រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បញ្ជាឱ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវ និងបង្ក្រាប បទល្មើសធនធានធម្មជាតិរួមមាន ការកាប់ទន្ទ្រានដីព្រៃសាធារណរបស់រដ្ឋ និង បទល្មើសព្រៃឈើគ្រប់ប្រភេទ។ ចំណែកមន្ត្រីសង្គមស៊ីវិល និង ពលរដ្ឋ ចាត់ទុកបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ គ្មានប្រសិទ្ធភាពនោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងថា កងរាជអាវុធហត្ថ មានតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ការថ្លែងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី២៧ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ១៤ ខែកក្កដា ក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា ក្រុមជនជាតិដើមភាគតិចព្នង រស់នៅខេត្តភាគឦសាននិងមន្ត្រីសង្គមស៊ីវិល ចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ពុំមែនជាដំណោះស្រាយវិបត្តិព្រៃឈើ មានប្រសិទ្ធភាពនោះទេ ព្រោះអ្នកពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃជាច្រើនហិកតារ និងជួញដូរឈើខុសច្បាប់ មានជាប់ពាក់ព័ន្ធ មន្ត្រីមានអំណាច មន្ត្រីយោធា អាជ្ញាធរ នគរបាល និង ក្រុមឧកញ៉ាគ្រាក់ៗ ជាដើម។ សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក គ្រើង តុលា សង្កេតឃើញថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ធ្វើឡើង គឺផ្អែកតាមបទបញ្ជា ធំជាងការអនុវត្តច្បាប់។ លោកថា នៅពេលដែល មន្ត្រីកំពូលៗ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាម្ដងម្កាល គេឃើញអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបបានមួយប្រាវ ហើយមួយរយៈ ខ្លីក្រោយមក ក៏ស្ងាត់ទៅវិញ៖ « យើងឃើញមានតែមួយឆាវៗ វាអត់មានធ្វើ យុទ្ធនាការហ្នឹងធ្វើរហូតតាមផ្លូវច្បាប់ ដូចជាអត់ឃើញទេ។ អ៊ីចឹងមានន័យថា រាល់ថ្ងៃបទបញ្ជារបស់សម្តេច ក៏គ្មានឥទ្ធិពល។ បទបញ្ជាពីណាក៏អត់ឥទ្ធិពលដែរ ដោយសារតែ គេកំណត់រយៈពេល បទល្មើសព្រៃឈើនៅតែកើតឡើង » ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បកស្រាយថា កងរាជអាវុធហត្ថគ្រប់ខេត្ត/ក្រុង បានបង្ក្រាបបទល្មើសព្រៃឈើគ្រប់រូបភាពជាហូរហែ ផ្អែកតាមតួនាទី និងភារកិច្ច ដែលរដ្ឋាភិបាលផ្តល់ជូន។ លោកបញ្ជាក់ថា ការបង្ក្រាបបទល្មើសព្រៃឈើ មានអាជ្ញាធរដែនដីអនុវត្តច្បាប់ជាប្រចាំ៖ «គាត់ចង់ថា ភ្លើងចំបើង ជាសិទ្ធិរបស់គាត់ តែអ្វីដែលយើងធ្វើ ធ្វើជាប្រចាំ។ មិនមែនគណៈកម្មការជាតិចុះទៅបានធ្វើទេ កម្លាំងអាជ្ញាធរដែនដី គេធ្វើជាប្រចាំ។ សុំឱ្យគាត់ត្រួតពិនិត្យមើល។ អាហ្នឹងសិទ្ធិសេរីភាពរបស់គាត់ គាត់និយាយអីនិយាយទៅ ក៏ប៉ុន្តែឱ្យសុំមើល ព័ត៌មានរបស់អាវុធហត្ថដែលបង្ក្រាបរាល់ថ្ងៃហ្នឹងក៏មានដែរ » ។
