ប្រជា​នេសាទ​នៅ​ជ្រោយ​ចង្វារ​បារម្ភ​បាត់បង់​មុខ​របរ​នេសាទ​ត្រី​ដោយសារ​អាកាសធាតុ​ប្រែប្រួល

ដោយ ឡេង ម៉ាលី
2020.09.23
អ្នកនេសាទ ក្រុម​អ្នក​នេសាទ​ចូល​ចត​ទូក​នៅ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ប្រជានេសាទ​ជន​ជាតិ​ចាម រស់​នៅ​ក្នុង​លើ​ទូក​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ដែល​ប្រកប​របរ​ជា​អ្នក​នេសាទ​ត្រី​ពី​ដូនតា​មក ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​របរ​ចិញ្ចឹម​ជីវិត​ដែល​ពឹង​ផ្អែក​លើ​ប្រភព​មច្ឆជាតិ​ទៅ​ថ្ងៃ​អនាគត ដោយសារ​តែ​ទិន្នផល​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​បាន​បន្ត​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ស្រប​ពេល​មន្ត្រី​ជំនាញ​បង្ហាញ​ថា​ក្នុង​រយៈពេល ១៥ឆ្នាំ​នេះ ពូជ​ត្រី​ធំៗ ស្ទើរ​តែ​ផុត​ពូជ​អស់​ទៅ​ហើយ​នៅ​ក្នុង​បឹង​ទន្លេសាប។

លោក ណេស លី អាយុ ៥៤ឆ្នាំ ជា​ជនជាតិ​ចាម រស់នៅ​លើ​ទូក ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ប្រកប​របរ​ជា​អ្នក​នេសាទ​ត្រី ចាប់​តាំង​ពី​ឆ្នាំ ១៩៨០។ ប៉ុន្តែ ២ឆ្នាំ​ជាប់ៗ គ្នា​មក​នេះ លោក​ត្អូញត្អែរ​ថា ​ផល​នេសាទ​ត្រី​បាន​បន្ត​ថយ​ចុះ​ជា​គំហុក ដែល​លោក​ពុំ​ធ្លាប់​ជួប​ក្នុង​រយៈ​ពេល ៣៨ឆ្នាំ​កន្លង​មក ជា​ហេតុ​ធ្វើ​ឲ្យ​ប្រ​ជា​​នេសាទ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​របរ​ចិញ្ចឹម​ជីវិត ដែល​ពឹង​ផ្អែក​លើ​ប្រភព​មច្ឆជាតិ​នេះ​ទៅ​ថ្ងៃ​អនាគត។

ស្លៀក​ក្រមា អង្គុយ​លើ​ទូក ខ្លួន​ទទេ ដៃ​កំពុង​តែ​ជួស​សំណាញ់ ប្រជា​នេសាទ​ចាម លោក ណេស លី រៀបរាប់​ថា ឆ្នាំ​នេះ​ផល​នេសាទ​បាន​បន្ត​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ការ​បន្ត​អូស​បន្លាយ​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា ធ្វើ​ឲ្យ​ទឹក​តូច៖ «មួយ​ជើង​អី បាន​មួយ (១គីឡូ) ដោយសារ​ទឹក​តូច​ឆ្នាំ​នេះ។ ឥឡូវ​ម៉ា​ថ្ងៃ​ត្រូវ​អី​បាន​បី (គីឡូ) ឬ​ច្រើន​ណាស់​អត់​ដែរ​ហ្នឹង​ណា»

លោក ណេស លី ជា​​អ្នក​នេសាទ នៅ​តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោក ណេស លី ជា​​អ្នក​នេសាទ នៅ​តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

បុរស​ប្រជា​នេសាទ​រូប​នេះ តែងតែ​នឹក​ឃើញ​អំពី​​អតីតកាល​របស់​ខ្លួន ​នៅ​ពេល​ដែល​ឃើញ​ផល​​នេសាទ​ថយ​ចុះ​ នា​ពេល​បច្ចុប្បន្ន​ថា កាល​ពី​មុន​នៅ​ពេល​ដែល​លោក និង​គ្រួសារ​ចេញ​ទៅ​រាយ​មង ​ម្តងៗ ស្ទើរ​តែ​រក​កន្លែង​ដាក់​ត្រី​គ្មាន ហើយ​មាន​ពេល​ខ្លះ​លោក​សឹង​តែ មិន​បាច់​រាយមង​ក៏​ចាប់​បាន​ត្រី​ដែរ តែ​ឥឡូវ​មួយ​ថ្ងៃ​ពេញ​ស្ទើរ​តែ​រក​ត្រី ១ក្បាល​គ្មាន៖ «ចេះ​តែ​រក​ទៅ​បង​អើយ! តិចតួចៗ ចេះ​តែ​បាន​ហើយ​ បើ​ឱ្យ​រក​ច្រើន​អត់​បាន​ទេ បាន​តែ​តិចតួចៗ ហ្នឹង​ហើយ តិចតួចៗ បាន​លុយ​ទិញ​អង្ករ​ហូប​ប៉ុណ្ណឹង​ឯង»

