ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីដាក់ព្រៃឡង់ ជាព្រៃការពារនៅថ្ងៃទី២៥ ខែមេសា ដោយមានការចូលរួមពីក្រុមអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ។ សេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន បញ្ជាក់ដែរថា ក្រៅពីព្រៃឡង់ នៅមានតំបន់ព្រៃចំនួន ៤ ផ្សេងទៀត ក៏ជាប្រធានបទនៃការពិភាក្សាក្នុងសិក្ខាសាលានោះដែរ។
សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារព្រៃឡង់ ស្វាគមន៍ឲ្យមានសិក្ខាសាលានេះ។
សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល រំពឹងថា សិក្ខាសាលាពិគ្រោះយោបល់របស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម នឹងទទួលយកមតិយោបល់របស់ពួកគេទៅពិចារណា ជាពិសេសការដាក់ក្រុមសហគមន៍មូលដ្ឋានទៅក្នុងគម្រោងព្រៃការពារ។
តំណាងសហគមន៍ព្រៃឡង់ពីខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ពួកគាត់បានត្រៀមតំណាងចំនួន ៨នាក់ឲ្យចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្ហាញពីបញ្ហានៅតំបន់ព្រៃឡង់ និងកិច្ចការពារព្រៃឡង់របស់ពួកគាត់៖ « ទោះបីជាមានឱកាសតិចក៏យើងត្រូវតែនិយាយដែរ។ យើងបានចាត់តំណាងត្រៀមជាមុនហើយ យើងនឹងប្រាប់ពីដំណើរការនៃការធ្វើការរបស់យើងផង ហើយនឹងសំណូមពរឲ្យដាក់បញ្ចូលពួកខ្ញុំទៅក្នុងគម្រោងអភិរក្សព្រៃឡង់ហ្នឹង »។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែមេសា របស់ក្រសួងបរិស្ថាន ឲ្យដឹងថា ក្រសួងនេះសហការជាមួយក្រសួងកសិកម្ម នឹងបើកឲ្យមានកិច្ចពិគ្រោះយោបល់នៅថ្ងៃទី២៥ ខែមេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា (Sofitel Phnom Penh Phokeethra)។
កិច្ចពិគ្រោះយោបល់រយៈពេល ១ថ្ងៃនោះ នឹងពិភាក្សាពីតំបន់ព្រៃចំនួន៥ ដែលនឹងត្រូវដាក់ជាព្រៃការពារ ឬតំបន់ការពារធម្មជាតិ ដែលរួមមានព្រៃឡង់ ព្រៃក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ។
នៅក្នុងរបៀបវារៈនៃសិក្ខាសាលា ឲ្យដឹងថា នឹងមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ចូលរួម។ ក្នុងពេលនោះ នឹងមានបទបង្ហាញពីព្រៃក្នុងតំបន់នីមួយៗ និងកិច្ចពិភាក្សាជាក្រុម ហើយចុងក្រោយ គឺការបង្ហាញលទ្ធផលក្រុម និងបូកសរុបបញ្ចប់សិក្ខាសាលា។
ប្រធានកម្មវិធីធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ជុំ ណារិន មានប្រសាសន៍ថា សហគមន៍ដែលកំពុងការពារព្រៃឡង់ គឺជាក្រុមស្នូលដែលចាំបាច់ត្រូវប្រគល់តួនាទីឲ្យពួកគាត់៖ « ចង់ឲ្យសហគមន៍ដែលនៅកៀកនឹងតំបន់ដែលគាត់ធ្លាប់ការពារហើយ ធ្លាប់មានតួនាទីភារកិច្ចការពារ ដើម្បីចូលរួមការពារទាំងអស់គ្នា ទើបអាចការពារបាន។ បើមិនដូច្នោះទេ វានៅតែជាបញ្ហាតែដដែល »។
បើទោះបីជាមានសិក្ខាសាលាបែបនេះក្ដី ក៏ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅតែព្រួយបារម្ភចំពោះសំណូមពររបស់ពួកគេ ប្រសិនបើត្រូវក្រសួងមិនយកចិត្តទុកដាក់។
តំណាងក្រុមសហគមន៍ព្រៃឡង់ លោក ហឿន សុភាព និយាយថា ពួកគាត់មានមធ្យោបាយតស៊ូមតិបន្តទៀត៖ « បើទោះបីជាយ៉ាងម៉េចក៏យើងនៅតែបដិសេធ យើងនៅតែធ្វើសន្និសីទកាសែតថាមិនបានទទួលខុសត្រូវទៅលើអ្វីដែលគាត់មិនបានធ្វើ។ យើងនៅមានមធ្យោបាយច្រើនទៀត បើគេមិនបាននិយាយ ឬពិគ្រោះយោបល់ជាមួយពួកខ្ញុំ »។
នៅចំពោះមុខអ្នកសារព័ត៌មាននៅក្រោយពេលបញ្ចប់បេសកកម្មពិនិត្យព្រៃឡង់ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមេសា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ អះអាងថា គម្រោងដាក់តំបន់ព្រៃឡង់ជាព្រៃអភិរក្ស នឹងរួមបញ្ចូលទាំងក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ដែរ៖ « ឧបមាថា ឥឡូវអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងព្រៃឡង់ដែរ ថាតើធ្វើការយ៉ាងម៉េចជាមួយអាជ្ញាធរដូចជាក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ថាតើធ្វើការសហការគ្នាយ៉ាងម៉េច ? ដើម្បីកុំឲ្យវាប្រាសចាកពីច្បាប់ដែលមានជាធរមានស្រាប់ »។
ស្របគ្នានេះ លោករដ្ឋមន្ត្រីទទួលស្គាល់ថា ពិតជាមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ពិតមែន។ មកដល់ពេលនេះ លោក សាយ សំអាល់ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើព្រៃឡង់ដែលនឹងដាក់បញ្ចូលក្នុងគម្រោងការពារនោះមានទំហំពិតប្រាកដប៉ុន្មាននៅឡើយ។ ជាទូទៅ គឺជាង ៣០ម៉ឺនហិកតារ។ ព្រៃឡង់ជាព្រៃធំចុងក្រោយមួយ មានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។