ក្រៅពីនោះ ផ្លូវថ្នល់ដែលជាគម្រោងរបស់ឃុំ ក៏ត្រូវបានក្រុមអ្នកស៊ីឈ្នួលដឹកឈើបំផ្លាញអោយខូចមិនអាចអោយអ្នកភូមិធ្វើដំណើរចេញចូល និងដឹកលក់កសិផលទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានងាយដូចមុនឡើយ។ រីឯក្រុមហ៊ុនរបស់ លោកឧកញ៉ា ទ្រី ភាព ដែលទទួលបានសិទ្ធិចូលកាប់ព្រៃក្នុងតំបន់វាលវែង ដើម្បីអភិវឌ្ឍវារីអគ្គិសនី ក៏មិនបានជួសជុលផ្លូវឲ្យអ្នកភូមិវិញដែរ ក្រោយពីដឹកឈើចេញអស់ពីព្រៃ។ បញ្ហានេះ អ្នកភូមិ និងអាជ្ញាធរទាមទារឲ្យរដ្ឋាភិបាលដោះស្រាយកសាងផ្លូវ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា ទំនប់វារីអគ្គិសនី អាតៃ ជាប្រភពនៃការបំផ្លាញព្រៃឈើនៅជួរភ្នំក្រវាញ និងផ្លូវគមនាគមន៍ក្នុងតំបន់។
ស្ត្រីអាយុ ៦២ឆ្នាំ ឈ្មោះ ចាប ត្រប់ រស់នៅភូមិឆាយលូក ឃុំអូរសោម ថ្លែងថា ក្រោមលេសសម្អាតអាងសម្រាប់ទប់ទឹកផលិតអគ្គិសនី អាតៃ ព្រៃនៅក្នុងឃុំនោះមានដើមគ្រញូង បេង នាងនួន ផ្ចឹក សុក្រំ ពិសេសវល្លិល្មៀត ត្រូវគេកាប់បំផ្លាញ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងរាល់យប់ ព្រមទាំងធ្វើឲ្យខូចផ្លូវក្នុងឃុំស្ទើរតែទាំងស្រុង៖ «នៅរដូវវស្សា ផ្លូវពិបាកណាស់។ បើជិះឡាន កាលពីមុនអត់ទាន់មានវល្លិល្មៀត អត់ទាន់មានដឹកអី ផ្លូវយើងបើកបាន នៅពេលមានដឹកវល្លិល្មៀត មានឡានធំៗ។ មួយទៀត ដឹកពោត ដឹកដំឡូងទៅឡានធំៗ ក៏ខូចផ្លូវទៅ។ ក្រុមហ៊ុនវល្លិល្មៀតហ្នឹង គេដឹកវល្លិល្មៀតហ្នឹង យកទៅធ្វើយកទៅចំហុយ គេបំផ្លាញផ្លូវក្នុងភូមិ មិនមែនបំផ្លាញផ្លូវក្នុងខេត្តទេ»។
ស្ត្រីមួយរូបទៀតថ្លែងមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព គ្រាន់តែប្រមូលឈើចេញអស់ពីអាង មិនបានជួសជុលផ្លូវឲ្យវិញទេ។ បច្ចុប្បន្ន មានឈ្មួញចូលបំផ្លាញវល្លិល្មៀតកាន់តែច្រើន ហើយដឹកចេញរាល់ថ្ងៃ នាំឲ្យផ្លូវក្នុងឃុំកាន់តែខូចថែមទៀត។ រីឯការជួញដូរកសិផល ដូចជាគ្រាប់ពោតក្រហម ដំឡូងមី ផ្លែចេក ម្នាស់ ធូរេន សាវម៉ាវ ជាដើម មិនអាចលក់ចេញបានទេ នៅឆ្នាំ២០១៣ ព្រោះគ្មានឈ្មួញចុះមកទិញ ដោយសារផ្លូវលំបាកខ្លាំង។ គាត់សុំឲ្យរដ្ឋាភិបាលថ្មីជួសជុលផ្លូវកាត់ឃុំអូរសោម និងជួយទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ពិសេសវល្លិល្មៀតនៅតំបន់ដាច់ស្រយាលនោះផង៖ «ដូចអត់មានអ្នកជួសជុល ហើយវាចេះតែខូចទៅៗ ហើយដឹកទំនិញធ្ងន់ៗអ៊ីចឹងទៅ ផ្លូវចេះតែផុង ចេះតែស្រុតទៅទៀតអ៊ីចឹងទៅណា។ ទើបតែខូចឆ្នាំនេះទេ ផ្លូវហ្នឹងនោះដាច់ឆ្នាំនេះទេ»។
