សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រារព្ធពិធីសែនព្រេនសម្ពោធរោងយាមការពារព្រៃឈើ ដើម្បីទប់ស្កាត់កុំឲ្យពលរដ្ឋវៀតណាម ឆ្លងដែនមកកាប់ឈើក្នុងព្រៃបានតទៅទៀត។ ចំណែកមន្ត្រីព្រៃឈើ ស្វាគមន៍ការចូលរួមរបស់សហគមន៍ដែលស្ម័គ្រចិត្តបង្កើតក្រុមយាមការពារព្រៃឈើធនធានធម្មជាតិមានតម្លៃរបស់ជាតិ។
អ្នកភូមិប្រមាណ ១០០នាក់ បានរៀបចំសែនព្រេនអារក្សអ្នកតាព្រៃភ្នំឲ្យដឹងឮ និងជួយថែរក្សាព្រៃឈើ ដែលកាន់តែបាត់បង់ទៅដោយសារតែពលរដ្ឋវៀតណាម លួចឆ្លងដែនចូលមកកាប់ដោយខុសច្បាប់ ហើយដឹកជញ្ជូនទៅប្រទេសវៀតណាម។
ការសែនព្រេននេះ ធ្វើឡើងនៅចំណុចព្រៃមួងតូម ចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាម ឋិតក្នុងភូមិឡំ កាលពីថ្ងៃទី២០ ខែសីហា។ អ្នកភូមិកាប់ជ្រូកសែនស្រាបៀ ដើម្បីសម្ពោធរោងយាមការពារព្រៃឈើ ដែលអ្នកភូមិអភិរក្សទុកជាព្រៃសហគមន៍ និងជាព្រៃត្រៀមបម្រុងអ្នកភូមិប្រើប្រាស់ និងអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិច។
ប្រធានគណៈកម្មការល្បាតសហគមន៍ ដែលដឹកនាំពិធីសម្ពោធរោងយាមនេះ គឺលោក សល់ ញ៉ុង រៀបរាប់ថា គោលបំណងដែលធ្វើឲ្យអ្នកភូមិសង់រោងយាមការពារព្រៃនេះ គឺដោយសារតែសហគមន៍សង្កេតឃើញពលរដ្ឋវៀតណាម តែងតែលួចចូលមកកាប់ឈើក្នុងដីខ្មែរ។ ដោយឡែកសមត្ថកិច្ចព្រំដែននៅតំបន់នោះ មិនបានយកចិត្តទុកដាក់ទប់ស្កាត់ករណីនេះទេ។ ហេតុនេះ អ្នកភូមិសម្រេចចិត្តធ្វើរោងយាមនេះឡើង ដើម្បីស្នាក់នៅ ខណៈសមាជិកសហគមន៍ចែកវេនគ្នាដើរល្បាតការពារព្រៃ។ លោកបន្តថា បានធ្វើលិខិតជម្រាបជូនអាជ្ញាធរឃុំ ដើម្បីរក្សាទុកព្រៃតំបន់នោះជាព្រៃអភិរក្សសហគមន៍ ក៏ប៉ុន្តែមិនទាន់មានសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រគល់ព្រៃនោះមកសហគមន៍អភិរក្សផ្លូវការនៅឡើយ៖ «ចង់ការពារព្រៃឲ្យនៅគង់វង្ស ប៉ុន្តែខាងអាជ្ញាធរមិនទាន់ទទួលស្គាល់ដែរ ប៉ុន្តែខ្ញុំធ្វើក្នុងភូមិខ្ញុំសុំការពារព្រៃទៅស៊ីញេមេឃុំ មេឃុំទទួលដែរ។ បើវៀតណាម វាចូលកាប់ឈើ ខ្ញុំចាប់ ៧នាក់ប្រគល់ឲ្យគេ ចាប់ប្រគល់ឲ្យគេ»។
