ពលរដ្ឋសង្កាត់ជ្រាវក្រុងសៀមរាបរួមគ្នាការពារជម្រកត្រីពូជនិងសត្វស្លាបបឹងពារាំង

បច្ចុប្បន្ន ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ បានចែកវេនគ្នាជាប្រចាំដើម្បីដើរល្បាតការពារកន្លែងត្រីមេពូជ និងព្រៃលិចទឹកជាច្រើនពាន់ហិកតារ នៅតំបន់បឹងពារាំង ក្នុងបឹងទន្លេសាប ក្នុងគោលបំណងទប់ស្កាត់ការកាប់រានព្រៃលិចទឹកផង និងការពារពូជត្រីសម្រាប់ឲ្យសត្វស្លាបអាចរកអាហារ ដើម្បីឈានទៅដល់ការអភិរក្សសត្វស្លាបជាច្រើនប្រភេទនៅតំបន់នោះផង។
ប្រសិនបើតំបន់នោះមានព្រៃលិចទឹកល្អ ព្រមទាំងសត្វស្លាបជាច្រើនប្រភេទ គេរំពឹងថា សក្ដានុពលរបស់វាអាចនឹងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនសម្រាប់អនាគត។
សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិ សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងស្រមៃចង់ឲ្យតំបន់បឹងពារាំងទំហំជាង ៣.៤០០ហិកតារនៅក្នុងបឹងទន្លេសាប ក្លាយទៅជាតំបន់ទេសចរណ៍ និងកន្លែងអភិរក្សសត្វស្លាបដ៏កម្រនៅពេលអនាគត។
ចាប់តាំងតែពី ៣ឆ្នាំមុនរហូតមកដល់ពេលនេះ ក្រុមប្រជាពលរដ្ឋបានចងក្រងគ្នាបង្កើតទៅជាសហគមន៍ ដោយចាត់កម្លាំងជាច្រើនចុះដើរល្បាតការពារព្រៃលិចទឹក ការពារជម្រកត្រីមេពូជ ព្រមទាំងបន្ទាយសត្វស្លាបជាច្រើនកន្លែងដែលកំពុងបន្លាស់ទីទៅរកចំណី។
ប្រធានសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំង សង្កាត់ជ្រាវ គឺលោក គង់ មង្គល។ លោកមានប្រសាសន៍ថា បំណងរបស់លោក គឺចង់ឲ្យបឹងពារាំងក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់អនាគត។ ជារៀងរាល់ថ្ងៃ ក្រុមរបស់លោកកំពុងខិតខំដើរល្បាតការពារព្រៃលិចទឹក ជម្រកត្រីមេពូជ ព្រមទាំងបន្ទាយសត្វស្លាប បំណងឲ្យទីនោះពោរពេញដោយសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរ។
លោក គង់ មង្គល បញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ន កម្លាំងប្រជាសហគមន៍បានប្រឹងប្រែងការពារទីនោះឲ្យធនធានធម្មជាតិជាច្រើនប្រភេទបានគង់វង្សក្តី ក៏ឧបសគ្គខ្លះនៅតែប្រឈមមុខមិនទាន់អាចក្លាយទៅជាតំបន់ទេសចរណ៍នៅឡើយ ដូចជាច្បាប់មិនទាន់អនុញ្ញាតឲ្យអភិវឌ្ឍ ព្រមទាំងខ្វះទុនសម្រាប់ធ្វើជាផ្លូវថ្នល់ល្អស្អាតទៅកាន់តំបន់នោះនៅឡើយ៖ «បើសិនជាមានការគាំទ្រពីអាជ្ញាធរដែនដី ជាពិសេសគឺអភិបាលខេត្តសៀមរាប សូមមេត្តាជួយផ្នែកច្បាប់មកដល់សហគមន៍យើងខ្ញុំ ដែលកំពុងតែខ្វះផ្លូវចូលទៅដល់តំបន់បឹងពារាំង»។
បច្ចុប្បន្ន បឹងពារាំងកំពុងបង្អួតខ្លួនទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងឲ្យទៅទស្សនាទេសភាពធម្មជាតិបឹងទន្លេសាប និងបន្ទាយសត្វស្លាបជាច្រើនប្រភេទ។ ភាពទាក់ទាញបំផុតរបស់បឹងពារាំង គឺគយគន់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម ព្រមទាំងព្រះអាទិត្យរៀបលិចនៅពេលល្ងាច ដោយមានសត្វស្លាបហោះហើរទាំងហ្វូងៗរកទ្រនំ ដោយមានសម្រែកខ្ញៀវខ្ញារកងរំពង។
ប្រធានក្រុមដើរល្បាតការពារតំបន់បឹងពារាំង លោក ឡាយ វី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមរបស់លោកតែងចែកវេនគ្នាដើរការពារតំបន់ព្រៃលិចទឹក តំបន់ត្រីមេពូជ និងបន្ទាយសត្វស្លាបជាច្រើនកន្លែង ប្រយោជន៍ការពារធនធានធម្មជាតិទាំងនោះឲ្យគង់វង្ស។ លោកបញ្ជាក់ថា ការដើរល្បាតទាំងនោះ ជួនពេលថ្ងៃ ជួនពេលយប់ ដោយថ្មើរជើងផង និងទូកផង៖ «មានពេលខ្លះក៏ខ្ញុំឲ្យកម្លាំងខ្ញុំបើកកាណូត ពេលខ្លះកម្លាំងត្រូវដើររុកព្រៃ ដើម្បីការពារត្រពាំងបឹងបួដែលនៅឆកល្វែង ខ្លាចក្រែងមានអ្នកចូលទៅលួចបង់ត្រី ឬក៏ចាប់សត្វ»។
