ក្រុមយុវជនមកពីសាកលវិទ្យាល័យមួយចំនួន បានខកចិត្តចំពោះមន្ត្រីសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យពួកគេជួបជុំគ្នាថ្ងៃទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ជិះកង់ផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ប្រទេសឡាវ។
ក្រុមយុវជនបានប្រកាន់ជំហរថានឹងទៅដាក់ញត្តិនៅតាមស្ថានទូតចំនួន៣ និងរដ្ឋសភា ហើយជិះកង់ផ្សព្វផ្សាយពីផលប៉ះពាល់មកកម្ពុជា ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ប្រទេសឡាវ បើទោះជាសាលារាជធានីមិនអនុញ្ញាតក្ដី។
ប្រធានក្រុមយុវជនខ្មែរមហានគរ យុវជន ហេង សំណាង ថ្លែងនៅថ្ងៃទី៣០ ឧសភា ថា នៅថ្ងៃទី៥ មិថុនា ខាងមុខ គឺជាថ្ងៃទិវាបរិស្ថានពិភពលោក ពួកគេនឹងជួបជុំគ្នានៅសួនច្បារមុខវត្តបទុមវតី ស្លៀកពាក់ខោអាវជារាងសត្វផ្សោត ជិះកង់ដើម្បីផ្សព្វផ្សាយពីសត្វដ៏កម្រនេះដែលនឹងត្រូវផុតពូជ បើសិនគម្រោងសាងសង់ទំនប់ដំណើរការ។
យុវជនដដែលបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៩ ឧសភា ពួកគេបានយកលិខិតជូនដំណឹងពីគម្រោងជួបជុំនេះ ដាក់ទៅសាលារាជធានី ប៉ុន្តែមន្ត្រីរដ្ឋបាលបដិសេធមិនទទួលលិខិត ដោយលើកហេតុផលថាកៀកថ្ងៃពេក៖ «ខ្ញុំនៅតែបន្តធ្វើដដែល ទោះហាមឃាត់យ៉ាងម៉េចក៏ដោយ។ យើងនឹងដាក់ញត្តិទៅស្ថានទូតចំនួន៣ គឺស្ថានទូតថៃ ម៉ាឡេស៊ី និងស្ថានទូតឡាវ និងគណៈកម្មការទី៣ នៃរដ្ឋសភា។ ញត្តិនេះមានអត្ថន័យថា មិនពេញចិត្តនឹងការសង់វារីអគ្គិសនី ដនសាហុង ដែលកសាងនៅពេលឆាប់ៗនេះមែន»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ក្រុមយុវជនទាំងនេះធ្វើឡើងខុសនីតិវិធីនៃការស្នើសុំ ដោយសារតែពួកគេដាក់លិខិតមកកាន់ការិយាល័យរដ្ឋបាលកៀកថ្ងៃពេក៖ «តាមច្បាប់ គាត់ត្រូវយកមកដាក់ ៥ថ្ងៃនៃថ្ងៃធ្វើការ មុននឹងគាត់ស្នើសុំ។ យើងធ្វើអត់ទាន់»។
ទោះជាមានការអះអាងបែបនេះក្ដី ក៏ត្រូវបានមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរិះគន់។
មន្ត្រីបច្ចេកទេសផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានទស្សនៈថា ការលើកឡើងរបស់អ្នកនាំពាក្យសាលារាជធានីនេះ គ្រាន់តែជាអំណះអំណាងមួយសម្រាប់ការដោះស្រាយក្នុងកាលៈទេសៈមួយ ដែលសាលារាជធានីពុំអនុញ្ញាតឲ្យក្រុមយុវជនធ្វើតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកមានជំនឿថា ការអនុញ្ញាតឲ្យ គឺអាស្រ័យទៅលើឆន្ទៈរបស់សាលាក្រុង៖ «នៅក្នុងច្បាប់បាតុកម្មតម្រូវការជូនដំណឹងទៅអាជ្ញាធរ ដើម្បីប្រារព្ធពិធីអ្វីមួយឲ្យបានមុន ៥ថ្ងៃ។ ពាក្យថា ជូនដំណឹង និងការសុំច្បាប់ គឺវាខុសគ្នាឆ្ងាយណាស់»។
កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ក្រុមយុវជនមួយក្រុមបានចុះធ្វើកម្មសិក្សានៅតំបន់ទំនប់វារីអគ្គិសនីដនសាហុង របស់ប្រទេសឡាវ និងភូមិអន្លង់ស្វាយ នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រយៈពេល ៤ថ្ងៃ ពួកគេបានរកឃើញថា បើភាគីប្រទេសឡាវ សាងសង់ទំនប់នេះ កម្ពុជា នឹងជួបប្រទះបញ្ហាជាច្រើន ទាំងផលប៉ះពាល់ទៅលើមនុស្ស និងជីវចម្រុះ។
ប្រសិនបើគម្រោងនេះដំណើរការ នឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តចំនួន១០ ស្ថិតនៅតាមដងទន្លេនៃប្រទេសកម្ពុជា និងប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក ហើយត្រីផ្សោតជាសត្វកម្រ នឹងត្រូវផុតពូជ។ ជាងនេះទៅទៀត ពលរដ្ឋខ្មែរចំនួន ៥០ភូមិ ស្មើនឹង ៤ម៉ឺន ៥ពាន់នាក់ ដែលរស់ក្បែរតំបន់នោះ នឹងត្រូវបាត់បង់មុខរបរ។ អ្នកសិក្សាស្រាវជ្រាវ សំណូមពរឲ្យភាគីឡាវ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនី ក្រោមការវិនិយោគរបស់ក្រុមហ៊ុនសាងសង់ពីប្រទេសម៉ាឡេស៊ី ហើយងាកមកសិក្សាពីផលប៉ះពាល់ផ្លូវទឹកផ្នែកខាងក្រោមជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។