រោងយាមដែលសហគមន៍សង់មានទំហំ ២០ម៉ែត្រការ៉េ ធ្វើពីឈើប្រក់ស័ង្កសី និងជញ្ជាំងបិទបាំងដោយបន្ទះឫស្សីសម្រាប់ជាកន្លែងស្នាក់នៅវេលាយប់ ខណៈក្រុមល្បាតសហគមន៍ចុះល្បាតព្រៃ។ គណៈកម្មការសហគមន៍មានគ្នា ២០នាក់ចែកជាបីក្រុម ចុះល្បាតព្រៃក្នុងមួយរយៈពេលបីទៅបួនថ្ងៃក្នុងមួយក្រុម និងជាពិសេស ខណៈមានសេចក្តីរាយការណ៍ថា ពលរដ្ឋវៀតណាម ចូលមកលួចកាប់ឈើ ក្រុមល្បាតសហគមន៍ចុះទៅយាមជាប្រចាំនៅរោងការពារ ដើម្បីឃ្លាំមើលឃាត់ខ្លួន និងរឹបអូសគ្រឿងសម្ភារៈវត្ថុតាងបទល្មើសព្រៃឈើពីសំណាក់ជនជាតិវៀតណាម។
ទាក់ទិនការអភិរក្សព្រៃឈើនេះ មេឃុំប៉ក់ញ៉ៃ លោក រចំ ហ្លើច ចាត់ទុកថា ជាបំណងប្រាថ្នារបស់សហគមន៍ដើម្បីអភិរក្សព្រៃឈើ ក៏ប៉ុន្តែលោកទទួលស្គាល់ថា មិនទាន់មានមន្ត្រីជំនាញទទួលស្គាល់ ឬប្រគល់ព្រៃនោះទុកជាព្រៃសហគមន៍អភិរក្សផ្លូវការនៅឡើយ។ លោកថា អាជ្ញាធរមិនបានហាមឃាត់ ឬរារាំងបំណងប្រាថ្នារបស់សហគមន៍ ដែលបង្កើតរោងយាមព្រៃនោះឡើយ ចៀសវាងរងការចោទប្រកាន់ថា អាជ្ញាធរពាក់ព័ន្ធឃុបឃិតឲ្យពលរដ្ឋវៀតណាម ចូលកាប់ឈើនោះ៖ «កន្លែងគេការពារហ្នឹងណា ប៉ុន្តែអត់មានលក្ខន្តិកៈ គេអត់ទទួលស្គាល់ អ្នកភូមិចេះតែលើកដាក់ ខ្ញុំអត់ដឹងដែរ។ ថ្ងៃមុន គេមកធ្វើពាក្យស្នើសុំខ្ញុំសហការដាក់ឲ្យថ្នាក់លើ ខ្ញុំមិនដឹងដែរ ខ្ញុំមិនធ្វើ គេខឹងយើង គេថាយើងលក់ឲ្យគេលក់ឲ្យអាយួន»។
ចំណែកសមាជិកសហគមន៍ លោក រម៉ាស់ ស្វាន់ បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំមួយរូប និងមន្ត្រីប៉ូលិសរដ្ឋបាលឃុំ បានចូលរួមពិធីសែនព្រេនសម្ពោធរោងយាមសហគមន៍។ លោកកត់សម្គាល់ថា ចាប់ពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន ជនជាតិវៀតណាម បានចូលមកកាប់ និងដឹកជញ្ជូនឈើមានតម្លៃពីក្នុងព្រៃជាប់តំបន់ព្រំដែន ដោយពុំមានការទប់ស្កាត់។ យ៉ាងណាមិញ សហគមន៍ត្រូវតែចាត់វិធានការយាមការពារព្រៃដោយខ្លួនឯង ដើម្បីអភិរក្សព្រៃបាននៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៖ «សម្ពោធហ្នឹងកាប់ជ្រូកសែនព្រៃការពារចាប់ពីថ្ងៃនេះតទៅ ការពារទាំងអស់សហគមន៍ទាំងមូល។ ចាប់ពីពួកខ្ញុំទៅចាប់ឡានក្រុមហ៊ុនស្ងាត់ផ្អាកហើយឥឡូវ។ តាមគម្រោង គេធ្វើការថាមួយខែបីដង»។
ព្រៃឈើដែលសហគមន៍អភិរក្សមានទំហំជិត ២០គីឡូម៉ែត្របួនជ្រុង។ ព្រៃនោះជាប្រភេទព្រៃស្រោង សម្បូរឈើមានតម្លៃ ដែលសហគមន៍គ្រោងស្នើសុំអាជ្ញាធរពាក់ព័ន្ធទុកជាព្រៃការពារសហគមន៍ និងមួយផ្នែក ទុកជាព្រៃត្រៀមបម្រុងសហគមន៍ មុនពេលសហគមន៍ចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាព។