បឹងពារាំងមានផ្ទៃទឹកសម្រាប់ត្រីមេពូជអាស្រ័យនៅទំហំជាង ២៥០ហិកតារ និងព្រៃលិចទឹកជាង ៣.០០០ហិកតារទៀត ដែលសម្បូរដោយធនធានធម្មជាតិជាច្រើនប្រភេទសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ រយៈពេល ៣ឆ្នាំមកហើយ ប្រជាសហគមន៍បានប្រើប្រាស់ថវិកា និងធនធានផ្ទាល់ខ្លួនសម្រាប់សកម្មភាពការពារទីនោះ។ ពួកគេចង់ឲ្យអាជ្ញាធរខេត្តសៀមរាប និងរដ្ឋាភិបាល ជួយអភិវឌ្ឍផ្លូវថ្នល់ទៅកាន់ទីនោះឲ្យល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
នៅរដូវប្រាំង ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់បឹងពារាំងដោយជិះម៉ូតូឆ្លងកាត់ព្រៃលិចទឹកដ៏រលាក់ និងហុយខ្លាំង ប៉ុន្តែនៅរដូវវស្សា គឺមិនទាន់អាចធ្វើដំណើរទៅកាន់ទីនោះបានទេ។
ភ្ញៀវទេសចរជនជាតិអូស្ត្រាលី ម្នាក់ក្នុងចំណោមភ្ញៀវទេសចរមួយក្រុមដែលទៅទស្សនាបឹងពារាំង អ្នកស្រី រ៉េប៊ីកា ធីលប្រ៊ូក (Rebeca Tilbrook) មានប្រសាសន៍ថា ក្រុមរបស់អ្នកស្រី គឺជាអ្នកអភិរក្សសត្វព្រៃមកពីប្រទេសអូស្ត្រាលី ដែលបានគាំទ្រគម្រោងសម្ព័ន្ធអភិរក្សសត្វព្រៃនៅកម្ពុជា នៅជីផាត ខេត្តកោះកុង និងភ្នំតាម៉ៅ ហើយក្រុមអ្នកស្រីមកកាន់តំបន់បឹងពារាំងពេលនេះ គឺចង់មើលសត្វស្លាបជាច្រើនប្រភេទ៖ «នៅទីនេះខ្ញុំហាក់ដូចជាមានសន្តិភាពផ្លូវចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ថាចង់បន្តស្នាក់នៅឲ្យបានច្រើនថ្ងៃ។ ខ្ញុំពេញចិត្តនឹងធម្មជាតិជាច្រើននៅទីនេះ ព្រមទាំងសត្វស្លាបជាច្រើនប្រភេទដែលរស់នៅទាំងហ្វូងៗ ដែលយើងគួរតែការពារទីនេះឲ្យបានល្អសម្រាប់អនាគត»។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ដើម្បីសុំការអធិប្បាយជុំវិញគំនិតរបស់សហគមន៍ដែលស្នើសុំឲ្យអាជ្ញាធរជួយជ្រោមជ្រែងខាងផ្លូវច្បាប់ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់បឹងពារាំងនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយសារតែទូរស័ព្ទរបស់លោកទាក់ទងមិនបាន។
ចំណែកចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន មានប្រសាសន៍ថា លោកចង់ឲ្យរដ្ឋាភិបាលជួយអភិវឌ្ឍតំបន់បឹងពារាំងនេះទៅជាកន្លែងទេសចរណ៍ធម្មជាតិនៅពេលអនាគត។ លោកចៅសង្កាត់យល់ថា ប្រសិនបើមានផ្លូវទៅកាន់បឹងពារាំងល្អស្អាត គឺភ្ញៀវទេសចរនឹងទៅទស្សនា ហើយបង្កើតការងារជាច្រើនឲ្យប្រជាពលរដ្ឋរបស់លោកបានទទួលកម្រៃពីវិស័យទេសចរណ៍ផង៖ «បើសិនជាបើកទេសចរណ៍នៅតំបន់នោះ ប្រជាពលរដ្ឋសង្កាត់ខ្ញុំសឹងតែ ៧៥ ទៅ ៨០% បានទទួលកម្រៃពីវិស័យទេសចរណ៍ ពីព្រោះថាអ្នកខាងលើ គឺដាំបន្លែ ហើយនឹងរៀបចំផ្ទះសម្បែងឲ្យក្លាយទៅជាកន្លែងស្នាក់របស់ភ្ញៀវទេសចរថែមទៀត»។
បច្ចុប្បន្ន សង្កាត់ជ្រាវ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ២.០០០គ្រួសារ។ ប្រជាពលរដ្ឋទាំងនោះភាគច្រើនជាកសិករធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ដោយសារតែចង់ឲ្យតំបន់បឹងពារាំងក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋជាង ៦០០គ្រួសារក្នុងចំណោមនោះបានរួមគ្នាចូលជាសមាជិកសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដើម្បីប្រឹងប្រែងឲ្យក្ដីប្រាថ្នារបស់ពួកគេអាចឈានទៅសម្រេចដូចបំណងនៅពេលអនាគត៕