លោក​ថា មាន​កត្តា​ជាច្រើន​ទៀត​ ក្រៅ​តែ​អំពី​បម្រែបម្រួល​អាកាសធាតុ គឺ​កត្តា​ផ្សេង​ទៀត​មាន​ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ​និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់ និង​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​​ក៏​ជា​ដើម​ហេតុ​នៃ​ការ​ចុះ​ថយ​ផល​ត្រី​ផង​ដែរ។ លោក​ថា លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ប្រកបរបរ​នេសាទ​នោះ​ទេ​ ពីព្រោះ​តាំងតែ​ពី​កើត​មក គឺ​រស់​នៅ​លើទឹក​ ប្រកប​របរ​នេសាទ​ត្រី​នេះ​រហូត។

នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន ​លោក ស្រី យុត ពីប៉ា ជា​ប្រជា​នេសាទ​ម្នាក់​ទៀត កំពុង​ឈរ​ជជុះ​មង ដើម្បី​ឲ្យ​ជ្រុះ​កាកសំណល់ ​ដែល​ជាប់​នៅ​នឹង​មង​បាន​ថ្លែង​ថា អ្នកស្រី​កំពុង​តែ​ព្រួយ​បារម្ភ​ថា​ បើ​ទិន្នផល​ត្រី​នៅ​តែ​ធ្លាក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ លោកស្រី​ពុំ​ដឹង​ថា​នឹង​រក​អ្វី​មក​ចិញ្ចឹម​កូន​ ៥នាក់​ដែល​កំពុង​រស់​នៅ​លើ​ទូក​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ​លោកស្រី​ចេញទៅ​នេសាទ​ម្ដង​ជូន​កាល​បាន​ត្រី​ ១គីឡូ​ទៅ​បី​គីឡូ តែប៉ុណ្ណោះ​ ខុស​ពី​មុន​អ្នកស្រី​អាច​នេសាទ​បាន​ពី​ចន្លោះ​ ១០ ទៅ​ ២០គីឡូ​ក្នុង​មួយ​ថ្ងៃ​។​

លោកស្រី យុត ពីប៉ា ជា​អ្នក​នេសាទ​នៅ​តំបន់​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ កំពុង​ឈរ​ជជុះ​មង​ដោះ​សម្រាស់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី យុត ពីប៉ា ជា​អ្នក​នេសាទ​នៅ​តំបន់​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ កំពុង​ឈរ​ជជុះ​មង​ដោះ​សម្រាស់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ប្រជាពលរដ្ឋ​អ្នក​នេសាទ​ដែល​មាន​ប្រមាណ​ជាង​ ១០០​គ្រួសារ​ មាន​ជនជាតិ​ចាម ខ្មែរ និង​វៀតណាម។ លាយឡំ​ជា​មួយ​សំឡេង​ដូរ្យតន្ត្រី​ចាក់​ចេញ​ពី​ទូក ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ផ្ទះ​បណ្ដែត​ទឹក​នៅ​ក្បែរ​សណ្ឋាគារ​សុខា​ល្អ​ប្រណិត​របស់​លោក​ឧកញ៉ា សុខ គង់ នោះ អ្នកស្រី​បាន​ថ្លែងថា ជា​ធម្មតា​ចាប់​ពី​ខែ​នេះ​ រហូតដល់​ដល់​ខែ​កុម្ភៈ ការ​​នេសាទ​តាម​បែប​ធម្មជាតិ គឺ​ចាប់​ផ្ដើម​សំបូរ​ត្រី តែ​បើ​ផុត​ពី​ខែ​​នេះ​ហើយ​គឺ​ពួក​អ្នក​នេសាទ​អស់​សង្ឃឹម​ហើយ៖ «បើ​ថា​រក​បាន​អី​ទៅ ដាក់​ទៅ​ចេះ​តែ​បាន​អី​ទៅ​ រួច ១ម៉ឺន ២ម៉ឺន កូន​ចាយ​អី​ទៅ ទៅ​រៀន​ទៅ។ កូន​ទៅ​រៀន​មួយ​ថ្ងៃ​ដឹង​តែ ៣នាក់ វា ១ម៉ឺន យើង​ចាយ​តែ ១ម៉ឺន​ទៅ ទុក​ឲ្យ​កូន​ចាយ ១ម៉ឺន​ទៅ ទៅ​រៀន ១ម៉ឺន​ទៅ»