យ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា ការបង្កើតរោងយាមព្រៃឈើ គឺមានសារសំខាន់ដើម្បីទប់ស្កាត់សកម្មភាពលួចកាប់ឈើអនាធិបតេយ្យនៅតំបន់នោះ ជាពិសេសពលរដ្ឋវៀតណាម តែងចូលមកលួចកាប់ឈើនៅវេលាយប់ ខណៈក្រុមល្បាតសហគមន៍វិលត្រឡប់មកភូមិវិញ។ លោកថា កន្លងទៅនេះ សហគមន៍បានសហការជាមួយសមត្ថកិច្ចជំនាញទប់ស្កាត់ និងរឹបអូសវត្ថុតាងបទល្មើសព្រៃឈើ និងឃាត់ខ្លួនជនជាតិវៀតណាម ច្រើនករណីពាក់ព័ន្ធចូលមកកាប់ឈើក្នុងព្រៃដីខ្មែរនៅតំបន់នោះ៖ «ការធ្វើប៉ុស្តិ៍ហ្នឹងងាយស្រួលទប់ស្កាត់ដែរនៅពេលយប់ ព្រោះយើងឃើញថា កន្លងមកជនជាតិវៀតណាម គាត់ឆ្លងចូលនៅវេលារសៀលម៉ោង ៦ ហើយគាត់កាប់ដឹកទៅវិញនៅម៉ោង ១០យប់។ សហគមន៍គាត់មិនដឹងមានជម្រើសបែបណា ទើបគាត់នាំគ្នាសាងសង់រោងយាមមួយនៅកណ្ដាលព្រៃ ដែលជាច្រកងាយឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀង»។
ដូចគ្នានេះដែរ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក វង សុខសិរី បានស្វាគមន៍ការបង្កើតរោងយាមការពារព្រៃដោយស្ម័គ្រចិត្តរបស់សហគមន៍ ថាជាសកម្មភាពល្អរួមចំណែកការពារព្រៃឈើ។ លោកថ្លែងថា ប្រសិនសហគមន៍ចង់បង្កើតតំបន់នោះជាព្រៃសហគមន៍ ឬទុកជាព្រៃត្រៀមបម្រុង សហគមន៍ត្រូវធ្វើលិខិតស្នើសុំមកមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យសម្រេចការស្នើសុំនោះ៖ «មានឆន្ទៈការពារព្រៃអត់បញ្ហា បើគាត់ចង់បង្កើតសហគមន៍ទៀត ឲ្យគាត់ធ្វើលិខិតស្នើស្នាមមក។ ឲ្យតែក្នុងបំណងការពារអ្នកណាក៏បានដែរ»។
ចាប់ពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន សហគមន៍ភូមិឡំ បានរឹបអូសម៉ាស៊ីនកាត់ឈើបាន ៥គ្រឿង ត្រាក់ទ័រពីរគ្រឿង រថយន្តច្នៃដឹកឈើមួយគ្រឿង និងឃាត់ខ្លួនពលរដ្ឋវៀតណាម ៧នាក់ ពាក់ព័ន្ធលួចចូលកាប់ឈើក្នុងព្រៃអភិរក្ស។ ដោយឡែកសហគមន៍ភូមិឡំ ក៏បានរកឃើញគំនរឈើមូលរាប់ពាន់ដើម ដែលគេលួចកាប់ដោយខុសច្បាប់នៅតំបន់នោះ។
យ៉ាងណាក្តី តំណាងសហគមន៍ភូមិឡំ លោក រម៉ាស់ ស្វាន់ ឲ្យដឹងថា មន្ត្រីអង្គការសង្គមស៊ីវិលកំពុងជួយរៀបចំឯកសារចុះបញ្ជីកំណត់អត្តសញ្ញាណ និងបង្កើតលក្ខន្តិកៈសហគមន៍ផ្លូវការ ដើម្បីចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព ដើម្បីថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងថែរក្សាព្រៃឈើបាននៅគង់វង្សទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។