ពលរដ្ឋអះអាងថាសកម្មភាពសាឡង់ឬកប៉ាល់បូមខ្សាច់សមុទ្របន្តកើតមាននៅកោះកុង

ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន បានអះអាងថា សកម្មភាពសាឡង់បូមខ្សាច់សមុទ្ររបស់ឈ្មួញ បានបន្តកើតឡើងនៅតាមស្ទឹងអារ៉ែង ក្នុងដែនសមុទ្រនាខេត្តកោះកុង។
សកម្មភាពទាំងនោះ ហាក់ផ្ទុយគ្នាពីការអះអាងរបស់ លោក លឹម គានហោ ប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅក្នុងប្រទេសកម្ពុជា ដែលថា រដ្ឋាភិបាលក្នុងអាណត្តិទី៥ ពុំអនុញ្ញាតច្បាប់ដល់អាជីវកម្មបូមខ្សាច់។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅខេត្តកោះកុង អំពាវនាវឲ្យអាជ្ញាធរចុះត្រួតពិនិត្យសកម្មភាពបូមខ្សាច់ក្នុងស្ទឹងអារ៉ែង ស្របពេល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា បានប្រកាសថា អាណត្តិទី៥ នេះ ក្រសួងមិនបានផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនបូមខ្សាច់នោះទេ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ឲ្យដឹងថា សកម្មភាពបូមខ្សាច់សមុទ្រនាខេត្តកោះកុង ឃើញមានសកម្មភាពនៅស្រុកកោះកុង និងស្រុកបុទុមសាគរ ជាដើម ដោយមានកប៉ាល់ ឬសាឡង់ធំៗបានដឹកខ្សាច់សមុទ្ររាល់ថ្ងៃ។ សកម្មភាពនេះ លោក អ៊ិន គង់ជិត មិនដឹងថា សាឡង់ ឬកប៉ាល់បូមខ្សាច់សមុទ្រដែលនៅបន្តធ្វើសកម្មភាពនាមូលដ្ឋានខេត្តកោះកុង មានច្បាប់ ឬអត់ច្បាប់នោះទេ។ ប៉ុន្តែបើយោងតាមការអះអាងរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក លើកឡើង គឺក្រសួងមិនបានផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនបូមខ្សាច់ទៀតទេនៅក្នុងអាណត្តិទី៥ នេះ៖ «រាល់ថ្ងៃនេះ សកម្មភាពបូមខ្សាច់នៅខេត្តកោះកុង បានកើតមានគគ្រឹកគគ្រេងនៅតាមព្រែកនានា និងនៅតំបន់កោះកុងក្រៅ ជាដើម។ សកម្មភាពបូមខ្សាច់នេះ ឈ្មួញមិនបានកោតក្រែងសមត្ថកិច្ចនោះទេ និងមានលក្ខណៈបើកចំហតែម្តង។ ហើយសមត្ថកិច្ច ក៏មិនមានវិធានការអ្វីទៅលើឈ្មួញ ឬសកម្មភាពបូមខ្សាច់ទាំងអស់នោះដែរ»។
ចំណែក លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការចលនាមាតាធម្មជាតិប្រចាំខេត្តកោះកុង បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា ពិតជាមានក្រុមហ៊ុនបូមខ្សាច់មួយចំនួននៅបន្តធ្វើសកម្មភាពបូមខ្សាច់នៅតាមស្ទឹងអារ៉ែង នាខេត្តកោះកុង ពិតមែន។
ជនបរទេសមានដើមកំណើតមកពីប្រទេសអេស្ប៉ាញ ដែលរដ្ឋាភិបាលត្រៀមបណ្ដេញចេញពីកម្ពុជា រូបនេះ បានបង្ហាញក្តីព្រួយបារម្ភពីការបាត់បង់ធនធានបាតសមុទ្រ មានខ្សាច់សមុទ្រជាដើម ដោយមន្ត្រីពុករលួយឃុបឃិតដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ លោកស្នើឲ្យដល់ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមទប់ស្កាត់សកម្មភាពបំផ្លាញធនធានខ្សាច់សមុទ្រនៅកម្ពុជា ឲ្យបានគ្រប់គ្នា ព្រោះរដ្ឋាភិបាលគ្មានឆន្ទៈទប់ស្កាត់ទេ៖ «ទេសភាពនៅម្តុំសាឡង់ ឬកប៉ាល់បូមខ្សាច់សមុទ្រនៅស្ទឹងអារ៉ែងក្រោមជាដើមហ្នឹង គឺមានទេសភាពស្រស់ស្អាតមែនទែន មានដូចជាព្រៃកោងកាង និងព្រៃលិចទឹក