ស្ត្រី​ដែល​ជា​អ្នក​នេសាទ​រូប​នេះ​កត់​សម្គាល់​ថា ការ​នេសាទ​ចេះ​តែ​ប្លែក​ពី ១ឆ្នាំ​ទៅ ១ឆ្នាំ ហើយ​សាឡង់​បូម​ខ្សាច់​វិញ ​ក៏​ចេះ​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​នេះ ជា​កត្តា​រួម​ផ្សំ​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​រាក់​ ទិន្នផល​ត្រី​ក៏​ធ្លាក់​ចុះ​ផង​ដែរ ប៉ុន្តែ​នេះ គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន​របស់​លោកស្រី​តែ​ប៉ុណ្ណោះ។ លោកស្រី​ថា​ ជីវិត​អ្នក​ដែល​ពឹង​លើ​មច្ឆជាតិ​នេះ​មិន​ដឹង​នៅ​យូរ​អង្វែង​ដល់​ពេល​ណា​ទៀត​នោះ​ទេ។

ទូក​របស់​ក្រុម​អ្នក​នេសាទ ដែល​​ចូល​ចត​នៅ​ច្រាំង​ទន្លេ​សាប តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
ទូក​របស់​ក្រុម​អ្នក​នេសាទ ដែល​​ចូល​ចត​នៅ​ច្រាំង​ទន្លេ​សាប តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ជា​ធម្មតា នៅ​រដូវវស្សា​ ទឹក​ទន្លេ​មេគង្គ​ចាប់​ផ្ដើម​ហូរ​មក​ចាក់​ផ្ទៃ​បឹង​ទន្លេ​សាប​នៅដើម ឬ​ពាក់​កណ្ដាល​ខែមិថុនា រហូត​ដល់​ខែ​តុលា ហើយ​នៅ​រដូវ​ប្រាំង ទឹក​ចាប់​ផ្ដើម​ហូរ​បញ្ច្រាស​ពី​បឹងទន្លេសាប​ចូល​ទៅ​ទន្លេ​មេគង្គ​វិញ​ចាប់ពី​ខែវិច្ឆិកា រហូតដល់​ខែឧសភា។ ក៏ប៉ុន្តែ ផ្ទៃ​បឹង​ទន្លេ​សាប បាន​ទទួល​រង​នូវ​ភាព​រីង​រាក់​ខុសប្រក្រតី និង​ការ​បន្ត​អូស​បន្លាយ​រដូវ​ប្រាំង​ក្នុង​រដូវវស្សា មិន​ធ្លាប់​មាន​ពី​មុន​មក​ជាង​ពីរ​ឆ្នាំ​ជាប់ៗ គ្នា​មក​ហើយ។

បើ​ទោះ​បី​ជា​នៅ​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​បឹង​ទន្លេ​សាប​តែ​មួយ និង​មាន​បញ្ហា​ដូចគ្នា អនុប្រធាន​សហគមន៍​នេសាទ​ស្ដី​ក្រោម​មហាសួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ហោ សំអាត មាន​ប្រសាសន៍​ថា​ ការបាត់បង់​ព្រៃរនាម​ជា​បន្តបន្ទាប់​ដែល​ជា​ជម្រក​ត្រី​ដ៏​សំខាន់​នៅ​រដូវវស្សា ឬ​រដូវ​ត្រី​ពង​កូន​ចាប់ពី​អំឡុង​ខែមិថុនា ដល់​ខែកញ្ញា ឬ​ត្រី​ខ្លះ​អាច​ដល់​ខែ​តុលា រួម​ផ្សំ​នឹង​ការ​ខ្វះ​ទឹក​នៅ​បឹង​ទន្លេសាប ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ​ផង​ដែរ៖ «ត្រី​ឆ្នាំ​នេះ​អត់​មាន​អាច​និយាយ​ថា​ ទឹក​ដែរ​ ពេល​ត្រី​ពង​កូន​នៅ​បឹង​ទន្លេ​សាប​ហ្នឹង ហី​នៅ​តាម​ដង​ទន្លេ​ផ្សេងៗ អត់​មាន​ទឹក។ ទី​ពីរ វា​ទាក់ទង​ត្រី​លិច​ទឹក​ត្រូវ​បាន​បំផ្លាញ ហើយ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់»