ក្រុមស្នូលព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភក្ត្រ សង្កេតឃើញថា បច្ចុប្បន្នសកម្មភាពកាប់ទន្ទ្រានដែនជម្រកសត្វព្រៃឡង់ទាំង ៤ខេត្ត កំពុងកើតមានពេញទំហឹង ដោយគ្មានការអនុវត្តច្បាប់ ហើយក្នុងនោះមានជាប់ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធផងដែរ។ លោកបញ្ជាក់ថា គ្រាន់តែឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ មានការកាប់ទន្ទ្រានដែនជម្រកសត្វព្រៃឡង់អស់ជាង ២ពាន់ហិកតារ ដោយគ្មានការបង្ក្រាបនៅឡើយទេ៖ « ជាពិសេសធ្វើការបង្ក្រាប លោកឧកញ៉ាធំៗ ដែលមានដីរាប់ពាន់ហិកតារ រំលោភចូលដល់តំបន់ការពារជាដើម នៅកន្លែងផ្សេងៗ ទៀតដូចជាវរជ័យ និង ក្នុងព្រៃឡង់។ សូម្បីតែចៅហ្វាយស្រុកក៏មានការទន្ទ្រានព្រៃ ដើម្បីបង្ក្រាបឱ្យមានជំនឿទុកចិត្ត គួរតែធ្វើពួកហ្នឹងមុន ចាំធ្វើពលរដ្ឋតាមក្រោយ។ ពលរដ្ឋងាយបាក់ស្បាតណាស់ មានតែអ្នកមានអំណាចទេ ដែលមិនងាយបាក់ស្បាត » ។
រីឯមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ការកាប់ទន្ទ្រានដីព្រៃរដ្ឋ ក៏មានជាប់ពាក់ព័ន្ធ មន្ត្រីយោធា និងកងកម្លាំងប្រដាប់មួយចំនួនដែរ។ លោកយល់ថា បើលោក ទៀ បាញ់ ចង់ការពារព្រៃឈើមែននោះ គួរតែរួមគ្នាដាក់បណ្តឹងបរិហារ ទៅតុលាការ ជាមួយលោក ដើម្បីឱ្យតុលាការ ពន្លឿនសំណុំរឿងបទល្មើសព្រៃឈើហើយវែកមុខជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់៖ « គ្រប់សមាសភាព មិនត្រឹមតែមន្ត្រីយោធាជាន់ខ្ពស់ទេ សូម្បីតែមន្ត្រីតាមក្រសួងមួយៗ មានអំណាចសុទ្ធតែមន្ត្រីជាន់ខ្ពស់ មានការកាប់ទន្ទ្រានដីព្រៃច្រើនដែរ។ មានការកាប់ទន្ទ្រានដីព្រៃ ជាពិសេសកន្លែងណា ដីខ្លាញ់ៗ ហ្នឹង កន្លែងមានតម្លៃ ដូចនៅខេត្តមណ្ឌលគិរី កន្លែងព្រៃស សុទ្ធតែមានឈ្មោះ តែមន្ត្រីជាន់ខ្ពស់ មានទាំងយោធា និងមន្ត្រីស៊ីវិល ឡាយឡំគ្នា។ បើនៅព្រៃផ្សេងៗ ទៀត សុទ្ធតែមានពាក់ព័ន្ធ មន្ត្រីឧត្ដមសេនីយ៍ ពាក់ព័ន្ធការកាប់រានដីព្រៃទាំងអស់ហ្នឹង » ។
កាលពីឆ្នាំ២០១៩ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានឃាត់ខ្លួនឧកញ៉ា ២រួប គឺឧកញ៉ា គង់ ក្រឹង និងឧកញ៉ាស៊ឹង សំអុល។ រីឯតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានកោះហៅ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ ថៅកែជនជាតិចិន ឧកញ៉ា និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើប្រមាណ ២០នាក់ទៀត ទាក់ទិនសំណុំរឿងប្រមូលផលនិងអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។ ចំណែកនៅក្នុងសំណុំរឿងព្រៃឈើដាច់ដោយឡែកមួយទៀត តុលាការបានឃុំខ្លួនមនុស្ស ១១នាក់ ក្នុងនោះ ៥នាក់ជនជាតិខ្មែរ ៣នាក់ជាជនជាតិវៀតណាម និង ៣នាក់ទៀតជាជនជាតិចិន។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា សំណុំរឿងបទល្មើសព្រៃឈើទាំងនេះ ហាក់ស្ងាត់ជ្រងំ និងមិនឃើញ អនុវត្តច្បាប់ចំពោះមន្ត្រីរដ្ឋាភិបាល ណាម្នាក់នៅឡើយទេ បើទោះបីជាពួកគេឃុបឃិត និងទទួលប្រយោជន៍ពីឧក្រិដ្ឋកម្មព្រៃឈើយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។