ជាដើម។ ជាងនេះ ដងស្ទឹងអារ៉ែង ក៏កំពុងឋិតក្នុងបេះដូងប្រជាពលរដ្ឋខ្មែររាប់លាន់នាក់។ ដូច្នេះ យើងគួរតែនាំគ្នាថែរក្សា ឬនាំគ្នាទប់ស្កាត់កុំឲ្យឈ្មួញបូមខ្សាច់សមុទ្រនៅតំបន់ស្ទឹងអារ៉ែង តទៅទៀតនាថ្ងៃអនាគត។ សកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ឈ្មួញបានធ្វើសកម្មភាពនៅស្ទឹងអារ៉ែង ស្ទឹងនៅតាតៃ នៅតំបន់អណ្ដូងទឹក និងស្រែអំបិល ជាដើម ប៉ុន្តែសមត្ថកិច្ចមិនបានទប់ស្កាត់ទេ»។
ប្រជាពលរដ្ឋជាច្រើនគ្រួសារមានលំនៅឋាននៅស្រុកបុទុមសាគរ ក៏បានអះអាងថា សកម្មភាពបូមខ្សាច់សមុទ្រនាខេត្តកោះកុង ពិតជាបន្តកើតមាននៅក្នុងមូលដ្ឋាននេះពិតមែន។ ពួកគាត់បានស្នើដល់រដ្ឋាភិបាល ឲ្យចុះពិនិត្យសកម្មភាពបូមខ្សាច់សមុទ្រអនាធិបតេយ្យនាខេត្តកោះកុង ឲ្យបានជាស្ថាពរ។
ឆ្លើយតបបញ្ហានេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា សកម្មភាពរបស់សាឡង់បូមខ្សាច់ ឬកប៉ាល់បូមខ្សាច់សមុទ្រ កំពុងធ្វើសកម្មភាពនាមូលដ្ឋានលោក ទំនងជាកប៉ាល់ទាំងនោះមិនទាន់ផុតកុងត្រា ឬមានច្បាប់អនុញ្ញាត។ យ៉ាងណាក៏ដោយ លោកថានឹងបញ្ជូនមន្ត្រីចុះពិនិត្យសកម្មភាពបូមខ្សាច់ ដែលធ្វើសកម្មភាពនៅតាមតំបន់ខ្លះនាខេត្តកោះកុង៖ «សាឡង់បូមខ្សាច់ទាំងនោះគេមានច្បាប់របស់គេត្រឹមត្រូវ ព្រោះច្បាប់របស់គេមិនទាន់ផុតកុងត្រានៅឡើយទេ។ ជាងនេះ ក៏មានក្រុមហ៊ុនខ្លះក៏កំពុងរត់ការបន្តអាជ្ញាប័ណ្ណបូមខ្សាច់របស់គេថែមទៀត»។
ទាក់ទិនបញ្ហានេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គួររដ្ឋាភិបាលផ្ដន្ទាទោសចំពោះជនប្រព្រឹត្តិល្មើសបំផ្លាញធនធានធម្មជាតិ មានខ្សាច់សមុទ្រ ជាដើម។ លោកថា រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះគ្មានឆន្ទៈថែរក្សាធនធានធម្មជាតិ មានដូចជាមច្ឆជាតិ ព្រៃឈើ និងធនធានបាតសមុទ្រមានផ្កាថ្ម ឬខ្សាច់សមុទ្រជាដើមទេ៖ «ពេលដែលគណៈកម្មការសភាហៅទៅសួររឿងអាជ្ញាប័ណ្ណបូមខ្សាច់ ត្រូវលោករដ្ឋមន្ត្រីក្រសួងធនធានទឹក លឹម គានហោ ឆ្លើយដោះសាថា ក្រសួងមិនបានអនុញ្ញាតច្បាប់ជូនក្រុមហ៊ុនទេ ហើយសកម្មភាពបូមខ្សាច់នេះ ទាល់តែមានអាជ្ញាធរគាំទ្រ ទើបក្រុមហ៊ុនអាចធ្វើសកម្មភាព ឬមកបូមខ្សាច់សមុទ្រទៅបាន។ អ៊ីចឹងបើសិនជាលោករដ្ឋមន្ត្រីនិយាយថា មិនឲ្យអាជ្ញាប័ណ្ណទៅក្រុមហ៊ុនណាមួយទេ ហើយពួកគេនៅតែប្រព្រឹត្តបទល្មើសបូមខ្សាច់ អាជ្ញាធរត្រូវតែចាប់ជនហ្នឹងទៅផ្ដន្ទាទោសតាមច្បាប់»។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា ឲ្យដឹងថា រាល់អាជីវកម្មបូមខ្សាច់សព្វថ្ងៃនេះមិនមានអាជ្ញាប័ណ្ណស្របច្បាប់ទេ។ លោកព្រមានចាត់វិធានការចំពោះក្រុមហ៊ុនបូមខ្សាច់ទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់ ដោយស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឹបអូសសម្ភារៈក្រុមហ៊ុនល្មើសទុកជាសម្បត្តិរដ្ឋ។
លោក លឹម គានហោ ឲ្យដឹងថា កាលពីឆ្នាំ២០១៤ កន្លងទៅ មានក្រុមហ៊ុនចន្លោះពី ៣០ ទៅ ៤០ក្រុមហ៊ុន បានដាក់ពាក្យសុំបើកអាជីវកម្មបូមខ្សាច់សាជាថ្មី ហើយសំណើនេះក្រសួងកំពុងពិនិត្យ៕