អាជ្ញាធរ​ខេត្ត​កំពង់ធំ​កំពុង​សង្គ្រោះ​ស្រូវ​ជាង ៣ពាន់​ហិកតារ​ដែល​ជួប​គ្រោះ​រាំងស្ងួត

ស្រូវ​ដើម​រដូវ​វស្សា​ជាង ៣ពាន់​ហិកតារ នៅ​ខេត្ត​កំពង់ធំ កំពុង​ជួប​គ្រោះ​រាំងស្ងួត​ប្រមាណ ២សប្តាហ៍​មក​ហើយ។ ប្រជាពលរដ្ឋ​ឲ្យដឹង​ថា អាជ្ញាធរ​ខេត្ត ក្រសួង​ធនធាន​ទឹក និង​ក្រសួង​កសិកម្ម កំពុង​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មិនទាន់​សង្គ្រោះ​បាន​ទាំងស្រុង​នៅឡើយ ដោយ​ស្រូវ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការខាតបង់។

ស្រូវ​ជាង ៣ពាន់​ហិកតារ​ដែល​កំពុង​ជួ​បរ​គ្រោះ​រាំងស្ងួត​នោះ​ស្ថិត​ក្នុង​ស្រុក​ចំនួន២ នៃ​ខេត្ត​កំពង់ធំ គឺ​នៅ​ស្រុក​បារាយ និង​ស្រុក​តាំង​គោក។ កសិករ​ម្នាក់​រស់នៅ​ស្រុក​បារាយ លោក ស៊ុន ភាព​ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៤ កក្កដា​ថា ក្រសួង​កសិកម្ម និង​ក្រសួង​ធនធាន​ទឹក បាន​បញ្ជូន​មន្ត្រី និង​ម៉ាស៊ីន​បូម​ទឹក​ធំៗ ជួយ​បូម​ទឹក​ពី​ស្ទឹង និង​ប្រឡាយ​មេ​ទម្លាក់​ទៅ​ស្រែ​ដែល​គ្មាន​ប្រភព​ទឹក​ជាង ២ថ្ងៃ​មក​ហើយ និង​អាច​ជួយសង្គ្រោះ​បាន​ប្រមាណ ៥០%។ លោក​បន្ត​ថា នៅ​សល់​ប្រមាណ ៥០% ទៀត​មិនទាន់​ដឹង​ថា នឹង​អាច​ជួយ​បាន ឬ​អត់​នោះ​ទេ ព្រោះ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។ លោក​ថា កន្លែង​ខ្លះ​ខ្វះ​ទឹក​ស្រោចស្រព ដោយសារ​មានការ​ទប់​បិទមុខ​ទឹក​ដើម្បី​សាងសង់​ស្ពាន និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ចាស់ និង​ថ្មី​បន្ថែម​ទៀត៖ « សូម​ឲ្យ​គេ​ឆាប់​ធ្វើ​ស្ពាន​នោះ​និង​ប្រព័ន្ធ​ប្រឡាយ ឲ្យ​ឆាប់​ហើយ​ទៅ​គេ​បើកទឹក​មកវិញ​អាច​សង្ឃឹម​សង្គ្រោះ​បាន​ទាំង​អស់ »

នាយក​ខុទ្ទកាល័យ​សាលាខេត្ត​កំពង់ធំ លោក សេង គុណ មានប្រសាសន៍​ថា មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិករ​កម្ម និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ បាន​បញ្ជូន​គ្រឿងចក្រ​ទៅ​ស្ដារ​ប្រឡាយ​​ចាស់ៗ និង​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ ចំនួន ២គ្រឿង ដើម្បី​បូម​ទឹក​ពី​ប្រឡាយ​រង​ឈូក​ខ្សាច់​ដាក់បញ្ចូល​តាម​ប្រឡាយ​រង​តា​សួង​ដោយ​ប្រើប្រាស់​ប្រភព​ទឹក​ពី​ទំនប់​អាងទឹក​ស្ទឹង​ជីនិត។ លោក​បន្ត​​ថា ឥឡូវនេះ​សង្គ្រោះ​បាន​ជាង​ពាក់​កណ្ដាល​ហើយ ក្នុងចំណោម​ផ្ទៃដី​រង​ផល​ប៉ះពាល់​ជាង ៣ពាន់​ហិកតារ៖ « ឥឡូវនេះ​យើង​សង្គ្រោះ​បាន​មួយ​ចំនួន​ធំ​ហើយ រហូតដល់​ពេលនេះ​នៅ​លើ​ដីទួល​យើង​សង្គ្រោះ​​បាន​ជាង ២ពាន់​ហិកតារ​ហើយ យើង​នៅតែ​បន្ត​ធ្វើ​ទៀត »

ចំណែក​ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា បាន​ឲ្យដឹង​ដែរ​ថា ពេល​នេះ​ក្រុម​ការងារ​កំពុង​ជួយ​សង្គ្រោះ​បាន​ភាគ​ច្រើន​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ដឹង​ថា នឹង​ខូចខាត​ប៉ុន្មាន​នោះ​ទេ ព្រោះ​កន្លែង​ខ្លះ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ហើយ​បើ​មេឃ​រាំងស្ងួត​យូរ​ទៀត​នោះ​នឹង​អាច​ពិបាក​ជួយសង្គ្រោះ​និង​អាច​ខូចខាត​ខ្លះ៖ « នៅ​ភាគតិច​ទេ​ដែល​យើង​មិន​ទាន់​បាន​ទៅ​ធ្វើ ព្រោះ​កន្លែង​ខ្លះ​ឆ្ងាយ​ដូច្នេះ​ទឹក​ហូរ​ទៅ​ត្រូវ​ការ​រយៈ​ពេល ណា​មួយ​ភ្លៀង​ក៏​មិន​ធ្លាក់​ចំ​កន្លែង​បង្កបង្កើន​ផល​ដែរ »

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​ឲ្យដឹង​ដែរ​ថា ផ្ទៃដី​ធ្វើស្រែ​បង្កើន​រដូវ​ក្នុង​ស្រុក២ គឺ​ស្រុក​តាំងគោក និង​ស្រុក​បារាយ ប្រមាណ ២ពាន់ ៥រយ​ហិកតារ កំពុង​ជួប​ការ​ខ្វះខាត​ទឹក​ចាប់​តាំង​ពី​ចុងខែ​មិថុនា​មក​ដោយ​គ្រោះ​រាំងស្ងួត ឬ​ហៅ​ថា​កូន​រដូវ​ប្រាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។