជាតិ​វៀតណាម ទាំង​នោះ នាំ​មក​ជាមួយ​ម៉ាស៊ីន​កាត់​ឈើ បំណង​មក​អារ​រំលំ​ឈើ​ក្នុង​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ សមត្ថកិច្ច​ប៉ូលិស​បាន​ដោះ​លែង​ពួក​គេ​វិញ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ជនជាតិ​វៀតណាម ទាំង ៣​នាក់ ត្រូវ​ចាប់​ខ្លួន​ជាមួយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យ​ប្រវត្តិ ជា​វត្ថុ​តាង​បំណង​មក​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ក្នុង​ដី​ខ្មែរ។ ហេតុ​នេះ ជនជាតិ​វៀតណាម ទាំង​នោះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ និង​ប៉ុនប៉ង​អារ​រំលំ​ឈើ​ខុស​ច្បាប់។ ពួក​គេ​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​ឃើញ​ករណី​ច្រើន​ណាស់ ចំណាត់​ការ​ខាង​ស្នងការ​ក្តី ខាង​រដ្ឋបាល​ព្រៃ​ឈើ​ក្តី ខាង​បរិស្ថាន​ក្តី យក​ចេញ​ពី​ព្រៃ​មក​មែន មាន​ទាំង​វត្ថុ​តាង​បាន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ដោះ​លែង»

ពលរដ្ឋ​វៀតណាម ដែល​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ចាប់​ខ្លួន​មាន​ឈ្មោះឡាំ ង៉ុកធូ (Lam Ngoe Thu) ហៅ ធូ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ។ ឈ្មោះ ឡាំ ង៉ុកហា (Lam Ngoe Ha) ហៅ ប៊ែរ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ឈ្មោះ ឡាំ ង៉ុកយី (Lam ngoe Di) ហៅ ប៊ី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ។ អ្នក​ទាំង​បី​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ក្នុង​ក្រុម​១១ ស្រុក​ដាក់មីល ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម។ អ្នក​ទាំង​បី​នាក់ ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ឆ្លើយ​តប​ការ​អំពាវនាវ​នេះ ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី អះអាង​ថា ប៉ូលិស​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ទាក់ទិន​ការ​ឃាត់​ខ្លួន និង​ដោះ​លែង​ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន ឬ​ចូល​មក​ដី​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។ លោក​បញ្ជាក់​ថា ប្រសិន​សមត្ថកិច្ច​រក​ឃើញ​ថា ពលរដ្ឋ​វៀតណាម ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​ដី​ខ្មែរ សមត្ថកិច្ច​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​គ្មាន​ការ​លើក​លែង៖ «អត់​ទេ គ្រាន់​តែ​ឆ្លង​ដែន​ខុស​ច្បាប់ យើង​បញ្ជូន​ទៅ​វៀតណាម វិញ ប៉ុន្តែ​បើ​មាន​ឡាន​មាន​ស្អី​កាប់​ឈើ យើង​អត់​ដែល​សម្រប​សម្រួល​ទេ អ្នក​ចោទ​ហ្នឹង​ខុស​ហើយ»

នៅ​ខេត្ត​មណ្ឌលគិរី ច្រក​ព្រំដែន​សំខាន់ៗ​ដែល​ពលរដ្ឋ​វៀតណាម លួច​ឆ្លង​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ រួម​មាន ច្រក​ដាក់ឡាក់ ក្នុង​ស្រុក​អូរាំង ច្រក​អូររណាវ ឬ​ប៉ុស្តិ៍​៧ និង​ប៉ុស្តិ៍​៨ ស្រុក​ពេជ្រាដា និង​ច្រក​ឡាប៉ាខេ ស្រុក​កែវសីមា។

ទាក់ទិន​ករណី​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយសារ​លោក​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ លោក គឹត ទូច ថ្លែង​ថា ជន​បរទេស​ណា​ក៏ដោយ កាល​ណា​ពាក់ព័ន្ធ​បទល្មើស ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ច្បាប់​ព្រៃ​ឈើ​ទាក់ទិន​ការ​ប្រើប្រាស់​រណារ​យន្ត ត្រូវ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់។ លោក​ចាត់​ទុក​ការ​អនុគ្រោះ​ចំពោះ​ជនជាតិ​វៀតណាម ប្រើប្រាស់​រណារ​យន្ត​ប៉ុនប៉ង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​ធនធាន​ព្រៃ​ឈើ​រង​ការ​បំផ្លាញ៖ «អង្គ​ហេតុ​នេះ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​រណារ​យន្ត​ខុស​ច្បាប់ ជនជាតិ​ណា​ក៏ដោយ ត្រូវ​ឋិត​ក្នុង​អំណាច​នៃ​ច្បាប់​ខ្មែរ»

ចាប់​ពី​ដើម​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន របាយការណ៍​របស់​មន្ត្រី​អាដហុក​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ខុស​ច្បាប់​ក្នុង​ខេត្ត​មណ្ឌលគិរី ប្រមាណ ១២​ករណី។ ក្នុង​នោះ មាន​ករណី​បទល្មើស​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា ១៥​នាក់ និង​វត្ថុ​តាង​គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណារ​យន្ត ៧​គ្រឿង កាំភ្លើង​ធុន អឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។ ជនជាតិ​វៀតណាម ទាំង​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ក្តី​ឲ្យ​ពួក​គេ​ជាប់​ទោស ១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ។ ចំណែក​ទោស​ដែល​នៅ​សេសសល់ ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់ ១៥​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។