ក្រសួងរ៉ែចោទអ្នកប្រឆាំងនឹងគម្រោងសង់ទំនប់វារីអគ្គិសនីអារ៉ែងថាជាអ្នករាំងស្ទះការអភិវឌ្ឍជាតិ
2014.09.30

ក្រសួងរ៉ែ និងថាមពល ចោទថា អ្នកដែលប្រឆាំងនឹងគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ថាជាអ្នករាំងស្ទះការអភិវឌ្ឍជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ដើម្បីបកស្រាយលម្អិតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាយអារ៉ែង ស្ថិតនៅជួរភ្នំក្រវាញ ខេត្តកោះកុង។
ក្រសួងរ៉ែ និងថាមពល ច្រានចោលរបាយការណ៍របស់សង្គមស៊ីវិល និងសមាជិកសភាបក្សប្រឆាំង ស្ដីពីផលប៉ះពាល់នៃគម្រោងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង។
រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ទំនប់នេះ លោក អ៊ិត ប្រាំង ចាត់ទុកថា អ្នកដែលនាំគ្នាប្រឆាំងនឹងគម្រោងនេះ ជាអ្នកដែលមិនយល់ច្បាស់ពីគម្រោង និងមានចេតនាកេងយកផលចំណេញផ្ទាល់។ លោក អ៊ិត ប្រាំង មានប្រសាសន៍សំដៅប្រធានអង្គការមាតាធម្មជាតិ គឺលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដាវិតសឹន (Alejandro Gonzalez Davidson) ដែលចេញមុខការពារធម្មជាតិនៅទីនោះ ថាធ្វើសកម្មភាពដើម្បីបំពេញចិត្តម្ចាស់ជំនួយ។
លោកបន្តថា តំបន់ជាយអារ៉ែង ជាតំបន់ដ៏សក្ដិសមបំផុតរបស់ប្រទេសកម្ពុជា ដែលអំណោយផលដល់ការសាងសង់ទំនប់វារីអគ្គិសនី៖ «អង្គការហ្នឹងបើមិនធ្វើសកម្មភាពចឹង មិនយកប្រជាជននៅពីមុខធ្វើជាខែលចឹងទេ តើបានលុយពីណាមក ខ្ញុំអាណិតប្រជាជនយើងដែលចាញ់បោកគេ ហើយមកបំផ្លាញការអភិវឌ្ឍរបស់ជាតិ»។
ក្នុងសេចក្តីបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង នេះ ប៉ះពាល់លើបញ្ហាមួយចំនួន ដូចជា ប៉ះពាល់ព្រៃឈើ ប៉ះពាល់សត្វព្រៃ និងប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ របាយការណ៍សិក្សាពីផលប៉ះពាល់ជំហានដំបូងឆ្នាំ២០០៦ បង្ហាញថា ផ្ទៃដីដែលត្រូវការសម្រាប់ធ្វើអាងទឹកគម្រោងមានប្រមាណជាង ៩ពាន់ហិកតារ (៩.៤៧៤ហិកតារ) ដែលក្នុងនោះមានព្រៃស្រោងប្រមាណ ៨៧៤ហិកតារ និងព្រៃពាក់កណ្ដាលស្រោងជិត ៤ពាន់ហិកតារ (៣.៧៩០ហិកតារ)។ ក្រៅពីនោះ គឺជាដីព្រៃស្ទឹង អូរ ដីកសិកម្មបោះបង់ចោល វាលស្មៅព្រៃដុះឡើងវិញ និងដីចម្ការ ជាដើម។ ការសិក្សាប៉ះពាល់ជំហានដំបូងបានរកឃើញថា នៅក្នុងតំបន់នៃគម្រោងមានបក្សីប្រមាណ ១១៣ប្រភេទ ថនិកសត្វ ៥៣ប្រភេទ ល្មូន ៣១ប្រភេទ និងមច្ឆជាតិ ៤៣ប្រភេទ ហើយថា ការសិក្សាជំហានបន្ទាប់ នឹងពិនិត្យអំពីលក្ខខណ្ឌរស់នៅរបស់សត្វទាំងនោះ ដើម្បីរកវិធីធ្វើការអភិរក្ស និងកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត។
របាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងរ៉ែ និងថាមពល បញ្ជាក់ទៀតថា គម្រោងនេះប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤៩គ្រួសារ គិតជាមនុស្សមានចំនួនជាង ១ពាន់នាក់ រស់នៅឃុំចំនួនបី ស្មើនឹង ៧ភូមិ និង ៣៣១ផ្ទះ ប៉ះពាល់សាលារៀនចំនួន៦ វត្តអារាម៣ ស្រះទឹកសហគមន៍៦ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល និងរបាយការណ៍របស់គណៈកម្មការទី៣រដ្ឋសភា ខុសគ្នានៅត្រង់ផលប៉ះពាល់នៃគម្រោង។ របាយការណ៍គណៈកម្មការទី៣រដ្ឋសភា ដែលផ្ញើទៅ លោក ហ៊ុន សែន ទាមទារឲ្យផ្អាកគម្រោងនេះបង្ហាញថា ព្រៃឈើនឹងបាត់បង់ប្រមាណ ២ម៉ឺនហិកតារ ធ្វើឲ្យសត្វកម្រពីរប្រភេទរួមមាន ត្រីនាគ និងក្រពើភ្នំ ផុតពូជ។ ម្យ៉ាងទៀត ក្រុមតំណាងរាស្ត្ររបស់បក្សប្រឆាំង ថែមទាំងបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីនេះ ខាតជាងអភិវឌ្ឍតំបន់នេះទៅជាតំបន់អេកូទេសចរណ៍។
ត្រង់ចំណុចនេះ លោក អ៊ិត ប្រាំង បញ្ជាក់ថា គម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអេកូទេសចរណ៍ ព្រមទាំងរក្សាលំនឹងធម្មជាតិទៀតផង។ ហើយរដ្ឋាភិបាលកម្ពុជា នឹងព្យាយាមកាត់បន្ថយផលប៉ះពាល់ឲ្យនៅកម្រិតតិចបំផុត៖ «សត្វមានអីខ្លះ ត្រីមានអីខ្លះ ចឹងអ្នកបច្ចេកទេសហ្នឹងសឹងតែចុះទៅរាប់ថាត្រូវដាក់យ៉ាងម៉េច ដាក់ទឹកជ្រៅទៅវារស់បានអត់? ហើយបានសិក្សាពីលក្ខខណ្ឌនៃការរស់នៅរបស់សត្វទាំងនោះ»។
តាមការប៉ាន់ស្មានជំហានដំបូង គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចនឹងចំណាយប្រាក់ ៤០០លានដុល្លារ។ ប៉ុន្តែ ក្រសួងរ៉ែ និងថាមពល មិនបានបកស្រាយឲ្យច្បាស់ថា ថវិកាបានមកពីគម្រោងនេះ នឹងដាក់ចូលថវិកាជាតិប៉ុន្មានទេ។ ក្រសួងរ៉ែ និងថាមពល ក៏មិនទាន់បានសិក្សាពីធនធានរ៉ែនៅតំបន់នោះនៅឡើយដែរ ខណៈដែលសង្គមស៊ីវិលធ្លាប់ចោទថា ក្រុមហ៊ុនចិន សំឡឹងឃើញរ៉ែជាជាងចង់ធ្វើទំនប់យកអគ្គិសនីលក់៕