មេឃុំអូរសោម អ្នកស្រី ឡាង ទូញ ថ្លែងថា អាជ្ញាធរឃុំមិនអាចបង្ក្រាបបទល្មើសព្រៃឈើបានទេ។ អ្នកចូលកាប់ព្រៃឈើក្នុងជួរភ្នំក្រវាញ និងក្នុងឃុំអូរសោម បានធ្វើឲ្យប៉ះពាល់ព្រៃដូនតារបស់ជនជាតិភាគតិចជង ហើយអ្នកកាប់ព្រៃទាំងនោះសុទ្ធតែអះអាងថា មានសំបុត្រអនុញ្ញាតពីថ្នាក់លើឲ្យចូលកាប់ព្រៃ។ ប៉ុន្តែ គាត់ជាមេឃុំនៅមូលដ្ឋាន មិនដែលទទួលលិខិតផ្លូវការឡើយ ហើយមិនដឹងថា លិខិតអនុញ្ញាតនោះចេញឲ្យដោយមន្ត្រី ឬស្ថាប័នណាមួយទេ។
អ្នកស្រីបន្ថែមថា ព្រៃឈើត្រូវបានបំផ្លាញក្នុងឃុំអូរសោម កើតឡើងក្រោយពីរដ្ឋាភិបាលឲ្យក្រុមហ៊ុនចិន សង់ទំនប់វារីអគ្គិសនី អាតៃ។ ជនចំណូលថ្មីបានចូលមកកាប់ព្រៃឈើមានគ្រញូង បេង នាងនួន សុក្រំ ផ្ចឹក គឺជាប្រភេទឈើលេខ១នៅក្នុងតំបន់នោះ។ បច្ចុប្បន្ន ឈើទាំងនោះបាត់បង់អស់ នៅសល់វល្លិល្មៀតក្នុងព្រៃនៃជួរភ្នំក្រវាញ ដែលកំពុងសម្រុកបំផ្លាញបន្តទៀត។ អ្នកស្រីសំណូមពរឲ្យរដ្ឋាភិបាលជួយទប់ស្កាត់បទល្មើសជួញដូរឈើគ្រញូង វល្លិល្មៀត នៅក្នុងឃុំនេះ៖ «អានេះវាមូលហេតុមកពីឡានធំៗដឹកពោត ដឹកចេក ដឹកវល្លិល្មៀត។ បើគ្រញូងឈប់ហើយ គឺដឹកវល្លិល្មៀត គឺសំខាន់ជាងគេ»។
ស្មៀនឃុំអូរសោម លោក ចាន់ ធា ថ្លែងថា មន្ត្រីគ្រប់លំដាប់ថ្នាក់ សុទ្ធតែបានដឹងពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។ ប៉ុន្តែ មន្ត្រីទាំងនោះមិនជួយសហការជាមួយអាជ្ញាធរឃុំអូរសោមចូលរួមបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ៖ «យើងមើលអ្នករកវល្លិល្មៀត សុទ្ធតែភាគច្រើនគេអ្នកមានធូរធារ។ អ៊ីចឹងអាជ្ញាធរយើងអត់ដែលបានលុយពីគេទេ។ ដល់ពេលគេនិយាយថា គេមានច្បាប់យើងចេះតែឯកភាពតាមគេទៅ ប៉ុន្តែឯកសារអត់ទាន់មានទេ។ អ៊ីចឹងអាបញ្ហាហ្នឹងមិនមែនថាតែថ្នាក់ឃុំទេដែលដឹង ថ្នាក់លើៗក៏គាត់ដឹងដែរ ហើយយើងក៏បានរាយការណ៍ទៅដែរប្រចាំខែពាក់ព័ន្ធការធ្វើអាជីវកម្មលើវល្លិល្មៀតហ្នឹង»។
បុរសពិការជើងឆ្វេងមកពីខេត្តកំពង់ឆ្នាំង ឈ្មោះ រស់ យ៉េត ដែលកំពុងរស់នៅតាមមាត់ស្ទឹងអាតៃ អះអាងថា ទើបចូលមករស់នៅភូមិឆាយលូក ៤ឆ្នាំនេះ។ គាត់ត្រូវបានគេជួលឲ្យកាប់ព្រៃក្នុងតំបន់នេះ គឺនៅពេលក្រុមហ៊ុនប្រទេសចិន ចូលសង់ទំនប់វារីអគ្គិសនី អាតៃ។
មន្ត្រីបរិស្ថានមួយរូបថ្លែងដោយមិនបញ្ចេញឈ្មោះថា ទំនប់វារីអគ្គិសនី អាតៃ បានគ្របដណ្ដប់ព្រៃឈើនៅជួរភ្នំក្រវាញ ជាង ៥ពាន់ហិកតារ។ ទំនប់នោះបានកសាងតាំងពីឆ្នាំ២០០៨ មក។ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព មានសិទ្ធិសម្អាតផ្ទៃអាង អាតៃ។ ក្រុមហ៊ុនបាននាំជនចំណូលថ្មីមកជាមួយ ដើម្បីស៊ីឈ្នួលកាប់ព្រៃឈើសម្អាតបាតអាង អាតៃ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។