ពលរដ្ឋខេត្តព្រះសីហនុប្រមាណ១៤០គ្រួសាររស់នៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុចោទប្រកាន់ថា ក្រុមហ៊ុន អានកូ របស់លោកឧកញ៉ា កុក អាន ធ្វើទំនប់បិទទឹកស្អុយបណ្ដាលឱ្យលិចលង់ភូមិឋានរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធកំពុងសាងសង់អាងទឹកថ្មីដើម្បីរំដោះទឹកកខ្វក់នេះ ចេញពីភូមិឋានរបស់ពលរដ្ឋ។
ពលរដ្ឋខេត្តព្រះសីហនុដែលរងផលប៉ះពាល់ដោយការទប់ទឹកកខ្វក់នេះត្អូញត្អែរថា ទឹកស្អុយបានហៀរហូរពេញភូមិអ្នកស្រុក ដែលធ្វើពលរដ្ឋខ្លះមានបញ្ហាកន្ទួលរមាស់។ ពួកគេបន្តទៀតថា ពួកគេក៏ពិបាកធ្វើដំណើរ និងដំណាំហូបផ្លែរបស់ពួកគេបានកំពុងងាប់ជាបណ្តើរៗ។ ពលរដ្ឋថា ក្រុមហ៊ុនអានកូ របស់លោកឧកញ៉ា កុក អាន បានធ្វើទំនប់ទប់ទឹកស្អុយនេះជាងបីឆ្នាំមកហើយ ហើយពួកគេបានសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តដែរ ប៉ុន្តែមិនឃើញអាជ្ញាធរបង្ហាញដំណោះស្រាយនោះទេ។

ពលរដ្ឋរងផលប៉ះពាល់ពីទឹកស្អុយម្នាក់ លោក ស៊ុំ សារឿន ឱ្យអាស៊ីសេរីដឹងថា ក្រុមហ៊ុន អាន កូ បានធ្វើទំនប់ព័ទ្ធជុំវិញផ្ទះពលរដ្ឋដោយលើកហេតុផលថាដើម្បីមិនឱ្យទឹកកខ្វក់ហូរចូលទៅប្រភពទឹកស្អាតដែលស្ថិតក្នុងតំបន់ក្បាលឆាយដែលជាកន្លែងសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅក្នុងខេត្តនេះ។ លោកបន្តថា ពេលក្រុមហ៊ុនទប់ទឹកបែបនេះគឺទឹកប្រើប្រាស់នៅក្នុងភូមិ និងទឹកកខ្វក់ដែលហូរចេញពីរោងចក្រមិនបានហូរទៅណាទេ ជាហេតុបណ្ដាលឱ្យលិចលង់ភូមិឋានរបស់ពលរដ្ឋ៖ «គាត់ ( ក្រុមហ៊ុន អាន កូ ) មកធ្វើនៅកន្លែងជិតផ្ទះប្រជាពលរដ្ឋហើយបង្កបញ្ហាទឹកលិចជាហែរហូតមិនថា ខែវស្សាទេ ជាក់ស្ដែងផ្ទះខ្ញុំកំពុងលិចទឹកត្រឹមៗជង្គង់»។
លោក ស៊ុំ សារឿន ថា ពលរដ្ឋក្នុងតំបន់នេះគាំទ្រការអភិវឌ្ឍទឹកស្អាតនៅក្នុងខេត្តនេះ ប៉ុន្តែស្នើទៅដល់ក្រុមហ៊ុន និងអាជ្ញាធរដោះស្រាយជូនពលរដ្ឋដែលរងប៉ះពាល់ព្រោះបញ្ហានេះ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ នៅថ្ងៃទី១៨ ខែកុម្ភៈ សុំបដិសេធធ្វើអត្ថាធិប្បាយ ដោយសារតែលោកអះអាងថា លោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ដែលបានអង្កេតលើរឿងនេះមានប្រសាសន៍ថា ទីតាំងដែលក្រុមហ៊ុនអានកូទប់ទឹកកខ្វក់នេះ ជាការកន្លែងស្តុកទឹកកខ្វក់ដែលហូរចេញពីក្នុងក្រុងព្រះសីហនុ និងទឹកកខ្វក់ក្នុងកន្លែងពលរដ្ឋរស់នៅ។ អ្នកស្រីថា កាលពីពេលថ្មីនេះឃើញមានអាជ្ញាធរ តំណាងក្រុមហ៊ុន អាន កូ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះទៅពិនិត្យនៅទីតាំងដែលក្រុមហ៊ុនចាក់ដីទប់ទឹកស្អុយនេះដែរ ប៉ុន្តែអ្នកស្រីមិនទាន់ឃើញមានការអន្តរាគមន៍លើរឿងនេះជាដុំកំភួននៅឡើយទេ៖ «កាលពីមុនទឹកហូរទៅក្រោមកាលពីអត់ទាន់ឃាំងទឹកកខ្វក់អ៊ីចឹងរហូតខ្ញុំក៏មិនដឹងថា ហូរទៅណាទៀតទេគ្រាន់តែយើងដឹងថា ទឹកហ្នឹងគឺទឹកកខ្វក់ ប៉ុន្តែឥឡូវនេះគឺធ្វើទំនប់មិនឱ្យហូរទៅក្រោមទេ អ៊ីចឹងទឹកហ្នឹងវាជន់នៅកន្លែងហ្នឹង»។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ឱ្យអាស៊ីសេរីដឹងថា ពេលនេះអាជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុនអានកូ កំពុងសាងសង់ទំនប់ផ្សេងដើម្បីបង្ហូរទឹកកខ្វក់ដែលធ្វើឱ្យប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋចេញ។ លោកអះអាងថា នៅពេលទំនប់ថ្មីធ្វើរួចរាល់ នឹងបង្ហូរទឹកកខ្វក់នេះចេញដើម្បីរំដោះទឹកកុំឱ្យប៉ះពាល់ផ្ទះពលរដ្ឋ ហើយក៏ដើម្បីកុំឱ្យទឹកស្អុយនេះចូលទៅក្នុងអាងស្តុកទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងខេត្តនេះដែរ៖ «បច្ចុប្បន្ននេះគឺអាជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុនកំពុងសហការសាងសង់ទំនប់ទឹកទី២ ដើម្បីបង្ហូរទឹកដែលស្ទះនៅអាងទី១ ដើម្បីកុំឱ្យប៉ះពាល់ភូមិឋាននិងផ្ទះរបស់ពលរដ្ឋ»។
ពលរដ្ឋនិងសង្គមស៊ីវិលស្នើទៅអាជ្ញាធរនិងអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាឱ្យពួកបានលឿន និងយកចិត្តទុក ខណៈបញ្ហានេះបានអូសបន្លាយអស់ រយៈជាង៣ឆ្នាំមក ហើយ ដោយគ្មានដំណោះស្រាយ។
មន្ត្រីសង្គមស៊ីវិលលោកស្រី ជៀប សុធារី លើកឡើងថា ទោះជាការផ្គត់ផ្គង់ទឹក ស្អាតជាតម្រូវ ការចាំបាច់ ប៉ុន្តែការរស់នៅរបស់ពលរដ្ឋប្រកបដោយ ផាសុកភាពក៏ជាតម្រូវការចាំបាច់ ដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។