លោក​ថា ជា​ទម្លាប់​រាល់​ឆ្នាំ នៅ​ខែ​ឧសភា ទឹក​ទន្លេ​មេគង្គ ចាប់​ផ្ដើម​ឡើង​ចូល​ព្រែក លិច​វាល​ព្រៃ​រនាម ហើយ​បន្ត​ហូរ​ចូល​មក​បឹង​ទន្លេសាប​បាន​សម​ល្មម​សម្រាប់​ត្រី​រស់នៅ​បន្ត​ពូជ ប៉ុន្តែ​ឆ្នាំនេះ​យឺត​យាវ​ជាង​សព្វដង គឺ​យឺត​ជាង ២ខែ​មក​ហើយ ហើយ​ពួក​គាត់​ក៏​មិន​ដឹង​ថា ពេល​ណា​ទឹកនឹង​មកដល់​បឹង​ទន្លេសាប​នេះ​ទេ។

ការ​សិក្សា​របស់​ មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ត្រី​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​និង​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ លោក ង៉ោ ប៉េងប៊ុន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៨ បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​ ១៥ឆ្នាំ​នេះ ពូជ​ត្រី​ធំៗ​ ស្ទើរ​តែ​ផុត​ពូជ​អស់​ទៅ​ហើយ។ ការ​សិក្សា​នេះ​ឲ្យ​ដឹង​ថា ត្រី​ពូជ​ធំៗ ​មាន​ការ​លូត​លាស់​យឺត និង​ត្រូវ​ការ​រយៈ​ពេល​យូរ​ដើម្បី​ធំធាត់ រួម​ទាំង​ត្រូវ​ការ​ធ្វើ​បម្លាស់ទី​ឆ្ងាយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជ​ត្រី​ទំហំ​ធំ ងាយ​នឹង​ត្រូវ​ចាប់​បាន​មុន​ពេល​វា​អាច​បន្ត​ពូជ​បាន ខណៈ​ដែល​ពូជ​ត្រី​ទំហំ​តូច​ លូតលាស់​លឿន​និង​ឆាប់​រហ័ស។ កត្តា​ផ្សេង​ទៀត​មាន​ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ក៏​ជា​ដើមហេតុ​នៃ​ការ​ចុះ​ថយ​ផល​ត្រី​ផង​ដែរ។

ទាក់ទង​នឹង​ករណី​នេះ​ សកម្ម​ជន​របស់​អង្គការ​មាតា​ធម្មជាតិ​កញ្ញា លឹម គឹមស័រ បាន​ឲ្យ​អាស៊ី​សេរី​ដឹង​កន្លង​មក​ថា ការ​ធ្លាក់​ចុះ​នៃ​ផល​នេសាទ​ត្រី​នៅ​តំបន់​ខ្លះ​ គឺ​កើតឡើង​ដោយសារ​តែ​ការ​បូម​ខ្សាច់​ទន្លេ។ នៅ​ពេល​មានការ​បូម​ខ្សាច់​នៅ​លើទឹក​ទន្លេ​ វា​តែង​តែ​មាន​ការ​ហូរ​ប្រេង​ចូល​ទៅ​ក្នុង​ទឹក ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ទឹក​កខ្វក់​ ហើយ​បណ្ដាល​ឱ្យ​ត្រី​ទាំងឡាយ​ងាប់។ លើស​ពី​នេះ ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​បរិស្ថាន ក៏​ព្រួយ​បារម្ភ​ដែរ​អំពី​ករណី​រដ្ឋាភិបាល វិនិយោគ​ឲ្យ​ក្រុមហ៊ុន អូ​.ស៊ី.​អាយ.​ស៊ី​ (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ លុប​ទន្លេ​មេគង្គ​ក្រោម ទំហំ​ជាង ​១០០ហិកតារ ​សម្រាប់​បង្កើត​ជាទី​ក្រុង​រណប​ថ្មី​មួយ​ទៀត ​ស្ថិត​នៅ​ក្បែរ​ទីក្រុង​កោះ​ពេជ្រ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ទន្លេ​កាន់​តែ​រួម​តូច។

កាលពី​ថ្ងៃ​ទី​១៤ កក្កដាកន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ត្រី នៅ​ស្រុក​ពាមរ ខេត្ត​ព្រៃវែង ដោយ​លោក​ទទួល​ស្គាល់​ថា ទិន្នផល​ត្រី​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់។ លោក​អះអាង​ថា បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​កត្តា​មនុស្ស និង​បរិស្ថាន​ទឹក មាន​ការ​ប្រែប្រួល​ផង​ដែរ តែ​លោក​មិនបាន​លើកឡើង​ពី​បញ្ហា​បទល្មើស​នេសាទ និង​ការ​បូម​ខ្សាច់ ​ដែល​សហគមន៍​នេសាទ​ភ័យ​បារម្ភ និង​ទាមទារ​ឱ្យ​អាជ្ញាធរ រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ជាប្រចាំ​នោះ​ទេ៖ «ជំនាន់​ខ្ញុំ​នៅ​ពី​ក្មេង​ត្រី​នៅ​ច្រើន​ណាស់ ពេលនោះ​ទឹក​ជ្រៅ ឥឡូវនេះ​ទឹក​រាក់​ត្រី​តិច​ប្រជាជន​ច្រើន​វា​ផ្ទុយគ្នា​អ៊ីចឹងៗទេ បានជា​ម្ខាង​ខិតខំ​អភិរក្ស​តាមរយៈ​ប្រលែង​កូន​ត្រី មេ​ពូជ​ត្រី និង​ម្ខាង​ទៀត​ខំ​ជំរុញ​ការ​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ»

អ្នក​និពន្ធ​សៀវភៅ «Last Days of the Mighty Mekong» និង​ជា​នាយក​គម្រោង​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល ​Stimson ​ដែល​ជា​អង្គការ​តាក់​តែង​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក ប្រាយអិន អីលើរ (Brian Eyler) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា កង្វះ​ទឹក​ភ្លៀង​បូករួម​ទាំង​ការ​រឹតត្បិត​ទំនប់​លើ​ខ្សែ​ទឹក​ភាគ​ច្រើន​មក​ពី​ទំនប់​មេ​ចំនួន ១១ របស់​ចិន ជា​ថ្មី​ម្ដង​ទៀត​កំពុង​ជំរុញ​ឱ្យ​ទន្លេ​មេគង្គ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​មាន។

ចំណែក​ឯ​របាយការណ៍​ទន្លេ​អន្តរជាតិ​បង្ហាញ​ថា បច្ចុប្បន្ន​នេះ ទំនប់​វារីអគ្គិសនី​ចំនួន​ប្រាំ​កំពុង​ដំណើរ​ការ​នៅ​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​ចិន។ ទំនប់​ពីរ​ផ្សេងទៀត​នៅ​ទន្លេ​មេគង្គ​ក្រោម​ក្នុង​ប្រទេស​កម្ពុជា​គឺ​ទំនប់​វារីអគ្គិសនី​សំបូរ និង​ស្ទឹងត្រែង ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា ប៉ុន្តែ​បើសិនជា​កម្ពុជា​សាងសង់​ទំនប់​ពីរ​នេះ «គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​និង​សន្តិសុខ​ស្បៀង​អាហារ»

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម ដើម្បី​សុំ​ការ​ពន្យល់​បាន​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ។

របាយ​ការណ៍​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​បញ្ជាក់​ថា ផល​នេសាទ​ទឹក​សាប​ក្នុង​ឆ្នាំ២០១៩ មាន​ចំនួន​ជាង ៤៧​ម៉ឺន​តោន​ ដែល​ធ្លាក់​ចុះ​ជាង ៥ម៉ឺន​តោន គឺ​ស្មើ​នឹង ១០ភាគ​រយ ​បើ​ធៀប​នឹង​ផល​នេសាទ​ក្នុង​ឆ្នាំ២០១៨​ ដែល​មាន​ចំនួន​ជាង ៥៣ម៉ឺន​តោន។ ស្ថាប័ន​ជំនាញ​ដដែល​បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ​បណ្ដាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។